ព័ត៌មានគម្រោងអាន

ការចាត់ចែងពេលវេលាតាមព្រះគំរូ

Divine Time Management

ថ្ងៃទី 1 ក្នុងចំណោម 6 ថ្ងៃ

គោលដៅនៃព្រះសម្រាប់ការចាត់ចែងពេលវេលារបស់យើង



ក្នុងនាមជាអ្នកបង្វឹកបង្វឺនការចាត់ចែងពេលវេលាតាំងពីឆ្នាំ ២០០៩ ខ្ញុំបានចំណាយពេលយ៉ាងច្រើនគួរសមក្នុងអាជីពរបស់ខ្ញុំ ដើម្បីបង្រៀនដល់មនុស្សជាច្រើនពីជំនាញនិងគោលគំនិតដែលត្រូវការជាចាំបាច់ ដើម្បីឱ្យគេបានសម្រេចការនិងទទួលបានផល។ ទាំងនោះគឺមានបូករួមផ្សំទាំងការកំណត់អាទិភាព ការរៀបចំផែនការ និងការចាត់ចែងទៅលើភារកិច្ច។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៥ ព្រះជាម្ចាស់បានបណ្ដាលឱ្យខ្ញុំមានសេចក្ដីជឿជាក់ក្នុងចិត្ត ថាខ្ញុំត្រូវតែរាប់បញ្ចូលនូវជំនឿជាគ្រីស្ទបរិស័ទរបស់ខ្ញុំ ចូលទៅក្នុងការងាររបស់ខ្ញុំ។ ការណ៍នោះក៏បានដឹកនាំខ្ញុំឱ្យទៅដើរនៅលើដំណើរជីវិតមួយ ដើម្បីរុករកឃើញអំពីផ្លូវនៃ "ការចាត់ចែងពេលវេលាតាមព្រះ"។ គោលការណ៍នៃគំនិតនេះ គឺមានសង្ខេបតាមរយៈទំនុកតម្កើង ៤៦៖១០ ដែលមានចែងដូចតទៅថា៖ «ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ»។



ការចាត់ចែងពេលវេលាតាមព្រះ នោះមិនគ្រាន់តែបូកបញ្ចូលនូវពេលសិក្សាព្រះគម្ពីរ ចូលទៅក្នុងកាលវិភាគជាប្រចាំថ្ងៃរបស់អ្នកតែមួយមុខនោះទេ ប៉ុន្តែវាជាយុទ្ធសាស្រ្តថ្មីមួយផ្សេង ដែលតម្រូវឱ្យអ្នកមានការគិតអំពីពេលវេលាផងដែរ។ 



ព្រះជាម្ចាស់មិនសព្វព្រះទ័យឱ្យយើងយកសមត្ថភាពចេះគ្រប់គ្រងខ្លួនឯង ទៅធ្វើជាព្រះ និងប្រឹងប្រែងចាត់ចែងលើជីវិតផ្ទាល់ខ្លួនរបស់យើងនោះឡើយ។
ជួសវិញ ព្រះសព្វព្រះទ័យឱ្យយើងដាក់ការទុកចិត្តទៅលើព្រះអង្គ ដើម្បីជាស្នូលកណ្ដាល គឺនៅក្នុងគ្រប់រាល់អ្វីៗដែលយើងធ្វើ។ 

ដូចទំនុកតម្កើង ១២៧៖១-២ បានលើកទឹកចិត្តដល់យើងថា៖



«ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​សង់​ផ្ទះ​ទេ 



អស់​អ្នក​ដែល​សង់​នឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍។



ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​ថែ‌រក្សា​ទី​ក្រុង​ទេ 



អ្នក​យាម​ល្បាតនឹង​ខំ​ប្រឹង​យាមជា​ឥត​ប្រយោជន៍។ 



ការ​ដែល​អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម 



ហើយ​ក្រ​ចូល​ដេក​នៅ​ពេល​យប់ 



ព្រម​ទាំង​ខំ​ប្រឹង​រក​ស៊ីចិញ្ចឹម​ជីវិត​យ៉ាង​ពិបាក នោះ​ជា​ការ​ឥត​ប្រយោជន៍ 



ដ្បិតព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួន‌ភ្ងារបស់​ព្រះ‌អង្គបាន​ដេក​លក់»។ 



ដើម្បីទទួលបានបទពិសោធន៍នៃការឆ្លាស់នេះ នោះយើងត្រូវការចាប់ផ្ដើមលះចោលរាល់គោលដៅខុសឆ្គង ដែលយើងមានសម្រាប់ការចាត់ចែងពេលវេលា (ដែលមើលទៅថាត្រូវណាស់នោះ) ហើយចាប់ដេញតាមនិងតម្រង់ទៅទិសដ៏ត្រឹមត្រូវវិញ។ 



ខាងក្រោមនេះ គឺជាគោលដៅខុសឆ្គងមួយចំនួនដែលយើងងាយនឹងភ្លាត់ទៅរកធ្វើវា៖



  • ការគ្រប់គ្រង៖ ដោយគិតថាយើងអាចកាន់កាប់រាល់អ្វីៗ ហើយមិនត្រូវការជំនួយពីព្រះជាម្ចាស់ 

  • ការកម្សាន្ត៖ ស្វែងរកមើលរាល់ទង្វើនានា ដើម្បីធ្វើឱ្យខ្លួនបានមានអារម្មណ៍ល្អ តាមតែអាចធ្វើទៅបាន 

  • សមិទ្ធផល៖ ផ្តោតតែទៅលើកិច្ចការងារហើយធ្វើយ៉ាងម៉េចឱ្យតែបានសម្រេចការអស់ទាំងនោះ 

  • ធ្វើខ្លួនជាមនុស្សអស្ចារ្យខាង ____៖ ធ្វើដូចជានៅក្បែរមនុស្ស ដើម្បីបានទទួលផលនៃការលើកតម្កើងតម្លៃអាត្មាខ្លួន 


តើមានគោលដៅខុសឆ្គងទាំងប៉ុន្មានខាងលើស្ដាប់ទៅស្រដៀងៗនឹងអ្នក ដែរឬទេ? ខ្ញុំដឹងថាខ្លួនខ្ញុំធ្លាប់ធ្លាក់ទៅក្នុងគោលដៅលោកិយទាំងនេះច្រើនដង ទោះបើខ្ញុំមិនចង់ទទួលស្គាល់ថាវាអញ្ចឹងក៏ដោយ។ ប៉ុន្តែដំណឹងល្អ នោះគឺថាយើងអាចវិលត្រឡប់ទៅរកព្រះ ដើម្បីទូលសូមការអត់ឱនទោស ហើយសូមការណែនាំទាំងបង្វែរដួងចិត្តរបស់យើងទៅកាន់បំណងព្រះហឫទ័យរបស់ព្រះអង្គវិញ ចំពោះរឿងចាត់ចែងពេលវេលារបស់យើង។ 



វាគឺជារឿងសាមញ្ញមួយទេ ដោយអ្នកគ្រាន់តែនិយាយថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំសូមសុំទោសចំពោះ [គោលដៅខុសឆ្គង]។ សូមជួយដល់ទូលបង្គំឱ្យយល់ពីគោលដៅរបស់ព្រះអង្គសម្រាប់ពេលវេលារបស់ទូលបង្គំ ហើយជួយទូលបង្គំឱ្យដាក់ការទុកចិត្តនៅលើព្រះអង្គ គឺដាក់ជាស្នូលក្នុងរបៀបដែលទូលបង្គំប្រើប្រាស់ពេលវេលារបស់ទូលបង្គំ»។ 



ដូចគម្ពីរ យ៉ាកុប ៤៖១៣-១៦ ព្រមានដល់យើង ពីរឿងចាំបាច់ក្នុងនាមជាគ្រីស្ទបរិស័ទ ថាយើងត្រូវសម្គាល់ថាព្រះជាអម្ចាស់គឺជាព្រះនៃពេលវេលារបស់យើង៖



ឥឡូវ​នេះ អ្នក​ដែល​ពោល​ថា៖ «ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ណា​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី​ឲ្យ​បាន​ចំណេញ» តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នៅ​ថ្ងៃ​ស្អែក​ទេ។ តើ​ជីវិត​របស់​អ្នក​រាល់​គ្នា​ជា​អ្វី? ដ្បិត​អ្នក​រាល់​គ្នា​ជា​ចំហាយ​ទឹក ដែល​ឃើញ​តែ​មួយ​ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​គួរ​តែ​ពោល​ដូច្នេះ​វិញ​ថា៖ «បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ នោះ​យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​នឹង​ធ្វើ​ការនេះ ឬ​ធ្វើ​ការ​នោះ» តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជាអួត​អាង​ពី​អំនួត​របស់​ខ្លួន​ទៅ​វិញ។ គ្រប់​ទាំង​ការ​អួត​អាង​បែបនេះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់។ 



តោះចូរយើងដាក់ការទុកចិត្តទៅលើព្រះជាម្ចាស់ មិនមែនលើខ្លួនយើង សម្រាប់ការចាត់ចែងពេលវេលារបស់យើងនៅថ្ងៃនេះ។


ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Divine Time Management

ការចាត់ចែងពេលវេលាតាមបែបប្រពៃណី នោះអាចនាំឱ្យកើតមានភាពតានតឹង នៅពេលដែលគោលដៅនោះ គ្រាន់តែដើម្បីឱ្យជីវិត "ស្ថិតក្រោមការគ្រប់គ្រង" ដោយកម្លាំងនិងការលត់ដំផ្ទាល់ខ្លួនរបស់យើង។ ប៉ុន្តែព្រះគម្ពីរប្រាប់ដល់យើង ថាយើងអាចទទួលបានភាពសុខសាន្...

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ អ្នកស្រី អេលីហ្សាបេត ហ្រ្គេស សនឌឺ (Elizabeth Grace Saunders) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://www.divinetimebook.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ