ព័ត៌មានគម្រោងអាន

សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់គំរូ

Dangerous Prayers

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

តើហេតុអ្វីបានជាសេចក្ដីអធិស្ឋានរបស់អ្នក ត្រូវតែមានភាពគ្រោះថ្នាក់ 



ដូចជាមនុស្សភាគច្រើនផងដែរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលរូបខ្ញុំមានការលំបាក ក្នុងការអធិស្ឋានឱ្យបានខ្ជាប់ខ្ជួន និងអធិស្ឋានឱ្យមានប្រសិទ្ធភាពនោះ។ ទោះបីបើខ្ញុំមានបំណងល្អក៏ដោយចុះ ជារឿយៗខ្ញុំតែងទទួលការរំខាន ឬក៏មានភាពធុញទ្រាន់តែម្ដង នៅពេលរូបខ្ញុំអធិស្ឋានម្ដងៗ។ ក្នុងនាមជាគ្រូគង្វាលវ័យក្មេង មានមិត្ដភក្ដិរបស់ខ្ញុំម្នាក់ គាត់បានជួយឱ្យខ្ញុំមានទំនុកចិត្ដ និងជឿថាវេលាបានមកដល់ហើយ សម្រាប់ឱ្យរូបខ្ញុំត្រូវធ្វើការផ្លាស់ប្រែ។ អស់រយៈពេលជាយូរ ដែលរូបខ្ញុំបានអនុញ្ញាតឱ្យការអធិស្ឋានរបស់ខ្ញុំ ខ្វះជំនឿ ប៉ុន្តែរូបខ្ញុំក៏បានដឹងផងដែរថា ព្រះជាម្ចាស់ទ្រង់សព្វព្រះទ័យចង់ឱ្យអ្វីបន្ថែមលើសជាងនេះ មកដល់រូបខ្ញុំ ហើយរូបខ្ញុំក៏ចង់ស្គាល់ព្រះអង្គឱ្យបានស្និទ្ធស្នាលជាងមុនថែមទៀត ដែរ។



«ហ្អេ ហ្រ្កេក តើអ្នកជឿថាព្រះជាម្ចាស់ នៅតែធ្វើការអស្ចារ្យ ដែរឬអត់?»



«ប្រាកដជាជឿហើយ» ខ្ញុំបានប្រាប់គាត់។

«ល្អ—ពីព្រោះសេចក្ដីអធិស្ឋានរបស់អ្នក ស្ដាប់ទៅដូចជាយ៉ាប់ដល់ហើយ»។



ខ្ញុំព្យាយាមសើចលេងជាមួយគាត់ ប៉ុន្តែពាក្យលេងសើចរបស់គាត់ ធ្វើឱ្យខ្ញុំឈឺចាប់មែនទែន—នេះក៏ដោយសារតែអ្វីដែលគាត់បាននិយាយ នោះវាមិនខុសទេ។



ទាំងអត់មានអ្វីតបត ខ្ញុំពិតជាគ្មានពាក្យអ្វីការពារឡើយ ហើយក្នុងគ្រាតែមួយខ្ញុំក៏បានសិក្សាលើសេចក្ដីពិតនៃការសង្កេតមើលឃើញរបស់គាត់ដែរ។ ខ្ញុំមិនអាចបដិសេធបានឡើយ ថាគាត់បានបញ្ចេញនូវអាថ៌កំបាំងមួយ ដែលរូបខ្ញុំបានដឹងរួចទៅហើយ ប៉ុន្តែ រូបខ្ញុំមិនចង់ទទួលស្គាល់៖ ថាសេចក្ដីអធិស្ឋានរបស់ខ្ញុំពិតជាគួរឱ្យអាណិតមែន។



គម្រោងអាននេះ គឺសម្រាប់អស់អ្នក ដែលមានអារម្មណ៍ថាគាត់នៅជាប់គាំង ផុងក្នុងក្ដីអធិស្ឋាន ដោយថ្លែងពាក្យដដែលៗ ងាយទាយដឹងទុកមុន ថាអធិស្ឋានយ៉ាងម៉េច ហើយអធិស្ឋានតាមបែបសាមញ្ញៗធម្មតា។



យើងបម្រើព្រះជាម្ចាស់ ដែលជាព្រះអាចធ្វើរាល់គ្រប់កិច្ចការអ្វីៗទាំងអស់ លើសពីការដែលយើងទូលសូម ឬនឹកស្មានដល់។ ដូច្នេះ ដល់ពេលវេលាដែលយើងត្រូវឈប់ ថ្លែងដដែលៗ ហើយអធិស្ឋានបែបប្រយ័ត្នៗទៀតហើយ។ យើងមិនមែនបានបង្កើតមក សម្រាប់ជីវិតស្រណុកសុខស្រួលទេ។ យើងជាមនុស្សដែលពេញដោយចិត្ដក្ដួលអាណិត និងអំណាចចេស្ដា ដែលយើងទទួលបានសិទ្ធិអំណាចសម្រាប់ការបំផ្លាស់បំប្រែពិភពលោក នៅក្នុងរបៀបដ៏អស្ចារ្យផ្សេងៗ! ខ្ញុំជឿថា គម្រោងអាននេះ នឹងលើកទឹកចិត្ដដល់អ្នក ដើម្បីឱ្យអ្នកអាចបំបែករនាំង នៅក្នុងទីដែនកំណត់នានារបស់អ្នក ហើយនឹងជំរុញទឹកចិត្ដរបស់អ្នក ឱ្យចេះអធិស្ឋានយ៉ាងគ្រោះថ្នាក់ ឆេះឆួល និងរស់នៅដោយភាពអង់អាចក្លាហាន។



ក្នុងខណៈពេលដែលខ្ញុំសិក្សាព្រះគម្ពីរ កាន់តែច្រើនឡើង ខ្ញុំពិតជាស្ញប់ស្ញែងចំពោះសេចក្ដីអធិស្ឋានផ្សេងៗពីគ្នា ដែលបានថ្លែងឡើង ដោយប្រជារាស្រ្ដរបស់ព្រះជាម្ចាស់។ មិនគ្រាន់តែពួកគាត់បានអធិស្ឋានសម្រាប់អ្វីៗ ដែលអស្ចារ្យ នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគាត់ប៉ុណ្ណោះនោះទេ—ដូចជាការអធិស្ឋានសម្រាប់កូន (១ សាំយូអែល ១៖២៧)—ប៉ុន្តែ សេចក្ដីអធិស្ឋានរបស់ពួកគាត់ ក៏ថ្លែងជារឿយៗ ទៅដល់ភាពចាំបាច់នានា សម្រាប់អាហារ ការផ្គត់ផ្គង់ (ម៉ាថាយ ៦៖១១) និងការរត់គេចចេញពីមារសត្រូវរបស់គាត់ផងដែរ (ទំនុកតម្កើង ៥៩៖១-២)។ មានពេលខ្លះ ពួកគាត់មើលទៅ ហាក់បីដូចជា ថ្លែងខ្សឹបៗស្ងាត់ៗ ទៅដល់ព្រះ ដែលពេញដោយក្ដីស្រឡាញ់។ មានពេលខ្លះទៀត ពួកគាត់ស្រែកទៅដល់ព្រះអង្គ ទាំងដួងចិត្ដ ខ្ទេចខ្ទាំ និងធុញថប់ ធ្វើអ្វីមិនចេញ ផងនោះដែរ។



សេចក្ដីអធិស្ឋានរបស់ពួកគាត់ពិតមានលក្ខណៈទៀងត្រង់។ អន្ទះអន្ទែង។ ពេញដោយកំហឹង។ ពេញដោយភាពអង់អាច។ ជាក់ស្ដែង។ ហើយចំពោះរូបខ្ញុំវិញ ខ្ញុំបានត្រឹមតែអធិស្ឋាន សូមព្រះឱ្យខ្ញុំមានសុខសុវត្ថិភាព និងប្រទានពរដល់អាហារដែលខ្ញុំនឹងត្រូវបរិភោគនេះទៅវិញ។



មិត្ដរបស់ខ្ញុំ គាត់និយាយមិនខុសមែន។



សេចក្ដីអធិស្ឋានរបស់ខ្ញុំពិតជាគួរឱ្យអាណិតណាស់។



ប្រហែលជាអ្នកអាចយល់ពីអារម្មណ៍និងទង្វើនេះ។ មិនមែនថាអ្នកមិនជឿទៅលើសេចក្ដីអធិស្ឋាននោះទេ។ អ្នកប្រាកដជាជឿ។ ប៉ុន្តែ អ្នកដូចជាជាប់ផុងទៅក្នុងកន្លុក។ អ្នកអធិស្ឋានសម្រាប់វិបត្តិ និងសំណូមពរដដែលៗ។ នៅក្នុងរបៀបដដែលៗ។ នៅពេលដដែលៗ។ នេះប្រសិនបើអ្នកព្យាយាមអធិស្ឋានមែន។ អ្នកប្រហែលជាដឹងថា អ្នកគួរតែអធិស្ឋានឱ្យបានច្រើនជាងនេះ។ ហើយអធិស្ឋានជាមួយចិត្ដឆេះឆួលជាងនេះ។ អធិស្ឋានដោយជំនឿថែមទៀត។ អ្នកចង់និយាយទៅដល់ព្រះជាម្ចាស់ ស្ដាប់តាមព្រះអង្គ និងចែករំលែកពាក្យសន្ទនាដ៏ស្និទ្ធស្នាល ប្រៀបដូចជាពេលអ្នកនិយាយជាមួយដៃគូ ឬមិត្តសំឡាញ់របស់អ្នក។ អ្នកពិតជាចង់ណាស់ ប៉ុន្តែមិនច្បាស់ថាត្រូវធ្វើយ៉ាងដូចម្ដេច។ ហេតុដូច្នេះហើយ សេចក្ដីអធិស្ឋានរបស់អ្នក នៅបន្ត ជាការអធិស្ឋាន បែបលក្ខណៈសាមញ្ញៗ (មិនឆេះឆួល មិនគ្រោះថ្នាក់)។



ដូចអត់មានអារម្មណ៍។ រេចរឹល។ ដូចពាក្យគេទាយ។ អត់មានជាតិ។ ហើយស្ដាប់ទៅគួរឱ្យធុញ។



ការថ្លែងចំៗ ហើយដាស់ចិត្ដគំនិតរបស់មិត្ដភក្ដិរបស់ខ្ញុំ បានជួយឱ្យខ្ញូំជឿ ថារូបខ្ញូំដល់ពេលវេលា នឹងត្រូវផ្លាស់ប្ដូរ ដំណើរជីវិតខាងឯការអធិស្ឋានរបស់ខ្ញុំហើយ។ អស់រយៈពេលជាយូរឆ្នាំមកហើយ ខ្ញុំបានអនុញ្ញាតឱ្យភាពស្រពិចស្រពិល ភាពខ្វះជំនឿ និងក្ដីអធិស្ឋានគ្មានខ្លឹមសារ ដឹកនាំការអធិស្ឋានរបស់ខ្ញុំ។ ខ្ញុំដឹងថាព្រះជាម្ចាស់ទ្រង់សព្វព្រះទ័យចង់បានអ្វីបន្ថែមទៀត សម្រាប់រូបខ្ញុំ ហើយរូបខ្ញុំក៏ចង់ស្គាល់ព្រះអង្គ ឱ្យបានស្និទ្ធស្នាលថែមទៀត ទោះបើខ្ញុំ មានភាពស្ទាក់ស្ទើរ ចំពោះតម្រូវការដែលទាមទារពីរូបខ្ញុំ នោះក៏ដោយ។



នៅពេលយើងព្យាយាមស្វែងរកទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ ក្នុងសេចក្ដីអធិស្ឋាន ដោយភាពជាក់ស្ដែង បើកចំហ និងស្និទ្ធស្នាលនោះ នោះព្រះអង្គមិនរុំខ្ញុំទៅក្នុងពពុះនៃភាពសុខសុវត្ថិភាពខាងឯវិញ្ញាណនោះឡើយ។ ជួសវិញ ព្រះអង្គទ្រង់បំផុស (ឱ្យផ្ទុះ) ទាំងបើកសម្ដែងពីអ្វីដែលជាកិច្ចការសម្រាប់រូបខ្ញុំ ហើយអញ្ជើញរូបខ្ញុំ ឱ្យចេះរៀនទុកចិត្ដព្រះអង្គ នៅពេលដែលខ្ញុំមិនដឹងថា ព្រះអង្គទ្រង់នឹងធ្វើអ្វីបន្តទៅមុខទៀត។ មានថ្ងៃខ្លះ យើងនឹងមានអារម្មណ៍ថា យើងទទួលព្រះពរខ្លាំងណាស់។ ហើយមានថ្ងៃខ្លះទៀត ដែលយើងនឹងប្រឈមចំពោះវិបត្តិ ការប្រឆាំង និងការបៀតបៀន។ ប៉ុន្តែរាល់គ្រប់ស្ថានភាព និងគ្រានានានៃការអធិស្ឋានពេញដោយភាពឆេះឆួលរបស់យើង នោះយើងនឹងបានបំពេញដោយព្រះវត្ដមានរបស់ព្រះអង្គ។



តើអ្នកត្រៀមខ្លួនហើយ សម្រាប់ទទួលបានបន្ថែមទៀត? តើអ្នកធុញទ្រាន់នឹងសេចក្ដីអធិស្ឋានដែលច្រំដែលៗ?​ តើអ្នកត្រៀមខ្លួនហើយ ដើម្បីអធិស្ឋាន នូវពាក្យអធិស្ឋាន ដែលអង់អាច ពេញដោយជំនឿ ពេញដោយការគោរពកោតខ្លាចព្រះ ពេញដោយជីវិតផ្លាស់ប្រែ និងពេញដោយអំណាចសម្រាប់បំផ្លាស់បំប្រែពិភពលោក ហើយឬនៅ?



ប្រសិនបើអ្នកត្រៀមខ្លួនហើយ គម្រោងអាននេះ ពិតជាសម្រាប់រូបអ្នកមែន។



ប៉ុន្តែកុំថាខ្ញុំមិនបានប្រាប់ណា៎។ អ្នកនឹងប្រទះ ប៉ះទង្គិច នៅទីរលាក់។ នៅពេលដែលអ្នកផ្ដើមអធិស្ឋាន ដូចពាក្យអធិស្ឋានថា «ចូរស្វែងរកខ្ញុំ ចូរបំបែកខ្ញុំ ចូរបញ្ជូនខ្ញុំ» អ្នកប្រហែលជាត្រូវទទួលរងបទពិសោធន៍នៃទីជ្រលងភ្នំ (ភាពសង្ស័យ ចិត្ដស្រពិចស្រពិល ភាពឯកោ ទីស្ងប់ស្ងាត់ ។ល។)។ ការប្រឆាំង។ ការសាកល្បង។ ទុក្ខលំបាក។ ការបាក់ទឹកចិត្ដ។ ថែមទាំងអាចជាភាពឈឺផ្សាផង។ ប៉ុន្តែ អ្នកក៏នឹងជួប អំណរនៃជំនឿ ការអស្ចារ្យដ៏គួរឱ្យស្ញប់ស្ញែង ការសម្រាលទុក្ខដោយការចេះចុះចូល និងចិត្ដត្រេកអររីករាយ ដោយអ្នកបានបំពេញតាមបំណងព្រះហឫទ័យនៃព្រះ។



ដល់ពេលវេលាដែលអ្នកត្រូវបញ្ឈប់ការអធិស្ឋានធម្មតាៗ ស្រួលៗ ហើយ។



ដល់ពេលវេលាដែលអ្នកត្រូវតែថ្លែង ពិតជាប្រកាស—និងពិតជាស្ដាប់—ដល់ព្រះជាម្ចាស់ហើយ។



ដល់ពេលវេលាដែលត្រូវអធិស្ឋានយ៉ាងគ្រោះថ្នាក់ យ៉ាងឆេះឆួល នោះហើយ។


ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Dangerous Prayers

តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល និង Life.Church ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.craiggroeschel.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ