ព័ត៌មានគម្រោងអាន

រាល់គ្រប់អ្វីៗ ដែលខ្ញុំត្រូវការគំរូ

Everything I Need

ថ្ងៃទី 3 ក្នុងចំណោម 3 ថ្ងៃ

ជារឿយៗ នៅពេលណាដែលខ្ញុំគិតថា ខ្ញុំមានចិត្តអន្ទះអន្ទែងចង់បានអ្វីមួយថ្មីនៅក្នុងជីវិតរបស់ខ្ញុំ នោះតាមពិតទៅ គឺខ្ញុំស្រេកឃ្លានព្រះវត្តមាន ព្រះសូរសៀង និងព្រះបន្ទូលរបស់ព្រះអង្គទៅវិញទេ។ នៅក្នុងព្រះវត្តមានរបស់ព្រះអង្គ ក្ដីភ័យខ្លាចវារត់ដាច់កន្ទុយ ប្រៀបដូចជាជីងចក់ ភ័យស្លន់ស្លោពេលឃើញមាននរណាមកក្បែរ។ នៅក្នុងព្រះវត្តមានព្រះ នោះក្ដីសុខសាន្តធ្លាក់មក ប្រៀបដូចជាភួយដ៏កក់ក្ដៅ សម្រាប់ពេលភ្លៀងត្រជាក់ធ្លាក់មកស្រិចៗនារាត្រីកាល។ នៅក្នុងព្រះវត្តមាននៃព្រះ ក្ដីស្រមៃនឹងលោតរាំឡើង ដូចរូបយើងបានរកឃើញក្ដីសោមនស្សមួយថ្មីអញ្ចឹង។


សូម្បីតែក្ដីស្រមៃដែលយើងមិនដែលធ្លាប់បានគិតទាល់តែសោះ នោះក៏មកបំពេញ មានវត្តមាននៅក្នុងដួងចិត្តយើងដែរ។


នៅក្នុងព្រះវត្តមានរបស់ព្រះអង្គ នោះយើងមានក្ដីស្រមៃ តាមរបៀបមួយថ្មី។ យើងផ្ដើមតម្រឹមចិត្តរបស់យើងជាមួយនឹងព្រះហឫទ័យព្រះ ដោយសារតែព្រះស្ថិតជាប់នៅក្នុងដួងចិត្តយើង ហើយបំផ្លាស់បំប្រែយើងពីក្នុងមកក្រៅ។ យើងស្វែងរកឃើញគោលបំណង តាមរយៈសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះអង្គ។ នៅក្នុងព្រះវត្តមានរបស់ព្រះអង្គ រាល់គ្រប់អ្វីដែលយើងត្រូវការ មិនថាជាអ្វីទេ នោះវានឹងបានបំពេញ នៅក្នុងគ្រប់ផ្នែកទាំងឡាយនៃជីវិតរបស់យើង។ ចេញពីភាពដ៏ពេញបរិបូរ នោះយើងបង្កើតអ្វីៗជាមួយនឹងព្រះដែលបានបង្កើតរបស់សព្វសារពើ ហើយព្រះនៃសន្តនិករ ទ្រង់បង្កើតអ្វីតាមរយៈយើង។


ព្រះអង្គតែងតែ និងជារៀងរហូត ផលិតនិងបង្កើតនូវអ្វីៗដែលថ្មី ចេញពីផ្នែកដែលចាស់និងស្វិតស្រពោនក្នុងជីវិតរបស់យើង។ ព្រះជាម្ចាស់មិនគ្រាន់តែផ្លាស់ប្រែស្ថានភាពនិងចម្បាំងរបស់យើង តែប៉ុណ្ណោះនោះទេ ប៉ុន្តែព្រះអង្គសរសេររឿងថ្មី អនុស្សាវរីយ៍ថ្មី និងការផ្សងព្រេងថ្មី នៅក្នុងយើង។


ព្រះវត្តមាននៃព្រះ ធ្វើឱ្យអ្វីដែលបាក់បែកប្រែក្លាយទៅជាពេញលក្ខណៈវិញ។ មិនមែនដោយសារតែទង្វើដែលយើងបានធ្វើនោះទេ ប៉ុន្តែដោយសារតែព្រះអង្គជាព្រះមានពេញគ្រប់លក្ខណៈ។ ព្រះអង្គជាព្រះដែលមិនបាក់បែក។ ព្រះអង្គជាព្រះដែលមិនសៅហ្មង។ ព្រះអង្គជាព្រះដែលមិនប្រកាន់បក្ខពួក ឬបែកខ្ញែក។ ព្រះអង្គមិនរងរបួស ឬពិការ។ ព្រះអង្គពុំមានដំបៅ។ ព្រះអង្គជាព្រះដ៏ពេញលេញ។ ព្រះអង្គមិនឈឺចាប់។ ព្រះអង្គជាព្រះមាំមួន។ 


គ្មានអ្វីអាចប្រៀបស្មើនឹងការដែលយើងទៅអែបនឹងព្រះវត្តមាននៃព្រះ ដើម្បីដេញតាមរកចំណែកដែលយើងមាន តាមរយៈព្រះអង្គនោះឡើយ។ គ្មានអ្វីអាចប្រៀបស្មើនឹងការដែលយើងដេញតាមព្រះ ដែលជាម្ចាស់ផ្គត់ផ្គង់របស់យើងនោះដែរ។


ចូរដេញតាមព្រះដែលជាម្ចាស់ផ្គត់ផ្គង់របស់អ្នកជាមួយនឹងការសរសើរនិងការអរព្រះគុណ។ ចូរថ្វាយបង្គំ។ និងរត់ដេញតាមព្រះអង្គជាមួយនឹងសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះអង្គ។


ហើយចូរកុំដេញតាម ដោយប្រឹងប្រែងលើកម្លាំងរបស់ខ្លួនឡើយ ទោះបីជាពេលខ្លះ មើលទៅដូចជាឆ្គង ឬគួរឱ្យខ្មាសគេក្ដី។ ចូរតយុទ្ធទម្លុះក្ដីប៉ងប្រាថ្នារបស់អ្នក ដែលតែងតែចង់ដកខ្លួនថយទៅរកទីកម្សាន្តចិត្ត ដែលស្ថិតនៅទីស្ងប់ស្ងាត់តែឯកឯង នៅអង្គុយលើសាឡុង (ឬទៅមើលរឿងក្នុង ណេតវ្លិច តែឯង) នោះ។ ដ្បិតនៅទីណាដែលមានពីរនាក់ឡើងទៅ ដែលគេជួបជុំគ្នាក្នុងព្រះនាមនៃព្រះ នោះព្រះជាម្ចាស់សន្យាថា ព្រះអង្គនឹងគង់នៅទីនោះរួមជាមួយ។ ខ្ញុំធ្លាប់បានមើលឃើញការអស្ចារ្យដ៏ពេញដោយអំណាចចេស្ដាកើតឡើង នៅក្នុងដួងចិត្ត និងរូបកាយរបស់អស់អ្នកដែលស្វែងរកព្រះ រួមជាមួយនឹងគ្នា… ខ្ញុំធ្លាប់ទទួលបានពីការអស្ចារ្យនោះ នៅក្នុងជីវិតរបស់ខ្ញុំផ្ទាល់ដែរ។ ចូរទៅចូលរួមសហគមន៍ ហើយស្ថិតនៅក្នុងសហគមន៍នោះ។ នេះហើយជារបៀបដែលយើងត្រូវបានបង្កើតឡើងមក ដើម្បីឱ្យរីកចម្រើនលូតលាស់។


ចូរប្រកាសថាព្រះ ជាព្រះជាម្ចាស់ នៅលើគ្រប់ទាំងការល្អ និងរដូវកាលអាក្រក់ ទាំងគ្រាដែលជីវិតស្វិតស្រពោន និងពេលជីវិតពេញដោយផលផ្លែ ព្រមទាំងក្នុងពេលដែលអ្នកជាប់រវល់ និងពេលដែលអ្នកបានសម្រាក។ ព្រះជាម្ចាស់សព្វព្រះទ័យឮពីការប្រកាសនៃសេចក្ដីពិតនេះរបស់យើង ដោយសារតែសេចក្ដីពិតនេះ គឺជាការល្អនិងមានអំណាច។ នៅពេលដែលយើងថ្លែងពីសេចក្ដីពិតរបស់ព្រះអង្គ នោះយើងស្វែងរកឃើញអំណរ ហើយយើងបានចេះដឹងគុណក្នុងចិត្ត។ ព្រះសព្វព្រះទ័យចំពោះការចេះថ្លែងអំណរគុណ ការសរសើរ និងការថ្វាយបង្គំរបស់យើង ដោយព្រោះព្រះអង្គជ្រាបថាការអស់ទាំងនោះ នឹងរំឭកយើងឱ្យចាំ ថាព្រះអង្គជាព្រះដែលគង់នៅលើបល្ល័ង្ក ហើយព្រះអង្គបានយាងទៅមុនយើង ទោះយើងត្រូវប្រឈមនឹងស្ថានភាពអ្វីក៏ដោយនៅថ្ងៃនេះ។


ដួងចិត្តរបស់ខ្ញុំលោតដោយអំណរ សម្រាប់អស់អ្នកដែលអានពីសារនេះ។ គឺលើសពីអ្វីៗទៅទៀត នោះខ្ញុំចង់ឱ្យអ្នកបានស្គាល់ព្រះ ហើយយល់ថាព្រះទ្រង់ល្អប៉ុណ្ណា។ ព្រះអង្គមិនទុកយើងចោលឱ្យនៅដោយខ្លួនឯងឡើយ។ ព្រះអង្គពុំអង្គុយសិន ហើយចាំមើលថាអ្នកនឹងតយុទ្ធខ្មាំងសត្រូវ ដោយខ្លួនឯងបែបណា នៅពេលដែលយើងស្រែករកជំនួយពីព្រះអង្គ នោះទេ។


ព្រះអង្គបានសន្យាដល់យើងថា នៅពេលដែលយើងស្វែងរកទ្រង់ នោះយើងនឹងរកឃើញព្រះអង្គ។ មិនថាយើងនៅទីណានោះទេ ហើយក៏មិនថាយើងស្ថិតនៅក្នុងទីកន្លែងនោះ ដោយរបៀបណាដែរ ព្រះជាម្ចាស់មានចំណែកដ៏ល្អឥតខ្ចោះ កំពុងរង់ចាំសម្រាប់រូបយើង។


សេចក្ដីបញ្ចប់ក្នុងការឆ្លុះបញ្ចាំងនិងអធិស្ឋាន


ឱ ព្រះអម្ចាស់អើយ! រាល់អំណោយដ៏ល្អ និងឥតខ្ចោះ នោះបានមកពីព្រះអង្គ។ ហើយយើងខ្ញុំពិតជាមិនអាចនឹកស្រមៃដល់ ចំពោះអ្វីៗ ដែលព្រះអង្គត្រៀមទុកសម្រាប់អនាគតរបស់យើងដែរ… ប៉ុន្តែយើងខ្ញុំដឹងថាព្រះអង្គបានរក្សាការអស់ទាំងនោះទុក បានបង់ថ្លៃ និងបានដាក់វានៅខាងមុខផ្លូវ ដើម្បីឱ្យយើងខ្ញុំអាចទទួលពីវាបាន រួចស្រេចទៅហើយ។


ព្រះអម្ចាស់អើយ យើងខ្ញុំចង់ទៅទីកន្លែងដែលព្រះអង្គគង់នៅ។ យើងខ្ញុំចង់មើលឃើញព្រះភក្រ្តរបស់ព្រះអង្គ។ យើងខ្ញុំចង់ស្ដាប់ឮពីសូរសៀងរបស់ព្រះអង្គ។ យើងខ្ញុំចង់ស្ថិតនៅក្នុងព្រះវត្តមាននៃក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ទ្រង់ ដែលទីនោះមានក្ដីស្រឡាញ់ដ៏បរិសុទ្ធ។ ជាក្ដីស្រឡាញ់ដ៏វិសុទ្ធ ប្រៀបដូចសម្រែកកូនង៉ែតទើបតែកើតមកថ្មីៗ។


សូមព្រះអង្គយាងមកជួបអស់អ្នកដែលកំពុងតែអានសារនេះ នាពេលឥឡូវនេះ គឺមិនថាគេកំពុងស្ថិតនៅទីកន្លែងណានោះទេ។ ដ្បិតព្រះអង្គស្គាល់ពីពួកគាត់យ៉ាងជាក់ច្បាស់។ ព្រះអង្គជ្រាបពីវិបត្តិ ពីចម្បាំង ពីភាពបរាជ័យ និងពីភ្នំទាំងឡាយ ដែលពួកគាត់កំពុងតែប្រយុទ្ធតតាំង។ ព្រះអង្គជ្រាបថាពួកគាត់ត្រូវការអ្វី ដើម្បីឱ្យគាត់អាចយកឈ្នះវាបាន។ ហើយព្រះអង្គបានត្រៀមរបស់អស់ទាំងនោះសម្រាប់ពួកគាត់រួចជាស្រេចហើយ។ បន្ថែមពីលើអំណោយដ៏ល្អដែលព្រះអង្គនាំមកឱ្យយើងរាល់គ្នា សូមព្រះអង្គបំពេញពួកគាត់នូវព្រះវត្តមានរបស់ទ្រង់ឥឡូវនេះ។


នៅក្នុងសម្ពាធតានតឹង នៅក្នុងទីងងឹត នៅក្នុងចម្បាំង នៅក្នុងទីវាលរហោស្ថាន សូមកុំឱ្យយើងខ្ញុំឈប់សរសើរតម្កើងព្រះអង្គឡើយ។ សូមឱ្យយើងខ្ញុំនៅតែថ្វាយបង្គំ។ សូមឱ្យយើងខ្ញុំនៅតែស្រែករកព្រះអង្គ។ សូមឱ្យយើងខ្ញុំនៅតែទុកចិត្តលើព្រះអង្គ។ សូមឱ្យយើងខ្ញុំនៅតែបន្ទាបខ្លួនចុះចំពោះព្រះអង្គ។ ហើយសូមឱ្យយើងខ្ញុំនៅតែចងចាំពីរបៀបដែលព្រះអង្គបាននាំយើងមក ដោយភាពស្មោះត្រង់ នៅទីកន្លែងនេះ។


ឱ ព្រះអង្គអើយ យើងខ្ញុំកំពុងតែរង់ចាំទ្រង់ដោយក្ដីរំពឹង។ ព្រះអង្គជាចំណែកទ្រព្យដ៏ល្អឥតខ្ចោះរបស់យើងខ្ញុំ។ ព្រះអង្គជារាល់អ្វីៗទាំងអស់ ដែលយើងខ្ញុំត្រូវការ។


ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Everything I Need

ព្រះជាម្ចាស់បានយាងទៅមុខយើង ហើយនិងការពារយើងនៅពីក្រោយ។ ព្រះអង្គចាត់ការរាល់ចម្បាំងដែលយើងត្រូវឆ្លងកាត់ រួចទៅហើយ។ ព្រះអង្គទតឃើញរាល់គ្រប់ច្រកល្ហក ដែលងងឹត ចំពោះរូបយើង។ ព្រះអង្គមិនភ្ញាក់ផ្អើលដោយព្រោះស្ថានភាពមិននឹងនរនោះដែរ។ គម្រោ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អ្នកស្រី ហលី ម៉េកនូសិន (Holly Magnuson) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.hollymagnusonco.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ