ព័ត៌មានគម្រោងអាន

ប្រោសលោះក្ដីស្រមៃគំរូ

Dreams Redeemed

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ


នៅព្រឹកថ្ងៃសៅរ៍ដ៏ស្រស់បំព្រងមួយ ខ្ញុំបានសម្លឹងមើលទៅកូនស្រីតូចអាយុ ៣ ឆ្នាំដ៏គួរឱ្យស្រឡាញ់របស់ខ្ញុំ ពេលនាងកំពុងតែគេងយ៉ាងសុខសាន្ដ។ ខ្ញុំបានទន្ទឹងរង់ចាំពេលណាគាត់ក្រោកពីដំណេកវិញ ដោយចិត្ដត្រេកអរ ដោយព្រោះថាខ្ញុំបានរៀបចំការភ្ញាក់ផ្អើលមួយ ដែលនោះជាអាហារពេលព្រឹកគាត់ចូលចិត្ដបំផុត ថែមទាំងមានគម្រោងនាំគាត់ទៅដើរលេង មើលគុន និងញ៉ាំការ៉េមទៀត។   


តែភ្លាមនោះ ដៃជើងគាត់ចាប់ផ្ដើមរណ្ដំគ្នា ទាំងយំខឹងព្រោះគាត់មិនពេញចិត្ដរឿងមួយ។ «អត់ទេ!! កូនមិនចង់ក្រោកទេ!» នាងស្រែកដោយសំឡេងកាច។ មុខដ៏គួរឱ្យខ្នាញ់ គួរឱ្យស្រឡាញ់ដូចទេពធីតា ក៏ប្រែជាក្រញូវ ហើយឡើងទៅជាពណ៌ក្រហមឆេះ។ 


ចិត្ដត្រេកអររបស់ខ្ញុំក៏ស្រុតចុះ។ ទាំងសាំញាំចិត្ដដោយព្រោះភាពមួម៉ៅរបស់គាត់ ខ្ញុំប្រែទៅជាខកចិត្ដជាខ្លាំង ដោយហេតុថាយើងនឹងមិនមានថ្ងៃដ៏ល្អ ដូចជាអ្វីដែលខ្ញុំនឹកស្រមៃសម្រាប់គាត់ទេនៅថ្ងៃនេះ។ 


កូនស្រីខ្ញុំគាត់ចង់តែនៅគេងលើគ្រែ។ គាត់មិនចង់រើទៅណាទេ។ គាត់ចង់នៅសុខស្រួលត្រមង់ជាមួយសុបិនរបស់គាត់។ ទង្វើប្រឆាំងតវ៉ាច្រងេងច្រងាងរបស់គាត់ បានបង្កឱ្យគាត់បាត់បង់ឱកាសសម្រាប់អ្វីដែលល្អអស្ចារ្យមែនទែន។ បើកូនខ្ញុំមានអាកប្បកិរិយាដូច្នេះទៅហើយ នោះគ្មានឡើយ ដែលថាខ្ញុំនឹងនាំគាត់ទៅខាងក្រៅនោះ។ ខ្ញុំមិនចង់ផ្ដល់រង្វាន់ឱ្យក្មេងដែលខូចអញ្ចឹងទេ។ ប្រសិនបើគាត់ដឹងថា ថ្ងៃនេះមានអ្វីខ្លះត្រៀមផ្ដល់ទៅឱ្យរូបគាត់ នោះតើគាត់នឹងអាចមានចរិតខុសប្លែកពីនេះដែរឬយ៉ាងណា? ប្រសិនបើគាត់ទុកចិត្ដចំពោះគម្រោងផែនការរបស់ខ្ញុំ ប្រសិនបើគាត់ទុកចិត្ដ រូបខ្ញុំ ម្ល៉ោះតើនាងនឹងឆ្លើយតបក្នុងលក្ខណៈបែបផ្សេង ដែរឬយ៉ាងណា? 


ខ្ញុំធ្លាប់ឆ្ងល់ ថាតើខ្ញុំធ្លាប់បាត់បង់ឱកាសសម្រាប់អ្វីដែលព្រះជាម្ចាស់ត្រៀមផ្ដល់ដល់ខ្ញុំដែរឬទេ ដោយសារតែខ្ញុំធ្លាប់ជ្រុលងប់ងុលតែរឿងបានសុខស្រួល នៅតែកន្លែងដែលខ្ញុំចង់នៅ។ គឺខ្ញុំផ្ដោតចិត្ដខ្លាំងពេក តែលើរឿងអ្វីៗ ដែល ខ្ញុំ ចង់បាន។ 


មានពេលខ្លះ យើងចង់បានតែអ្វីដែលយើងចង់បានតែប៉ុណ្ណោះ ហើយយើងក៏គិតថាវាជាអ្វីៗដែលយើងត្រូវការដែរ។ ប៉ុន្តែប្រសិនបើយើងពិតជាទុកចិត្ដថាព្រះជាម្ចាស់ទ្រង់ល្អ ហើយគម្រោងផែនការរបស់ព្រះអង្គល្អ នោះយើងនឹងរៀនស្ដាប់។ យើងនឹងដើរតាម—សូម្បីតែនៅពេលវាមករំខានគម្រោងផែនការរបស់យើងផ្ទាល់ និងនាំឱ្យយើងរើចេញឆ្ងាយពីទីកក់ក្ដៅសុខស្រួលរបស់យើងយ៉ាងណាក្ដី។ ទោះបីជាពេលនោះ វាមានន័យថា យើងត្រូវលះចោលទំនាក់ទំនង ទម្លាប់ ឬភាពឈឺចាប់នានា ដែលកំពុងតែរាំងស្កាត់យើងយ៉ាងណាក្ដី។   


ការទុកចិត្ដនោះគឺជាគ្រឹះដ៏ចម្បងនៃសេចក្ដីជំនឿ—ការមានជំនឿលើព្រះជាម្ចាស់ នោះមានន័យថា ជាការទុកចិត្ដលើគម្រោងផែនការរបស់ព្រះអង្គ ទោះបីជាយើងមិនយល់ក៏ដោយ។ វាក៏ជាគ្រឹះនៃបំណងប្រាថ្នាមកពីព្រះ សម្រាប់ជីវិតរបស់យើងដែរ។ ក្នុងពេលខ្លះ នៅពេលដែលខ្ញុំបានមានអារម្មណ៍ថាជីវិតដែលខ្ញុំធ្លាប់តែស្គាល់ ធ្លាប់តែដឹង បែរទៅជាបាក់បែកខ្ចាត់ខ្ចាយ នោះការទុកចិត្ដលើព្រះ បានធ្វើឱ្យខ្ញុំមានទីដ៏មាំមួនសម្រាប់ឈរវិញ។ 


«ក្រោកឡើង! កូនសម្លាញ់! បើកភ្នែកមើល៍! មកជាមួយប៉ាមក។ ប៉ាមានអ្វីមួយដ៏អស្ចារ្យបានគ្រោងទុកសម្រាប់កូន។ ដើម្បីឱ្យកូនអាចទទួលបានរាល់អ្វីៗដែលមានសម្រាប់កូន នោះកូនមិនអាចនៅទីកន្លែងដែលកូនកំពុងតែនៅ នោះបានទេ។ វាដល់ពេលដែលកូនត្រូវធ្វើដំណើរទៅមុខតទៀតហើយ។ កូនសម្លាញ់!»។ 


ខ្ញុំជឿថាព្រះជាម្ចាស់កំពុងតែអញ្ជើញអ្នក ហើយនិងខ្ញុំឱ្យចូលមកក្នុងគម្រោងផែនការមួយយ៉ាងល្អស្ញប់ស្ញែងអស្ចារ្យ ជាងការនឹកគិតឃើញ និងហួសពីក្ដីស្រមៃរបស់យើងទៅទៀត។ ផែនការនោះ មានរួមទាំងការស្ដារឡើងវិញ ហើយនិងការប្រោសលោះ ដល់រាល់អស់អ្វីៗដែលយើងធ្លាប់បានបាត់បង់ និងត្រូវបានអារក្សលួចពីយើង។ គ្រាន់តែសំណួរសួរថា តើអ្នកនឹងទុកចិត្ដព្រះជាម្ចាស់ ល្មមប៉ុណ្ណា ដើម្បីឱ្យអ្នកអាចដើរតាមព្រះអង្គបាន?  


ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Dreams Redeemed

តើអ្នកនឹងធ្វើអ្វីវិញប្រសិនបើក្ដីស្រមៃរបស់អ្នកមើលទៅហាក់បីដូចជាកន្លងហួសទៅឆ្ងាយ ឬត្រូវកម្ចាត់កម្ចាយនោះ? ដោយបានយកឈ្នះលើរឿងបំពាននិងរបួសនៃជីវិត ក៏ដូចជាបានឈឺចាប់ក្នុងរឿងលែងលះគ្នា នោះខ្ញុំបានមកប្រឈមជាមួយនឹងសំណួរនេះ ម្ដងហើយម្ដងទៀ...

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់អ្នកស្រី ហម៉ូនី ហ្រ្គីឡូ (Harmony Grillo - ព័ន្ធកិច្ច ខ្ញុំគឺជាកំណប់) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://harmonygrillo.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ