ព័ត៌មានគម្រោងអាន

ប្រោសលោះក្ដីស្រមៃគំរូ

Dreams Redeemed

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ


ថ្ងៃទិវាដឹងគុណអ្នកម្ដាយមុនដំបូងបង្អស់របស់ខ្ញុំ - ជាថ្ងៃមួយដែលខ្ញុំធ្លាប់បាននឹកស្រមៃថាវានឹងប្រកបដោយការយកចិត្ដទុកដាក់ មានទាំងផ្កានិងសារដ៏រំភើបជាច្រើន។ តែគួរឱ្យហួសចិត្ដ ខ្ញុំបែរជាទទួលបាននូវពាក្យសារភាព ដែលនាំទៅរកទីបញ្ចប់នៃអាពាហ៍ពិពាហ៍របស់ខ្ញុំទៅវិញ។ ដំបៅដួងចិត្ដនាំឱ្យខ្ញុំកាន់ទុក្ខ ខ្ញុំអស់រលីងពីខ្លួន រហូតដល់លែងមានអារម្មណ៍មើលថែកូនស្រីដ៏តូចរបស់ខ្ញុំ ក្នុងរយៈពេល ២៤ ម៉ោងភ្លាមនោះ។ មិត្ដជាទីស្រឡាញ់របស់ខ្ញុំមានចិត្ដល្អណាស់ ពួកគាត់បានយកកូនស្រីខ្ញុំទៅមើលថែពេញមួយយប់។ 


នៅថ្ងៃបន្ទាប់ ពេលខ្ញុំទៅដល់ផ្ទះមិត្ដភក្ដិ ដើម្បីទៅយកកូនស្រីរបស់ខ្ញុំមកវិញ នោះខ្ញុំនៅតែធ្វើអ្វីមិនចេញ។ ខ្ញុំបានអង្គុយយំយ៉ាងជោកជាំ នៅបន្ទប់ទទួលភ្ញៀវរបស់មិត្ដ ទាំងទួញថ្ងូរ៖ «ខ្ញុំធ្លាប់ជាកូនក្រមុំរបស់គាត់។ យើងបានសន្យានឹងគ្នា។ យើងបានប្រាថ្នាថាមានកូន និងចិញ្ចឹមបីបាច់គ្រួសារនេះ ឱ្យបានរហូតដល់មានចៅ រួមជាមួយគ្នា។ យើងធ្លាប់ប្ដេជ្ញាថានឹងបំផ្លាញវដ្ដនៃការលែងលះគ្នា ដែលធ្លាប់មាននៅក្នុងក្រុមគ្រួសាររបស់យើង។ យើងធ្លាប់បានគិតថានឹងនៅដល់ចាស់កោងខ្នងជាមួយគ្នា»។ 


មិត្ដខ្ញុំបានស្ដាប់ដោយចិត្ដមេត្តា មុននឹងផ្ដល់ការសង្កេតឃើញរបស់គាត់។ «ហម៉ូនី នេះគឺជារូបភាពដែលឯងធ្លាប់បានស្រមៃមើលឃើញសម្រាប់ជីវិតដែលឯងចង់ឱ្យកើតមានឡើង។ ខ្ញុំដឹងថាវាជារឿងមួយដ៏ពិបាក ប៉ុន្តែ ខ្ញុំគិតថា ប្រហែលជាដល់ពេលដែលឯងត្រូវចុះចូល ហើយប្រទាននូវផ្ទាំងគំនូរជីវិតរបស់ឯង ថ្វាយទៅព្រះ ទាំងទុកចិត្ដ ដើម្បីអនុញ្ញាតឱ្យព្រះអង្គគូរនូវរូបមួយថ្មីហើយមើលទៅ»។


មែន អ្វីដែលមិត្ដខ្ញុំនិយាយគឺត្រូវ។ ខ្ញុំមិនគ្រាន់តែកាន់ទុក្ខចំពោះជីវិតដែលខ្ញុំធ្លាប់យល់តែប៉ុណ្ណោះនោះទេ ប៉ុន្តែ ខ្ញុំបានកាន់ទុក្ខចំពោះអ្វីដែលខ្ញុំធ្លាប់បានស្រមៃមើលឃើញពីជីវិតដែលខ្ញុំគួរតែមាននោះថែមទៀត។ នេះគឺជាទុក្ខសោក ដែលឈឺចាប់ផ្ទួនៗ។ មនុស្សយើងភាគច្រើនបានចំណាយពេលស្រមើស្រមៃថាជីវិតរបស់យើងគួរតែទៅជាយ៉ាងណា។ យើងបានគូររូបជីវិតមួយផ្ទាំងនៅក្នុងចិត្ដគំនិតស្ដីពីចំណងអាពាហ៍ពិពាហ៍ កូនចៅ មុខរបរការងារ ទំនាក់ទំនងមិត្ដភាព និងពេលខ្លះ សូម្បីតែខ្សែជីវិតរបស់យើង នៅក្នុងព្រឹត្តិការណ៍អស់ទាំងនោះថែមទៀត។ 


និម្មិតនោះគឺជារឿងល្អ ប៉ុន្តែតើនឹងមានអ្វីកើតឡើង នៅពេលដែលក្ដីស្រមៃ និងការរំពឹងទុករបស់យើង ត្រូវខ្ចាត់ខ្ចាយដោយរឿងខកចិត្ដទាំងឡាយនៃជីវិត? ដោយសេចក្ដីស្លាប់ចំពោះមនុស្សជាទីស្រឡាញ់ ដោយភាពដុនដាបនៃចំណងអាពាហ៍ពិពាហ៍ ឬដោយការបាត់បង់អាជីពការងារ? តើយើងត្រូវឆ្លើយតបដោយរបៀបណា? តើយើងគួរមានកំហឹងចំពោះព្រះជាម្ចាស់ ហើយឆ្លើយតបតដោយភាពល្វីងជូរចត់? តើយើងនឹងសន្យាខ្លួនឯងថានឹងលែងហ៊ានស្រមៃសាជាថ្មី ដោយព្រោះថាវាឈឺចុកចាប់ពេក ព្រោះយើងហ៊ានសង្ឃឹម? ឬក៏យើងហ៊ានគាស់ដៃយើងឱ្យបើកចំហ ទាំងប្រគល់ផ្ទាំងគំនូរនៃជីវិតរបស់យើងទៅដល់ព្រះអង្គ?


ខ្ញុំដូចគ្នាបានគូរផ្ទាំងគំនូរនៃជីវិតរបស់ខ្ញុំ ចង្អុលបង្ហាញថាជីវិតរបស់ខ្ញុំមានរូបរាងយ៉ាងណា ប៉ុន្តែខ្ញុំបានរុករកឃើញថាផ្ទាំងគំនូរជីវិតរបស់ខ្ញុំ នោះមិនប្រាកដជាដូចផ្ទាំងគំនូរចុងក្រោយដែលព្រះកំពុងតែគូរសម្រាប់រូបខ្ញុំនោះទេ។


រឿងប្រឌិតក្នុងចិត្ដអាចក្លាយទៅជាការថ្វាយបង្គំព្រះក្លែងក្លាយមួយបាន។ វាអាចកើតឡើងបាននៅពេលណាដែលយើងដាក់សេចក្ដីទុកចិត្ដរបស់យើងទៅក្នុងរូបភាព ដែលបានគូរនិងឆ្លាក់ចេញពីចិត្ដគំនិតរបស់យើង។ វាអាចជារឿងងាយក្នុងការដាក់សេចក្ដីទុកចិត្ដរបស់យើង ទៅក្នុងអ្វីមួយដែលយើងអាចមើលឃើញនិងអាចគ្រប់គ្រងបាន ជាជាងដាក់សេចក្ដីទុកចិត្ដនោះ ទៅក្នុងព្រះមួយអង្គ ដែលយើងមិនអាចមើលឃើញនិងមិនអាចគ្រប់គ្រងបាន។


ទំនាក់ទំនងដ៏ពិតប្រាកដ និងភាពស្និទ្ធស្នាល នោះអាចជារឿងមួយដ៏គួរឱ្យភ័យខ្លាច។ ការព្យាបាលក៏ជាហេតុដ៏ព្រឺព្រួច។ ការទាំងអស់នេះ សុទ្ធសឹងត្រូវការការទុកចិត្ដនិងសេចក្ដីក្លាហាន ដើម្បីឱ្យយើងអាចដើរជាមួយនឹងព្រះ ក្នុងគន្លងផ្លូវដែលយើងមិនធ្លាប់ស្គាល់ ក្នុងរបៀបដែលយើងមិនអាចនឹកស្រមៃឃើញ។ ប៉ុន្តែព្រះជាម្ចាស់ ដែលជាព្រះនៃយើង ព្រះអង្គសព្វព្រះទ័យនាំយើងឱ្យដើរឆ្លងដំណើរជីវិតនេះ។ ព្រះអង្គនឹងរៀបចំផ្លូវដែលរដិបរដុបឱ្យទៅជារាបស្មើ ហើយនាំនូវពន្លឺទៅដល់ទីកន្លែងណាដែលងងឹត។


ប្រសិនបើយើងអនុញ្ញាតឱ្យពន្លឺភ្លើងហ្វារបស់ព្រះចាក់ទម្លុះដល់ដួងចិត្ដរបស់យើង នោះព្រះអង្គអាចលាតត្រដាងនូវប្រភពនៃភាពឈឺចាប់ ដើម្បីឱ្យការព្យាបាលអាចកើតមាន។ មានតែអញ្ចឹងទេ ទើបយើងអាចមើលឃើញយ៉ាងជាក់ច្បាស់ ពីអ្វីដែលជំរុញយើងឱ្យគេចចេញពីរឿងប្រឌិតបាន។ មិនតែអញ្ចឹងទេ ទើបយើងអាចប្រគល់នូវផ្ទាំងគំនូរជីវិតរបស់យើងទៅដល់ព្រះដ៏ល្អ ទាំងដឹងថាព្រះអង្គអាចធ្វើកិច្ចការលើសនិងយ៉ាងបរិបូរ ហួសពីការដែលយើងអាចទូលសូមឬក៏គិតនឹកស្មានទៅទៀត!


អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Dreams Redeemed

តើអ្នកនឹងធ្វើអ្វីវិញប្រសិនបើក្ដីស្រមៃរបស់អ្នកមើលទៅហាក់បីដូចជាកន្លងហួសទៅឆ្ងាយ ឬត្រូវកម្ចាត់កម្ចាយនោះ? ដោយបានយកឈ្នះលើរឿងបំពាននិងរបួសនៃជីវិត ក៏ដូចជាបានឈឺចាប់ក្នុងរឿងលែងលះគ្នា នោះខ្ញុំបានមកប្រឈមជាមួយនឹងសំណួរនេះ ម្ដងហើយម្ដងទៀ...

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់អ្នកស្រី ហម៉ូនី ហ្រ្គីឡូ (Harmony Grillo - ព័ន្ធកិច្ច ខ្ញុំគឺជាកំណប់) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://harmonygrillo.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ