ហេព្រើរ 12

12
ចូរស៊ូទ្រាំ
1ដូច្នេះ ដោយ​យើង​មាន​សាក្សី​ជាច្រើន​ព័ទ្ធជុំវិញ​យើង​ដូច​ពពក នោះចូរឲ្យ​យើង​ដោះចោល​បន្ទុក​ទាំងអស់ និង​បាប​ដែល​ងាយរួបរឹត​យើង ហើយ​ឲ្យ​យើង​រត់​ដោយ​ស៊ូទ្រាំ​ក្នុង​ការរត់ប្រណាំង​ដែល​ដាក់នៅមុខ​យើង 2ទាំង​រំពឹងមើលទៅ​ព្រះយេស៊ូវ​ដែលជា​ស្ថាបនិក និង​ជា​អ្នកបង្ហើយ​នៃ​ជំនឿ​។ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅលើ​ឈើឆ្កាង​ដោយ​មើលងាយ​ការអៀនខ្មាស ព្រោះតែ​អំណរ​ដែល​មាន​ដាក់នៅមុខ​ព្រះអង្គ ហើយ​ឥឡូវនេះ ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​បល្ល័ង្ក​របស់​ព្រះ​។
ការប្រៀនប្រដៅក្នុងនាមជាឪពុក
3តាមពិត អ្នករាល់គ្នា​ត្រូវ​សញ្ជឹងគិត​អំពី​ព្រះអង្គ​ដែល​ស៊ូទ្រាំ​នឹង​ការទាស់ទែង​ដល់ម្ល៉េះ​ពី​មនុស្សបាប​ដែល​ទាស់នឹង​អង្គទ្រង់ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​នឿយហត់ និង​អស់កម្លាំង​ក្នុង​ចិត្ត#12:3 ចិត្ត―ឬ “ព្រលឹង”។​ឡើយ​។ 4អ្នករាល់គ្នា​មិនទាន់​តយុទ្ធ​ប្រឆាំង​នឹង​បាប រហូតដល់​ហូរ​ឈាម​នៅឡើយទេ​។ 5តើ​អ្នករាល់គ្នា​ភ្លេច​ហើយ​ឬ ពាក្យលើកទឹកចិត្ត​ដែល​ទូន្មាន​ដល់​អ្នករាល់គ្នា ដូច​ទូន្មាន​កូន​? ដែលថា​:
“កូន​របស់ខ្ញុំ​អើយ កុំ​មើលងាយ​ការប្រៀនប្រដៅ​របស់​ព្រះអម្ចាស់​ឡើយ
ហើយក៏កុំ​ធ្លាក់ទឹកចិត្ត​នៅពេល​ត្រូវ​ព្រះអង្គ​ស្ដីបន្ទោស​ដែរ​។
6 ដ្បិត​ព្រះអម្ចាស់​ប្រៀនប្រដៅ​អ្នកដែល​ព្រះអង្គ​ស្រឡាញ់
ព្រះអង្គ​វាយប្រដៅ​អស់ទាំង​កូន​ដែល​ព្រះអង្គ​ទទួលយក”។ # 12:5-6 《សុភាសិត》 3:11-12។
7អ្នករាល់គ្នា​ត្រូវតែ​ស៊ូទ្រាំ​នឹង​ការប្រៀនប្រដៅ ដ្បិត​ព្រះ​កំពុង​ប្រព្រឹត្ត​ចំពោះ​អ្នករាល់គ្នា ដូច​ប្រព្រឹត្ត​ចំពោះ​កូន​។ តើ​មាន​កូន​ឯណា​ដែល​ឪពុក​មិន​ប្រៀនប្រដៅ​? 8ប្រសិនបើ​អ្នករាល់គ្នា​មិនដែលទទួល​ការប្រៀនប្រដៅ​ដែល​មនុស្ស​គ្រប់គ្នា​បាន​ទទួល នោះ​អ្នករាល់គ្នា​ជា​កូន​ឥតខាន់ស្លា ហើយ​មិនមែន​ជា​កូន​ពិត​ទេ​។ 9មួយវិញទៀត យើង​មាន​ឪពុក​ខាងសាច់ឈាម​ដែលជា​អ្នកប្រៀនប្រដៅ​យើង ហើយ​យើង​នៅតែ​គោរព​គាត់ ចុះ​ព្រះ​បិតា​ខាង​វិញ្ញាណ​វិញ តើ​យើង​មិន​ត្រូវ​ចុះចូល​នឹងព្រះអង្គ​ឲ្យ​រឹតតែខ្លាំង​ទៅទៀត ហើយ​រស់​ទេ‍​ឬ‍​? 10ឪពុកខាងសាច់ឈាម​ប្រៀនប្រដៅ​យើង​តែ​មួយរយៈ​ប៉ុណ្ណោះ តាមដែល​គាត់​យល់ឃើញថា​ល្អ រីឯ​ព្រះបិតាខាងវិញ្ញាណ​វិញ ព្រះអង្គ​ប្រៀនប្រដៅ​យើង​ដើម្បី​ជាប្រយោជន៍ គឺ​ដើម្បីឲ្យ​យើង​បាន​ទទួលចំណែក​ក្នុង​សេចក្ដីវិសុទ្ធ​របស់​ព្រះអង្គ​។ 11យ៉ាងណាមិញ ការប្រៀនប្រដៅ​ទាំងអស់ កាលណា​យើងទទួលនោះ​តែងតែ​មានអារម្មណ៍​មិន​សប្បាយ​មែន គឺ​ឈឺចាប់​វិញ ប៉ុន្តែ​ក្រោយមក ទើប​បង្កើត​ផល​ដ៏សុខសាន្ត​នៃ​សេចក្ដីសុចរិត ដល់​អ្នក​ដែល​ត្រូវបាន​បង្វឹក​តាម​របៀបនេះ​។
12ដោយហេតុនេះ ចូរ​តម្រង់​ដៃ​ដែល​រួយ និង​ជង្គង់​ដែល​ទន់​ឲ្យត្រង់ឡើងវិញ​ចុះ​! 13ចូរ​តម្រង់​ផ្លូវ​សម្រាប់​ជើង​អ្នករាល់គ្នា​ដែរ ដើម្បីកុំឲ្យ​មនុស្ស​ខ្វិន​គ្រេច​ជើង​ឡើយ គឺ​ឲ្យ​ត្រូវបាន​ប្រោសឲ្យជា​វិញ​។
ពាក្យដាស់តឿនចំពោះការបដិសេធព្រះគុណ
14ចូរ​ស្វែងរក​សេចក្ដីសុខសាន្ត និង​ភាពវិសុទ្ធ​ជាមួយ​មនុស្ស​ទាំងអស់ ដ្បិត​បើអ្នកណាគ្មាន​ភាពវិសុទ្ធ អ្នកនោះ​នឹង​មិន​ឃើញ​ព្រះអម្ចាស់​ឡើយ​។ 15ចូរ​ប្រយ័ត្នប្រយែង កុំឲ្យ​អ្នកណា​ខ្វះមិនដល់​ព្រះគុណ​របស់​ព្រះ​ឡើយ ក៏​កុំឲ្យ​ឫស​នៃ​ជាតិល្វីង​ណា​ដុះ​ឡើង ហើយ​ធ្វើទុក្ខ​គេ ដែល​ធ្វើឲ្យ​មនុស្ស​ជាច្រើន​សៅហ្មង ដោយសារតែ​ការនេះ 16ហើយ​កុំឲ្យ​អ្នកណា​ទៅជា​មនុស្សអសីលធម៌ខាងផ្លូវភេទ ឬ​ទៅជា​មនុស្ស​ប្រមាថព្រះ ដូច​អេសាវ​ដែល​លក់​សិទ្ធិកូនច្បង​របស់​ខ្លួន​សម្រាប់​អាហារ​តែមួយ​ពេល​នោះ​ឡើយ​។ 17ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្រោយមក គាត់​ចង់​ទទួល​ពរ​ជាមរតក ប៉ុន្តែ​ត្រូវបាន​បដិសេធ​វិញ ហើយ​ទោះបីជា​គាត់​បាន​ស្វែងរក​ពរនោះ​ទាំង​ទឹកភ្នែក​ក៏ដោយ ក៏​រក​ឱកាស​កែប្រែចិត្ត​មិន​បាន​ដែរ​។
18អ្នករាល់គ្នា​មិនមែន​ចូលមក‍ដល់ភ្នំ​ដែល​អាច​ពាល់​បាន#12:18 ភ្នំ​ដែល​អាច​ពាល់​បាន​―ឯកសារបុរាណខ្លះថា “អ្វីដែល​អាច​ពាល់​បាន”។ ដែល​មាន​ភ្លើង​ឆេះ ‍ដែលមាន​ភាពងងឹត ភាពស្រអាប់ ខ្យល់ព្យុះ 19សំឡេង​ត្រែ និង​ព្រះសូរសៀង​នៃ​ព្រះបន្ទូល​នោះទេ​——​ពួក​អ្នក​ដែល​ឮ​ព្រះសូរសៀងនោះ បាន​សុំ​កុំឲ្យ​មាន​ព្រះបន្ទូល​ដល់​ពួកគេ​ទៀត 20ដ្បិត​ពួកគេ​ទ្រាំ​នឹង​សេចក្ដី​ដែល​ត្រូវបាន​បង្គាប់​មក​មិនបានទេ ដែលថា​:“សូម្បីតែ​សត្វព្រៃ​ដែល​ប៉ះ​ភ្នំ​នេះ ក៏​ត្រូវ​គប់ដុំថ្មសម្លាប់#12:20 ឯកសារបុរាណខ្លះបន្ថែម “ឬចាក់ដោយលំពែង”។ដែរ”។#12:20 《និក្ខមនំ》 19:12-13។ 21ទិដ្ឋភាព​នោះ​គួរឲ្យភ័យខ្លាច​មែន បានជា​ម៉ូសេ​និយាយថា​:“ខ្ញុំ​ញ័ររន្ធត់ ដោយ​ភ័យខ្លាច​យ៉ាងខ្លាំង”។#12:21 《ទុតិយកថា》 9:19។ 22ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ចូលមក​ដល់​ភ្នំ​ស៊ីយ៉ូន និង​ទីក្រុង​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ គឺ​យេរូសាឡិម​នៃមេឃ ហើយ​បានមក​ដល់​ការជួបជុំ​របស់​បណ្ដា​ទូតសួគ៌​ដ៏ច្រើនរាប់មិនអស់ 23បានមក​ដល់​ក្រុមជំនុំ​នៃ​បណ្ដា​កូនច្បង​ដែល​ត្រូវបាន​ចុះបញ្ជី​នៅ​ស្ថានសួគ៌ បានមក​ដល់​ព្រះ​ដែលជា​ចៅក្រម​នៃ​មនុស្ស​ទាំងអស់ បានមក​ដល់​វិញ្ញាណ​របស់​បណ្ដា​មនុស្ស​សុចរិត​ដែល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍ 24បានមក​ដល់​ព្រះយេស៊ូវ​ដែលជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ថ្មី និង​បានមក​ដល់​ព្រះលោហិត​នៃ​ការប្រោះ ដែល​ប្រកាស​សេចក្ដី​ដែល​ប្រសើរ​ជាង​ឈាមរបស់​អេបិល​។
25ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​អ្នករាល់គ្នា​បដិសេធ​ព្រះអង្គ​ដែល​មានបន្ទូល​ឡើយ ដ្បិត​ប្រសិនបើ​អ្នកទាំងនោះ​គេចផុត​មិនបាន កាល​ពួកគេ​បដិសេធ​អ្នក​ដែល​បាន​ដាស់តឿន​ពួកគេ​នៅលើ​ផែនដី​ទៅហើយ ចុះ​ព្រះអង្គ​ដែល​ដាស់តឿនយើង​ពី​ស្ថានសួគ៌​វិញ តើ​យើង​រឹតតែ​បែរចេញ​ពីព្រះអង្គមិនបាន​អម្បាលម៉ាន​ទៅទៀត​! 26កាលនោះ ព្រះសូរសៀង​ព្រះអង្គ​បាន​ធ្វើឲ្យ​ផែនដី​រញ្ជួយ ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​សន្យា​ថា​‍:“យើង​នឹង​ធ្វើឲ្យរញ្ជួយ​ម្ដងទៀត មិនគ្រាន់តែ​ផែនដី​ប៉ុណ្ណោះទេ គឺ​ទាំង​ផ្ទៃមេឃ​ដែរ”។#12:26 《ហាកាយ》 2:6។ 27ពាក្យ “ម្ដងទៀត” បញ្ជាក់​អំពី​ការរើចេញ​របស់​អ្វីៗ​ដែល​ត្រូវបាន​ធ្វើឲ្យរញ្ជួយ នោះ​គឺ​អ្វីៗដែល​ត្រូវបាន​បង្កើត​មក ដើម្បីឲ្យ​អ្វីៗ​ដែល​មិនចេះរញ្ជួយ​បាន​នៅសល់​។ 28ដូច្នេះ ដោយ​យើង​បាន​ទទួល​អាណាចក្រ​ដែល​មិនចេះរញ្ជួយ ចូរឲ្យ​យើង​មាន​ចិត្តដឹងគុណ#12:28 ចូរ​ឲ្យ​យើងមានចិត្តដឹងគុណ―ឬ “ចូរ​ឲ្យ​យើងកាន់ខ្ជាប់នូវព្រះគុណ”។ ដែល​តាមរយៈ​ចិត្តដឹងគុណនេះ យើង​អាច​បម្រើ​ព្រះ​ឲ្យ​គាប់ព្រះហឫទ័យ​ព្រះអង្គ ដោយ​ជំនឿស៊ប់ និង​ការកោតខ្លាច​។ 29ជាការពិត ព្រះ​នៃយើង​ជា​ភ្លើង​ដែល​ឆេះសន្ធោសន្ធៅ​៕

ទើបបានជ្រើសរើសហើយ៖

ហេព្រើរ 12: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ