ព័ត៌មានគម្រោងអាន

មេរៀនចុងក្រោយ៖ គម្រោងអានសម្រាប់សប្ដាហ៍ដ៏វិសុទ្ធគំរូ

The Final Lessons: A Holy Week Plan

ថ្ងៃទី 2 ក្នុងចំណោម 10 ថ្ងៃ

ការថ្វាយបង្គំ

សូមស្វាគមន៍មកកាន់សប្ដាហ៍ដ៏វិសុទ្ធ—ថ្ងៃនេះគឺជាពេលរំឮក--មុនថ្ងៃអាទិត្យ--ចំពោះព្រះគី្រស្ទ មុនពេលព្រះអង្គបានយាងទៅឯឈើឆ្កាង។ ហើយនិងជាពេលដែលយើងបានរៀនអំពីមេរៀនទីពីរនៅក្នុងការដើរតាមព្រះគ្រីស្ទផងដែរ (មេរៀនទីមួយ គឺជាការលះបង់អ្វីៗដែលល្អបំផុតរបស់យើង)៖ ហើយមេរៀននេះចង់តម្រូវឲ្យយើង ចេះថ្វាយបង្គំដល់ព្រះអង្គ។

សូមអានអត្ថបទគម្ពីរ យ៉ូហាន ១២៖១២-១៩។

ពួកបណ្ដាជនមានការស្ញប់ស្ញែងចំពោះព្រះគ្រីស្ទ និងព្រឹត្តិការណ៍ដ៏អស្ចារ្យដែលព្រះអង្គបានធ្វើសម្រាប់លោកឡាសារ។ ខ្ញុំយល់ឃើញថា វាពិតជាគួរឲ្យចាប់អារម្មណ៍ជាខ្លាំងដែលបណ្ដាជន ជំនួសឲ្យការមកឡោមព័ទ្ធជុំវិញព្រះអង្គដើម្បីទូលសូមព្រះអង្គឲ្យប្រោសជម្ងឺដល់ពួកគេម្នាក់ៗ ពួកគេបែរជាថ្វាយបង្គំព្រះអង្គទៅវិញ។ ដោយសេចក្ដីស្ញប់ស្ញែងចំពោះអ្វីៗដែលព្រះអង្គបានធ្វើ ពួកគេមិនអាចធ្វើអ្វីផ្សេងបាន ក្រៅពីការថ្វាយបង្គំព្រះអង្គតែមួយប៉ុណ្ណោះ។​

ប្រសិនបើ លោកអ្នកស្ថិតនៅក្នុងចំណោមបណ្ដាជនទាំងប៉ុន្មាននៅថ្ងៃនោះ តើលោកអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេចវិញ ចំពោះអ្វីដែលលោកអ្នកបានឃើញ?

ខ្ញុំស្រមៃឃើញថា ប្រសិនបើមានមនុស្សពីសម័យឥឡូវនេះ ចូលរួមនៅទីនោះ យើងប្រាកដជាបែរខ្នង ហើយយកទូរស័ព្ទទំនើបៗ លើកឡើងខ្ពស់ ដើម្បីថតឲ្យបានរូប សែលហ្វី ដ៏ល្អប្រណិតបំផុត ក្នុងខណៈពេលដែលព្រះយេស៊ូវទ្រង់យាងកាត់តាមដងផ្លូវនោះ ហើយក៏ធ្វើយ៉ាងម៉េចឲ្យយើងអាចបង្ហោះរូបទាំងនោះ ទាំងដាក់ភ្ជាប់បង្ហាញថា យើងបានឃើញ @ព្រះយេស៊ូវគ្រីស្ទ និងមានដាក់ #ហូសាណា ផង។ ហើយបន្ទាប់មកទៀត យើងប្រហែលជាចាប់ផ្ដើមឆៀកមើល សារដំណឹងក្នុងហ្វេសបុគ អ៊ីនស្តាក្រាម ឬ ឡាញ របស់យើងបីបួនដង ដើម្បីពិនិត្យមើលថាតើ នរណាខ្លះគេចូលចិត្ដ លើការដែលខ្លួនយើងបានឃើញអង្គព្រះយេស៊ូវ ឬក៏ មើលថាតើព្រះយេស៊ូវបានចូលចិត្ដរូបភាពដែរឬអត់នៅពេលដែលយើងបានភ្ជាប់ឈ្មោះព្រះអង្គនៅក្នុងរូបថតរបស់យើងនោះ។

បើធ្វើដូច្នោះមែន យើងបានវង្វេងជាប់ថ្នាំពុលនៃបណ្ដាញសង្គមវឹកវររបស់យើង ដោយការដែលយើងខកខាន មិនឃើញនូវភាពសាមញ្ញដែលយើងអាចមាន ជាមួយអង្គព្រះយេស៊ូវហើយ។ សង្គមវប្បធម៌របស់យើងសព្វថ្ងៃ កំពុងជំរុញលើកទឹកចិត្ដប្រាប់ថាជីវិតរបស់យើង សូម្បីតែទំនាក់ទំនងរវាងយើងម្នាក់ៗជាមួយអង្គព្រះយេស៊ូវ ក៏ត្រូវឆ្លុះបង្ហាញឲ្យគេឃើញ ឲ្យគេស្គាល់ អំពីយើងនោះដែរ។ (ក្នុងន័យអួតសម្ដែង)។

តែក្រុមបណ្ដាជនទាំងនោះ ពួកគាត់យល់ដឹងច្បាស់នូវអ្វីដែលពួកគាត់គួរតែធ្វើ។ ដ្បិតពេលនោះគឺជាពេលរបស់អង្គព្រះយេស៊ូវ មិនសម្រាប់ប្រិយភាពរបស់ពួកគាត់នោះទេ។

ហូសាណា គឺជាទម្រង់មួយនៃការអរសរសើរ ប៉ុន្តែវាក៏ជាពាក្យមួយ សម្រាប់ប្រាប់អំពីសេចក្ដីសង្រ្គោះ ជំនួយ ឬ ការរំដោះ—ជាការស្នើសុំ ឬក៏ ជាការប្រកាសថាការសង្គ្រោះនោះបានមកដល់ហើយ។

តើព្រះជាម្ចាស់ទ្រង់បានរំដោះរូបលោកអ្នកចេញពីអ្វីនាពេលអតីតកាលនោះ?

តើលោកអ្នកត្រូវការឲ្យព្រះជាម្ចាស់រំដោះរូបលោកអ្នកចេញពីអ្វីដែរនៅថ្ងៃនេះ?

ចូរឲ្យយើងបញ្ចប់នូវគម្រោងអានសញ្ជឹងគិតរបស់យើងថ្ងៃនេះ ដោយច្រៀងនូវចម្រៀង "ហូសាណា" តាមលំនាំបទសម័យនេះមួយបទ។​ ក្នុងខណៈពេលដែលលោកអ្នកច្រៀង សូមឲ្យចម្រៀងនេះ បានជាសេចក្ដីអធិស្ឋានរបស់លោកអ្នក។ ក្នុងខណៈពេលដែលលោកអ្នកច្រៀងពាក្យ "ហូសាណា" ចូរស្រមៃមើល ថាលោកអ្នកត្រូវការឲ្យព្រះអង្គសង្គ្រោះលោកអ្នកពីអ្វីដែរ។ ក្នុងខណៈពេលដែលលោកអ្នកច្រៀងពាក្យ "ហូសាណា" ចូរឲ្យពាក្យពេចន៍ទាំងនោះ ជាការអធិស្ឋានអរព្រះគុណដល់ព្រះអង្គ តាមការនឹកឃើញរបស់លោកអ្នកអំពីអ្វីៗដែលព្រះអង្គទ្រង់បានសង្គ្រោះលោកអ្នករួចជាស្រេចហើយ។

ពិតមែនហើយព្រះអម្ចាស់! យើងខ្ញុំសូមទូលសុំឲ្យព្រះអង្គ«ព្យាបាលចិត្ដនិងធ្វើឲ្យគំនិតបានស្អាត។ បើកភ្នែកនៃទូលបង្គំឲ្យយល់ពីអ្វីដែលទូលបង្គំមើលមិនឃើញ។ បង្ហាញឲ្យទូលបង្គំដឹងអំពីរបៀបនៃសេចក្ដីស្រឡាញ់ ដូចដែលព្រះអង្គបានស្រឡាញ់ទូលបង្គំ។ សូមបំបែកចិត្ដទូលបង្គំ ចំពោះអ្វីៗដែលធ្វើឲ្យព្រះហឬទ័យទ្រង់ខ្ទេចខ្ទាំ។ រាល់គ្រប់អ្វីៗដែលទូលបង្គំមាន គឺសម្រាប់បុព្វហេតុនៃព្រះរាជ្យរបស់ព្រះអង្គហើយ។ ក្នុងខណៈពេលទូលបង្គំ ដើរឆ្លងពីផែនដីនេះទៅកាន់ភាពអស់កល្បជានិច្ច។ ហូសាណា។ ហូសាណា។ ហូសាណា នៅស្ថានខ្ពស់បំផុត។»

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

The Final Lessons: A Holy Week Plan

តោះយើងកុំប្រញាប់ប្រញាល់ពេក ចូរបង្អង់សម្រាប់សប្ដាហ៍ដ៏វិសុទ្ធនេះ ហើយចាប់រៀនរំឮកពីថ្ងៃចុងក្រោយរបស់ព្រះគ្រិស្ត​នៅពេលដែលព្រះអង្គបានគង់នៅលើផែនដីនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងទទួលមេរៀន ឬអំណោយដែលព្រះអង្គទ្រង់បានចំណាយពេលក្នុងការប្រទាន...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកស្រី បេគី គីសើ (Becky Kiser) ដែលបម្រើនៅក្នុងព័ន្ធកិច្ច ថ្ងៃសម្រាកដ៏វិសុទ្ធ (Sacred Holidays) សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.sacredholidays.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ