ព័ត៌មានគម្រោងអាន

សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់គំរូ

Dangerous Prayers

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

សូមរំខានទូលបង្គំ



អ្វីដែលយើងអធិស្ឋានពិតជាសំខាន់។ ប៉ុន្តែមិនមែនគ្រាន់តែវាសំខាន់ប៉ុណ្ណោះឡើយ សេចក្ដីអធិស្ឋានក៏ជាការបើកសម្ដែងបង្ហាញឱ្យឃើញនោះដែរ។ 



សេចក្ដីបរិយាយនៅក្នុងការអធិស្ឋានរបស់យើង ប្រាប់យើងបន្ថែមអំពីរូបយើង និងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់ ច្រើនជាងអ្វីដែលមនុស្សដទៃ គេអាចនឹកស្រមៃ។ អ្វីដែលយើងអធិស្ឋានទូលសូម ស្ដែងចាំងពីអ្វីដែលយើងជឿអំពីព្រះជាម្ចាស់។ ប្រសិនបើការអធិស្ឋានភាគច្រើនរបស់យើង ថ្លែងសម្រាប់តែ "ខ្លួនយើង" ឬ សម្រាប់ "អ្វីដែលសំខាន់ចំពោះខ្លួនយើង" នោះសេចក្ដីបរិយាយនៃសំណូមពរអធិស្ឋានរបស់យើង បង្ហាញប្រាប់ឱ្យដឹងថា ជំនឿរបស់យើង បើគិតឱ្យស៊ីជម្រៅទៅ នោះគឺមានន័យថា យើងជឿថាព្រះជាម្ចាស់ ទ្រង់មានវត្ដមាន និងគង់នៅ តែសម្រាប់បំពេញតម្រូវការ និងការទូលសូមរបស់យើងតែប៉ុណ្ណឹង។



ដូច្នេះ ចូរចំណាយពេលមួយភ្លែត ហើយធ្វើការពិនិត្យុពិច័យទៅលើសេចក្ដីអធិស្ឋាន។ ចូរអ្នកគិតចំពោះរាល់អ្វីៗ ដែលអ្នកបានអធិស្ឋានកន្លងនាពេលថ្មីៗនេះ—មិនមែនតាំងពីណាពីណីនោះទេ គ្រាន់តែប្រមាណជា ៧ ថ្ងៃកន្លងទៅបានហើយ។ ចូរពិចារណា ហើយកត់ត្រានៅលើក្រដាសសរសេរ ឬក៏សរសេរចូលទៅក្នុងក្ដារអេឡិចត្រូនិច លើទូរស័ព្ទ ឬប្រព័ន្ធស្រដៀងនោះ ដោយកត់ដាក់ចូលទៅក្នុងបញ្ជីនូវរាល់អ្វីៗ ដែលអ្នកបានទូលសូម ទូលអង្វរទៅដល់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះអង្គបានបំពេញនាពេលប៉ុន្មានសប្ដាហ៍កន្លងទៅនោះ។ ចូរចំណាយពេលមួយភ្លែត ហើយពិចារណាគិត ទៅលើចំណុចទាំងប៉ុន្មាននោះ។ តើអ្នកនៅចាំសំណូមពរទាំងនោះអត់? តើអ្នកបានអធិស្ឋាន សម្រាប់ការអ្វីខ្លះដែរ? តើអ្នកបានទូលសូមព្រះជាម្ចាស់ ឱ្យព្រះអង្គធ្វើអ្វីខ្លះដែរ? 



ឥឡូវនេះ ចួរអ្នកឆ្លើយតបដោយភាពស្មោះត្រង់។ ប្រសិនបើព្រះជាម្ចាស់ ឆ្លើយតប និងយល់ព្រមបំពេញ ទៅលើរាល់សេចក្ដីអធិស្ឋាន ដែលអ្នកបានទូលសូមនៅក្នុងប៉ុន្មាន ៧ ថ្ងៃកន្លងទៅ តើពិភពលោក នឹងមានអ្វីផ្លាស់ប្រែ ដែរឬយ៉ាងណា? 



ប្រសិនបើសេចក្ដីអធិស្ឋានរបស់អ្នក ពិតជាធម្មតា ស្រួលៗ និងយ៉ាងសុវត្ថិភាព (សម្រាប់ខ្លួនឯង) នោះប្រហែលជាអ្នក នឹងទទួលបានថ្ងៃដ៏ល្អប្រសើរ មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ មើលទៅ ដោយព្រោះថា អ្នកធ្វើដំណើរដោយសុវត្ថិភាព ឬក៏ថា អ្នកមានម្ហូបឆ្ងាញ់សម្រាប់ទទួលទាន ដោយមានគ្រឿងផ្សំ ត្រូវមាត់ និងបានធ្វើទៅតាមចំណង់ចំណូលចិត្ដរបស់អ្នកហើយ មើលទៅ។



អស់រយៈពេលជាច្រើនឆ្នាំ ប្រសិនបើខ្ញុំធ្វើការត្រួតពិនិត្យជាក់លាក់ទៅលើសេចក្ដីអធិស្ឋាន នោះខ្ញុំអាចឃើញលទ្ធផលមួយចំនួន ថាវាពិតជាគួរឱ្យសង្វេគមែនទែន។ ប្រសិនបើព្រះជាម្ចាស់បានបំពេញរាល់គ្រប់អ្វីនៅក្នុងរយៈពេលមួយសប្ដាហ៍ពេញ ទៅតាមអ្វីៗដែលខ្ញុំបានទូលសូមទ្រង់នោះ នោះពិភពលោក នឹងមិនមានអ្វីផ្លាស់ប្រែ សូម្បីតែបន្តិច។ និយាយឱ្យត្រង់ទៅ មានសប្ដាហ៍ខ្លះ ខ្ញុំមិនបានអធិស្ឋានសម្រាប់អ្វីបន្តិចទាល់តែសោះ។ មានសប្ដាហ៍ខ្លះទៀត ខ្ញុំប្រហែលជាអាចអធិស្ឋាន ប៉ុន្តែសេចក្ដីអធិស្ឋានទាំងប៉ុន្មាននោះ គឺផ្ដោតតែទៅលើរូបខ្ញុំ ហើយអ្វីៗទាំងឡាយដែលខ្ញុំបានទូលសូមនោះ មិនមានអ្វីគួរឱ្យកត់សម្គាល់ ហើយក៏មិនផ្លាស់ប្រែអ្វីនោះឡើយ នៅក្នុងផែនការដ៏អស្ចារ្យនៃព្រះនោះ។



សេចក្ដីអធិស្ឋានរបស់ខ្ញុំ គឺស្រួល និងបានតែមួយសុវត្ថិភាពសម្រាប់រូបខ្ញុំប៉ុណ្ណោះ។



ខ្ញុំអាចមានសិទ្ធិចូលទៅចំពោះព្រះអាទិករ ហើយទ្រង់ក៏ជាព្រះដែលទ្រទ្រង់សកលលោកទាំងមូល។ ទ្រង់គឺជាព្រះអម្ចាស់ពេញដោយឫទ្ធិចេស្ដា។ ជាអាល់ហ្វា និងអូមេហ្គា។ ជាដើមនិងជាទីបញ្ចប់។ ជាព្រះមានរាល់គ្រប់អំណាច មានព្រះវត្ដមានគង់នៅ ជាព្រះជ្រាបរាល់គ្រប់អ្វីៗទាំងអស់ ដែលជាព្រះអាចបញ្ជូនភ្លើងពីស្ថានសួគ៌ អាចបំបិទមាត់សត្វតោដែលស្រេកឃ្លាន ជាព្រះដែលអាចធ្វើឱ្យខ្យល់ព្យុះសង្ឃរាទៅជាស្ងប់ស្ងាត់ឈឹងផង។ ហើយអ្វីដែលខ្ញុំទូលសូមព្រះអង្គ​ គឺគ្រាន់តែទូលសូមព្រះអង្គ ឱ្យព្រះអង្គថែរក្សារូបខ្ញុំឱ្យមានសុវត្ថិភាព ហើយជួយឱ្យខ្ញុំបានមានថ្ងៃមួយល្អ តែប៉ុណ្ណឹងទៅវិញ។



អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំមិនដែលចង់ឱ្យមានការរំខានអ្វីទាល់តែសោះ​។ ប៉ុន្តែបន្ទាប់ពីពេលដែលខ្ញុំចេះរៀនអធិស្ឋានបែបគ្រោះថ្នាក់មក ខ្ញុំបានរកឃើញថា ការរំឭកដាស់ចិត្ដយ៉ាងស្រទន់ពីព្រះជាម្ចាស់ តែងមករំខានជាទៀងទាត់ ចំពោះគម្រោងផែនការ ដែលខ្ញុំធ្លាប់គិតតែអំពីខ្លួនឯង ហើយព្រះអង្គក៏ដឹកនាំខ្ញុំ ឆ្ពោះទៅកាន់បំណងព្រះហឫទ័យដ៏អស់កល្បរបស់ព្រះអង្គ នោះវិញ។



ជំនឿរបស់ខ្ញុំក៏កាន់តែរឹងមាំឡើង។



ជីវិតរបស់ខ្ញុំក៏កាន់តែមានន័យទៅៗ។



ដួងចិត្ដរបស់ខ្ញុំក៏កាន់តែពេញលេញទៅៗ។



ចូរគិតលមើល ថាតើនឹងមានការណ៍អ្វីដែលអាចកើតឡើងផ្សេងពីឥឡូវ ប្រសិនបើអ្នកកាន់តែអធិស្ឋាន ដោយភាពស្មោះត្រង់ ហើយនិងមិនលាក់លៀម លាក់ពុតនោះ។ ប្រសិនបើអ្នកមានការបើកចំហជាងនេះ ចំពោះអ្វីដែលព្រះជាម្ចាស់អាចនឹងធ្វើ នៅក្នុង រូបអ្នក ជាជាងការសង្ឃឹមថា ព្រះអង្គនឹងធ្វើអ្វីមួយ សម្រាប់ រូបអ្នកនោះ។ ចុះនឹងមានរឿងអ្វីកើតឡើង ប្រសិនបើអ្នកអធិស្ឋាន ពេញដោយភាពក្លាហានរឹងមាំ ទៅវិញនោះ? ចុះបើអ្នកគិតប្រាថ្នាបំពេញផែនការដ៏ធំធេងរបស់ព្រះ ជាងនេះទៅទៀតនោះ? ចុះចំណែក ការអធិស្ឋាន ដែលបន្តដេញតាមព្រះយេស៊ូវ ដោយឥតសំចៃក្នុងជំនឿ ដែលហា៊នធ្វើ ហើយនិងមិនគិតតែអំពីខ្លួនឯងទៅវិញនោះ?



ដល់ពេលវេលាដែលអ្នកគួរតែផ្លាស់ប្ដូរនូវរបៀបអធិស្ឋានរបស់អ្នកហើយ។ ដល់ពេលវេលា ដែលអ្នកត្រូវលះបង់ ការអធិស្ឋានបែបងាយៗ ស្រួលៗ ដដែលៗ ហើយចាំៗមាត់នោះហើយ។ ដល់ពេលវេលា ដែលអ្នកត្រូវអធិស្ឋានដោយទឹកចិត្ដក្លាហាន ចេះហ៊ានប្រថុយ ចេះហ៊ានបើកចំហចិត្ដ សម្រាប់ឱ្យអ្នកអាចចូលទៅតាមមាគ៌ាមួយផ្សេង ដែលនឹងនាំអ្នកទៅដល់គោលដៅ ដែលល្អប្រសើរជាង។ ដល់ពេលវេលាដែលអ្នកត្រូវចាប់ផ្ដើមអធិស្ឋានយ៉ាងគ្រោះថ្នាក់ ដោយចិត្ដឆេះឆួល នោះហើយ។ ដល់ពេលវេលា ដែលអ្នកគួរមានការរំខានដែរហើយ។



ប្រសិនបើអ្នកប្រាកដជាចង់នាំការផ្លាស់ប្រែមកក្នុងផែនដីនេះ អ្នកពិតជាត្រូវការអំណាចចេស្ដាមកពីស្ថានសួគ៌។ ប្រសិនបើអ្នកចង់ឱ្យជីវិតរបស់អ្នកមានន័យ នោះដល់ពេលវេលាដែលអ្នកត្រូវតែចេះអធិស្ឋានទៅលើអ្វី ដែលធំអស្ចារ្យ អធិស្ឋានយ៉ាងក្លៀវក្លា ក្លាហាន និងខ្លាំងក្លាហើយ។ 



ចូរស្វែងរកព្រះជាម្ចាស់ ហើយប៉ងប្រាថ្នាអ្វីដែលធំសម្បើម។ ចូរបដិសេធចំពោះក្ដីភ័យខ្លាចនៃភាពបរាជ័យ។ ដល់ពេលវេលាដែលអ្នកត្រូវហា៊នចេញទៅក្រៅ ចេញពីទីសុខសុវត្ថិភាពហើយ។ ដល់ពេលដែលអ្នកត្រូវហ៊ានទុកចិត្ដ ត្រូវហ៊ានធ្វើ ត្រូវជឿ នោះហើយ។ ជីវិតរបស់អ្នកនឹងមិននៅមានអារម្មណ៍ថាសុខសុវត្ថិភាពរហូតទៀតឡើយ។ ហើយជីវិតនោះនឹងត្រូវការសេចក្ដីជំនឿ។ ពិតមែន ប៉ុន្តែ បើគ្មានជំនឿនោះទេ នោះពិតជាពិបាកក្នុងការធ្វើអ្វីឱ្យបានជាទីសព្វព្រះទ័យ ដល់ព្រះណាស់។



តើអ្នកនៅរង់ចាំអ្វីទៀត?



អ្នកអាចរៀនបន្ថែមទៀត តាមរយៈសៀវភៅថ្មី របស់លោកគ្រូគង្វាល ហ្រ្គេក ហ្រ្គូឆែល សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ 


ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Dangerous Prayers

តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល និង Life.Church ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.craiggroeschel.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ