ព័ត៌មានគម្រោងអាន

ប្រោសលោះក្ដីស្រមៃគំរូ

Dreams Redeemed

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ


«តើអូនចង់បានអី?» អតីតប្ដីរបស់ខ្ញុំគាត់បានសួរមកខ្ញុំនូវសំណួរនេះ ក្នុងខណៈពេលដែលចំណងអាពាហ៍ពិពាហ៍របស់យើងកំពុងតែប្រេះឆា។ «ខ្ញុំចង់ឱ្យបងធ្វើអ្វីដែលគ្មានបុរសណាធ្លាប់ធ្វើពីមុនទាល់តែសោះ… ខ្ញុំចង់ឱ្យបងតយុទ្ធ ប្រឹងប្រែង ព្យាយាមតាមយកអូនមកវិញឱ្យទាល់តែបាន»។ ខ្ញុំនិយាយទាំងសំឡេងរបស់ខ្ញុំរដិបរដុបក្នុងសំណោកទឹកភ្នែក។  


ក្រោយមក ក្នុងខណៈពេលខ្ញុំព្យាយាមដើរឆ្លងកាត់ទុក្ខលំបាក និងរស់នៅលើផ្លូវឯកោ ក្នុងនាមជាម្ដាយទោល ព្រោះគ្មានប្ដី ខ្ញុំបានទទួលអារម្មណ៍ថាព្រះជាម្ចាស់កំពុងសួរខ្ញុំនូវសំណួរដូចគ្នានេះ ម្ដងហើយម្ដងទៀត។ «តើកូនចង់បានអ្វី?» អស់រយៈពេលបួនប្រាំឆ្នាំ ខ្ញុំអត់មានចម្លើយ ក៏មិនដឹងថាត្រូវឆ្លើយតបចំពោះព្រះយ៉ាងម៉េចដែរ។ តើអ្វីដែលខ្ញុំចង់បាន នៅតែជារឿងសំខាន់ដែរឬយ៉ាងណា? ខ្ញុំងឿងឆ្ងល់។ 


ខ្ញុំលាក់បាំងរាល់អ្វីៗដែលជាក្ដីប៉ងប្រាថ្នានិងដួងចិត្ដស្រមើស្រមៃទាំងប៉ុន្មានទៅក្នុងក្រអៅចិត្ដ ដោយថ្លែងដូចមេសូត្រ ទាំងស្ដាប់ទៅដូចជាល្អមែនទែន «មិនតាមបំណងចិត្ដរបស់ខ្ញុំនោះទេ ប៉ុន្តែឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចចុះ»។ 


ទោះបីជាការចុះចូលចំពោះបំណងព្រះហឫទ័យនៃព្រះ គឺជា ការដ៏ល្អ តែខ្ញុំត្រូវការរយៈពេលយូរក្រាស់ក្រាលដែរ រហូតដល់ខ្ញុំទទួលស្គាល់និងដឹងថា ព្រះជាម្ចាស់មិនចង់ឱ្យខ្ញុំស្របតែនឹងមាត់ទេ-គឺព្រះអង្គសព្វព្រះទ័យនូវអ្វីដែលចេញពីដួងចិត្ដរបស់ខ្ញុំនោះវិញ។ ព្រះអង្គមិនស្វែងរកមើលចិត្ដបែបទាសករ ដែលឆ្លើយតបតាមការបញ្ជា ដោយព្រោះតែភារកិច្ចនិងការកៀបសង្កត់បំណងចិត្ដឡើយ ប៉ុន្តែក្នុងនាមជាបុត្រធីតា ដែលឆ្លើយតបដោយភាពជិតស្និទ្ធនិងមានទំនាក់ទំនងល្អជាមួយនឹងព្រះអង្គនោះវិញ។ 


ខ្ញុំធ្លាប់បានឮពាក្យមួយឃ្លាថា៖ «ចិត្ដប៉ងប្រាថ្នាចង់បាននោះជារឿងល្អសម្រាប់អ្នក។  ដោយវាជាសំឡេងកងរំពងពីការអស្ចារ្យដែលនឹងមក»។


ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះក្ដីស្រមៃរបស់អ្នក។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះដួងចិត្ដប្រាថ្នាចង់បានរបស់យើង។ ប្រសិនបើយើងអនុញ្ញាតឱ្យព្រះអង្គ នោះទ្រង់នឹងប្រើប្រាស់រដូវកាលនៃការរង់ចាំ ដើម្បីកសាងជំនឿ និងនាំឱ្យយើងបានខិតចូលទៅជិតព្រះអង្គ ក្នុងខណៈពេលដែលយើងចែករំលែកពីចិត្ដប្រាថ្នាចង់បានទាំងប៉ុន្មានរបស់យើង។ ការចែករំលែកពីក្ដីស្រមៃរបស់យើងជាមួយនឹងព្រះជាម្ចាស់ មិនមែនមានន័យថាយើងនឹងទទួលបានរាល់អ្វីៗដែលយើងចង់បាននោះឡើយ។ ព្រះជាម្ចាស់មិនមែនជាអាទិទេពចេញពីក្នុងចង្កៀងទិព្វនោះទេ។ ប៉ុន្តែដំណើរនៃការចែករំលែកពីក្ដីស្រមៃរបស់យើងជាមួយនឹងព្រះជាម្ចាស់ នោះនាំឱ្យយើងខិតចូលទៅជិតព្រះអង្គ។


តើអ្នកអាចស្រមៃពីមិត្ដដ៏ល្អជិតស្និទ្ធបំផុតម្នាក់ ឬដៃគូជីវិត ដែលគាត់មិនធ្លាប់ចែករំលែកពីក្ដីស្រមៃនិងបំណងប្រាថ្នារបស់គាត់ជាមួយនឹងអ្នក នោះដែរឬអត់? ខ្ញុំគិតថាយើងប្រាកដជាមានអារម្មណ៍ឃ្លាតឆ្ងាយពីគាត់ ហើយទំនាក់ទំនងរបស់យើងក៏រាក់កំផែល ប្រសិនបើដូច្នោះមែន។ ទម្លាប់នៃការរៀនចេះចែករំលែកក្នុងភាពងាយឈឺចាប់របស់យើង ចំពោះក្ដីប្រាថ្នាចង់បាន និងក្ដីស្រមៃ នោះគឺជាកត្តាដែលនាំឱ្យយើងអាចចូលកាន់តែជ្រៅទៅក្នុងភាពស្និទ្ធស្នាលជាមួយនឹងព្រះ ហើយនិងអ្នកដទៃ។


សម្រាប់រូបខ្ញុំ អស់រយៈពេលជាច្រើនឆ្នាំកន្លង បន្ទាប់ពីខ្ញុំប្រឹងព្យាយាមបដិសេធនូវក្ដីស្រមៃ ដែលគិតថាចង់មានក្រុមគ្រួសារ នៅអង្គុយហូបបាយជុំគ្នា នោះជាចុងក្រោយ ខ្ញុំក៏សម្រេចចិត្ដប្រាប់ដល់ព្រះពីអ្វីដែលខ្ញុំចង់បាន។ ខ្ញុំចង់រៀបការសាជាថ្មី។ ខ្ញុំចង់បាននរណាម្នាក់ ដែលខ្ញុំអាចចែករំលែកពីក្ដីស្រមៃនិងនិម្មិតទាំងប៉ុន្មាន បូករួមទាំងទំនួលខុសត្រូវ ហើយនិងឧបសគ្គបញ្ហា ក៏ដូចជាសំណើចអរសប្បាយ និងទឹកភ្នែក រួមជាមួយគ្នានោះណាស់។


រដូវកាលនៃការទន្ទឹងរង់ចាំនៅតែបន្ត។ នៅក្នុងគ្រានោះ ព្រះជាម្ចាស់បន្តព្យាបាលក្នុងជម្រៅចិត្ដ ដែលមាននៅក្នុងរូបខ្ញុំ។ ព្រះអង្គបានប្រើប្រាស់គ្រាទន្ទឹងរង់ចាំនេះ ដើម្បីបង្រៀនដល់ខ្ញុំអំពីទំនាក់ទំនងទៅវិញទៅមក ហើយនិងអារម្មណ៍នៃភាពស្និទ្ធស្នាលដ៏ពិតប្រាកដ ថាវាមានរូបរាងនិងលក្ខណៈយ៉ាងណា ជាមួយនឹងមនុស្សដែលខ្ញុំអាចទុកចិត្ដបាន។ ខ្ញុំក៏បានរីកចម្រើនឡើងនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ ដោយដឹងថា ព្រះជាម្ចាស់ ពិតជាល្អមែន។ ខ្ញុំបានដឹងថាខ្ញុំអាចទុកចិត្ដលើចរិតលក្ខណៈរបស់ព្រះ។ គម្រោងផែនការរបស់ព្រះអង្គល្អ។ ព្រះអង្គបានបង្រៀនដល់ខ្ញុំថាស្ថានភាពនៃជីវិតរបស់ខ្ញុំ មិនអាចកែប្រែនូវសេចក្ដីពិតទាំងប៉ុន្មាននោះឡើយ។ ព្រះអង្គបានបង្រៀនដល់ខ្ញុំឱ្យចេះឈរនៅលើសេចក្ដីពិតអស់ទាំងនេះ ហើយក៏អាចឈរមាំទោះបីជានៅពេលដែលខ្ញុំមិនអាចមើលឃើញពីភស្ដុតាងក៏ដោយ។


តើកូនចង់បានអ្វី? 


តាមរយៈអត្ថបទគម្ពីរទាំងមូល ព្រះយេស៊ូវសួរសំណួរបែបផ្សេងៗ តែស្របនឹងសំណួរតែមួយនេះ ទៅកាន់មនុស្សដែលព្រះអង្គជួបប្រទះ។ ហើយខ្ញុំជឿថាព្រះអង្គកំពុងតែសួរសំណួរទៅរូបអ្នក។ ខ្ញុំសូមលើកទឹកចិត្ដដល់អ្នកឱ្យរុករកមើលពីចម្លើយ ចំពោះសំណួរនេះ ហើយចែករំលែកចម្លើយជាមួយនឹងព្រះអង្គ។ អ្នកអាចទុកចិត្ដលើព្រះអង្គចំពោះក្ដីស្រមៃនិងចិត្ដប៉ងប្រាថ្នារបស់អ្នកបាន។ 


ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Dreams Redeemed

តើអ្នកនឹងធ្វើអ្វីវិញប្រសិនបើក្ដីស្រមៃរបស់អ្នកមើលទៅហាក់បីដូចជាកន្លងហួសទៅឆ្ងាយ ឬត្រូវកម្ចាត់កម្ចាយនោះ? ដោយបានយកឈ្នះលើរឿងបំពាននិងរបួសនៃជីវិត ក៏ដូចជាបានឈឺចាប់ក្នុងរឿងលែងលះគ្នា នោះខ្ញុំបានមកប្រឈមជាមួយនឹងសំណួរនេះ ម្ដងហើយម្ដងទៀ...

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់អ្នកស្រី ហម៉ូនី ហ្រ្គីឡូ (Harmony Grillo - ព័ន្ធកិច្ច ខ្ញុំគឺជាកំណប់) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://harmonygrillo.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ