ព័ត៌មានគម្រោងអាន

ថ្ងៃសប្ប័ទ - រស់នៅស្របតាមចង្វាក់ជីវិតរបស់ព្រះគំរូ

Sabbath - Living According to God's Rhythm

ថ្ងៃទី 8 ក្នុងចំណោម 8 ថ្ងៃ

ថ្ងៃសប្ប័ទនិងក្ដីសង្ឃឹម


ពេលស្មឹងស្មាធិ៍


«ចង់ឱ្យតែដល់ពេលចូលនិវត្តន៍ឆាប់ៗទេខ្ញុំ» មិត្តវ័យក្មេងរួមបន្ទប់របស់ខ្ញុំតែងនិយាយលេងសើចខ្លះនិងគិតចង់បានមែនខ្លះ ទោះបើគាត់នៅសល់ពីរបីទសវត្សរ៍ទៀត មុននឹងក្ដីប៉ងប្រាថ្នានេះក្លាយទៅជាការពិត។ «ជយោ! គ្រាចូលនិវត្តន៍ដ៏រុងរឿង!» ពេលខ្លះអាចជាការកំណត់អត្ថន័យរបស់ឥរិយាបថរបស់យើង នៅពេលដែលយើងគិតអំពីការសម្រាក ដែលព្រះបានសន្យាប្រទានដល់យើង នៅពេលដែលយើងថ្វាយជីវិតរបស់យើងទៅដល់ព្រះអង្គ។ វាជាទឹកដីសន្យាដែលកំពុងរង់ចាំយើងបន្ទាប់ពីគ្រាយើងស្លាប់ទៅ។ វាហាក់បីដូចជាឆ្ងាយណាស់ដែរ នៅពេលណាដែលយើងគិតអំពីដំណើរជីវិត ដែលប្រកបដោយភាពហត់នឿយនៅក្នុងទីវាលរហោស្ថាន។



ទោះបីជាយ៉ាងនេះក្ដី អ្នកសរសេរសៀវភៅ ហេព្រើរ បានជំរុញយើងឱ្យចូលទៅក្នុងការសម្រាកនាពេលឥឡូវនេះ (ហេព្រើរ ៤៖១១)។ រាស្រ្តរបស់ព្រះ ពិតជានៅសល់ការសម្រាកជាក់ជាប្រាកដណាស់ (ហេព្រើរ ៤៖៩) «នេះគឺមានន័យថា យើងមានការសម្រាកខាងឯវិញ្ញាណដែលព្រះត្រាស់ហៅឱ្យរូបយើង បានមាន» (យ៉ូហាណេស ខាលវិន - Johannes Calvin)។ ហេតុដូច្នេះហើយ យើងមានអ្វីមួយដែលជាការសម្រាកនៃថ្ងៃសប្ប័ទ ដែលគ្រានោះ មានរួចជាស្រេចហើយ សម្រាប់ឱ្យយើងបានសម្រាក។ វាជាគ្រាដែលយើងអាចមកភ្លក់ ទុកមុននឹងគ្រាដ៏ពិតមកដល់ ហើយវាក៏នឹងបន្តមាន និងកើនឡើងជាដប់ដងនៅពេលភាពអស់កល្បជានិច្ចបានមកដល់ដែរ។



នៅក្នុង ហេព្រើរ ជំពូកទី ៤ "ការសម្រាក" និយាយសំដៅទៅកាន់ទីកន្លែងដែលបានសន្យាឱ្យ នាពេលអនាគត។ វាជាទឹកដីដ៏រុងរឿងនិងជាទីសុខសុវត្ថិភាព សម្រាប់ប្រជារាស្រ្តនៃព្រះ។ ហើយដូចគ្នាផងដែរ នៅស្ថានភាពសព្វថ្ងៃ វាគឺជាទឹកដីដែលផ្សាភ្ជាប់ជាមួយនឹងការសម្រាកដែលព្រះបានបង្កើតឡើង បន្ទាប់ពីពេលព្រះអង្គបានបញ្ចប់ការបង្កើតរាល់គ្រប់របស់សព្វសារពើ។ ហើយវាក៏ជាគ្រានៃការអបអរសាទរចំពោះស្នាព្រះហស្ដរបស់ព្រះអង្គដែរ។ វាគឺជាទឹកដីសន្យាដែលប្រៀបបានទៅនឹងទឹកឃ្មុំនិងទឹកដោះ ហើយជាគ្រាដែលប្រកបដោយភាពត្រេកអររីករាយក្រៃនៅក្នុងព្រះវត្តមាននៃព្រះ។ នៅថ្ងៃមួយ យើងនឹងទៅដល់ទីបញ្ចប់នៃដំណើរជីវិតរបស់យើង គឺប្រៀបដូចប្រជារាស្ត្រព្រះបានទៅដល់ទឹកដីកាណានអញ្ចឹងដែរ។ តែមកដល់ឥឡូវ គឺចាប់ពីថ្ងៃនេះទៅមុខ និងជាពិសេសនៅថ្ងៃនេះ យើងបានទទួលនូវការអញ្ជើញឱ្យមកភ្លក់នូវការសម្រាក ហើយបែរឆ្ពោះទៅរកព្រះ ទាំងស្ញប់ស្ញែងនឹងសិរីរុងរឿងរបស់ព្រះអង្គ និងបានរំឭកពីស្នាព្រះហស្ដរបស់ព្រះអង្គ រហូតយើងអាចជឿទុកចិត្តលើព្រះអង្គផង។ ការជឿទុកចិត្តនោះពិតជាសំខាន់ណាស់ ដោយសារតែអ្នកសរសេរកណ្ឌគម្ពីរ ហេព្រើរ បានដាស់តឿនដល់អ្នកអានថា ប្រៀបដូចជាពួកអ៊ីស្រាអែលបានបាត់បង់នូវឱកាសចូលទៅក្នុងទឹកដីសន្យា នៅឯ ខាដេស បណៀ (Kadesh Barnea - ទីរហោស្ថាន) នោះយើងក៏អាចបាត់បង់ឱកាសរបស់យើង នៅពេលដែលយើងមានចិត្តរឹងរូសនោះដែរ។ ដោយការជឿទុកចិត្តព្រះ និងការជ្រើសរើសជឿទុកចិត្តជារៀងរាល់ថ្ងៃ នោះការសម្រាកនៅថ្ងៃសប្ប័ទ នឹងនៅបន្តរួមដំណើរជាមួយនឹងយើងពីថ្ងៃនេះតទៅ រហូតដល់គ្រាយើងនឹងចូលទៅក្នុងទីស្ថានពិតប្រាកដ ដែលមាននៅក្នុងព្រះវត្តមានដ៏នៅអស់កល្បជានិច្ចរបស់ព្រះ។



ចូរកុំឱ្យយើងមានចិត្តព្រងើយកន្តើយចំពោះការថ្វាយបង្គំព្រះ ប៉ុន្តែចូរឱ្យយើងថ្វាយបង្គំព្រះអង្គនៅក្នុងវិញ្ញាណនិងសេចក្ដីពិត។ ចូរអានព្រះគម្ពីរ ហើយស្ដាប់ឮពីព្រះសូរសៀងនៃព្រះ។ ចូរអានព្រះគម្ពីរ ហើយមើលឃើញពីអង្គព្រះយេស៊ូវ។ ចូរអានព្រះគម្ពីរ ហើយទទួលនូវអំណាចចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ។



សំណួរសម្រាប់ឆ្លុះបញ្ចាំង



  • តើការសម្រាកខាងឯវិញ្ញាណមានន័យយ៉ាងណាចំពោះអ្នក?

  • តើពេលវេលានៃថ្ងៃសប្ប័ទអាចបណ្ដុះនូវក្ដីសង្ឃឹមរបស់ខ្ញុំបានដោយរបៀបណា?

  • តើមានផ្នែកណាខ្លះនៅក្នុងជីវិតរបស់ខ្ញុំ ដែលបានដឹកនាំឱ្យខ្ញុំទៅជាមានចិត្តរឹងរូស?


ប្រធានបទសម្រាប់អធិស្ឋាន



  • យើងអធិស្ឋានសូមឱ្យព្រះបានប្រទានការសម្រាកមកដល់យើងនៅថ្ងៃនេះ។

  • យើងអធិស្ឋានសូមការអត់ឱនទោស សម្រាប់រាល់គ្រាទាំងឡាយណាដែលយើងមានចិត្តរឹងរូស ហើយបែរចេញពីព្រះជាម្ចាស់។

  • យើងអធិស្ឋានសូមការអត់ឱនទោស និងសម្រាប់សេចក្ដីសន្យារបស់ព្រះ ដើម្បីឱ្យយើងអាចមានសិទ្ធិចូលទៅក្នុងទឹកដីសន្យា ដែលជាទីកន្លែងនៃការសម្រាក និងជាទីដែលព្រះអង្គនឹងរួមរស់នៅជាមួយនឹងយើងអស់កល្បជានិច្ច។

  • យើងសូមអធិស្ឋានសម្រាប់ជំនួយ ដើម្បីឱ្យយើងចេះលើកទឹកចិត្តដល់គ្នាទៅវិញទៅមក ជាប្រយោជន៍ឱ្យយើងធ្វើជាគំរូល្អ ក្នុងភក្ដីភាព សម្រាប់មនុស្សជំនាន់ក្រោយ។


លំនាំអធិស្ឋាន


ឱ ព្រះវរបិតាអើយ ទូលបង្គំទុកចិត្តលើទ្រង់។ ហើយបើទោះបីជាទូលបង្គំប្រហែលជាស្ថិតនៅក្នុងទីរហោស្ថាននោះក្ដី នោះទូលបង្គំដឹងថាព្រះអង្គនឹងដឹកនាំទូលបង្គំឱ្យចូលទៅក្នុងការសម្រាករបស់ព្រះអង្គ ដែលជាព្រះវត្តមានដ៏រុងរឿងនិងមានសុខសុវត្ថិភាព។ ទូលបង្គំចង់រស់នៅក្នុងព្រះវត្តមានរបស់ព្រះអង្គ ដើម្បីឱ្យទូលបង្គំអាចទទួលបាននូវក្ដីសង្ឃឹម និងការសម្រាកថ្ងៃសប្ប័ទនេះ ជារៀងរាល់ថ្ងៃ។ អាមែន។







ដោយ៖ ម៉ៃកល ម៉ាត់ស្នឺ (Michael Mutzner) អ្នកតំណាងអចិន្ត្រៃនៃអង្គការសហប្រជាជាតិ និងក្រុមប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទពិភពលោក នៅទីក្រុង ជីនីវ៉ា ប្រទេសស្វីស។


អត្ថបទគម្ពីរ

ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Sabbath - Living According to God's Rhythm

សប្ដាហ៍នៃការអធិស្ឋានពីក្រុមប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ (Evangelical Alliance) ហៅកាត់ថា WOP គឺជាការផ្ដួចផ្ដើមពីជុំវិញពិភពលោក ទោះភាគច្រើនប្រតិបត្តិនៅអ៊ឺរ៉ុបក្ដី ក៏ពួកគាត់បានផ្ដល់មេរៀនសិក្សាពីប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុប (Europe Evangelical Alliance) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.europeanea.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ