ព័ត៌មានគម្រោងអាន

ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ។ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine) គំរូ

20/20: Seen. Chosen. Sent. By Christine Caine

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ

ព្រះបានជ្រើសរើសអ្នក

«សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌។  តាម​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​យើង​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​សេចក្តី​ស្រឡាញ់។ ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន សម្រាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ស្រប​តាម​បំណង​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ដើម្បី​សរសើរ​ដល់​សិរី‌ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រទាន​មក​យើង​ដោយ​ឥត​គិត​ថ្លៃ ក្នុង​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ»។ -អេភេសូរ ១៖៣-៦ គកស១៦


«គ្រីស្ទីន?» ម្ដាយខ្ញុំគាត់សួរ៖ «ដោយសារតែយើងត្រូវប្រាប់ពីការពិត តើកូនចង់ដឹងពីរឿងពិតទាំងស្រុងដែរឬទេ?»


ខ្ញុំមានអាយុ ៣៣ ឆ្នាំ ហើយកាលគ្រានោះ ខ្ញុំដឹងពីរបៀបដែលម្ដាយរបស់ខ្ញុំគាត់ចូលចិត្តសួរ។ បើគាត់សួរយ៉ាងដូច្នោះហើយ នោះគឺវាមានន័យតែមួយប៉ុណ្ណោះ។


ខ្ញុំបានប្រឹងរត់ទៅផ្ទះរបស់គាត់ ដើម្បីធ្វើអន្តរាគមន៍ ដោយព្រោះខ្ញុំសង្ស័យថារឿងដែលខ្ញុំធ្លាប់គិត នោះវាមិនអាចក្លាយទៅជារឿងពិតបានទេ។ បងប្រុសរបស់ខ្ញុំ ចូច (George) បានទទួលសំបុត្រមួយ ដោយប្រាប់ថា គាត់គឺជាកូន ដែលគ្រួសាររបស់ខ្ញុំបានយកមកចិញ្ចឹម។ ខ្ញុំទើបទៅដល់មាត់ទ្វារ នៅពេលដែល ចូច កំពុងតែហុចលិខិតមួយនោះ ឱ្យទៅម្ដាយរបស់ខ្ញុំ។


ខ្ញុំមិនអាចបំភ្លេចរូបភាពនេះបានទេ ព្រោះពេលនោះ ដៃម្ដាយរបស់ខ្ញុំ គាត់នៅញាប់ញ័រ។ ក្ដីភ័យខ្លាចដែលមានពេញក្នុងកែវភ្នែករបស់គាត់។ គាត់និយាយលែងចេញ។ ហើយមានទាំងទឹកភ្នែកផង វាបានស្រក់ហូរចេញមកនៅលើថ្ពាល់របស់យើងទាំងអស់គ្នា។


នៅពេលគាត់អាចនិយាយបានឡើងវិញ នោះខ្ញុំបានឮសំឡេង ពោរពេញដោយការគ្រាំចិត្ត។ «ឱ្យម៉ាក់សុំទោសកូនផង ដែលកូនត្រូវដឹងពីដំណឹងនេះ តាមរយៈលិខិតមួយច្បាប់។ យើងមិនដែលគិតចង់ឱ្យកូនឈឺចាប់នោះទេ។ ប៉ាកូន ស្រឡាញ់កូន។ ម៉ាក់ក៏ស្រឡាញ់កូន។ បើកូនមិនមែនជាកូនបង្កើត ក៏ម៉ាក់ស្រឡាញ់កូន ដូចកូនជាកូនបង្កើតរបស់ម៉ាក់ អញ្ចឹងដែរ»។


ខ្ញុំចាំថាខ្ញុំបានដើរទៅចង្រ្កានបាយ ទាំងរៀបចំចំណីអាហារដាក់នៅលើតុ ដោយព្រោះថា តាមទម្លាប់គ្រួសារបែបជនជាតិក្រិក នៅពេលដែលមានវិបត្តិត្រូវដោះស្រាយ៖ នោះគឺយើងត្រូវតែមានអីញ៉ាំ។ 


នៅពេលដែលខ្ញុំឈោងទៅយកនំស្រួយ បាក្លាវ៉ា (baklava) នោះម៉ាក់ខ្ញុំគាត់សួរខ្ញុំ ពីរាល់សំណួរប្រៀបដូចជាប្រាប់ ដែលការសួរនាំទាំងនោះ វាស្ទើរទៅនឹងអ្វីដែលខ្ញុំដឹងខាងក្នុងចិត្ត។ ពិតមែន... ខ្ញុំដូចជាដឹង។ ខ្ញុំស្វះស្វែងរកចម្លើយបញ្ជាក់ នៅក្នុងកែវភ្នែករបស់គាត់ ទាំងគិតនិងប្រាថ្នាថាអ្វីដែលខ្ញុំធ្លាប់គិត នោះមិនមែនជារឿងពិតទេ។ ហើយខ្ញុំក៏លើកឡើងពីសំណួរមួយទៅកាន់រូបគាត់៖ «តើកូន ជាកូនចិញ្ចឹមម្នាក់ដែរ មែនឬទេ?»។


ប៉ុន្មាននាទីក្រោយមក គាត់បាននិយាយពាក្យពេចន៍ដ៏មានតម្លៃមកកាន់ខ្ញុំ។ ពាក្យសម្ដីនោះ គឺជាភាសាដែលនាំមកនូវការព្យាបាលដ៏សម្បើមមកដល់ខ្ញុំ។ គាត់ថែមទាំងបញ្ជាក់និងនិយាយវាសាជាថ្មី នៅសប្ដាហ៍ជាបន្តបន្ទាប់ដែរ… 


«ម៉ាក់បានស្រឡាញ់កូន មុននឹងម៉ាក់បានស្គាល់កូនទៅទៀត»។


 រហូតមកដល់ឥឡូវនេះ ខ្ញុំនៅតែចងចាំទាំងឱបក្រសោបចំពោះពាក្យពេចន៍ទាំងនេះ។ ពាក្យសម្ដីទាំងនោះ គឺជាទឹកចិត្តរបស់អ្នកម្ដាយ ដែលគាត់បានអនុញ្ញាតឱ្យខ្ញុំដឹង ថាគាត់មានបំណងប៉ងចង់បានខ្ញុំ។ គាត់រំពឹងថាបានរូបខ្ញុំ។ ហើយគាត់បានជ្រើសរើសរូបខ្ញុំ មុននឹងរូបគាត់ដាក់កែវភ្នែកសម្លឹងមករករូបខ្ញុំទៅទៀត។ 


នៅពេលខ្ញុំគិតអំពីពាក្យពេចន៍ទាំងនោះ ខ្ញុំពិតជាទទួលបាននូវភាពកក់ក្ដៅខ្លាំងណាស់ ដោយព្រោះថា ខ្ញុំប្រៀបដូចជាបានឮពីព្រះទ័យនៃព្រះវរបិតា ដែលជាព្រះមានព្រះទ័យតែងតែចង់បានរូបខ្ញុំអញ្ចឹងដែរ។ ព្រះអង្គគឺជាព្រះដែលបានជ្រើសរើសខ្ញុំ តាំងពីមុនម្ដាយរបស់ខ្ញុំបានជ្រើសរើសរូបខ្ញុំទៅទៀត។


ហើយព្រះអង្គក៏ជាព្រះដែលបានជ្រើសរើសរូបអ្នកផងដែរ។


សេចក្ដីអធិស្ឋាន

ឱ ព្រះអម្ចាស់អើយ សូមអរព្រះគុណ ដែលព្រះអង្គបានជ្រើសរើសទូលបង្គំ ក្នុងនាមជាបុត្រីរបស់ព្រះអង្គ និងជាម្នាក់ដែលនាំដំណឹងល្អពីព្រះបុត្រារបស់ទ្រង់ទៅដល់ពិភពលោក។ ទូលបង្គំអធិស្ឋានសូមព្រះអង្គប្រទានកម្លាំង និងចិត្តក្លាហាន ឱ្យទូលបង្គំមិនត្រឹមតែមើលឃើញពីអ្នកដទៃ ដូចដែលព្រះអង្គបានទតមើលឃើញពីពួកគេប៉ុណ្ណោះនោះទេ ប៉ុន្តែ ចូរឱ្យទូលបង្គំហ៊ានបោះជំហាននៅក្នុងសេចក្ដីជំនឿ ទាំងទៅប៉ះពាល់ដល់ពួកគេ ជាមួយនឹងក្ដីស្រឡាញ់របស់ព្រះអង្គផងដែរ។ សូមឱ្យទូលបង្គំអាចជួយដល់ពួកគេ ដើម្បីឱ្យពួកគេបានដឹងថាពួកគេគឺជាបុត្រធីតាដែលព្រះអង្គបានជ្រើសរើស។ អាមែន។


ដកស្រង់ពី ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine)។ រក្សាសិទ្ធិ © 2019 ដោយគ្រីស្ទីន ខេន។ បោះពុម្ពសាជាថ្មី ដោយមានការអនុញ្ញាតពី ព័ន្ធកិច្ច ផ្លូវជីវិតស្រ្តី (Lifeway Women)។ រក្សាសិទ្ធិគ្រប់យ៉ាង។


ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

20/20: Seen. Chosen. Sent. By Christine Caine

តើអ្នកអាចនឹកស្រមៃពីអារម្មណ៍ ដោយព្រោះអ្នកដឹងថាព្រះបានសម្លឹងមើលឃើញពីរូបអ្នក ទាំងផ្ដល់តម្លៃដល់អ្នក ដូច្នេះហើយ អ្នកមិនអាចនៅស្ងៀមបានទេ អ្នកត្រូវតែមានដួងចិត្តហ៊ានសម្លឹងមើលពីអ្នកដទៃ ទាំងឱ្យគេបានដឹងពីតម្លៃរបស់គេ តើអ្នកអាចស្រមៃឃើ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អ្នកស្រី គ្រីស្ទីន ខេន (Christine Caine) ពី A21, Propel, CCM ដែលបានផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.christinecaine.com/2020study

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ