ព័ត៌មានគម្រោងអាន

សត្រូវនៃដួងចិត្តគំរូ

Enemies Of The Heart

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

អេនឌី ស្ទេនលី៖ សត្រូវនៃដួងចិត្ត


ថ្ងៃស្មឹងស្មាធិ៍ទី ២


"ហ៊ានសារភាពទោស"


អត្ថបទគម្ពីរ៖ ១ យ៉ូហាន ១៖៥-១០


សត្រូវដំបូងបង្អស់នៃដួងចិត្តរបស់យើង នោះគឺជា ចិត្តជាប់ទោស។ ចិត្តជាប់ទោសគឺជាលទ្ធផលនៃការប្រព្រឹត្តក្នុងរឿងអ្វីមួយ ដែលយើងយល់ដឹងថាវាគឺជារឿងខុសឆ្គង។ ពេលនោះ មានសារចេញពីចិត្តបានដាក់បន្ទុកមកលើយើង ក្នុងភាពជាប់ទោស ទាំងដឹងថា៖ «ខ្ញុំជាប់ជំពាក់បំណុល!»។


ចូរពិចារណាពីរឿងមួយ ដែលមានបុរសម្នាក់គាត់បានរត់ទៅរកស្រ្តីម្នាក់ផ្សេងទៀត ហើយបោះបង់ចោលក្រុមគ្រួសាររបស់គាត់។ ដោយពុំបានយល់ឱ្យដិតដល់នៅគ្រានោះ ថាគាត់បានលួចអ្វីមួយ ចេញពីសមាជិកនីមួយៗនៃក្រុមគ្រួសាររបស់គាត់។ គាត់បានលួចអនាគតរបស់ប្រពន្ធគាត់។ គាត់បានលួចសន្តិសុខខាងផ្នែកហិរញ្ញវត្ថុរបស់នាង។ ហើយគាត់បានលួចនូវកិត្តិយសក្នុងនាមនាងជាភរិយារបស់គាត់។ ចំណែករូបកូនៗរបស់គាត់វិញ គាត់បានលួចពេលវេលាគេតែងតែអបអរណូអែលរួមជាមួយគ្នា។ គាត់បានលួចទម្លាប់នៃពេលវេលាបុណ្យ ដែលគេរួមសប្បាយនឹងគ្នា។ គាត់បានលួចនូវសន្តិសុខខាងផ្នែកផ្លូវអារម្មណ៍និងផ្នែកខាងថវិកា។ គាត់បានលួចពេលវេលាល្អដែលគេរួមតុប្រកបអាហារនឹងគ្នា និងគាត់បានលួចអ្វីៗជាច្រើនទៀត។


គ្រាដើ​មដំបូង បុរសដែលបានប្រព្រឹត្តការអស់ទាំងនោះ ពុំបានគិតពីអ្វីដែលគាត់បានយកទៅជាមួយនោះទេ។ គាត់គ្រាន់តែបានគិតពីអ្វីៗដែលគាត់អាចទទួលបានជាផលពីការរត់ចេញទៅនោះប៉ុណ្ណោះ។ ប៉ុន្តែនៅគ្រាដំបូងដែលកូនស្រីតូចរបស់គាត់ចាប់ផ្ដើមសួរគាត់ ថាហេតុអ្វីបានជាគាត់លែងស្រឡាញ់ម៉ាក់តទៅទៀត នោះចិត្តរបស់គាត់នឹងចាប់ផ្ដើមជ្រួលជ្រាប នៅមិនសុខ។ ឥឡូវនេះ គាត់ទទួលអារម្មណ៍ថាគាត់ជាប់មានទោស។ ឪពុកជាប់ជំពាក់បំណុល។


ប្រសិនបើគាត់មិនបង់ថ្លៃសងនូវបំណុលនោះទេ នោះគាត់នឹងពុំអាចដោះឱ្យចិត្តជាប់មានទោសរបស់គាត់ បានស្រាកស្រាន្តពីបន្ទុកនៃចិត្តភិរុទ្ធឡើយ។ មនុស្សជាច្រើនគេព្យាយាមប្រឹងប្រែងធ្វើនេះធ្វើនោះ បម្រើនេះបម្រើនោះ ឱ្យទៅនេះឱ្យទៅនោះ និងថែមទាំងប្រឹងអធិស្ឋាន ឬបួងសួង បន់ស្រន់ផង។ ប៉ុន្តែការប្រព្រឹត្តទង្វើល្អទាំងប៉ុន្មាន ទាំងការបម្រើក្នុងសហគមន៍ ការធ្វើទានឱ្យទៅខាងសប្បុរសធម៌ ទាំងលុតជង្គង់ថ្វាយបង្គំនៅថ្ងៃអាទិត្យ ក៏ការអស់ទាំងនោះពុំអាចឱ្យចិត្តជាប់មានទោសរបស់គេបានស្រាកស្រាន្តឡើយ។ អ្វីដែលគាត់បានធ្វើខុសបានក្លាយទៅជាបំណុលមួយ។ វាត្រូវតែបង់ថ្លៃ ឬលុបបំបាត់ ដើម្បីឱ្យចិត្តជាប់មានទោសរបស់គាត់ អាចទទួលបាននូវភាពធូរស្បើយ។


តើអ្នកអាចលុបបំបាត់នូវចិត្តជាប់មានទោសរបស់អ្នកបានយ៉ាងដូចម្ដេច? ចម្លើយមាននៅក្នុងព្រះបន្ទូលព្រះ ដែលមានចែងនៅក្នុងខគម្ពីរដំបូងដែលខ្ញុំបានទន្ទេញចងចាំនៅពេលខ្ញុំនៅក្មេង៖ ១ យ៉ូហាន ១៖៩ «ប្រសិនបើយើងសារភាពទោសកំហុសរបស់យើង នោះព្រះដ៏ស្មោះត្រង់និងសុចរិត ព្រះអង្គនឹងអត់ឱនទោសអំពើបាបរបស់យើង ហើយលាងជម្រះយើងចេញពីរាល់ទង្វើទុច្ចរិតទាំងអម្បាលម៉ាន»។


ការសារភាពទោសកំហុសមានអំណាចក្នុងការបំបែកវដ្ដនៃអំពើបាប។ ហើយប្រៀបដូចជាថ្នាំសម្រាប់ព្យាបាល វាមានប្រសិទ្ធភាពនៅពេលណាយើងប្រើវាឱ្យបានត្រឹមត្រូវ។ ការអនុវត្តប្រើដោយត្រឹមត្រូវ នោះកើតឡើងនៅពេលយើងសារភាពទោសកំហុសរបស់យើង មិនមែនគ្រាន់តែចំពោះព្រះជាម្ចាស់ ប៉ុន្តែទៅកាន់មនុស្សដែលយើងបានប្រព្រឹត្តខុសចំពោះគាត់ផងដែរ។


ជាធម្មតា មនុស្សដែលនៅជាប់មានទោស គេក្លាយទៅជាអ្នកប្រព្រឹត្តខុសម្ដងហើយម្ដងទៀត។ ហើយបើគាត់លាក់ទុករឿងអាថ៌កំបាំងនោះកាន់តែយូរ ទោះបើគាត់ព្យាយាមលួងមនសិការរបស់គាត់ដោយប្រាប់ទៅព្រះ ថាគាត់ពិតជាសោកស្ដាយយ៉ាងណាក៏ដោយ ក៏គាត់នឹងនៅតែរៀបចំខ្លួនឯងឱ្យទៅប្រព្រឹត្តរឿងអតីតកាលនោះដដែល។ តែទោះបីជាយ៉ាងនេះក្ដី ប្រសិនបើអ្នកចាប់ផ្ដើមសារភាពទោសកំហុសរបស់អ្នកទៅដល់មនុស្សដែលអ្នកបានប្រព្រឹត្តខុសចំពោះ នោះរឿងល្អនឹងកើតឡើង ដោយអ្នកនឹងមិនងាយទៅប្រព្រឹត្តអំពើបាបនោះសាជាថ្មីឡើយ។


ចូរសារភាពកំហុសទៅដល់ទាំងព្រះហើយនិងអ្នកដទៃ នោះអ្នកនឹងប្រហារជីវិតសត្រូវនៃដួងចិត្តរបស់អ្នកបាន។


តើអ្នកនៅមានចិត្តជាប់ទោសចំពោះរឿងអ្វីខ្លះ? ចូរសារភាពទោសកំហុសរបស់អ្នកទៅដល់ព្រះ ហើយនិងទៅដល់អស់អ្នកណាដែលអ្នកបានធ្វើឱ្យគេឈឺចាប់។ ចូរធ្វើវានៅថ្ងៃនេះ។


អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Enemies Of The Heart

ប្រៀបដូចជាបេះដូងខាងឯរូបកាយដែលមិនមានសុខភាពល្អអាចបំផ្លាញដល់រាងកាយ នោះចិត្តខាងឯផ្លូវអារម្មណ៍និងវិញ្ញាណដែលមិនមានសុខភាពល្អ ក៏អាចបំផ្លាញរូបអ្នក ហើយនិងទំនាក់ទំនងទាំងឡាយរបស់អ្នកដែរ។ សម្រាប់រយៈពេល ៥ ថ្ងៃជាបន្តបន្ទាប់ខាងមុខនេះ សូម...

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ លោកគ្រូ អេនឌី ស្ទេនលី និង ម៉ល នម៉ា (Andy Stanley and Multnomah) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​bit.ly/2gNB92i

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ