ព័ត៌មានគម្រោងអាន

ប្រោសលោះក្ដីស្រមៃគំរូ

Dreams Redeemed

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ


ខ្ញុំមិនដែលធ្លាប់គិតថាខ្លួនខ្ញុំបានមកដល់អាយុ ២១ ឆ្នាំនោះទេ។ បន្ទាប់ពីរងវិបត្តិនៃការរំលោភបំពានខាងផ្លូវភេទ មានទាំងការចាប់រំលោភ និងរស់នៅក្នុងបរិយាកាសដ៏វឹកវរ នោះម្ដាយរបស់ខ្ញុំបានទុកខ្ញុំចោល ឱ្យនៅតែឯងក្នុងភូមិមានមនុស្សពាលជាច្រើន នៅក្នុងវ័យខ្ញុំអាយុ ១៣ ឆ្នាំ ជាមួយនឹងប្អូនប្រុសអាយុ ៨ ឆ្នាំ ទាំងទុកឱ្យយើងការពារនិងផ្គត់ផ្គង់ ដោយខ្លួនឯងអស់រយៈពេល ៣ ខែឯណោះ។ នៅក្នុងអំឡុងពេលខែប្រាំងនោះ ខ្ញុំបានទៅស្គាល់ក្មេងប្រុសវ័យច្រើនជាងយើង ដែលជាអ្នកផ្ដល់ចំណីអាហារនិងការការពារដល់យើង។ ទំនាក់ទំនងដែលខ្ញុំមានជាមួយគាត់ប្រែក្លាយទៅជាការបំពាន ហើយនិងការគេងប្រវ័ញ្ច រហូតដល់នាំឱ្យខ្ញុំធ្លាក់ខ្លួនទៅជាអ្នកបម្រើសេវាកម្មផ្លូវភេទ ក្នុងតួនាទីជាអ្នករាំដោះសម្លៀកបំពាក់។ ជាពិសេសជាងនេះ មិត្ដប្រុសរបស់ខ្ញុំបានក្លាយទៅជាមេបន (អ្នកចាត់ចែងម៉ូយឱ្យខ្ញុំ) ហើយជីវិតរបស់ខ្ញុំក៏ធ្លាក់ទៅក្នុងសភាពប្រៀបដូចជាបន្លា ប្រទាក់ប្រទាញ មិនអាចគ្រប់គ្រងបាន។ 


ព្រះយេស៊ូវបានយាងចូលមកក្នុងផ្ទៃជីវិត។ 


នៅក្នុងព្រះអង្គ ខ្ញុំបានស្វែងរកឃើញព្រះគុណ ការព្យាបាល និងមាគ៌ានៃសេរីភាព។ ខ្ញុំចាប់ផ្ដើមហ៊ានមានក្ដីប៉ងប្រាថ្នាជាថ្មី។ ខ្ញុំបានស្រមៃមើលឃើញថាថ្ងៃណាមួយ ខ្ញុំនឹងមានផ្ទះ មានរបងខ្លីតូចៗពណ៌សព័ទ្ធជុំវិញ ហើយមានវាលស្មៅខៀវខ្ចី មានទាំងរបស់របរក្មេងលេងនៅពាសពេញផ្ទៃសួន។ ខ្ញុំស្រមៃមើលឃើញថាមានគ្រួសារដ៏កក់ក្ដៅ ហើយយើងស្រឡាញ់គ្នា និងគ្រួសារគាត់ទទួលយកខ្ញុំជាកូនប្រសា។ ក្ដីសុបិនរបស់ខ្ញុំ គឺតំណាងឱ្យសុវត្ថិភាពនិងស្ថិរភាព—ដែលជាបទពិសោធន៍ខ្ញុំមិនដែលធ្លាប់បានទទួលទាល់តែសោះ នៅពេលខ្ញុំនៅក្មេង។


ខ្ញុំធ្លាប់ជឿដោយភាពយល់ច្រឡំ ព្រោះថាបើខ្ញុំបានទៅព្រះវិហារនៅថ្ងៃអាទិត្យ ចេះអានសៀវភៅត្រឹមត្រូវ និងធ្វើអ្វីដែលល្អគប្បី នោះក្ដីប៉ងប្រាថ្នាទាំងប៉ុន្មានរបស់ខ្ញុំនឹងបានក្លាយទៅជាការពិត ហើយខ្ញុំប្រាកដជាបានភាពស៊ាំនៃព្រះគ្រីស្ទ ដើម្បីជួយឱ្យខ្ញុំអាចរួចផុតពីវិបត្តិបញ្ហាទាំងប៉ុន្មាននៃជីវិតនោះហើយ។ 


ក្នុងរយៈពេលពីរបីឆ្នាំ អ្វីៗទាំងអស់ដូចជាដើរតាមគម្រោងផែនការប្រាកដជាក់មែន។ ខ្ញុំបានរៀបការ មានកូនតូចមួយដ៏ស្រស់សោភា ហើយមានទាំងផ្ទះនិងសួន។ ជីវិតគឺល្អប្រពៃណាស់ រហូតដល់ខ្ញុំមានចិត្ដចង់ច្រណែនខ្លួនឯងថែមទៅទៀត! 


នៅពេលដែលខ្ញុំបានរកឃើញថាប្ដីរបស់ខ្ញុំគាត់ទៅមានស្រីខាងក្រៅ ហើយរហូតដល់មិនមានចិត្ដចង់ស្ដារនិងតយុទ្ធដើម្បីឱ្យចំណងអាពាហ៍ពិពាហ៍របស់យើងបានផ្សះផ្សាឡើងវិញ នោះខ្ញុំបានបាត់អស់ក្ដីសង្ឃឹមទាំងប៉ុន្មានដែលខ្ញុំធ្លាប់មានសម្រាប់ជីវិត។ រាល់អ្វីៗត្រូវខ្ទេចខ្ទាំ។ ជីវិតដែលខ្ញុំធ្លាប់តែស្រមៃថាមាន នោះកំពុងតែរលំបាក់បែកមិនអាចស្រោចស្រង់ឡើយ។ 


នៅក្នុងកំណាព្យមួយក្រោមចំណងជើងថា "ភូមិអនាធិបតេយ្យ (Harlem)" ដោយលោក ឡេងស្ទឹន ហ្យ៊ូរ (Langston Hughes) គាត់បានចោទជាសំណួរមួយថា៖ «តើនឹងមានរឿងអ្វីកើតឡើងនៅពេលក្ដីស្រមៃត្រូវបានពន្យារពេលនោះ?  


 «តើវានឹងក្រៀមស្ងួត


      ដូចដំណាប់ទំពាំងបាយជូរត្រូវថ្ងៃ?


      ឬឡើងខ្ទុះដូចដំបៅ—


      រួចហូរខ្ចាយពាសពេញហ្នឹង?»


ខ្ញុំជឿថាអ្វីដែលកើតឡើងនៅពេលក្ដីប៉ងប្រាថ្នារបស់យើង ត្រូវពន្យារពេល ឆ្ងាយរហូតយើងស្រវាចាប់មិនដល់ ឬខ្ចាត់ខ្ចាយ នោះវាអាស្រ័យទៅលើម្ចាស់នៃក្ដីប៉ងប្រាថ្នា។  របៀបដែលយើងឆ្លើយតប នោះនឹងកំណត់ថាតើការនោះ នឹងជំរុញឱ្យយើងចូលកៀកស្និទ្ធនឹងក្ដីប៉ងប្រាថ្នាដែលព្រះដាក់ក្នុងជីវិតយើង ឬក៏ឱ្យយើងកាន់តែឃ្លាតចាកឆ្ងាយពីក្ដីប៉ងប្រាថ្នានោះ។


នៅក្នុងភាពភ្ញាក់ព្រើតនៃរឿងសារភាពរបស់អតីតប្ដីខ្ញុំ នោះខ្ញុំត្រូវប្រឈមនឹងការសម្រេចចិត្ដមួយ…


តើខ្ញុំត្រូវដាក់ក្ដីសង្ឃឹមរបស់ខ្ញុំនៅទីណា? តើខ្ញុំគួរតែដាក់ក្ដីសង្ឃឹមរបស់ខ្ញុំទៅលើក្ដីស្រមៃដែលខ្ញុំធ្លាប់មានសម្រាប់ជីវិតរបស់ខ្ញុំ? ឬក៏ខ្ញុំត្រូវដាក់ក្ដីសង្ឃឹមនោះនៅលើព្រះជាម្ចាស់?


ដោយយោងតាមព្រះគម្ពីរ ក្ដីសង្ឃឹមដែលត្រូវពន្យារពេល នោះនឹងធ្វើឱ្យដួងចិត្ដឈឺចាប់ ប៉ុន្តែក្ដីសង្ឃឹមនៅក្នុងព្រះយេស៊ូវ នោះគឺជាយុថ្កាសម្រាប់ដួងព្រលឹងរបស់យើង។  ខ្ញុំមិនអាចបំផ្លាស់បំប្រែស្ថានភាពរបស់ខ្ញុំបានទេ ទោះបីជារូបខ្ញុំចង់កែវាយ៉ាងណាក្ដី ប៉ុន្តែខ្ញុំអាចសម្រេចចិត្ដថាត្រូវឆ្លើយតបចំពោះស្ថានភាពអស់ទាំងនោះដោយរបៀបណា។ 


ខ្ញុំសូមអញ្ជើញឱ្យអ្នកមកឆ្លុះបញ្ចាំងពីសំណួរទាំងប៉ុន្មាននេះ៖ តើក្ដីសង្ឃឹមរបស់អ្នកនៅទីណាដែរសព្វថ្ងៃនេះ? តើក្ដីសង្ឃឹមរបស់អ្នកស្ថិតនៅក្នុងក្ដីស្រមៃដែលអ្នកមានសម្រាប់ជីវិតរបស់អ្នក? ឬក្ដីសង្ឃឹមរបស់អ្នកស្ថិតនៅក្នុងព្រះដែលជាម្ចាស់នៃក្ដីប៉ងប្រាថ្នារបស់អ្នក? 


អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Dreams Redeemed

តើអ្នកនឹងធ្វើអ្វីវិញប្រសិនបើក្ដីស្រមៃរបស់អ្នកមើលទៅហាក់បីដូចជាកន្លងហួសទៅឆ្ងាយ ឬត្រូវកម្ចាត់កម្ចាយនោះ? ដោយបានយកឈ្នះលើរឿងបំពាននិងរបួសនៃជីវិត ក៏ដូចជាបានឈឺចាប់ក្នុងរឿងលែងលះគ្នា នោះខ្ញុំបានមកប្រឈមជាមួយនឹងសំណួរនេះ ម្ដងហើយម្ដងទៀ...

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់អ្នកស្រី ហម៉ូនី ហ្រ្គីឡូ (Harmony Grillo - ព័ន្ធកិច្ច ខ្ញុំគឺជាកំណប់) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://harmonygrillo.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ