ព័ត៌មានគម្រោងអាន

រាល់គ្រប់អ្វីៗ ដែលខ្ញុំត្រូវការគំរូ

Everything I Need

ថ្ងៃទី 1 ក្នុងចំណោម 3 ថ្ងៃ

រាល់គ្រប់អ្វីៗដែលខ្ញុំត្រូវការ៖ ទ្រង់ជាចំណែករបស់ខ្ញុំ






«តើហេតុអ្វីបានជាខ្ញុំត្រូវបាក់ទឹកចិត្ត? តើហេតុអ្វីបានជាស្រមោលងងឹតវាមកយ៉ាងដូច្នេះ?

តើហេតុអ្វីបានជាចិត្តរបស់ខ្ញុំត្រូវនៅឯកា ហើយប៉ងប្រាថ្នាចង់បានស្ថានសួគ៌និងផ្ទះដ៏កក់ក្ដៅ?

នៅពេលដែលព្រះយេស៊ូវជាចំណែករបស់ខ្ញុំ ហើយព្រះអង្គគឺជាមិត្តរហូតរបស់ខ្ញុំនោះ។

ព្រះនេត្រព្រះអង្គចាំទ្រទ្រង់សត្វបក្សី ហើយខ្ញុំដឹងថាព្រះអង្គមើលថែរក្សាការពារខ្ញុំ។

ខ្ញុំច្រៀងដោយសារតែខ្ញុំសប្បាយរីករាយ។ ហើយខ្ញុំច្រៀងដោយសារតែខ្ញុំមានសេរីភាព។

ព្រះនេត្រព្រះអង្គចាំមើលថែសត្វបក្សី ហើយខ្ញុំដឹងថាព្រះអង្គមើលថែរក្សារូបខ្ញុំ»។

- ចម្រៀងដោយអ្នកស្រី ស៊ីវីឡា ឌី ម៉ាធីន - Civilla D. Martin, ឆ្នាំ 1905




ខ្ញុំមិនដឹងថាអ្នកគិតយ៉ាងដូចម្ដេចទេ ប៉ុន្តែចំពោះខ្ញុំ ពាក្យថា ចំណែក បាននាំឱ្យខ្ញុំខូចចិត្ត និងគិតមិនសូវល្អ ដោយព្រោះតែរឿងផ្សាយពាណិជ្ជកម្មពីផលិតផលសម្រករាង ដែលវាតែងតែលេចឡើង មិនចេះឈប់ឈរ នៅក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ ពាក្យ ចំណែក ដែលអង់គ្លេស គេនិយាយថា "ផ័តឈិន - portion" នោះគឺវាស្មើនឹង ចំណី។ ចំណែក នោះវាស្មើនឹង របបចំណីអាហារ។ ពាក្យថា ចំណែក វាចង្អុលបង្ហាញឱ្យខ្ញុំសម្លឹងមើលទៅ អាហារ មួយម៉ាត់ៗ សឹងតែដូចជាចំណីសត្វចាប។ វាមានន័យថា ខ្ញុំត្រូវដាក់កំហិតខ្លួនឯង បដិសេធខ្លួនឯង កុំឱ្យទៅចង់ញ៉ាំអីឆ្ងាញ់មាត់ ទាំងចានៗ ទាំងគោមៗ ដែលនោះអាចជាការ៉េមដ៏ផ្អែមជក់ចិត្ត ឬក៏ញ៉ាំនំសូកូឡាដ៏ឆ្ងាញ់ជាប់មាត់ រួចហើយ បែរជាទៅគិតថា "ល្មមៗបានហើយ ប្រយ័ត្នប្រយែងរាងរៅរបស់ខ្លួន" ទៅវិញ។ ចំណែក វាគឺជាពាក្យ ដែលខ្ញុំគិតថារបស់អ្វីដែលខ្ញុំប្រាថ្នាចង់បាន (ចំណី) នោះវាគួរតែញ៉ាំបន្តិចបន្តួចបានហើយ។ វាមានន័យថា អ្វីដែលខ្ញុំកំពុងតែឆ្ងាញ់ កំពុងតែរីករាយ នោះខ្ញុំត្រូវដកថយ ហើយមិនចាំបាច់បំពេញបំណង ទាំងអន់ចិត្តចំពោះខ្លួនថែមទៀត។



ក្នុងការផ្សាយពាណិជ្ជកម្មសម្រកទម្ងន់ គេចូលចិត្តឱ្យយើងស្រែករួមជាមួយគ្នាថា៖ បើខ្ញុំនិយាយថា "ចំណែក" នោះអ្នកនិយាយថា… ត្រូវកំណត់!



ខ្ញុំគិតទាំងឆ្ងល់ថា ស៊ីវីឡា ម៉ាធីន គាត់គិតពីពាក្យ ចំណែក នោះមានន័យយ៉ាងណា នៅពេលដែលគាត់តាក់តែងទំនុកចម្រៀងដ៏ពិរោះរន្ដំ អំពីដៃគូស្នេហ៍គ្រីស្ទបរិស័ទ ដែលរស់នៅយ៉ាងរីករាយក្នុងជំនឿយ៉ាងមុតមាំ ក្នុងខណៈពេល ដែលពាក្យនេះ វាចោទជាប្រស្នាឱ្យខ្ញុំលំបាកលំបិនជាមួយនឹងវិបត្តិខាងឯរូបរាងកាយនេះទៅវិញដូច្នេះ? (ចូរស្រាវជ្រាវមើលពីប្រវត្តិចម្រៀង ដើម្បីទទួលបានព័ត៌មានគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត!)។ ខ្ញុំជឿថា នៅពេលគាត់តាក់តែងចម្រៀងនេះឡើង នោះគាត់ពុំបានគិតអំពីការដាក់កំហិត ដូចដែលយើងគ្រប់គ្នាកំពុងគិតអំពីបរិមាណស្ករ និងចំណីអាហារដែលយើងទទួលទាននាពេលសព្វថ្ងៃនេះទេ។ របបចំណីអាហារតាមការកំណត់ និងការចេះគ្រប់គ្រងខ្លួន នោះគឺជាគំនិតមកពីការចង់រក្សារូបរាង ដែលវាជាប្រជាប្រិយភាព និងជាអ្វីដែលវប្បធម៌សង្គមកំពុងឱ្យតម្លៃ នៅក្នុងទីសម្បូរហូរហៀរ និងចេះតែបណ្ដោយខ្លួន។



នៅបំណាច់សតវត្សទី ២០ ចំណីដូចជា ឆីតូស (Cheetos) និងស៊ីណាបន់ (Cinnabon) ដែលជាអាហារសម្រន់នាំឱ្យធាត់ ពួកវាមិនទាន់មានវត្តមាននៅឡើយទេ។ ការចម្អិនអាហារវាមិនឆាប់ ហើយវាមិនលឿននោះទេ។ ធ្វើនំ អេផលផាយ (apple pie) វាតម្រូវការពេល កម្លាំង និងចិត្តអត់ធ្មត់ មិនដូចជាឥឡូវ គ្រាន់តែទៅទិញពុម្ពនំមកស្រាប់ៗ ហើយហែក ចាក់អ្វីដែលចង់បានចូល រួចយកទៅដុត នោះវាគឺជាការស្រេច។ រឿងចំណីវាស្រួល ហើយរហ័សទៀត។ តែទោះជាយ៉ាងណាមិញ ក្នុងចិត្តគំនិតខ្ញុំ អេផលផាយ នៅក្នុងឆ្នាំ ១៩០៥ នោះវាមានន័យសម្រាប់ក្រុមគ្រួសារ និងសហគមន៍ នៅពេលគេមកជួបជុំគ្នា ដើម្បីរួមប្រកបគ្នា ជាជាងញ៉ាំនំអេផលផាយ ដែលធ្វើហើយស្រាប់ៗ នៅសព្វថ្ងៃនេះទៅទៀត។ ព្រោះអី យើងមិនបាច់ត្រូវរង់ចាំយូរ ដូច្នេះមនុស្សជារំពឹង ឬសម្លឹងទៅកាន់ពេលដែលចំណីឆ្អិន ដោយថា បើយើងចង់បានអី គ្រាន់តែទៅហាងនៅក្បែរផ្ទះ មិនដល់ ៣០ នាទីផង នោះយើងនឹងបានអ្វីដែលយើងចង់បានរួចស្រេចបាត់ទៅហើយ!



ពាក្យថាចំណែកនេះ ក៏មានន័យថា ជារង្វាស់ផងដែរ។ រង្វាស់មួយដែល ល្អឥតខ្ចោះ នោះជារង្វាស់ ដែលមិនខ្វះ។ រង្វាស់ដែលជារបស់យើងយ៉ាងពិសេស… មិនមែនជារបស់នរណាម្នាក់មួយផ្សេង។ វាជាចំនួនច្បាស់លាស់មួយ សម្រាប់អ្វីមួយដែលយើងត្រូវការ។ និយមន័យទូទៅនៃពាក្យ ចំណែក (តាមភាសាអង់គ្លេស ផ័តឈិន - portion) នោះជា "បំណែករបស់បុគ្គល ឬជាចំណែកចែកពីអ្វីមួយ៖ ប្រៀបដូចជា ចំណែកនៃអ្វីដែលផ្ដល់ឱ្យ ដែលជា កាដូ ឬជា កេរ្តិ៍មរតក"។



កាដូកេរ្តិ៍មរតក - គឺជាអ្វីមួយ ដែលយើងមិនអាចទៅប្រឹងធ្វើដើម្បីទទួលបានឡើយ ប៉ុន្តែវាជាកិត្តិយស ដែលយើងទទួលបាន ដោយគ្រាន់តែយើងមានសិទ្ធិនៅក្នុងក្រុមគ្រួសារ ហើយនៅត្រង់នេះ យើងជាសមាជិកនៃក្រុមគ្រួសារព្រះ ក្នុងនាមយើងជាបុត្រា និងជាបុត្រី។ ព្រះយេស៊ូវគឺជាចំណែកទ្រព្យរបស់យើង។ ព្រះអង្គជាបំណែកនៃការល្អរបស់យើង។ ព្រះអង្គជាកេរ្តិ៍មរតករបស់ក្រុមគ្រួសារយើង ដោយបូករួម មានទាំង អភ័យឯកសិទ្ធិ និងសិទ្ធិទទួល ក្នុងនាមជាកូនប្រុស ឬកូនស្រី។



ទំនុកតម្កើង ១៦៖៥ ចែងថា៖ «ព្រះ‌យេហូវ៉ា​ជា​ចំណែក​មត៌ក​របស់​ទូល‌បង្គំ ហើយ​ជា​ពែង​របស់​ទូល‌បង្គំ អនាគត​របស់​ទូល‌បង្គំ ស្ថិត​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ»។ យើងមានមរតកដ៏ល្អមួយ ដោយសារតែព្រះទ្រង់ល្អ។ យើងមានចំណែកមួយ ដែលចំណែកនេះ ជារង្វាស់ដ៏ល្អឥតខ្ចោះ ចាត់ចែងមកឱ្យយើង ដើម្បីរក្សាយើងឱ្យមានសុខសុវត្ថិភាព ដើម្បីទ្រទ្រង់យើង ដើម្បីជួយឱ្យយើងអាចហើរពីលើព្យុះ ហើយនិងដើម្បីឱ្យយើងអាចតយុទ្ធក្នុងចម្បាំង ដោយពឹងអាងលើភាពភាពស្មោះត្រង់និងអំណាចចេស្ដារបស់ព្រះអង្គជានិច្ច។ ចំណែកនិងរង្វាស់របស់ព្រះអង្គមានសម្រាប់យើង នោះគឺជាកាដូដ៏ល្អឥតខ្ចោះ ដែលយើងត្រូវការយ៉ាងអន្ទះសានៅក្នុងជីវិតនេះ។






សូមឆ្លុះបញ្ចាំង៖




  • នៅពេលដែលអ្នកគិតអំពីពាក្យ ចំណែក តើអ្នកគិតថាខ្លួនអ្នក មានអ្វីមួយគ្រប់គ្រាន់ ឬកំពុងតែខ្វះខាតក្នុងផ្នែកណាមួយ? តើអ្នកមានអារម្មណ៍ថាអ្នកមានពេញលេញហើយ នាពេលឥឡូវនេះ? ហេតុអ្វីអ្នកគិតថាមានហើយ ឬ ហេតុអ្វីអ្នកគិតថា មិនទាន់មាន នៅឡើយ?

  • តើអ្នកដែលធ្លាប់ទូលសួរព្រះ ពីចំណែកពិសេស និងចំណែកវាស់ឱ្យហើយនោះ ថាជាអ្វីដែរឬទេ នៅគ្រាបច្ចុប្បន្ន? ប្រសិនបើអត់ទាន់បានទូលសួរទេ ចូរចំណាយពេលបន្តិច ហើយទូលសួរព្រះអង្គនាពេលឥឡូវនេះ។ ចូរទូលសូមព្រះអង្គ ឱ្យបើកសម្ដែងដល់អ្នក ពីអ្វីដែលកំពុងរារាំងអ្នក មិនឱ្យទៅទទួលបានពីចំណែកនោះ។ សូមទទួលបានការលើកទឹកចិត្ត។ ព្រះជាម្ចាស់ គឺជាព្រះដ៏ស្មោះត្រង់!

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Everything I Need

ព្រះជាម្ចាស់បានយាងទៅមុខយើង ហើយនិងការពារយើងនៅពីក្រោយ។ ព្រះអង្គចាត់ការរាល់ចម្បាំងដែលយើងត្រូវឆ្លងកាត់ រួចទៅហើយ។ ព្រះអង្គទតឃើញរាល់គ្រប់ច្រកល្ហក ដែលងងឹត ចំពោះរូបយើង។ ព្រះអង្គមិនភ្ញាក់ផ្អើលដោយព្រោះស្ថានភាពមិននឹងនរនោះដែរ។ គម្រោ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អ្នកស្រី ហលី ម៉េកនូសិន (Holly Magnuson) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.hollymagnusonco.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ