ភីលីព 3

3
ការ​រស់​នៅ​ដោយ​សុចរិត
1ម្យ៉ាង​ទៀត បង‌ប្អូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ចុះ ខ្ញុំ​មិន​ធុញ​ទ្រាន់​ក្នុង​ការ​សរសេរ​សេចក្ដី​ដដែលៗ ផ្ញើ​មក​អ្នក​រាល់​គ្នា ហើយ​ក៏​ជួយ​ដល់​អ្នក​រាល់​គ្នា​ដែរ។ 2ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ព្រម​ទាំង​ពួក​កាត់​ស្បែក​ក្លែង​ក្លាយ​ផង។ 3ដ្បិត​យើង​ជា​ពួក​កាត់​ស្បែក​ពិត​ប្រាកដ ដែល​ថ្វាយ​បង្គំ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​ពី​ព្រះ‌គ្រីស្ទ‌យេស៊ូវ ឥត​ទុក​ចិត្ត​នឹង​សាច់​ឈាម​ឡើយ។ 4តាម​ពិត ខ្ញុំ​ក៏​មាន​ហេតុ​នឹង​ទុក​ចិត្ត​ខាង​សាច់​ឈាម​ខ្លះ​ដែរ។ បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន​នោះ ខ្ញុំ​លើស​ជាង​អ្នក​នោះ​ទៅ​ទៀត។ 5ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​ប្រាំបី ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ជា​សាសន៍​ហេព្រើរ កើត​ពី​ពួក​ហេព្រើរ ឯ​ខាង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិ‌ស៊ី 6ខាង​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ក្រុម​ជំនុំ ចំណែក​ខាង​សេចក្តី​សុចរិត​ក្នុង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ។
7តែ​អ្វីៗ​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន​នោះ ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ព្រោះ​តែ​ព្រះ‌គ្រីស្ទ។ 8លើស​ពី​នេះ​ទៀត ខ្ញុំ​រាប់​អ្វីៗ​ទាំង​អស់​ទុក​ដូច​ជា​ខាត ដោយ​សារ​តែ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ។ ដោយ​យល់​ដល់​ព្រះ‌អង្គ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​ខ្ញុំ​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ព្រះ‌គ្រីស្ទ​វិញ 9និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌អង្គ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​នោះ​ទេ តែ​ដោយ​សារ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ គឺ​ជា​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សារ​ជំនឿ។ 10ខ្ញុំ​ចង់​ស្គាល់​ព្រះ‌គ្រីស្ទ និង​ព្រះ‌ចេស្តា​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះ‌អង្គ ព្រម​ទាំង​រួម​ចំណែក​ក្នុង​ការ​រង​ទុក្ខ ដូច​ជា​ព្រះ‌អង្គ​រងទុក្ខ​ក្នុង​ការ​សុគត​ដែរ 11ប្រសិន‌បើ​អាច​បាន ខ្ញុំ​ចង់​ឲ្យ​មាន​ជីវិត​រស់​ពី​ស្លាប់​ឡើង​វិញ។
ការ​សង្វាត​ឆ្ពោះ​ទៅ​គោល​ដៅ
12មិន​មែន​ថា ខ្ញុំ​បាន​ទទួល ឬ​ថា ខ្ញុំ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ តែ​ខ្ញុំ​កំពុង​តែ​សង្វាត​នឹង​ដេញ​តាម​ចាប់​ឲ្យ​បាន​សេចក្ដី​ដែល​ព្រះ‌គ្រីស្ទ‌យេស៊ូវ​បាន​ចាប់​ខ្ញុំ​បាន​នោះ​ដែរ។ 13បង‌ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​បំណង​មួយ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​រក​អ្វីៗ​ខាង​មុខ​ទៀត 14ទាំង​រត់​តម្រង់​ទៅ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ពី​ស្ថាន​ដ៏​ខ្ពស់ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ 15ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​ពេញ​វ័យ​ហើយ យើង​ត្រូវ​មាន​គំនិត​បែប​នោះ​ដែរ តែ​បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្ដី​នេះ​ដែរ។ 16ទោះ​បើ​បាន​ដល់​ត្រឹម​ណា​ក៏​ដោយ យើង​ត្រូវ​តែ​កាន់​ខ្ជាប់​តាម​ច្បាប់​នេះ។
17បង‌ប្អូន​អើយ ចូរ​ត្រាប់​តាម​ខ្ញុំ ហើយ​ពិចារណា​មើល​ឲ្យ​ស្គាល់​ពួក​អ្នក​ដែល​រស់​នៅ​ដូច​ជា​យើង​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា​ចុះ។ 18ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ថា គេ​រស់​នៅ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះ‌គ្រីស្ទ​ទេ។ 19ទី​បំផុត គេ​នឹង​ត្រូវ​ហិន​វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ​ទុក​ជា​សិរី‌ល្អ គេ​គិត​តែ​ពី​អ្វីៗ​នៅ​ផែនដី​នេះ​ប៉ុណ្ណោះ។ 20ប៉ុន្តែ យើង​ជា​សាសន៍​ស្ថាន‌សួគ៌ ហើយ​នៅ​រង់​ចាំ​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​វិញ។ 21ព្រះ‌អង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​ព្រះកាយ​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ដែល​បង្ក្រាប​គ្រប់​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

ភីលីព 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ