ព័ត៌មានគម្រោងអាន

ការចាត់ចែងពេលវេលាតាមព្រះគំរូ

Divine Time Management

ថ្ងៃទី 6 ក្នុងចំណោម 6 ថ្ងៃ

ស្រឡាញ់ខ្លួនជាមួយនឹងពេលវេលារបស់អ្នក



ដើម្បីឱ្យយើងអាចមានលទ្ធភាពក្នុងការស្រឡាញ់ដល់អ្នកដទៃឱ្យបានល្អ នោះយើងត្រូវការចំណាយពេល ដើម្បីចេះស្រឡាញ់ខ្លួនឯងឱ្យបានល្អដែរ។ រឿងនេះមិនគ្រាន់តែឱ្យយើងត្រូវការមើលថែទាំខ្លួនខាងឯផ្លូវកាយតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការថែទាំខ្លួនខាងឯផ្នែកវិញ្ញាណ ផ្លូវអារម្មណ៍ និងខាងចិត្តគំនិតផងដែរ។ នៅពេលដែលយើងចេះគោរពខ្លួន ដោយហ៊ានចំណាយពេលវេលារបស់យើងសម្រាប់ខ្លួនឯង នោះយើងអាចមានលទ្ធភាពធំធេងជាងដើម្បីបង្ហាញពីផលផ្លែនៃព្រះវិញ្ញាណនៅក្នុងជីវិតរបស់យើង។ នៅពេលណាដែលយើងមិនបានស្រឡាញ់ខ្លួនឯងជាមួយនឹងពេលវេលារបស់ខ្លួន នោះការបង្ហាញពីផលផ្លែនៃព្រះវិញ្ញាណអាចជារឿងទាស់ទាល់លំបាកសម្រាប់យើងទៅវិញ។ 



«រីឯ​ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់ ចិត្ត​ស្លូត‌បូត និង​ការ​ចេះ​គ្រប់​គ្រង​ចិត្ត គ្មាន​ក្រឹត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​ទាំង​នេះ​ឡើយ» ~កាឡាទី ៥៖២២-២៣។



ការមើលថែទាំខ្លួន នោះមិនចាំបាច់ត្រូវការឱ្យមានការផ្លាស់ប្រែយ៉ាងលំបាកទេ។ វាតម្រូវឱ្យមានការបង្កើតទម្លាប់សាមញ្ញពីរបី ហើយបន្ទាប់មក ត្រូវបន្តដើរតាម និងបំពេញតាមតម្រូវការទាំងនោះ។ 



ឧទាហរណ៍ក្នុងការមើលថែទាំខ្លួនក្នុងផ្នែកខាងវិញ្ញាណ អ្នកអាចប្ដេជ្ញាចិត្តថាត្រូវអានព្រះគម្ពីរនិងអធិស្ឋានជារៀងរាល់ថ្ងៃ។ ចំពោះខ្ញុំ ខ្ញុំចូលចិត្តយកពេលស្ងៀមស្ងាត់ ដោយប្រព្រឹត្តការនេះមុនដំបូងគេនៅពេលព្រឹក ប៉ុន្តែអ្នកប្រហែលជាអាចស្វែងរកពេលណាផ្សេង ដែលល្អសម្រាប់អ្នកជាង។ រួចហើយ ចូរនៅបន្តជ្រាបដឹងពីពេលវេលាបន្ថែមទៀតជាមួយព្រះ តាមតែអ្នកត្រូវការ។ ដូចជាឧទាហរណ៍ នៅពេលខ្ញុំកំពុងតែដើរឆ្លងកាត់អ្វីមួយដែលលំបាក នោះពេលខ្លះ ខ្ញុំយកពេលវេលាបន្ថែម ដើម្បីយកទៅកត់ត្រាក្នុងកំណត់ហេតុ។ 



ជាមួយនឹងការមើលថែទាំខាងផ្នែករូបកាយ ការគេង ការទទួលទាន និងការហាត់ប្រាណ នោះគឺជាសសរស្ដម្ភនៃសុខភាពល្អ។ ការចូលគេងបានទៀងទាត់ ការទទួលទានចំណីអាហារដែលនាំឱ្យអ្នកមានអារម្មណ៍និងសុខភាពល្អ ហើយនិងការចំណាយពេលធ្វើលំហាត់កាយ (មានសកម្មភាពរូបកាយ) អាចនាំឱ្យមានការផ្លាស់ប្រែដ៏ល្អប្រពៃទៅលើសុខភាពរូបកាយរបស់អ្នក។ ដើម្បីចាប់ផ្ដើម ចូរសាកល្បងអ្វីមួយដែលសាមញ្ញ ដូចជាការដាក់ការរំឭក "ត្រៀមខ្លួនចូលគេង" នៅលើទូរស័ព្ទរបស់អ្នក។ បន្ទាប់មក ព្យាយាមបន្ធូរបន្ថយអ្វីៗ ដើម្បីឱ្យអ្នកអាចមានពេលគ្រប់គ្រាន់ដើម្បីគេង។ 

ជាមួយនឹងការមើលថែទាំខ្លួនក្នុងផ្នែកខាងអារម្មណ៍ យើងត្រូវការចំណាយពេលសម្គាល់ពីសម្ពាយផ្លូវអារម្មណ៍ទាំងឡាយ ដែលយើងកំពុងតែផ្ទុកដាក់នៅលើខ្លួន ដើម្បីឱ្យយើងអាចថ្វាយការអស់ទាំងនោះទៅព្រះឱ្យបានទៀងទាត់។  



«ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។ ~ ១ ពេត្រុស ៥៖៧  



សម្រាប់រូបខ្ញុំ មានការបង្ហូរអារម្មណ៍កើតឡើងយ៉ាងច្រើន នៅអំឡុងពេលអធិស្ឋាននាពេលព្រឹករបស់ខ្ញុំ។ ប៉ុន្តែមានពេលខ្លះ ខ្ញុំមានរឿងមួយចំនួនដែលខ្ញុំត្រូវដោះស្រាយ ដូច្នេះខ្ញុំត្រូវការពេលបន្ថែម នៅពេលក្រោយ ដើម្បីអធិស្ឋាន ក្នុងថ្ងៃនោះ ឬយកវាទៅពិភាក្សាជាមួយមិត្តរបស់ខ្ញុំ។ 



ចុងបញ្ចប់ ចំពោះការមើលថែទាំខ្លួនក្នុងផ្នែកចិត្តគំនិត នោះយើងត្រូវតែមានស្មារតីដឹងពីអ្វីៗដែលយើងអនុញ្ញាតឱ្យចូលមកក្នុងចិត្តគំនិតរបស់យើង ហើយនិងអ្វីដែលយើងអនុញ្ញាតឱ្យវាបន្តនៅទីកន្លែងនោះ។ 



ដូចគម្ពីរ រ៉ូម ១២៖២ ពន្យល់ថាយើងពុំអាចរក្សាជំហរបែបហៃអើចំពោះអ្វីៗដែលចូលមកក្នុងចិត្តគំនិតរបស់យើងបានទេ៖ «មិន​ត្រូវ​ត្រាប់​តាម​សម័យ​នេះ​ឡើយ តែ​ចូរ​ឲ្យ​បាន​ផ្លាស់​ប្រែ ដោយ​គំនិត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ជា​ថ្មី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្គាល់​អ្វី​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ អ្វី​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ ហើយ​គ្រប់​លក្ខណ៍»។ 



នេះគឺមានន័យថាយើងត្រូវការបដិសេធមិនទទួលយករាល់សេចក្ដីកុហក និងសារអវិជ្ជមានទាំងឡាយណាពីលោកិយ ហើយផ្ដោតចិត្តទៅលើអ្វីដែលព្រះមានបន្ទូលថាយើងជានរណានៅក្នុងអង្គព្រះគ្រីស្ទនោះវិញ។ ប្រសិនបើមានគំនិតណាមួយចូលមកក្នុងការគិតរបស់អ្នក ទាំងធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកគ្មានតម្លៃ មិនមាននរណាចង់បាន មិនមាននរណាស្រឡាញ់ ឬអន់ដោយភាពមិនគ្រប់គ្រាន់ នោះអ្នកត្រូវការប្រយុទ្ធតតាំងវាជាមួយនឹងសេចក្ដីពិត ដែលចេញមកពីព្រះបន្ទូលនៃព្រះ ដែលថាអ្នកជាមនុស្សពិតមានពេញដោយក្ដីស្រឡាញ់វិញ! 



«មើល៍! ព្រះ‌វរ‌បិតា​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង ដែល​យើង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ ហើយ​យើង​ពិត​ជា​កូន​របស់​ព្រះ‌អង្គ​មែន!» ~ ១ យ៉ូហាន ៣៖១



ព្រះស្រឡាញ់អ្នក ហើយព្រះអង្គមានព្រះទ័យចង់ឱ្យអ្នកចេះស្រឡាញ់ខ្លួនដែរ។ 



ប្រសិនបើអ្នករីករាយជាមួយនឹងគម្រោងអាននេះ នោះអ្នកនឹងស្រឡាញ់ ការចាត់ចែងពេលវេលាតាមព្រះ៖ អំណរនៃការទុកចិត្តទៅលើគម្រោងផែនការពេញដោយក្ដីស្រឡាញ់សម្រាប់អ្នក។



ការចាត់ចែងពេលវេលាតាមព្រះ គឺជាសៀវភៅមួយ ដែលនាំអ្នកឱ្យសម្លឹងមើលកាន់តែជ្រៅទៅក្នុងវិធីនៃយុទ្ធសាស្រ្តដែលដាក់ព្រះជាស្នូលកណ្ដាលនៅក្នុងការចាត់ចែងពេលវេលា។ មានភាពតានតឹងតិចជាង ហើយមានព្រះពរច្រើនជាង!



ស្វែងយល់បន្ថែមពីសៀវភៅ និងរុករកមើលពីធនធានដទៃផ្សេងទៀតតាមរយៈ http://www.DivineTimeBook.com


ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Divine Time Management

ការចាត់ចែងពេលវេលាតាមបែបប្រពៃណី នោះអាចនាំឱ្យកើតមានភាពតានតឹង នៅពេលដែលគោលដៅនោះ គ្រាន់តែដើម្បីឱ្យជីវិត "ស្ថិតក្រោមការគ្រប់គ្រង" ដោយកម្លាំងនិងការលត់ដំផ្ទាល់ខ្លួនរបស់យើង។ ប៉ុន្តែព្រះគម្ពីរប្រាប់ដល់យើង ថាយើងអាចទទួលបានភាពសុខសាន្...

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ អ្នកស្រី អេលីហ្សាបេត ហ្រ្គេស សនឌឺ (Elizabeth Grace Saunders) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://www.divinetimebook.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ