ព័ត៌មានគម្រោងអាន

ថ្ងៃសប្ប័ទ - រស់នៅស្របតាមចង្វាក់ជីវិតរបស់ព្រះគំរូ

Sabbath - Living According to God's Rhythm

ថ្ងៃទី 6 ក្នុងចំណោម 8 ថ្ងៃ

ថ្ងៃសប្ប័ទនិងអំណរ


ពេលស្មឹងស្មាធិ៍


«តើគួរធ្វើអ្វីនៅថ្ងៃអាទិត្យ? គំនិតទាំង ៥០ កុំឱ្យអ្នកអផ្សុក!»



មានទស្សនាវដ្ដីមួយបានដាក់ចំណងជើងយ៉ាងដូច្នេះ ដើម្បីទាញចំណាប់អារម្មណ៍របស់អ្នក។ ថ្ងៃសម្រាកត្រូវបានគេផ្ដល់ជាគំនិត ដោយមានសកម្មភាពកម្សាន្តសប្បាយមិនស្រាកស្រាន្ត ឬក៏ថាត្រូវតែមានដំណើរពេញដោយរឿងសប្បាយៗជាច្រើន។ គោលដៅចម្បង នោះគឺថាត្រូវធ្វើយ៉ាងម៉េច ឱ្យតែអ្នកទទួលបាននូវភាពសប្បាយរីករាយ។ តែទោះជាយ៉ាងនេះក្ដី អំណរដូចជាមិនសូវមាននៅក្នុងរូបភាពនេះទេ។ បទពិសោធន៍រីករាយនិងភាពសប្បាយ នោះវាអាចបង្កើតឱ្យមានឡើងនៅពេលក្រោយបាន តែនៅគ្រាណាដែលពេលនោះវាកន្លងផុតទៅ នោះអារម្មណ៍ដែលបានមកពីពេលអស់ទាំងនោះ ក៏វារលាយបាត់អស់ទៅជាមួយគ្នាដែរ។ អ្វីដែលនៅសេសសល់ នោះមានតែក្ដីប៉ងប្រាថ្នាចង់បានបទពិសោធន៍សប្បាយៗលើសជាងនេះតែប៉ុណ្ណោះ។ មនុស្សម្នាគេកំពុងតែស្រេករកសុភមង្គលដែលស្វែងរកឃើញនៅក្នុងបទពិសោធន៍អស់ទាំងនោះ។ នៅឡើយ តើឱ្យក្ដីប៉ងប្រាថ្នាសម្រាប់អំណរនិងសុភមង្គលបានបំពេញដោយរបៀបណា បើមនុស្សគេប្រឹងតែរត់ដេញតាមចាប់ខ្យល់យ៉ាងដូច្នេះ? ហើយតើនឹងមានរឿងអ្វីកើតឡើងទៅវិញ ប្រសិនបើពពកនៃក្ដីឈឺចាប់និងទុក្ខសោកបាំងរាល់បទពិសោធន៍ដ៏អស្ចារ្យទាំងអស់នោះ ឱ្យទៅជាងងឹត? ចម្លើយសម្រាប់សំណួរអស់ទាំងនេះ នោះគឺសាមញ្ញ និងពិបាកយល់ដែរក្នុងពេលតែមួយ។



ប្រសិនបើអំណរគ្រាន់តែផ្សាភ្ជាប់ទៅនឹងបទពិសោធន៍ដ៏ស្រស់បំព្រងនិងរីករាយ នោះវាមិនមែនជាអំណរដ៏ពិតប្រាកដទេ។ អំណរដែលព្រះប្រទានដល់យើងតាមរយៈថ្ងៃសប្ប័ទ នោះមានន័យជ្រៅនិងពុំអាចមានអ្វីមកយកវាចេញបានឡើយ។ ព្រះអង្គប្រទានដល់យើងនូវទីកន្លែងនិងពេលវេលាសម្រាប់ឱ្យយើងបានសាងមេត្រីភាពជាមួយនឹងទ្រង់។ នៅពេលដែលយើងនៅជិតស្និទ្ធនឹងព្រះ នោះយើងដូចជាអាចចាប់អំណរដ៏ពិតបានអញ្ចឹង។ អំណរប្រភេទនេះ គឺវាមានសភាពហួសលើសពីក្ដីប៉ងប្រាថ្នាដែលយើងអាចគិតនឹកឃើញពីអំណរដទៃទាំងឡាយទៅទៀត។ យើងអាចបំពេញដោយអំណរដ៏មានន័យនៅក្នុងព្រះវត្តមាននៃព្រះ ទោះបីជាព្រលឹងរបស់យើងកំពុងតែទួញយំក៏ដោយ។ អំណរជាក់លាក់នេះគឺបំពាក់បំប៉នឱ្យយើងមាននូវទស្សនៈថ្មី ហើយវាផ្ដល់នូវការគាំទ្រដល់យើង នៅក្នុងគ្រាដែលយើងជួបទុក្ខលំបាក។ អំណរនេះគឺហូរមកពីព្រះហឫទ័យនៃព្រះផ្ទាល់ ដោយវាហូរមកចំក្នុងដួងចិត្តរបស់យើងតែម្ដង។ វាគឺជាសារបង្ហាញពីក្ដីស្រឡាញ់របស់ព្រះ សម្រាប់រូបយើងរាល់គ្នា។



ប្រសិនបើព្រះ ទ្រង់ផ្ទាល់ អបអររីករាយចំពោះរាល់គ្រប់អ្វីៗដែលព្រះអង្គបានបង្កើតនៅថ្ងៃទី ៧ តើយើងមិនគួរមានហេតុផលធំជាងនេះយ៉ាងណាទៅទៀត ក្នុងការអបអរសាទរសប្បាយ ក្នុងនាមយើងជាដៃគូជាមួយនឹងព្រះអង្គ នៅក្នុងរាជ្យនគររបស់ព្រះអង្គ? នៅពេលយើងដឹងថាជីវិតរបស់យើងស្ថិតនៅក្នុងព្រះហស្ដនៃព្រះដ៏ជាម្ចាស់គ្រប់គ្រងលើរាល់គ្រប់អ្វីៗទាំងអស់ ហើយដឹងថារាល់គ្រប់អ្វីៗដែលយើងមាននិងត្រូវការ គឺស្ថិតនៅក្នុងព្រះអង្គ នោះដួងចិត្តយើងនឹងមិនអាចធ្វើអ្វីបាន ក្រៅពីអបអរសាទរតែប៉ុណ្ណោះ។ នេះហើយជាអត្ថន័យពិតនៃថ្ងៃសសប្ប័ទ។



ដោយសារតែអំណរព្រះផ្ដល់ឱ្យយើងនិងអំណរនោះស្ថិតនៅក្នុងព្រះអង្គ នោះយើងអាចសប្បាយរីករាយកាន់តែជ្រាលជ្រៅ ចំពោះព្រះអំណោយទានរបស់ព្រះ។ ព្រះអំណោយទាននោះ គឺថាយើងអាចដើរទាំងមានភាពស្ញប់ស្ញែងចំពោះរាល់អ្វីៗដែលព្រះបានបង្កើត។ ដូចជាសប្បាយរីករាយនៅពេលយើងមានពេលទទួលទានអាហារជាមួយមិត្តភក្តិ ឬអបអរសាទរជាមួយក្រុមគ្រួសារទាំងមូលរបស់យើង។ ថ្ងៃអាទិត្យមិនគួរក្លាយទៅជាថ្ងៃដែលយើងតម ដោយបដិសេធអ្វីៗដែលខ្លួនចង់ធ្វើនោះឡើយ។ យើងអាចរីករាយថ្ងៃនោះជាថ្ងៃដែលមានការរួមប្រកបគ្នា និងអបអរសាទររួមជាមួយនឹងគ្នាទៅវិញ។



សំណួរសម្រាប់ឆ្លុះបញ្ចាំង



  • តើឱ្យខ្ញុំអាចបញ្ចេញនូវអំណរនៃព្រះដែលខ្ញុំមាននៅថ្ងៃអាទិត្យបានដោយរបៀបណា?

  • ព្រះគម្ពីរចែងថា៖ «ដ្បិតអំណររបស់ព្រះអង្គគឺជាកម្លាំងនៃខ្ញុំ» (នេហេមា ៨៖១០)។ តើកម្លាំងនិងអំណាចរបស់ខ្ញុំ កំណត់ដោយអំណរនៃព្រះអម្ចាស់ ឬក៏កំណត់ដោយស្ថានភាពរបស់ខ្ញុំ?

  • តើឱ្យខ្ញុំអាចសប្បាយរីករាយជាមួយនឹងអំណោយទាននៃព្រះ ដោយមិនចង់បានអ្វីថែមទៀតជានិច្ចកាលដែរឬ?


ប្រធានបទសម្រាប់អធិស្ឋាន



  • យើងអធិស្ឋានសូមឱ្យព្រះបង្ហាញដល់យើងសាជាថ្មី នូវរបៀបដែលយើងអាចសប្បាយរីករាយនៅក្នុងថ្ងៃសប្ប័ទជាមួយនឹងព្រះអង្គ។

  • យើងសូមអធិស្ឋានសម្រាប់អំណរពីស្ថានសួគ៌ ដែលឱ្យយើងមានកម្លាំងក្នុងជីវិតសាជាថ្មី ដោយពុំគិតពីស្ថានភាពរបស់យើង។

  • យើងអធិស្ឋានសូមឱ្យថ្ងៃសប្ប័ទមានលក្ខណៈស្របដោយព្រះវិញ្ញាណ ដែលជាអង្គបញ្ឆេះនូវអំណរក្នុងយើង។

  • យើងសូមអធិស្ឋានថាក្រុមជំនុំរបស់យើងនឹងអបអរសាទរជាមួយនឹងអំណាចចេស្ដានៃអំណរដ៏ហូរហៀរ។

  • យើងសូមកែប្រែចិត្តជាថ្មី ចំពោះរាល់ពេលវេលាដែលយើងផ្ដោតតែទៅលើអំណោយទាននៃព្រះ ប៉ុន្តែភ្លេចឈឹងចំពោះព្រះ ដែលជាម្ចាស់ប្រទានអំណោយទានអស់ទាំងនោះ។


លំនាំអធិស្ឋាន


ឱ ព្រះអម្ចាស់អើយ យើងខ្ញុំសូមអរគុណទ្រង់ ដោយសារតែព្រះវត្តមានទ្រង់ គឺជាអ្វីដែលយើងត្រូវការតែប៉ុណ្ណោះ។ នៅក្នុងព្រះអង្គ យើងស្វែងរកឃើញអំណរដ៏ហូរហៀរ។ យើងខ្ញុំសូមងាកភ្នែករបស់យើងខ្ញុំទៅចំពោះព្រះអង្គ ហើយសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គជាព្រះជាម្ចាស់ និងជាព្រះមហាក្សត្រ។ សូមអរគុណព្រះអង្គដែលបានបង្ហាញដល់យើងខ្ញុំពីរបៀបនៃការលើកតម្កើងនិងការអបអរសាទរចំពោះព្រះអង្គនៅថ្ងៃសប្ប័ទ។ សូមអរគុណទ្រង់ ដែលព្រះអង្គកាន់ជីវិតរបស់យើងខ្ញុំនៅក្នុងព្រះហស្ដ ហើយព្រះអង្គគឺជាប្រភពនៃសុភមង្គលរបស់យើង។ អាមែន។







ដោយ៖ ដេបូរ៉ា ហ្ស៊ីមឺមេន (Deborah Zimmermann) ប្រធានប្រតិបត្តិនៃការអធិស្ឋាន 24-7 ប្រចាំប្រទេសស្វីស។


អត្ថបទគម្ពីរ

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Sabbath - Living According to God's Rhythm

សប្ដាហ៍នៃការអធិស្ឋានពីក្រុមប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ (Evangelical Alliance) ហៅកាត់ថា WOP គឺជាការផ្ដួចផ្ដើមពីជុំវិញពិភពលោក ទោះភាគច្រើនប្រតិបត្តិនៅអ៊ឺរ៉ុបក្ដី ក៏ពួកគាត់បានផ្ដល់មេរៀនសិក្សាពីប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុប (Europe Evangelical Alliance) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.europeanea.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ