ព័ត៌មានគម្រោងអាន

ការសម្លាប់មេរោគខាងវិញ្ញាណ ជាមួយនឹងលោក ចន បឺវៀរ (John Bevere)គំរូ

Killing Kryptonite With John Bevere

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

តើអ្នកនៅចាំរឿង អេនចាឡា ក្នុងគម្រោងអានកាលពីម្សិលមិញ ដែរឬទេ? យើងបានរៀនថា ទង្វើកំផិតរបស់គាត់ នោះគឺប្រៀបដូចជារបៀបដែលព្រះគម្ពីរពិពណ៌នាអំពី ការថ្វាយបង្គំរូបព្រះក្លែងក្លាយ ដែលប្រឆាំងនឹងព្រះអង្គនោះដែរ។ ប៉ុន្តែ តើនេះពិតជាបញ្ហាស្ថិតនៅក្នុងក្រុមជំនុំសព្វថ្ងៃ មែនដែរឬទេ? ជាអភ័ព្វ ពិតមែន នេះគឺជាបញ្ហាដែលក្រុមជំនុំប្រឈម។ 


ប្រសិនបើអ្នកមើលទៅដល់ជីវិត អេនចាឡា ឫសគល់នៃទង្វើកំផិតរបស់គាត់ គឺចេញពីចិត្ដប៉ងប្រាថ្នារបស់គាត់។ ពាក្យមួយផ្សេងទៀតនៃដួងចិត្ដប៉ងប្រាថ្នានេះ នោះគឺជាការល្មោភចង់បាន។ 


ការល្មោភចង់បាន ចិត្ដលោភលន់ មិនសូវមានមនុស្សច្រើននិយាយលើកឡើងច្រើននោះទេ នាសព្វថ្ងៃនេះ ដូច្នេះ ខ្ញុំសូមផ្ដល់អត្ថន័យឱ្យវាចុះ។ តាមរយៈវចនានុក្រមនៃភាសាអង់គ្លេសមួយ បានផ្ដល់អត្ថន័យ លើពាក្យ ល្មោភចង់បាន នេះថា គឺជា "ចិត្ដប្រាថ្នាចង់បានដ៏លើសលុប ទៅលើរបស់ដែលសន្មតថា ជារបស់ល្អ"។ ឥឡូវនេះ សូមអនុញ្ញាតឱ្យខ្ញុំ ផ្ដល់ដល់យើងនូវទស្សនៈមួយទៀត លើការល្មោភចង់បាន ចេញពីកណ្ឌគម្ពីរ កូឡូស ៣៖៥ នៅត្រង់កន្លែង ដែលលោក ប៉ូល ថ្លែងថា៖ «ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ស្មោកគ្រោក ចិត្ដស្រាបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្ដលោភលន់ ដែលរាប់ទុកដូចជាថ្វាយបង្គំរូបព្រះ»។ 


អ្នកមានបានឃើញអត់? លោក ប៉ូល ថ្លែងថា សេចក្ដីលោភលន់ គឺជាការថ្វាយបង្គំរូបព្រះក្លែងក្លាយ! យើងប្រហែលជាអាចគិតថាការថ្វាយបង្គំព្រះក្លែងក្លាយ ដូចជាថ្វាយបង្គំរូបចម្លាក់ និងរាល់របស់អស់ទាំងនោះ ប៉ុន្តែ ឫសគល់នៅពីក្រោយការនោះ នោះគឺជាការមានបំណងប្រាថ្នាទុច្ចរិត។ 


ព្រះជាម្ចាស់បានផ្ដល់ឱ្យយើងនូវគន្លឹះ ក្នុងការយកឈ្នះ នៅលើចិត្ដលោភលន់ ហើយការយកឈ្នះ នោះគឺជាចិត្ដដែលចេះស្កប់ស្កល់។ ចិត្ដស្កប់ស្កល់នាំយើងចេញឆ្ងាយពីការថ្វាយបង្គំរូបព្រះក្លែងក្លាយ ហើយឱ្យយើងចូលទៅជិតដួងហឫទ័យនៃព្រះជាម្ចាស់ ក្នុងខណៈដែលចិត្ដលោភលន់ នាំយើងឃ្លាតចេញឆ្ងាយពីព្រះជាម្ចាស់ និងជំរុញឱ្យយើងកាន់តែចូលជិតនូវទីសក្ការៈនៃការថ្វាយបង្គំព្រះក្លែងក្លាយនោះ។ 


នេះហើយជាហេតុដែលអ្នកសរសេរសៀវភៅ ហេព្រើរ បានកត់ត្រាថា៖ «កុំបណ្ដោយឱ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឱ្យស្កប់ចិត្ដនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានបន្ទូលថា "យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ" ដូច្នេះ យើងអាចនិយាយទាំងចិត្ដជឿជាក់ថា "ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?"» (ហេព្រើរ ១៣៖៥-៦)។ 


អ្នកអាចឃើញពីអត្ថបទគម្ពីរត្រង់នេះ ពីរបៀបនៃចិត្ដលោភលន់ ដែលជាក់ស្ដែងដូចជាការថ្វាយបង្គំរូបព្រះក្លែងក្លាយ នោះដែរ។ អេនចាឡា ល្មោភចង់បានបុរសដទៃ ហើយ ចាស្ទីន មិនអនុញ្ញាតឱ្យគាត់ អាចបំពេញតាមបំណងប្រាថ្នារបស់គាត់ទេ។ នៅត្រង់កន្លែងនេះ យើងទទួលបានបទបញ្ជាឱ្យមានចិត្ដស្កប់ស្កល់ជាមួយនឹងព្រះជាម្ចាស់ ទាំងដឹងថា ព្រះអង្គទ្រង់នឹងបំពេញរាល់សេចក្ដីត្រូវការរបស់យើងនោះវិញ។ ប្រសិនបើយើងវិលទៅរកប្រភពអ្វីក្រៅពីព្រះអង្គ និងអ្វីដែលទ្រង់មិនបានបង្គាប់លើរបៀបនៃការរស់នៅ ទង្វើនោះហើយ ដែលជាការថ្វាយបង្គំព្រះក្លែងក្លាយ! 


នេះគឺជាអត្ថន័យ៖ នៅពេលណាដែលអ្នកជឿព្រះ ស្គាល់នូវបំណងហឫទ័យនៃព្រះ ប៉ុន្តែនៅតែបន្ត ជ្រើសរើសប្រព្រឹត្ដតាមបំណងចិត្ដខ្លួន ទាំងស្មារតីដឹង នោះហើយ គឺជាការថ្វាយបង្គំរូបព្រះក្លែងក្លាយនោះ។ ពួកគេបានជ្រើសរើសការថ្វាយបង្គំ តាមបំណងប្រាថ្នាចិត្ដរបស់ខ្លួន ជាជាងការប្រព្រឹត្ដតាមព្រះជាម្ចាស់។ 


នៅពេលអ្នកសម្លឹងមើលទៅលើគោលដៅ អាទិភាព និងទម្លាប់របស់អ្នក តើអ្នកនឹងនិយាយថាមួយណាវាខ្លាំងក្លាជាង នៅក្នុងជីវិតរបស់អ្នក—ភាពលោភលន់ ឬចិត្ដស្កប់ស្កល់? តើអ្នកអាចរត់ដេញតាមជីវិត ដែលមានភាពស្កប់ស្កល់ជាង ដោយរបៀបណាដែរ? 


ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Killing Kryptonite With John Bevere

ប្រៀបដូច ស៊ូភើមេន (Superman) ដែលជាមនុស្សអាចកម្ចាត់រាល់មារនិងខ្មាំងសត្រូវរបស់ខ្លួន អ្នកក៏ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមាននូវសមត្ថភាពលើសពីធម្មជាតិ ដើម្បីអាចយកឈ្នះលើរាល់ឧបសគ្គនានា ដែលអ្នកនឹងជួបប្រទះដែរ។ ប៉ុន្តែ មានបញ្ហាមួយដែល...

More

យើង​ខ្ញុំ សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ចន និង លីហ្សា បឺវៀរ (នៃព័ន្ធកិច្ចអ្នកនាំសារអន្តរជាតិ-Messenger Int'l) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://killingkryptonite.com និង http://cloudlibrary.org/wp-content/plugins/download-monitor/download.php?id=5518

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ