យ៉ាកុប 1

1
ពាក្យជម្រាបសួរ
1ពី​ខ្ញុំ យ៉ាកុប ដែលជា​បាវបម្រើ​របស់​ព្រះ និង​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ
សូម​ជម្រាបសួរ​ដល់​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​។
ការសាកល្បងនាំឲ្យមានភាពពេញវ័យ
2បងប្អូន​របស់ខ្ញុំ​អើយ កាលណា​អ្នករាល់គ្នា​ជួបប្រទះ​នឹង​ការសាកល្បង​ផ្សេងៗ ចូរ​ចាត់ទុកថា​ជា​អំណរ​ដ៏ប្រសើរបំផុត 3ដោយ​ដឹង​ថា ការពិសោធ​ជំនឿ​របស់អ្នករាល់គ្នា​បង្កើត​ការអត់ធ្មត់​។ 4ក៏ប៉ុន្តែ​អ្នករាល់គ្នា​ត្រូវឲ្យ​ការអត់ធ្មត់​បង្កើត​ប្រសិទ្ធភាព​គ្រប់លក្ខណ៍ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ពេញវ័យ និង​គ្រប់លក្ខណ៍ ទាំង​មិន​ខ្វះ​ក្នុង​អ្វីមួយឡើយ​។
5ប្រសិនបើ​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​ខ្វះ​ប្រាជ្ញា ចូរឲ្យ​អ្នកនោះ​ទូល​សុំ​ពី​ព្រះ​ដែល​តែងតែ​ប្រទាន​ឲ្យ​មនុស្ស​ទាំងអស់​ដោយសទ្ធា និង​ដោយ​ឥត​បន្ទោស នោះ​នឹង​ប្រទាន​ឲ្យ​អ្នកនោះ​។ 6យ៉ាងណាមិញ អ្នកនោះ​ត្រូវ​ទូល​សុំ​ដោយ​ជំនឿ គឺ​ឥត​សង្ស័យ​អ្វីឡើយ ដ្បិត​អ្នក​ដែល​សង្ស័យ ប្រៀបដូចជា​រលក​សមុទ្រ​ដែល​ត្រូវខ្យល់បក់បោក ហើយ​រំជួលចុះឡើង​។ 7កុំឲ្យ​មនុស្ស​បែបនេះ​គិត​ថា​ខ្លួន​នឹង​ទទួលបាន​អ្វីមួយ​ពី​ព្រះអម្ចាស់​ឡើយ 8ពីព្រោះគាត់ជា​មនុស្ស​មានចិត្តពីរ ដែលមិនទៀងទាត់​ក្នុង​គ្រប់ទាំង​ផ្លូវ​របស់​ខ្លួន​។
9ចូរឲ្យ​បងប្អូន​ដែល​តូចទាប មានមោទនភាព​ក្នុង​ការដែល​ខ្លួន​ត្រូវបានលើកតម្កើង 10រីឯ​អ្នកមាន​វិញ ត្រូវមានមោទនភាព​ក្នុង​ការដែល​ខ្លួន​ត្រូវបានបន្ទាបចុះ ដ្បិត​គេ​នឹង​ផុតទៅ​ដូច​ផ្កា​ស្មៅ​។ 11កាលណា​ថ្ងៃរះឡើង​ទាំងមាន​ចំហាយក្ដៅ វា​ក៏​ធ្វើឲ្យ​ស្មៅ​ក្រៀមស្វិត ហើយ​ផ្កា​ស្មៅ​ក៏​រុះរោយ រីឯ​សម្រស់​នៃ​រូបរាង​វា​ក៏​បាត់បង់​ទៅ​។ អ្នកមាន​ក៏​ដូច្នោះ​ដែរ គេ​នឹង​រលាយបាត់​ក្នុង​ដំណើរ​របស់​ខ្លួន​។
12មានពរ​ហើយ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង ដ្បិត​នៅពេល​អ្នកនោះ​ជាប់ការពិសោធ គាត់​នឹង​ទទួលបាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់#1:12 ព្រះអម្ចាស់―ឯកសារបុរាណខ្លះថា “ព្រះអង្គ”។​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​។
13ពេល​ត្រូវបាន​ល្បួង កុំឲ្យអ្នកណា​និយាយថា​៖ “ខ្ញុំ​ត្រូវ​ព្រះ​ល្បួង” ឡើយ ដ្បិត​ព្រះ​មិនចេះធ្លាក់ទៅក្នុងការល្បួង​ដោយ​សេចក្ដី​អាក្រក់​ឡើយ ហើយ​ព្រះអង្គផ្ទាល់​ក៏​មិន​ល្បួង​អ្នកណាម្នាក់​ដែរ។ 14ប៉ុន្តែ​ម្នាក់ៗ​ត្រូវបាន​ល្បួង នៅពេល​ត្រូវ​តណ្ហា​របស់ខ្លួន​អូសទាញ និង​លួងលោម​ប៉ុណ្ណោះ​។ 15បន្ទាប់មក នៅពេល​តណ្ហា​មានផ្ទៃពោះ ក៏​សម្រាល​បាន​បាប ហើយ​នៅពេល​បាប​ពេញវ័យ ក៏​បង្កើត​សេចក្ដីស្លាប់​។
16បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ កុំ​ចាញ់បោក​ឡើយ! 17គ្រប់ទាំង​ជំនូន​ដ៏ល្អ និង​អស់ទាំង​អំណោយទាន​ដ៏គ្រប់លក្ខណ៍ សុទ្ធតែមក​ពីខាងលើ គឺ​ចុះមក​ពី​ព្រះ​បិតា​នៃ​ពន្លឺ​; ចំពោះ​ព្រះអង្គ​គ្មាន​ការផ្លាស់ប្ដូរ ឬ​ស្រមោល​នៃ​ការប្រែប្រួល​ឡើយ​។ 18ព្រះអង្គ​បាន​បង្កើត​យើងរាល់គ្នា​តាម​បំណង​ព្រះហឫទ័យ ដោយ​ព្រះបន្ទូល​នៃ​សេចក្ដីពិត ដើម្បីឲ្យ​យើង​បាន​ទៅជា​ផលដំបូង​មួយ​ក្នុងចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​និម្មិតបង្កើត​។
ធ្វើតាមព្រះបន្ទូលប្រសើរជាងបានតែស្ដាប់
19បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ដឹង​ការនេះថា#1:19 ចូរ​ដឹង​ការនេះ​ថា―ឯកសារបុរាណខ្លះថា “ដូច្នេះ”។ មនុស្ស​ម្នាក់ៗ​ត្រូវ​ឆាប់​នឹង​ស្ដាប់ យឺត​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​។ 20ដ្បិត​កំហឹង​របស់​មនុស្ស មិន​អាច​សម្រេចបាន​នូវ​សេចក្ដីសុចរិតយុត្តិធម៌​របស់​ព្រះ​បាន​ឡើយ​។ 21ដោយហេតុនេះ ចូរ​ដោះចោល​គ្រប់ទាំង​ភាពស្មោកគ្រោក និង​គំនិតព្យាបាទ​ដ៏សម្បូរហូរហៀរ ហើយ​ទទួលយក​ដោយ​សុភាពរាបសា​នូវ​ព្រះបន្ទូល​ដែលត្រូវបានដាំ​ក្នុងអ្នករាល់គ្នា ជាព្រះបន្ទូល​ដែល​អាច​សង្គ្រោះ​ព្រលឹង​របស់អ្នករាល់គ្នា​បាន​។
22ចូរឲ្យ​អ្នករាល់គ្នា​ធ្វើជា​អ្នកធ្វើតាម​ព្រះបន្ទូល មិនមែន​អ្នកដែលបានតែស្ដាប់ ហើយ​បញ្ឆោត​ខ្លួន​នោះ​ឡើយ​។ 23ដ្បិត​ប្រសិនបើ​អ្នកណា​ជា​អ្នកស្ដាប់​ព្រះបន្ទូល ប៉ុន្តែ​មិនមែន​ជា​អ្នកធ្វើតាម អ្នកនោះ​ប្រៀបដូចជា​មនុស្ស​ដែល​មើល​មុខ​ខ្លួនឯង​ក្នុង​កញ្ចក់​។ 24ពេល​មើល​រួចហើយ គាត់​ក៏​ចេញទៅ ហើយ​ភ្លេច​ភ្លាម‍​ថា​មុខខ្លួនឯង​ជា​យ៉ាងណា​។ 25រីឯ​អ្នក​ដែល​សម្លឹងមើល​ទៅ​ក្រឹត្យវិន័យ​ដ៏គ្រប់លក្ខណ៍​នៃ​សេរីភាព ហើយ​បន្តកាន់ខ្ជាប់​ដោយ​មិន​ធ្វើជា​អ្នកស្ដាប់​ដែល​ភ្លេច គឺ​ធ្វើជា​អ្នកធ្វើតាម​ដែល​ប្រព្រឹត្ត​វិញ អ្នកនោះ​នឹង​មានពរ​ក្នុង​កិច្ចការ​របស់​ខ្លួន​។
26ប្រសិនបើ​អ្នកណា#1:26 ឯកសារបុរាណខ្លះបន្ថែម “ក្នុងចំណោមអ្នករាល់គ្នា”។​គិតថា​ខ្លួនឯង​ជា​អ្នកកាន់សាសនា ប៉ុន្តែ​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន គឺ​បែរជា​បញ្ឆោត​ចិត្ត​ខ្លួន​វិញ នោះ​សាសនា​របស់​អ្នកនោះ​ក៏​ឥតប្រយោជន៍​ដែរ​។ 27សាសនា​បរិសុទ្ធ ហើយ​ឥតសៅហ្មង​នៅចំពោះ​ព្រះដែលជាព្រះបិតា​គឺ​បែបនេះ​: មើលថែ​កូនកំព្រា និង​ស្ត្រីមេម៉ាយ​ដែលស្ថិតនៅ​ក្នុង​ទុក្ខវេទនា ហើយ​រក្សា​ខ្លួន​ឲ្យ​ឥតសៅហ្មង​ពី​លោកីយ៍​៕

ទើបបានជ្រើសរើសហើយ៖

យ៉ាកុប 1: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ