ព័ត៌មានគម្រោងអាន

ពីថ្ងៃនេះឆ្ពោះទៅមុខ - ដោយលោកគ្រូ ក្ហ្រេក-Craig និង អេមី ក្រូឆ៊ែល-Amy Groeschelគំរូ

Craig & Amy Groeschel’s From This Day Forward

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

ចូរបន្តនៅក្នុងភាពស្អាតស្អំបរិសុទ្ធ

មនុស្សគេបានចំណាយពេលជាច្រើនខែ ត្រៀមរៀបចំសម្រាប់ថ្ងៃមង្គលការរបស់ខ្លួន ប៉ុន្តែពេលខ្លះ គេភ្លេចរៀបចំផែនការ ទុកជាអាទិភាពមួយ សម្រាប់រយៈពេលបន្ទាប់ពីគេបានរៀបការហើយ។ យើងប្រហែលជាបានចូលរួមនូវថ្នាក់ត្រៀមខ្លួនសម្រាប់ជីវិតរៀបការហើយ ឬមានកិច្ចសន្ទនាជាមួយនឹងគ្រូគង្វាល អ្នកដឹកនាំក្រុមជំនុំ ដែលគាត់ជាក្រុមនៃអ្នកចាត់ចែងពិធីមង្គលការរបស់ខ្លួន ប៉ុន្តែជារឿយៗ យើងមិនបានបើកចំហ និយាយឱ្យចំៗ អំពីបញ្ហានានា ដែលយើងអាចនឹងយកមកចូល ទៅក្នុងចំណងទំនាក់ទំនងរបស់យើង នោះទេ។ យើងប្រហែលជាមិនដឹងសោះ ថារបៀប និងទម្លាប់នៃការគិត ហើយអត្តចរិតរបស់យើង អាចគំរាមដល់ភាពដែលយើងចង់រួបរួមសាមគ្គី ក្នុងជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន នោះដែរ។


ដោយសារតែដំណេកនៃដៃគូ (ការរួមមេត្រីក្នុងចំណងអាពាហ៍ពិពាហ៍) គឺជាស្តង់ដារ ដែលព្រះជាម្ចាស់ប្រទានសម្រាប់ទំនាក់ទំនងដ៏ជិតស្និទ្ធផ្នែកផ្លូវភេទរវាងដៃគូ មួយគូៗ វាក៏ជាទីដែលមនុស្សខ្លះ គាត់រងទុក្ខនោះដែរ នៅពេលដែលដៃគូណាមានវិបត្តិ មានវិប្បដិសារី ក្នុងជីវិតផ្នែកផ្លូវភេទ ហើយគាត់បាននាំវាមកចូលនៅក្នុងចំណងទំនាក់ទំនងនៃជីវិតរៀបការរបស់គាត់នោះ។ ទោះបើវាមានប្រភពមកពីការធ្លាប់រស់នៅភ្លើតភ្លើន ការយោលយោគនឹងតន្ត្រីដាស់ផ្លូវភេទ រឿងប្រលោមលោកក្ដៅសាច់ ដំបៅដោយសារការរំលោភបំពាន ឬការធ្លាក់ទៅក្នុងរូបភាពនិងរឿងអាសអាភាសក្ដី — រាល់គ្រប់ប្រភពនៃការដាស់នូវអារម្មណ៍ និងញាណនៃផ្លូវភេទ ដែលនៅក្រៅ ក្រមសីលធម៌នៃចំណងអាពាហ៍ពិពាហ៍ទាំងនេះ វាសុទ្ធតែជាប្រភព និងទង្វើឈ្លានពាន គំរាមកំហែងដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នកហើយ។ មិនថាឡើយអ្នកគិតថា៖ "វាមិនអីទេ" "វាមិនគ្រោះថ្នាក់អីទេ" "ខ្ញុំចេះគិតគូរ" "ខ្ញុំចេះទប់ស្កាត់វាបានហើយ" យ៉ាងណាក៏ដោយ ប្រសិនបើអ្នកទុកទង្វើទាំងនោះក្នុងភាពលាក់លៀមពីដៃគូរបស់អ្នក នោះអ្នកកំពុងបិទទ្វារទៅកាន់ភាពស្និទ្ធស្នាលរវាងដៃគូអ្នក ហើយកំពុងបើកចំហនូវទ្វារនៃទង្វើផិតក្បត់ចំពោះដៃគូរបស់អ្នក ទៅវិញ។


តើអ្នកមានបំណងចិត្ដនឹងកសាងនូវរនាំង រួមជាមួយគ្នានិងដៃគូរបស់អ្នក ដើម្បីទប់ស្កាត់ ប្រឆាំងរាល់ការឈ្លានពាននិងការគំរាមកំហែងនៃទង្វើទាំងអស់នោះ ហើយឬនៅ? តើអ្នកមានបំណងចិត្ដនឹងខណ្ឌនូវទំនាក់ទំនង ការផ្ដោះផ្ដង ឬទំនាក់ទំនងដែលអ្នកមាននៅក្នុងបណ្ដាញសង្គម ដែរឬទេ? ចូរគិតគូរ ចាត់ចែងលើរឿងទាំងនេះ នៅពេលដែលអ្នកនៅខ្លាំងរឹងមាំចុះ ដើម្បីការពារដល់អ្នក នៅក្នុងគ្រាដែលអ្នកធ្លាក់ទន់ខ្សោយ។ ចូរទូលសូមព្រះជាម្ចាស់ សូមទ្រង់បង្ហាញនូវភាពទន់ខ្សោយទាំងប៉ុន្មានរបស់អ្នក — បន្ទាប់មក ដាក់ចន្ទល់វាទៅ។


តើអ្នកនឹងមានការប្រកាន់ខឹងនឹងគ្នា ដែរឬទេ? តើនឹងមានការចាញ់ល្បួងម្ដងម្កាល ដែរឬយ៉ាងណា? ពិតប្រាកដមែនហើយ។ ចូរតទល់ជាមួយនឹងបញ្ហាទាំងនោះ នៅគ្រាដែលវាកើតមានឡើង។ ចូរទូលសូមដល់ព្រះជាម្ចាស់ សូមទ្រង់អត់ឱនទោស ដល់រូបអ្នក។ ចូរទូលសូមដៃគូរបស់អ្នកបានអត់ឱនទោសដល់អ្នកផងដែរ។ ប៉ុន្តែ ចូរបន្តតយុទ្ធ ដើម្បីភាពស្អាតស្អំបរិសុទ្ធ។ ភាពបរិសុទ្ធ ស្អាតស្អំ ពិតជាសំខាន់ណាស់។


ចូរឱ្យយើងអធិស្ឋានរួមជាមួយនឹងគ្នា៖ ឱ ព្រះយេស៊ូវអើយ ទ្រង់បានបង់ថ្លៃដ៏មហិមា ដើម្បីឱ្យយើងអាចទទួលបាននូវការលាងជម្រះ បានស្អាត ហើយក្លាយទៅជាមនុស្សថ្មី។ មានតែទ្រង់មួយប៉ុណ្ណោះ ដែលអាចធ្វើឱ្យយើងទៅជាវិសុទ្ធស្អាត នៅក្នុងព្រះនេត្រនៃទ្រង់។ សូមជួយដល់យើង ឱ្យយើងមាននូវសេចក្ដីក្លាហាន ក្នុងការរស់នៅ ក្នុងជីវិតដែលស្អាតស្អំបរិសុទ្ធ។ សូមប្រទានដល់យើងនូវកម្លាំង សម្រាប់ការអត់ទោស និងការពារចិត្ដរបស់យើងពីការបំផ្លិចបំផ្លាញនៃអំពើបាប។ យើងខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាម ព្រះយេស៊ូ។ អាមែន។


ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Craig & Amy Groeschel’s From This Day Forward

អ្នកអាចទទួលបាននូវចំណងអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ។ ជម្រើសដែលអ្នកជ្រើសរើសនៅថ្ងៃនេះ នឹងកំណត់នូវចំណងអាពាហ៍ពិពាហ៍ ដែលអ្នកនឹងមាននៅថ្ងៃស្អែក។ លោកគ្រូគង្វាល ក៏ជា កវីនិពន្ធដ៏ល្បីល្បាញនៅទីក្រុង ញ៉ូវយ៉ក (New York) លោក ក្ហ្រេក ក្រូឆ៊ែល​ ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច រោងពុម្ព ហ្សនឌឺវន (Zondervan) ហបផើខូលីន (HarperCollins)​ និង ឡែវឆើច (Life.Church) សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.zondervan.com/from-this-day-forward

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ