ព័ត៌មានគម្រោងអាន

ការប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់គំរូ

Using Your Time for God

ថ្ងៃទី 4 ក្នុងចំណោម 4 ថ្ងៃ

"ចូរចេះរៀបចំកាលវិភាគប្រចាំថ្ងៃរបស់អ្នក"

ចូរប្រើប្រាស់ពេលវេលាលំហែ ឬទំនេរ របស់អ្នកសម្រាប់ឆក់យកនូវអ្វីដែលនាំឲ្យជីវិតរបស់អ្នកមានអត្ថន័យ។ ការអានគឺជាការប្រើប្រាស់ ពេលវេលាដ៏មានតម្លៃ។ លោកគ្រូ អ័រហ្គើស្ទីន (Augustine) ដែលជាបិតានៃជំនឿមួយរូប បានធ្លាប់ផ្ដល់ដំបូន្មានទៅកាន់អ្នកជឿឲ្យពួកគេខិតខំប្រឺងប្រែងរៀនឲ្យបានកាន់តែច្រើន កាន់តែល្អ ដោយសារតែរាល់គ្រប់សេចក្ដីពិត សុទ្ធសឹង ជាសេចក្ដីពិតរបស់ព្រះជាម្ចាស់ទាំងអស់។ កិច្ចការជាទីស្រឡាញ់ផ្សេងទៀត ដែលអាចនាំឲ្យជីវិតរបស់អ្នកមានអត្ថន័យ នោះគឺផ្នែកខាងឯសិល្បៈ។ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំចូលចិត្ដលេងល្បែងស្វែងរកពាក្យក្នុងតារាង (crossword puzzle) ព្រោះវានាំមកនូវប្រយោជន៍ បង្កើនភាពវាងវៃខាងផ្នែកខួរក្បាល និង ជួយឲ្យខ្ញុំស្គាល់ពាក្យប្រសើរៗថែមទៀតក្នុងការប្រើប្រាស់ពាក្យពេចន៍។

ចូរស្វែងរករបៀបណាមួយដើម្បីកុំឲ្យ "បុរសពេលវេលា" ចាប់អ្នកបាន។ ក្នុងមួយថ្ងៃៗ ខ្ញុំគិតថា ខ្ញុំគួរឈប់សម្រាក ចាប់ពីចន្លោះម៉ោង ៨ និង ៩ យប់ទៅ។ ហើយបើអាចធ្វើទៅបាន ខ្ញុំនឹងក្រោកពីដំណេកនៅម៉ោង ៤ ព្រឹក។ ទង្វើនេះ ជួយផ្ដល់ឥទ្ធិពល ដ៏ខ្លាំងក្លាចំពោះការវិវត្ដន៍នូវកាលវិភាគប្រចាំថ្ងៃរបស់រូបខ្ញុំ។ នៅប៉ុន្មានម៉ោងពេលព្រឹក ក្នុងមួយថ្ងៃៗ ខ្ញុំមានពេលវេលាយ៉ាងល្អប្រសើរ និងគ្មាននូវការរំខាន និង អ្វីមកបង្អាក់ខ្ញុំដែរ។ ម្ល៉ោះហើយពេលវេលានោះគឺជាពេលដ៏មានប្រយោជន៍សម្រាប់ឲ្យខ្ញុំយកទៅសិក្សា សរសេរអត្ថបទ និង អធិស្ឋានផង។

ចូរប្រើប្រាស់ពេលបើកបរជាពេលសម្រាប់រៀនសូត្រ។ ការបើកបរយាន្ដយន្ដគឺជាការប្រើប្រាស់ប្រព័ន្ធរាងកាយរបស់យើង ហើយក៏អនុញ្ញាតឲ្យគំនិតនិងខួរក្បាលរបស់យើង អាចគិតលើសពីអ្វីដែលកើតមានឡើងនៅលើដងវិថីដែរ។ ដូច្នេះ ប្រសិនបើមាននូវ មេរៀនផ្សេងៗថតជាសម្លេង យើងអាចយកវាមកស្ដាប់ ដើម្បីបានជាប្រយោជន៍សម្រាប់រូបយើងនៅពេលវេលាទាំងនោះ។

ជាចុងក្រោយ យោងតាមករណីជាច្រើន កាលវិភាគជាអ្វីដែលជួយឲ្យយើងមានសេរីភាពជាងមុន មិនមែនដាក់កម្រិត ដាក់សម្ពាធ មកលើរូបយើងនោះឡើយ។ ពេលយើងមាននូវកាលវិភាគ នោះវាជួយយើងយ៉ាងលើសលន់ ក្នុងការរៀបចំ និងចាត់ចែងការប្រើប្រាស់ពេលវេលា។ កាលវិភាគគួរជាមិត្ដសម្លាញ់របស់យើង មិនមែនជាសត្រូវរបស់យើងនោះឡើយ។ វាជួយយើងឲ្យរកឃើញនូវចង្វាក់ ដើម្បីជាប្រយោជន៍ឲ្យយើងរស់នៅក្នុងជីវិតពេញដោយភោគផល និង ថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ផង។

ដូចឃ្លាពាក្យជាភាសា ឡាតាំង៖ «Coram deo» ដែលមានន័យថា៖ «ចូររស់នៅចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់»

ប្រសិនបើអ្នកមិនទាន់មាននូវកាលវិភាគមួយទេ ចូរបង្កើតមួយឡើងទៅ ហើយប្រើប្រាស់វា សម្រាប់មួយសប្ដាហ៏ៗ បន្ទាប់មក ពិនិត្យមើល តើថា វាបានជួយឲ្យអ្នករំលោះពេលវេលារបស់អ្នកដល់កម្រិតណា។ ប្រសិនបើអ្នកមានកាលវិភាគផ្ទាល់ខ្លួនរួចហើយ ចូរចំណាយពេលខ្លះ ក្នុងការផ្ទៀងផ្ទាត់វា ហើយអធិស្ឋានថាអ្វីខ្លះជាអទិភាពដែលអ្នកត្រូវបំពេញ។

រក្សាសិទ្ធិដោយ ©ព័ន្ធកិច្ច ឡីហ្កណៀ។ អាចទទួលសៀវភៅមួយក្បាលដោយឥតគិតថ្លៃពី លោកគ្រូ អរ.ស៊ី. ស្ព្រូល (R.C. Sproul) តាមគេហទំព័រwww.ligonier.org/freeresource

ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Using Your Time for God

គម្រោងអានសញ្ជឹងគិតព្រះបន្ទូលរយៈពេល៤ថ្ងៃ ដោយលោក R.C Sproul ក្នុងប្រធានបទ ត្រូវចេះប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់។ រាល់គម្រោងអានមួយថ្ងៃៗ អ្នកនិពន្ធ បានដាស់តឿនឲ្យអ្នកចេះរស់នៅក្នុងព្រះវត្ដមានព្រះ នៅក្រោមសិទ្ធិអំ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច ឡីហ្កណៀ សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ Ligonier.org/youversion

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ