ភីលីព 4

4
1បង‌ប្អូន​ស្ងួន‌ភ្ងា ជា​ទី​រឭក ជា​ទី​ត្រេក‌អរ និង​ជា​មកុដ​របស់​ខ្ញុំ​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​ព្រះ‌អម្ចាស់​ចុះ ឱ​បង‌ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ។
ពាក្យ​ដាស់‌តឿន​ផ្សេងៗ
2ខ្ញុំ​សូម​ទូន្មាន​ដល់​នាង​អ៊ើរ៉ូ‌ឌា និង​នាង​ស៊ុន‌ទីច​ដែរ ឲ្យ​មាន​គំនិត​តែ​មួយ​ក្នុង​ព្រះ‌អម្ចាស់។ 3ហើយ​ខ្ញុំ​ក៏​សូម​ដល់​អ្នក ឱ​គូ​កន​ស្មោះ​ត្រង់​របស់​ខ្ញុំ​អើយ សូម​ជួយ​ស្ត្រី​ទាំង​ពីរ​នោះ ដែល​បាន​តតាំង​ជា​មួយ​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ផង ហើយ​លោក​ក្លេ‌មេន និង​គូ​កន​ខ្ញុំ​ផ្សេង​ទៀត ដែល​គេ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​ដែរ។
4ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ជា‌និច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង! 5ចូរ​សម្តែង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​សេចក្ដី​សម្លូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ។ 6កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង។ 7នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​ការ​គិត នឹង​ជួយ​ការពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។
8ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ ប្រសិន‌បើ​មាន​សគុណ និង​សេចក្ដី​សរសើរ​ណា ចូរ​ពិចារណា​ពី​សេចក្ដី​នោះ​ចុះ។ 9ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ និង​ឃើញ​ក្នុង​ខ្ញុំ​នោះ ចូរ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ​ចុះ ដូច្នេះ ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។
លោក​ប៉ុល​អរ​គុណ​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​ភីលីព
10ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ឡើង​វិញ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ជា‌និច្ច​ដែរ តែ​មិន​មាន​ឱកាស​សម្តែង​ពី​ទឹក​ចិត្ត​នោះ។ 11ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់‌ចិត្ត​ចំពោះ​អ្វី​ដែល​ខ្ញុំ​មាន។ 12ខ្ញុំ​ធ្លាប់​ទ្រាំ​ក្នុង​ការ​ចង្អៀត​ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីក‌រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​គ្រប់​សារពើ​ទាំង​អស់​ហើយ។ 13ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។ 14តែ​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ដល់​សេចក្ដី​កម្សត់​របស់​ខ្ញុំ នោះ​ប្រពៃ​ហើយ។
15ឱ​ពួក​ក្រុង​ភីលីព​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា កាល​ពី​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ ដែល​ខ្ញុំ​ទើប​នឹង​ចេញ​ពី​ស្រុក​ម៉ា‌សេ‌ដូន​មក នោះ​គ្មាន​ក្រុម​ជំនុំ​ណា​បាន​ប្រកប​នឹង​ខ្ញុំ អំពី​រឿង​ប្រាក់​ចំណាយ​ចំណូល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ។ 16ដ្បិត​កាល​ខ្ញុំ​ខ្វះ​ខាត​នៅ​ថែស្សា‌ឡូនីច នោះ​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​ជួយ​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត។ 17មិន​មែន​ខ្ញុំ​ចង់​តែ​បាន​ជំនួយ​ទេ តែ​ខ្ញុំ​រក​ផល​ប្រយោជន៍​សម្រាប់​អ្នក​រាល់​គ្នា​វិញ។ 18ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ា‌ប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ‌អង្គ​ទទួល ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។ 19ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​នឹង​បំពេញ​គ្រប់​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ 20សូម​ឲ្យ​ព្រះ ជា​ព្រះ‌វរ‌បិតា​នៃ​យើង បាន​ប្រកប​ដោយ​សិរី‌ល្អ​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។
ពាក្យ​ជម្រាប​សួរ និង​ពាក្យ​ប្រសិទ្ធ​ពរ​ចុង​ក្រោយ
21សូម​ជម្រាប​សួរ​ដល់​ពួក​បរិសុទ្ធ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​ផង ឯ​ពួក​បង‌ប្អូន​ដែល​នៅ​ជា​មួយ​ខ្ញុំ គេ​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។ 22ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា មាន​ពួក​អ្នក​នៅ​ដំណាក់​សេ‌សារ​ជា​ដើម ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ 23សូម​ឲ្យ​វិញ្ញាណ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

ភីលីព 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ