ព័ត៌មានគម្រោងអាន

ថ្លែងពីអ្វីដែលឱ្យជីវិតគំរូ

Speaking Life

ថ្ងៃទី 2 ក្នុងចំណោម 6 ថ្ងៃ

ចូរគិតពីអ្វីដែលអ្នកគិត

មានអំណាចផ្ដល់ជីវិតនៅក្នុងការគិតរបស់យើង។ គំនិតរបស់យើងពិតជាសំខាន់។ សុភាសិត ២៣៖៧ ចែងថា៖ «ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ»។ គំនិតរបស់យើងសំខាន់ ក្នុងខណៈថាគំនិតរបស់យើងមានច្រើនហូរហៀរយ៉ាងណា នោះពាក្យសម្ដីរបស់យើងក៏ចេញមកពីគំនិតទាំងនោះដែរ។ គំនិតនិងទំនោរនៃដួងចិត្ត ដៅសណ្ឋាននៃរូបភាពពិត ថាយើងជានរណា។ វាដៅទម្រង់នៃការគិតរបស់យើង ដែលជាចុងក្រោយ វាផ្ដល់ទ្រង់ទ្រាយទៅឱ្យពាក្យសម្ដីរបស់យើង ហើយដោយយ៉ាងដូច្នេះ នោះវាបង្កើតជាសកម្មភាពរបស់យើង។ អ្វីៗដែលយើងនិយាយនោះសំខាន់ ប៉ុន្តែអ្វីៗដែលយើងគិតនោះក៏សំខាន់ជាងនេះទៅទៀត។ អត្ថបទគម្ពីរប្រាប់ឱ្យយើងគិត ថែមទាំងឱ្យរស់នៅ ក្នុងការគិតពីអ្វីដែលគួរឱ្យសរសើរ។ តើយើងពិតជាបានដាក់ទុន និងផ្ដល់អាទិភាពទៅកាន់ការស្ដាប់បង្គាប់នេះដែរឬទេ?


មានសៀវភៅជាច្រើនបានតាក់តែងឡើង ដោយពិនិត្យទៅលើរបៀបដែលពាក្យសម្ដីរបស់យើង ជាយានដែលបើកបង្ហាញពីគំនិតនិងអារម្មណ៍របស់យើង។ អ្វីដែលអ្នកបានដាក់ទៅក្នុងចិត្ត នោះវានឹងប៉ះពាល់ទៅលើអ្វីៗដែលអ្នកគិត។ តើនោះប្រៀបដូចជាមានន័យថា "ដាក់សំរាមចូល នោះសំរាមនឹងចេញ" មែនដែរឬទេ? ប្រសិនបើដូច្នោះមែន នោះគំនិតរបស់យើងគួរតែគិតពិចារណាអំពីអាទិភាពដ៏ខ្ពស់បំផុត ជាពិសេសដោយព្រោះតែរឿងសុខភាព និងសុខុមាលភាពរបស់យើង ដែលវាជាផលកើតចេញមកជាញឹកញយ។ មារសត្រូវដែលជាអារក្ស វាតែងតែចង់ឱ្យគំនិតរបស់យើងបានបំពេញដោយរឿងសំរាម និងការស្រមៃឥតបានការជាច្រើន។ តោះ! ចូរយើងគិតអំពីអ្វីដែលយើងគិត។ 


ប្រព័ន្ធភាសានៃខួរក្បាល បានទទួលស្គាល់ ថាមូលដ្ឋានផ្សាភ្ជាប់គ្នា ពីខួរក្បាល (កោសិកាប្រព័ន្ធសរសៃប្រសាទ) ទៅនឹងការគិត ភាសា ក៏ដូចជាពាក្យសម្ដីរបស់យើង ហើយនិងចរិតលក្ខណៈ ឬសកម្មភាពរបស់យើង ទាំងខាងក្នុងនិងខាងក្រៅ (ប្រៀបដូចជាកម្មវិធីដែលបានតាក់តែង)។ តាមរបៀបនៃការគិត នោះគេពិចារណាទៅលើការជ្រាបដឹងពីការអនុវត្តជាក់ស្ដែង ដោយទាក់ទងទៅនឹងរបៀបរស់នៅដែលត្រឹមត្រូវនិងមានសុខភាពល្អ។


ចាប់តាំងពីពេលយើងរកឃើញអ្វីដែលយើងបានស្វែងរក នោះយើងត្រូវតែគិតពីអ្វីដែលយើងកំពុងតែសម្លឹងមើលទៅវាដែរ។ ដូចមានដំណើររឿងមួយថ្លែងឡើងថា… មានសត្វត្មាតនិងបក្សីហាំមីងបឺត បានហើររំលងវាលរហោស្ថានមួយដូចគ្នា។ ចំពោះសត្វត្មាត វាសម្លឹងរកមើល សាកសព និងរបស់ស្អុយរលួយ ដើម្បីបានជាចំណីអាហារ។ ហើយប្រាកដមែន សត្វត្មាតរកឃើញសាកសព និងរបស់ស្អុយរលួយធ្វើជាអាហារមែន។ ផ្ទុយពីរឿងនេះ បក្សីហាំមីងបឺត វាប្រឹងស្វែងរកមើលជីវិត ដែលជាលំអងនៅក្នុងផ្កា។ ហើយប្រាកដជាក់មែន វាបានស្វែងរកឃើញជីវិត។ សត្វទាំងពីររកឃើញអ្វីដែលវាបានសម្លឹងរកមើល។ ចូរឱ្យអ្នកប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកកំពុងតែស្វែងរកមើល ឬអ្វីដែលអ្នកប្រឹងគិតលើវា ហើយនិងអ្វីដែលអ្នកអនុញ្ញាតឱ្យហោះចូលទៅក្នុងបង្អួចនៃចិត្តគំនិតរបស់អ្នក។ ព្រោះការគិតរបស់យើងមានច្រើនប៉ុណ្ណា នោះពាក្យសម្ដីរបស់យើង ក៏អាចហូរហៀរចេញមកយ៉ាងច្រើនប៉ុណ្ណោះដែរ។ 


២ កូរិនថូស ១០៖៤-៥ ថ្លែងប្រាប់ថា យើងត្រូវតែ «រំលំអស់ទាំងគំនិតដែលរិះគិត និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំង នាំអស់ទាំងគំនិតចុះចូល ស្ដាប់បង្គាប់ព្រះគ្រីស្ទវិញ»។ វាជារឿងដែលអាចធ្វើទៅបាន សម្រាប់ឱ្យយើងដឹងខ្លួនពីគំនិតរបស់យើង និងនាំគំនិតអស់ទាំងនោះឱ្យចុះចូល! ព្រះជាម្ចាស់ប្រទានដល់យើងនូវព្រះវិញ្ញាណបរិសុទ្ធ ដើម្បីផ្ដល់អានុភាពឱ្យយើងធ្វើការនេះបាន។ ការយកគំនិតរបស់អ្នកឱ្យចុះចូល នោះមានន័យថា អ្នកធ្វើការគ្រប់គ្រងទៅលើអ្វីដែលអ្នកគិត អំពីខ្លួនឯង ហើយនិងអំពីជីវិត។


នៅពេលយើងរស់នៅក្នុងការនឹកគិតឃើញពីរាល់ព្រះពរ ដែលស្ដែងចេញពីចរិតលក្ខណៈនៃព្រះ ដែលជាព្រះវរបិតារបស់យើង ព្រមទាំងពីអ្វីៗដែលយើងមើលឃើញក្នុងភាពដ៏ស្រស់បំព្រងនៃធម្មជាតិ នោះយើងនឹងរស់នៅដោយសារតែសេចក្ដីពិតដ៏មុតមាំនោះវិញ។ ទោះបីជាយ៉ាងនេះក្ដី នៅពេលណាដែលយើងគិតអំពីអ្វីៗ ដែលយើងពុំមាន និងពីអ្វីៗដែលជាការអាក្រក់ កើតមានឡើងនៅក្នុងពិភពលោករបស់យើង នោះយើងអាចរងទុក្ខជាមួយនឹងជំងឺធ្លាក់បាក់ទឹកចិត្ត ហើយនិងភាពព្រួយថប់បារម្ភវិញដូចគ្នា។ នៅក្នុងគំនិតរបស់យើង មាននូវសមរភូមិមួយ។ ជីវិតរបស់អ្នកនឹងតែងតែមានចលនាឆ្ពោះទៅរកទិសដៅនៃគំនិតដែលអ្នកមានជាប់ជាប្រចាំ។ ដូច្នេះចូរប្រដាប់ខ្លួន ការពារចិត្តគំនិត ជាមួយនឹងសេចក្ដីពិត ដែលនាំមកនូវជីវិតនោះវិញ!


សូមសញ្ជឹងគិតពិចារណា៖


ចូរចំណាយពេលពិចារណាពីគំនិតរបស់អ្នកពេញមួយថ្ងៃ។ តើចិត្តគំនិតអស់ទាំងនោះ វានាំមកនូវជីវិតនិងភាពវិជ្ជមានដែរឬទេ? តើវាជាចិត្តគំនិតបែបអវិជ្ជមាន? តើអ្នកដាក់អ្វីបញ្ចូលទៅក្នុងចិត្ត ដែលវានាំឱ្យអ្នកបង្កើតជាគំនិត ពីមួយថ្ងៃទៅមួយថ្ងៃ?


សេចក្ដីអធិស្ឋាន៖


ឱ ព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យយល់ដឹងពីគំនិតរបស់ទូលបង្គំ ព្រោះវានឹងដឹកនាំឱ្យទូលបង្គំនិយាយចេញមកជាពាក្យសម្ដី។ ទូលបង្គំចង់បានគំនិតដែលនាំមកនូវជីវិត ព្រមទាំងដឹកនាំឱ្យអណ្ដាតរបស់ទូលបង្គំថ្លែងចេញមកនូវពាក្យពេចន៍នៃជីវិត។ ទូលបង្គំត្រូវការព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឱ្យព្រះបន្ទូលនោះរស់នៅក្នុងការគិតរបស់ទូលបង្គំ។ សូមជួយដល់ទូលបង្គំឱ្យយករាល់ចិត្តគំនិតណាដែលមិនស្របនឹងសេចក្ដីពិតរបស់ព្រះអង្គ ដាក់ឱ្យវាជាប់ឃុំនិងចុះចូល ចំពោះព្រះអង្គវិញ។


ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Speaking Life

ពាក្យពេចន៍ ពាក្យសម្ដី ភាសានិយាយ ពាក្យប្រកបដោយអំណាចចេស្ដា! ពាក្យសម្ដីដែលអាចស្អាងចិត្ត ឬជាពាក្យពេចន៍ដែលរំលំបំផ្លាញ។ ពាក្យសម្ដីដែលនាំមកនូវជីវិត ឬជាពាក្យពេចន៍ដែលនាំមកនូវសេចក្ដីស្លាប់។ យើងគឺជាអ្នកជ្រើសរើស។ តោះ! ចូរយើងមកវាយតម្...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អ្នកស្រី រ៉កហ្សេន ផាក (Roxanne Parks) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.roxanneparks.com/home.html

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ