ព័ត៌មានគម្រោងអាន

ព្រះយេស៊ូវស្រឡាញ់ខ្ញុំគំរូ

Jesus Loves Me

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

តើហេតុអ្វីបានជាអ្នកគួរអានអត្ថបទនេះ?


 ព្រះយេស៊ូវបានប្រកាសថា៖ «ខ្ញុំបានមកគឺដើម្បីឱ្យពួកគេបានមានជីវិត ហើយមានជីវិតដល់ពេញបរិបូរ» (យ៉ូហាន ១០៖១០)។ ព្រះយេស៊ូវបានយាងមកដើម្បីផ្ដល់ខ្យល់ដង្ហើម ចូលមកក្នុងដួងព្រលឹងរបស់យើង។ ព្រះអង្គបានមក ដើម្បីផ្ដល់ខ្យល់ដង្ហើមនៃជីវិតអស់កល្បជានិច្ច ចូលមកក្នុងយើង ដើម្បីឱ្យយើងអាចរស់នៅជាមួយព្រះ នៅឯស្ថានសួគ៌ បន្ទាប់ពីយើងលាចាកចេញពីផែនដីនេះទៅ។ ព្រះអង្គបានយាងមក ដើម្បីផ្ដល់ខ្យល់ដង្ហើមនេះ ចូលមកក្នុងអស់អ្នកដែលនឹងជឿហើយទទួលកាដូឥតគិតថ្លៃ ដែលជាសេចក្ដីសង្គ្រោះនោះ។



មិនថាត្រង់ទីកន្លែងណា ដែលយើងធ្លាប់ស្លាប់ក្នុងទង្វើខុសឆ្គងរបស់យើងទេ នោះព្រះយេស៊ូវយាងចូលមកក្នុងពិភពលោករបស់យើង ដើម្បីផ្ដល់ខ្យល់នៃជីវិត មកដល់រូបយើង។ គ្រប់មនុស្សជាតិ—មិនថាមកពីសាសនា ជំនឿ និងមានប្រវត្ដិយ៉ាងណានោះទេ—ចុងបញ្ចប់ គ្រប់គ្នាសុទ្ធតែទន្ទឹងប្រាថ្នានូវទំនាក់ទំនងដែលព្រះយេស៊ូវផ្ដល់ឱ្យ។ ដើម្បីសង្គ្រោះរូបយើងចេញពីភាពច្របូកច្របល់នៃបាប នោះព្រះជាម្ចាស់បានចូលមកក្នុងសភាពរបស់មនុស្សជាតិ។



ក្នុងនាមជាគ្រីស្ទបរិស័ទ នេះគឺជាព្រះយេស៊ូវ ដែលយើងបានទទួលជឿ—មិនមែនគ្រាន់តែជាមនុស្សដ៏ល្អម្នាក់ មាននាមថាយេស៊ូវ ឬជាគំនិតមួយ ដែលមាននាមថាយេស៊ូវ ឬគ្រាន់តែជាគ្រូបង្រៀនម្នាក់ដែលតែងតែជំរុញទឹកចិត្ដ នាមថាយេស៊ូវ នោះទេ។ យើងជឿលើព្រះយេស៊ូវ ដែលព្រះអង្គជាព្រះជាម្ចាស់ នៅក្នុងរូបកាយមនុស្ស។ ព្រះអង្គគឺជាព្រះសង្គ្រោះ ដែលបានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបនៃពិភពលោក ហើយព្រះអង្គបានមានព្រះជន្មរស់ឡើងវិញពីសេចក្ដីស្លាប់។



ក្នុងខណៈពេលដែលគ្រីស្ទបរិស័ទភាគច្រើនយល់ពីសេចក្ដីពិតទាំងនេះ ក្ដីសង្ឃឹមរបស់ខ្ញុំ នោះគឺចង់ជួយឱ្យអ្នកអាចឆ្លើយនូវសំណួរថា៖ តើខ្ញុំជឿអ្វីក្នុងនាមជាគ្រីស្ទបរិស័ទ? ដោយសារតែយើងរស់នៅក្នុងពិភពលោក ដែលមានមនុស្សជាច្រើន ផ្ដល់អត្ថន័យដល់ជំនឿគ្រីស្ទបរិស័ទ តាមតែគំនិតរបស់គេម្នាក់ៗ នោះយើងត្រូវយល់ដឹងថាជំនឿគ្រីស្ទបរិស័ទសំខាន់ៗចាំបាច់ នោះគឺជាសេចក្ដីពិតដែលមិនចេះផ្លាស់ប្រែឡើយ។ សេចក្ដីពិតទាំងនោះ គឺជាលក្ខខណ្ឌ ដែលយើងអាចទទួលបាននូវការអត់ឱនទោសនិងជីវិតពីព្រះយេស៊ូវ។ លក្ខខណ្ឌទាំងនោះ ត្រូវបានបង្គាប់កំណត់ដោយព្រះជាម្ចាស់ មិនមែនដោយមនុស្សទេ។ សេចក្ដីពិតទាំងនោះ មិនចេះផ្លាស់ប្រែ ហើយយើងរាល់គ្នាអាចយល់ដឹងពីការអស់ទាំងនោះបាន។



នៅពីក្រោមផ្ទះដ៏រឹងមាំទាំងឡាយ សុទ្ធសឹងតែមានគ្រឹះដ៏មាំដែលទ្រទ្រង់ទម្ងន់របស់គ្រោងឆ្អឹងនៃផ្ទះ ទោះយើងមើលវាមិនឃើញក៏ពិតមែន។ អត្ថបទសិក្សាទាំងនេះ បង្ហាញពីមូលដ្ឋានគ្រឹះជំនឿ សម្រាប់ជំនឿគ្រីស្ទបរិស័ទរបស់យើង។ បើអ្នកបាត់បង់តែមួយ ក្នុងចំណោមគ្រឹះជំនឿដ៏សំខាន់ចាំបាច់ទាំងនេះ នោះផ្ទះនៃសេចក្ដីជំនឿរបស់អ្នកនឹងទ្រុឌទ្រោម ឬអាចនឹងងាយរលំថែមទៀត។



ដោយគិតពីភាពវិជ្ជមានវិញ ប្រសិនបើអ្នកដាក់សេចក្ដីបង្រៀនសំខាន់ចាំបាច់របស់គ្រីស្ទបរិស័ទជាគ្រឹះនៃជំនឿរបស់អ្នក នោះអ្នកនឹងអាចមើលឃើញថាព្រះជាម្ចាស់ កំពុងតែកសាងជីវិតមួយ ដែលមានស្ថិរភាពនិងពេញដោយទេពកោសល្យ។ ព្រះបន្ទូលនៃព្រះផ្ដល់អត្ថន័យដល់សេចក្ដីពិត និងជាបង្គោលគ្រឹះចម្បងដល់យើង។ អត្ថបទសិក្សាទាំងនេះ ជួយឱ្យអ្នកអាចស្គាល់និងរៀនត្រួតពិនិត្យទៅលើមូលដ្ឋានគ្រឹះនៃអ្វីដែលអ្នកជឿក្នុងនាមជាគ្រីស្ទបរិស័ទ—ដើម្បីឱ្យអ្នកអាចកសាងជីវិតពេញដោយជំនឿដ៏អស្ចារ្យ។ យើងរីកចម្រើនលូតលាស់បានដោយការជឿលើអ្វីដែលព្រះជាម្ចាស់មានបន្ទូល នៅក្នុងព្រះបន្ទូល (ព្រះគម្ពីរ) រួចហើយដោយការដែលយើងចេះគោរពស្ដាប់បង្គាប់តាម។ សូមឱ្យយើងដើរទៅដល់គ្រាចុងក្រោយនៃពេលវេលារបស់យើងរួមគ្នា នៅក្នុងក្ដីស្រឡាញ់ជាមួយនឹងព្រះគ្រីស្ទ មានទំនុកចិត្ដចំពោះអ្វីដែលយើងជឿ ហើយនិងបានពង្រឹងឡើង ជាប្រយោជន៍ឱ្យយើងគោរពស្ដាប់បង្គាប់ព្រះដ៏ល្អនៃយើងបន្ថែមទៀត។ 






តើអ្នកឆ្លើយនូវសំណួរនេះ ថាយ៉ាងដូចម្ដេច៖ «តើខ្ញុំជឿអ្វីក្នុងនាមខ្ញុំជាគ្រីស្ទបរិស័ទ?» 


អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Jesus Loves Me

ប្រសិនបើមាននរណាម្នាក់មកសួរអ្នក៖ «តើខ្ញុំត្រូវជឿលើអ្វី ដើម្បីឱ្យខ្ញុំបានក្លាយទៅជាគ្រីស្ទបរិស័ទ?» នោះតើអ្នកនឹងត្រូវឆ្លើយទៅគេថាយ៉ាងណា? ដោយការប្រើប្រាស់ឃ្លានៃពាក្យមាននៅក្នុងបទចម្រៀងដ៏ជាទីស្រឡាញ់ "ព្រះយេស៊ូវស្រឡាញ់ខ្ញុំ នេះខ្...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ Baker Publishing ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bakerbookhouse.com/products/235847

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ