ព័ត៌មានគម្រោងអាន

សូមរាជ្យទ្រង់មកដល់គំរូ

Kingdom Come

ថ្ងៃទី 2 ក្នុងចំណោម 15 ថ្ងៃ

សេចក្ដីអធិស្ឋាន៖



ឱ ព្រះអម្ចាស់អើយ សូមអរគុណដែលព្រះអង្គបានប្រទានអត្តសញ្ញាណថ្មីដល់ទូលបង្គំ ក្នុងនាមជាបុត្រធីតារបស់ព្រះអង្គ។ សូមបង្រៀនដល់ទូលបង្គំ ថាអភ័យឯកសិទ្ធិនេះ មានន័យយ៉ាងណាចំពោះទូលបង្គំ នៅថ្ងៃនេះ។






អត្ថបទអាន៖



មានមនុស្សជាច្រើន គេចាប់ផ្ដើមដំណើរខាងឯវិញ្ញាណរបស់គេ ដោយសារតែគេធ្លាប់បានទទួលរងវិបត្តិស្មុគស្មាញ ហើយជារឿយៗ គេធ្លាប់ឆ្លងកាត់លទ្ធផលនៃភាពឈឺចាប់ជាច្រើន ដោយព្រោះតែការសម្រេចចិត្តនិងឥរិយាប្រព្រឹត្តរបស់ខ្លួន។ ដោយដួងចិត្តចង់មានការផ្លាស់ប្រែ នោះពួកគេបានមកឯក្រុមជំនុំ ឬសម្រេចចិត្តចូលរួមក្រុមតូច ឬក្រុមសិក្សាព្រះគម្ពីរណាមួយ។ វាគ្មានអ្វីទាស់ខុសចំពោះដួងចិត្តប៉ងប្រាថ្នាចង់ផ្លាស់ប្រែបែបនេះនោះទេ។ តាមពិតទៅ នេះហើយជាហេតុដែលព្រះសព្វព្រះទ័យចង់បាន សម្រាប់រូបអ្នក។







ប៉ុន្តែ ជារឿយៗ ទីចាប់ផ្ដើមសម្រាប់ដំណើរការនៃការផ្លាស់ប្រែរបស់ព្រះ នោះមានលក្ខណៈខុសប្លែកពីយើង។







ជាធម្មតា យើងចង់យកផ្លូវណាដែលលឿន ដើម្បីធ្វើការផ្លាស់ប្រែ ដូច្នេះហើយ យើងមករកវិធីណាមួយ ដោយផ្ដោតទៅលើឥរិយាបថដែលយើងប្រាថ្នា មិនចង់ឱ្យដូចអ្វីខ្លួនធ្លាប់ប្រព្រឹត្តទេ។ យើងព្យាយាមប្រើអស់កម្លាំងចិត្ត និងឆន្ទៈរបស់ខ្លួន ដើម្បីផ្លាស់ប្រែ។ ទង្វើនេះ ក៏នាំឱ្យយើងចូលទៅរកវដ្ដដ៏ស្មុគស្មាញ ដែលមានពេញដោយភាពបរាជ័យ និងក្ដីអាម៉ាស់។ តើព្រោះហេតុអ្វី? គឺដោយសារតែបញ្ហារបស់យើង វាមានស្ថានភាពជ្រៅជាងឥរិយាមារយាទរបស់យើងទៅទៀត។







ចូរនឹកស្រមៃថាអ្នកឃើញមានគ្រាប់ដូមីណូធំមួយរៀបនឹងដួល ហើយលទ្ធផលដែលវានឹងបន្សល់ទុក នោះនឹងអាក្រក់មែនទែន។ អ្នកស្ទុះរត់ទៅទប់វាអស់ពីកម្លាំងកាយដែលអ្នកមាន ដើម្បីរារាំងកុំឱ្យវាដួល។ ការប្រឹងប្រែងរបស់អ្នកបានជោគជ័យ ដោយអាចដាក់ឱ្យវាឈរវិញ ប៉ុន្តែពេលអ្នកបែរទៅក្រោយ វាក៏ចាប់ផ្ដើមដួលសាជាថ្មី។ អ្នកប្រឹងធ្វើដូច្នេះម្ដងហើយម្ដងទៀត ទាំងពេលខ្លះទប់ឈ្នះ និងពេលខ្លះបរាជ័យ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ជ័យជម្នះមួយនេះ មិនបានគង់នៅយូរឡើយ។ បន្ទាប់មក មាននរណាម្នាក់ គាត់ប្រាប់ឱ្យអ្នកដកខ្លួនថយចេញពីការប្រឹងប្រែងយ៉ាងយ៉ាប់យ៉ឺននេះ ហើយឱ្យអ្នកមកសម្លឹងមើលពីស្ថានភាពនេះ នៅទីដែលគាត់កំពុងតែឈរនោះវិញ។ ក្រោយអ្នកបានដកថយហើយ អ្នកក៏អាចមើលឃើញពីដំុដូមីណូនោះ ពីខាងជ្រុងមួយទៀត ដែលអ្នកបានយល់ថា វាគឺជាដុំចុងក្រោយនៃជួរខ្សែដូមីណូ ដែលមួយដុំៗបានដួលពីលើគ្នារហូតមកដល់ដុំចុងក្រោយមួយនេះរួចទៅហើយ។ ទស្សនៈថ្មីមួយនេះបានជួយឱ្យអ្នកយល់ឃើញ ថាប្រសិនបើអ្នកប្រាកដជាចង់រារាំងកុំឱ្យដុំដូមីណូមួយនេះដួល នោះអ្នកគួរតែទៅផ្ដើមទប់ពីទីឆ្ងាយជាងនេះវិញ។







ព្រះជាម្ចាស់ជ្រាបថាសកម្មភាពរបស់យើង គឺវាមានចលនាមកពីអត្តសញ្ញាណរបស់យើង។ អញ្ចឹង ដំណើរនៃការផ្លាស់ប្រែ គួរតែចាប់ផ្ដើម ដោយការឱ្យយើងមាននូវអត្តសញ្ញាណថ្មី គឺឱ្យយើងបានដឹងថាយើងគឺជាបុត្រធីតារបស់ព្រះ ដែលជាទីស្រឡាញ់នៅក្នុងព្រះនេត្ររបស់ព្រះអង្គ។ ការផ្លាស់ប្រែពិត ត្រូវតែចាប់ផ្ដើមពីកម្រិតមូលដ្ឋាននៃដួងចិត្តរបស់យើងសិន ហើយវាត្រូវមានចលនាផ្លាស់ប្រែពីត្រង់ទីនោះ តទៅដល់ឥរិយាមារយាទរបស់យើង។







វាអាចធ្វើឱ្យយើងបាក់ទឹកចិត្ត ដោយដឹងថាបញ្ហារបស់យើង នោះវាមានឫសគល់ជ្រៅជាងអ្វីដែលយើងបានគិតទៅទៀត។ ប៉ុន្តែ វាក៏នាំឱ្យយើងបានធូរស្បើយចិត្ត និងរីកចិត្ត ដោយយើងដឹងថា ព្រះជាម្ចាស់កំពុងតែធ្វើការយ៉ាងជាក់ ក្នុងមូលដ្ឋានមួយដ៏រឹងមាំ សម្រាប់រូបយើងផងដែរ។ ព្រះអង្គទ្រង់ប្ដេជ្ញាចំពោះការផ្លាស់ប្រែ ដែលព្រះអង្គបានចាប់ផ្ដើមរួចទៅហើយនោះដែរ។







ពេលឆ្លុះបញ្ចាំង៖



ចូរចំណាយពេលទៅកន្លែងណាមួយ ដើម្បីនៅស្ងៀមស្ងាត់ចំពោះព្រះ។ ដោយគ្មានការរំខានណាទាំងអស់។ ដោយគ្មានដុំដូមីណូណាមួយ។ វាប្រហែលជាត្រូវការពេលវេលាខ្លះ មុននឹងអ្នកទៅដល់ទីកន្លែងមួយ ព្រោះកម្លាំងចិត្តរបស់អ្នកអស់ខ្យល់រលីង ប៉ុន្តែអ្នកអាចស្ថិតនៅក្នុងទីស្ងប់ស្ងាត់ក្នុងចិត្ត។ ចូរអត់ធ្មត់។ ហើយបន្តប្រឹងប្រែងនៅស្ងប់។ ក្នុងខណៈពេលអ្នកស្ថិតនៅក្នុងភាពស្ងប់ស្ងៀម នោះចូរទូលសូមព្រះ សម្រាប់ការយល់ដឹងយ៉ាងជ្រាលជ្រៅបន្ថែមទៀតពីព្រះវត្តមានរបស់ព្រះអង្គ។ ចូរទូលសូមព្រះអង្គឱ្យបង្ហាញដល់អ្នកនូវផ្នែកទាំងឡាយណានៃដួងចិត្តរបស់អ្នក ដែលអ្នកចង់ឱ្យព្រះអង្គធ្វើការ និងធ្វើឱ្យវាបានក្លាយទៅជាថ្មីវិញ។






អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Kingdom Come

យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំសហគមន៍ ណស ភ័ញ (North Point Community Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://northpoint.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ