ព័ត៌មានគម្រោងអាន

ថ្ងៃសប្ប័ទ - រស់នៅស្របតាមចង្វាក់ជីវិតរបស់ព្រះគំរូ

Sabbath - Living According to God's Rhythm

ថ្ងៃទី 2 ក្នុងចំណោម 8 ថ្ងៃ

ថ្ងៃសប្ប័ទនិងការផ្គត់ផ្គង់នៃព្រះ


ពេលស្មឹងស្មាធិ៍


ចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០២០ មនុស្សនៅជុំវិញពិភពលោកបានចងចាំពីស្ថានភាពដ៏លំបាក ដែលបានបង្កឡើងដោយសារតែជំងឺរាតត្បាតជាសកល។ គ្រាអស់ទាំងនោះបានរំឭកដល់គ្រីស្ទបរិស័ទពីពេលវេលាដែលប្រជារាស្ត្ររបស់ព្រះ គឺជាតិសាសន៍អ៊ីស្រាអែល បានចំណាយពេលនៅក្នុងទីរហោស្ថាន នៅពេលដែលគេចង់វិលត្រឡប់ទៅរកភាពជាទាសករនៅឯស្រុកអេស៊ីព្ទវិញ ដោយសារតែពួកគេមានការស្រេកឃ្លាន៖ «…ស៊ូ​ឲ្យ​យើង​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​មាន​សាច់ ហើយ​ទទួល​ទាន​អាហារ​ឆ្អែត​ជា​ជាង…» (និក្ខមនំ ១៦៖៣)។ ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទមក ជាកិច្ចចុងក្រោយនៃការបង្កបង្កើតរបស់សព្វសារពើ ជានិមិត្តសញ្ញាស្ដែងពីព្រះគុណ និងជាទំនុកបម្រុង ទៅដល់ប្រជារាស្ត្ររបស់ព្រះអង្គ។



នៅក្នុង និក្ខមនំ ២០៖៨ ព្រះជាម្ចាស់រំឭកដល់យើង ឱ្យយើងប្រកាន់ខ្ជាប់និងគោរពចំពោះថ្ងៃសប្ប័ទ ដែលជាថ្ងៃឈប់សម្រាកសម្រាប់មនុស្សរាល់គ្នា។ ថ្ងៃនោះ គឺជាថ្ងៃដែលលុបបំបាត់រាល់ភាពមិនស្មើគ្នា នៅក្នុងគ្រប់ទាំងផ្នែកទាំងឡាយនៃជីវិត ជាពិសេសសម្រាប់ទៅដល់អស់អ្នកដែលសង្គមរាប់ថាទន់ទាបផងដែរ។ ព្រះជាម្ចាស់បញ្ចេញឱ្យឃើញពីក្ដីស្រឡាញ់របស់ព្រះអង្គសម្រាប់យើង ហើយព្រះអង្គប្រព្រឹត្តចំពោះអ្វីៗដែលព្រះអង្គបានបង្កើតដោយភាពស្មើគ្នា។ យើងរាល់គ្នាអាចត្រេកអរនិងរីករាយចំពោះការសម្រាកទាំងគោរពកោតខ្លាចព្រះ នៅថ្ងៃសប្ប័ទ។



នៅឯទីរហោស្ថាន ព្រះជាម្ចាស់បានប្រទានអាហារមួយប្រភេទថ្មី ដែលឈ្មោះអាហារនោះ បកប្រែមកចំៗមានន័យថា៖ «តើវាជាអ្វី?»។ អាហារនោះបានផ្ដល់មក ទាំងភ្ជាប់មកជាមួយនឹងសំណួរ ហើយពាក្យនេះ គឺបកប្រែមកពីភាសាហេព្រើរ "ម៉ាណហ៊ូ -- Mann-hou" និយាយស្រួលស្ដាប់ គឺ ម៉ាណា -- manna។ ជាមួយនឹងអាហារនេះ ព្រះជាម្ចាស់បានត្រៀមរៀបចំសម្រាប់ថ្ងៃសប្ប័ទ ហើយព្រះអង្គបានធ្វើការនេះឱ្យបានសម្រេច ទាំងផ្គត់ផ្គង់ដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឱ្យពួកគេបានដកថយ មានពេលសម្រាកពីអតីតកាលនៅឯស្រុកអេស៊ីព្ទរបស់ពួកគេ។



បន្ទាប់ពី និក្ខមនំ ១៦៖៤ ប្រជារាស្រ្តបានទទួលចំណែកនៃអាហារ ម៉ាណា ជារៀងរាល់ថ្ងៃ គឺមួយល្មមសម្រាប់មួយថ្ងៃៗ។ ចំណុចសំខាន់នោះគឺសម្រាប់ឱ្យប្រជារាស្ត្រចេះស្ដាប់បង្គាប់ពីការណែនាំ ហើយបន្តដើរទៅមុខ នៅក្នុងឥរិយាបថដែលចេះកាន់តាមវិន័យ។ យើង (ដែលជាមនុស្សនៅឯទីរហោស្ថាន ហើយនិងគ្រីស្ទបរិស័ទសព្វថ្ងៃ) ទទួលបានទាំងការឱ្យចេះស្ដាប់បង្គាប់និងការឱ្យប្រកាន់តាមវិន័យ តាមរយៈព្រះបន្ទូលរបស់ព្រះជាប្រចាំថ្ងៃ។ ព្រះបន្ទូលប្រទានឱ្យយើងនូវទំនុកចិត្តច្បាស់លាស់ចំពោះព្រះគុណនៃព្រះនៅក្នុងជីវិតរបស់យើង។



សំណួរសម្រាប់ឆ្លុះបញ្ចាំង



  • តើយើងមានអាហារ "ពេញឆ្នាំង" រហូតដល់យើងមិនអាចមានកន្លែងដាក់អាហារថ្មី ពីស្ថានលើ ដែរឬយ៉ាងណា?

  • តើព្រះជាម្ចាស់បានប្រទាន "អាហារថ្មី" ដល់អ្នក ដែលអ្នកមិនធ្លាប់ដែលបានដឹងពីមុន ដោយរបៀបណា?

  • ការពឹងផ្អែកលើព្រះជាប្រចាំថ្ងៃ នោះគួរតែជាស្ថានភាពពិតជាក់ស្ដែងសម្រាប់យើងដែលជាគ្រីស្ទបរិស័ទ ប៉ុន្តែការណែនាំនិងការកាន់តាមវិន័យ នោះពុំបានក្លាយជាផ្នែកនៃជីវិតរស់នៅរបស់យើងរហូតទេ។ តើយើងគួរតែរុករកមើលសារធាតុទាំងនេះសាជាថ្មី? តើយើងរុករកមើលដោយរបៀបណា?


ប្រធានបទសម្រាប់អធិស្ឋាន



  • យើងសូមអធិស្ឋានសម្រាប់គ្រីស្ទបរិស័ទដែលត្រូវបានគេបៀតបៀននៅក្នុងពិភពលោកនេះ។ សូមឱ្យគេបានទទួលអាហារ ម៉ាណា ដែលជាការផ្គត់ផ្គង់ជាប្រចាំថ្ងៃមកពីព្រះ។

  • យើងសូមអធិស្ឋានសម្រាប់ជំនឿគ្រីស្ទបរិស័ទ ដែលគេមានប្រវត្តិជាជនភៀសខ្លួន ជាពិសេសសម្រាប់អស់អ្នកវ័យក្មេង ដែលជំនឿរបស់គេកំពុងតែរងការល្បងល។

  • យើងអធិស្ឋានថាព្រះនឹងលើកឡើងហើយត្រាស់ហៅអ្នកដឹកនាំ ដែលដូចជា លោក ម៉ូសេ ម្ដងទៀត នៅក្នុងសហគមន៍គ្រីស្ទបរិស័ទ។


លំនាំអធិស្ឋាន


ឱ ព្រះអម្ចាស់អើយ ព្រះអង្គបានមើលថែប្រជារាស្រ្តរបស់ព្រះអង្គនៅឯទីរហោស្ថាន។ ព្រះអង្គបានចម្អែត បានការពារ និងបានលើកទឹកចិត្តដល់ពួកគេ។ សូមអរគុណទ្រង់សម្រាប់ព្រះគុណ ដែលព្រះអង្គបានប្រទានទៅដល់អស់អ្នកដែលព្រះអង្គបានរំដោះឱ្យគេមានសេរីភាពពីស្រុកអេស៊ីព្ទ (ទាសភាព)។/em>



សូមអរគុណទ្រង់សម្រាប់យើងរាល់គ្នាផងដែរ។ ព្រះអង្គបានរំដោះយើងឱ្យចេញពីការរស់នៅក្នុងចំណងទាសភាពរបស់អំពើបាប ហើយព្រះអង្គបានបញ្ចូលយើងខ្ញុំទៅក្នុងរាជ្យនគររបស់ព្រះអង្គ។ ព្រះអង្គបំប៉ននិងចម្រើនយើងខ្ញុំជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះអង្គការពារយើងខ្ញុំ ហើយលើកទឹកចិត្តដល់យើងខ្ញុំជារៀងរាល់ថ្ងៃ។



យើងខ្ញុំប្រកាសលែងទទួលនិងចង់វិលត្រឡប់ទៅរក "ស្រុកអេស៊ីព្ទ" (ទាសភាព) នៃអតីតកាលនោះ ហើយយើងខ្ញុំបែរត្រឡប់ឆ្ពោះទៅរកព្រះអង្គវិញ ឱ ព្រះអម្ចាស់យេស៊ូវ។ សូមជួយយើងខ្ញុំឱ្យរស់នៅ ដោយមានពេលចេះសម្រាកនៅក្នុងព្រះវត្តមានរបស់ព្រះអង្គ ដែលជាទីព្រះអង្គប្រទានកម្លាំង និងភាពក្លាហាន ដែលយើងខ្ញុំត្រូវការ ជាប្រយោជន៍ឱ្យយើងខ្ញុំអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ អាមែន។







ដោយ៖ យ៉ូសែប កាបង់ហ្គូ (Joseph Kabongo) អតីតប្រធានអធិបតីនៃក្រុមជំនុំទ្វីបអាហ្រ្វិកប្រចាំប្រទេសស្វីស នៅប្រទេសស្វីស។


អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Sabbath - Living According to God's Rhythm

សប្ដាហ៍នៃការអធិស្ឋានពីក្រុមប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ (Evangelical Alliance) ហៅកាត់ថា WOP គឺជាការផ្ដួចផ្ដើមពីជុំវិញពិភពលោក ទោះភាគច្រើនប្រតិបត្តិនៅអ៊ឺរ៉ុបក្ដី ក៏ពួកគាត់បានផ្ដល់មេរៀនសិក្សាពីប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុប (Europe Evangelical Alliance) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.europeanea.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ