ព័ត៌មានគម្រោងអាន

ថ្លែងពីអ្វីដែលឱ្យជីវិតគំរូ

Speaking Life

ថ្ងៃទី 4 ក្នុងចំណោម 6 ថ្ងៃ

ការនិយាយទៅកាន់ខ្លួនឯង 

សំឡេងខ្លាំងបំផុតដែលយើងស្ដាប់ឮ នោះគឺជាសំឡេងផ្ទាល់របស់យើង។ សំឡេងនៅក្នុងរូបយើង…នោះជាការនិយាយទៅកាន់ខ្លួនឯង។ វាស្ងាត់ ប៉ុន្តែមានអំណាចខ្លាំងណាស់។ ការនិយាយទៅកាន់ខ្លួនឯង នោះពិតជារឿងសំខាន់។ ការនិយាយទៅកាន់ខ្លួនឯង គឺជាអ្វីមួយដែលយើងធ្វើដោយធម្មជាតិ នៅពេលដែលយើងដឹងខ្លួន មិនមែនពេលគេង។ វាជាទម្រង់នៃ កម្មវិធីភាសាខួរក្បាល។ ដោយសារតែធម្មជាតិកើតឡើងដដែលៗ នោះវាអាចមានឥទ្ធិពលក្នុងការសូននិងឆ្លាក់សតិស្មារតីរបស់យើងបាន។


មារសត្រូវរបស់យើង វាពូកែបំផ្លាញ។ វាចូលចិត្តនាំសេចក្ដីកុហកចូលមក តាំងពីយើងនៅក្មេងវ័យ ហើយបន្ទាប់មកវាញុះញង់យើង ថាការជឿខុសឆ្គងទាំងនោះ គឺជាសេចក្ដីពិតរបស់យើង។ សេចក្ដីពិតតែមួយអំពីយើង នោះគឺជាអ្វីដែលព្រះមានបន្ទូល ព្រោះព្រះអង្គជា អ្នកតាក់តែង ជាអ្នកសូនច្នៃ និងជាព្រះបង្កើតយើង។ តើយើងអាចញែកឱ្យដាច់ដោយឡែកចំពោះសំឡេងទាំងពីរនេះបានដែរឬទេ? សំឡេងមួយនាំមកនូវជីវិត ហើយមួយទៀតនាំមកនូវក្ដីស្លាប់ ហើយជាធម្មតា វាជាក្ដីស្លាប់ពេញដោយការរងទុក្ខដ៏សែនធ្ងន់។ 


យើងបានពិភាក្សាហើយថាគំនិតរបស់យើង វាបណ្ដុះទៅជាពាក្យសម្ដីរបស់យើង។ បន្ទាប់មក យើងឮពី "ខ្លួនឯង" និយាយទៅកាន់ "រូបអង្គ" របស់យើង។ ជារឿយៗ អ្វីៗដែលយើងនិយាយ នោះវាតែងតែក្លាយទៅជាការពិត។ ប្រសិនបើយើងគិត/និយាយថាខ្លួនឯង ងងឹតល្ងង់ ឆោត ឬធាត់ នោះយើងប្រាកដជារស់នៅក្នុងជីវិត ដែលផ្ទៀងផ្ទាត់អត្តចរិតខ្លួន ទៅនឹងការនិយាយទាំងនោះជាក់ច្បាស់ណាស់។ ចុះប្រសិនបើយើងយល់ស្របជាមួយនឹងព្រះដែលបង្កើតយើង ហើយហៅខ្លួនឯងថាជាស្នាព្រះហស្ដដ៏អស្ចារ្យនិងគួរឱ្យស្ញប់ស្ញែង? ជាស្នាដៃឯក? ជាបុត្រធីតានៃព្រះមហាក្សត្រ? តើយើងនឹងមិនរស់នៅបែបផ្សេងទេឬយ៉ាងណា? នៅពេលយើងគិតបែបផ្សេង នោះជីវិតរស់នៅរបស់យើងក៏នឹងប្រែដែរ។ ការផ្លាស់ប្រែនូវរបៀបដែលអ្នកគិត នោះវានឹងផ្លាស់ប្រែទស្សនៈរបស់អ្នក ដែលវានឹងកែប្រែអ្វីដែលអ្នកនិយាយ និងរបៀបដែលអ្នកប្រព្រឹត្តនៅក្នុងពិភពលោកដូចគ្នា។


ការនិយាយទៅកាន់ខ្លួនឯងបែបវិជ្ជមាន៖ មានមនុស្សច្រើន គេចាប់ផ្ដើមដឹងពីការនិយាយទៅកាន់ខ្លួនឯងបែបវិជ្ជមាន ដែលវាជាឧបករណ៍ដ៏មានអំណាចសម្រាប់បង្កើនទំនុកចិត្តផ្ទាល់ខ្លួន ហើយអាចកែនូវរាល់អារម្មណ៍អវិជ្ជមានជាច្រើន។ វាគឺជាយុទ្ធសាស្រ្ដដ៏សម្បើមសម្រាប់ការផ្លាស់ប្រែ។ ពាក្យសម្ដីបែបវិជ្ជមាននោះល្អសម្រាប់សុខភាពរបស់យើង ហើយវាជួយជំរុញឱ្យយើងមានទំនុកចិត្ត វាបង្កើនឱ្យយើងមានអារម្មណ៍ល្អ ហើយវាជួយលុបបំបាត់ភាពតានតឹង ហើយនិងសម្រួលដល់សុខភាពបេះដូង និងសុខុមាលភាពទាំងមូលរបស់យើងផង។ មនុស្សណាដែលអាចគ្រប់គ្រងលើរបៀប និយាយទៅកាន់ខ្លួនឯងបែបវិជ្ជមាន គេត្រូវបានចាត់ទុកថាជា មនុស្សមានទំនុកចិត្ត មានគោលដៅច្បាស់លាស់ និងប្រកបដោយផល។ ព្រះជាម្ចាស់បានបង្កើតយើងមកសម្រាប់ឱ្យយើងមានជីវិត ហើយជីវិតនោះ គឺពេញបរិបូរ។ តើការនិយាយទៅកាន់ខ្លួនឯងរបស់អ្នក វាដើរស្របទៅនឹងផែនការរបស់ព្រះ និងព្រះបន្ទូលរបស់ព្រះអង្គ នៅលើរូបអ្នក ដែរឬទេ?


ការនិយាយទៅកាន់ខ្លួនឯងបែបអវិជ្ជមាន៖ យើងក៏ចាប់ផ្ដើមដឹងពីឥទ្ធិពលនៃការនិយាយទៅក្នុងខ្លួនឯង បែបរិះគន់និងអវិជ្ជមាន ដែលមានចែងចេញពីយើងផ្ទាល់ផងដែរ។ ការនិយាយទៅកាន់ខ្លួនឯងបែបអវិជ្ជមាន វាជះឥទ្ធិពលទៅលើតម្លៃ ដែលយើងគិតអំពីខ្លួនឯង ការសម្លឹងមើលទៅកាន់ជីវិត កម្រិតថាមពលរបស់ខ្លួន ទំនាក់ទំនងដែលខ្លួនមាន ហើយនិងសូម្បីតែសុខភាពរបស់ខ្លួនយើងផង។ ដោយការប្រឹងកត់សម្គាល់ពីការនិយាយទៅកាន់ខ្លួនឯងបែបអវិជ្ជមាន នោះយើងអាចចាប់ផ្ដើមដាក់ដំណើរការចាំបាច់ ដើម្បីទប់ស្កាត់ទៅលើទម្លាប់ដ៏បំផ្លាញមួយនេះ។ វាដល់ពេលដែលយើងត្រូវសម្លុតសំឡេងអវិជ្ជមាន ដែលមាននៅក្នុងខួរក្បាលរបស់យើង និងមកនិយាយពីពាក្យសម្ដីដែលនាំឱ្យមានជីវិត ហើយនិងសេចក្ដីពិតនៅក្នុងជីវិតរបស់យើងវិញ។


ការនិយាយទៅកាន់ខ្លួនឯងរបស់យើង នោះពិតជាសំខាន់។ ចូរយកចិត្តទុកដាក់។ ជារឿយៗ ទោះបើថាមិនគ្រប់ពេលទាំងអស់ នោះយើងអាចបង្កើតជាទម្លាប់ ក្នុងការនិយាយបែបអវិជ្ជមានអំពីខ្លួន ហើយទាំងមិនដឹងខ្លួនទាល់តែសោះ ថាខ្លួនឯងកំពុងតែនិយាយបែបអវិជ្ជមាន។ ខ្ញុំឆ្ងល់ថាប្រសិនបើនៅក្នុងរយៈពេល ២៤ ម៉ោងខាងមុខ យើងចំណាយពេលយកចិត្តទុកដាក់ចំពោះគំនិត ហើយកត់សម្គាល់ទៅលើរបៀបដែលយើងនឹងនិយាយពីខ្លួនឯង តើអ្នកនឹងនិយាយយ៉ាងណាខ្លះពីខ្លួនឯង? ចូរប្ដេជ្ញាចិត្តថាអ្នកនឹងលុបបំបាត់នូវការនិយាយទៅកាន់ខ្លួនឯងបែបអវិជ្ជមាន។ រួចហើយ ចូរតម្រឹមគំនិតនិងពាក្យសម្ដីរបស់អ្នក ជាមួយនឹងសេចក្ដីពិតពេញដោយអំណាចចេស្ដា របស់ព្រះវិញ។


សូមសញ្ជឹងគិតពិចារណា៖


នៅក្នុងរបៀបណាខ្លះ ដែលអ្នកអាចតម្រឹមការនិយាយទៅកាន់ខ្លួនឯងរបស់អ្នក ឱ្យស្របទៅនឹងអ្វីដែលព្រះមានបន្ទូលអំពីរូបអ្នក? តើអ្នកមានទឹកចិត្តល្អទៅកាន់ខ្លួនឯងដែរឬទេ? តើអ្នកដឹង និងអាចនិយាយពីអត្តសញ្ញាណរបស់អ្នកនៅក្នុងព្រះគ្រីស្ទ បានដែរទេ?


សេចក្ដីអធិស្ឋាន៖


ឱ ព្រះអម្ចាស់អើយ សូមជួយទូលបង្គំឱ្យជឿថាទូលបង្គំជាមនុស្ស ដែលព្រះអង្គមានបន្ទូល ថារូបទូលបង្គំជានរណា។ សូមជួយឱ្យព្រះសូរសៀងរបស់ព្រះអង្គ ជាសំឡេង ដែលលាន់ឮខ្លាំងជាងគេនៅក្នុងជីវិតរបស់ទូលបង្គំ។ សូមអនុញ្ញាតឱ្យទូលបង្គំថ្លែងពីព្រះទ័យរបស់ព្រះអង្គ ទៅកាន់ដួងចិត្តរបស់ទូលបង្គំផង។


ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Speaking Life

ពាក្យពេចន៍ ពាក្យសម្ដី ភាសានិយាយ ពាក្យប្រកបដោយអំណាចចេស្ដា! ពាក្យសម្ដីដែលអាចស្អាងចិត្ត ឬជាពាក្យពេចន៍ដែលរំលំបំផ្លាញ។ ពាក្យសម្ដីដែលនាំមកនូវជីវិត ឬជាពាក្យពេចន៍ដែលនាំមកនូវសេចក្ដីស្លាប់។ យើងគឺជាអ្នកជ្រើសរើស។ តោះ! ចូរយើងមកវាយតម្...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អ្នកស្រី រ៉កហ្សេន ផាក (Roxanne Parks) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.roxanneparks.com/home.html

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ