កិច្ចការ 5

5
លោក​អាណា‌នាស និង​នាង​សា‌ភីរ៉ា
1ប៉ុន្តែ មាន​បុរស​ម្នាក់​ឈ្មោះ​អាណា‌នាស ប្រពន្ធ​ឈ្មោះ​សា‌ភីរ៉ា បាន​នាំ​គ្នា​លក់​របស់​ទ្រព្យ​ខ្លួន​ដែរ 2ហើយ​គាត់​បាន​លាក់​ប្រាក់​នោះ​ទុក​ខ្លះសម្រាប់​ខ្លួន​ឯង ដោយ​ប្រពន្ធ​របស់​គាត់​ក៏​ដឹង​ឮដែរ រួច​នាំ​យក​មួយ​ចំណែក​មក​ដាក់​នៅ​ទៀប​ជើង​ពួក​សាវក។ 3លោក​ពេត្រុស​សួរ​ថា៖ «អាណា‌នាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​កុហក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​លាក់​ប្រាក់​លក់​ដី​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង​ដូច្នេះ? 4កាល​ដី​នោះ​មិន​ទាន់​លក់​នៅ​ឡើយ តើ​ដីនោះ​មិន​មែន​ជា​របស់​អ្នក​ទេ​ឬ? ហើយ​ក្រោយ​ពី​លក់​ទៅ តើ​ប្រាក់​នោះមិន​នៅ​ក្នុង​អំណាច​របស់​អ្នក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​អ្នក​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ? នេះ​មិន​មែន​កុហក​មនុស្ស​ទេ គឺ​កុហក​ព្រះ​ទេតើ!»។ 5កាល​អាណា‌នាស​បាន​ឮ​ពាក្យ​នោះ គាត់​ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ ហើយ​អស់​អ្នក​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​មាន​ការ​ស្ញែង​ខ្លាច។ 6ពួក​យុវជន​ក្រោក​ឡើង រុំ​សព​របស់​គាត់ ហើយ​សែង​ចេញ​យក​ទៅ​កប់។
7ប្រហែល​ជា​បី​ម៉ោង​ក្រោយ​មក ប្រពន្ធ​របស់​គាត់​ក៏​ចូល​មក ដោយ​មិន​ដឹង​ថា​មាន​ហេតុ‌ការណ៍​ដែល​កើតឡើង​ទេ។ 8លោក​ពេត្រុស​សួរ​នាង​ថា៖ «សូម​ប្រាប់​ខ្ញុំមើល៍ តើ​អ្នក​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណឹង​មែន​ឬ?» នាង​ឆ្លើយ​តប​ថា៖ «ចាស៎ បាន​ប្រាក់​ប៉ុណ្ណឹង​មែន»។ 9ពេល​នោះ លោក​ពេត្រុស​មាន​ប្រសាសន៍ទៅ​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ព្រម​ព្រៀង​គ្នា​ល្បង​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? មើល​ហ្ន៎ ជើង​អស់​អ្នក​ដែល​បញ្ចុះ​សព​ប្តី​របស់​នាង នៅនឹង​មាត់​ទ្វារ​ស្រាប់​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។ 10រំពេច​នោះ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក​ពេត្រុស ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។ ពេល​ពួក​យុវជន​ចូល​មក ឃើញ​នាង​ស្លាប់​ដូច្នេះ គេ​ក៏​សែង​យក​សព​នាង​ទៅកប់ នៅ​ក្បែរ​សព​ប្តី​របស់នាង។ 11ក្រុម​ជំនុំ​ទាំង​មូល និង​អស់​អ្នក​ដែល​ឮ​ពី​ហេតុ‌ការណ៍​នេះ មាន​ការ​ស្ញែង​ខ្លាច​ជា​ខ្លាំង។
ពួក​សាវក​ប្រោស​ជំងឺ​មនុស្ស​ជា​ច្រើន​ឲ្យ​ជា
12មាន​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ជា​ច្រើន​កើត​ឡើង​ក្នុង​ចំណោម​ប្រ‌ជាជន តាម​រយៈ​ពួក​សាវក ហើយ​គេ​ទាំង​អស់​មូល​ចិត្ត​គ្នាតែ​មួយ នៅ​ក្នុង​ថែវ​ព្រះបាទ​សាឡូ‌ម៉ូន 13អ្នក​ឯ​ទៀតៗ មិន​ហ៊ាន​ចូល​រួម​ជាមួយ​ពួក​គេ​ឡើយ តែ​ប្រជា‌ជន​កោត​សរសើរពួក​គេជា​ខ្លាំង។ 14អស់​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ‌អម្ចាស់ បាន​កើន​ឡើងជា​លំដាប់ គឺ​មាន​មនុស្ស​ជាច្រើន ទាំង​ប្រុស​ទាំង​ស្រី 15ដល់​ម៉្លេះ​បាន​ជា​គេ​យក​មនុស្សដែល​មាន​ជំងឺ​ផ្សេងៗ មក​ដាក់​នៅ​តាម​ផ្លូវ ឲ្យ​ដេក​លើ​គ្រែស្នែង លើកន្ទេល ដើម្បី​កាល​ណា​លោក​ពេត្រុស​ដើរ​កាត់ យ៉ាង​ហោច​ណាស់​ក៏​ស្រមោល​របស់​លោក បាំង​ទៅ​លើ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​ដែរ។ 16មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ក្រុង​យេរូ‌សាឡិម បាន​នាំ​គ្នា​យក​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូលមក​ជាមួយ ហើយ​គេ​បាន​ជាទាំងអស់​គ្នា។
ពួក​សាវក​ត្រូវ​គេ​បៀត​បៀន
17ពេល​នោះ សម្តេច​សង្ឃ និង​អស់​អ្នក​នៅ​ជា‌មួយ​លោក ដែល​ជា​ពួក​សាឌូ‌ស៊ី បាន​លើក​គ្នា​ប្រឆាំង ហើយ​ដោយ​ព្រោះ​មាន​ពេញ​ដោយ​ចិត្ត​ច្រណែន 18គេ​ក៏​ចាប់​ពួក​សាវក​យក​ទៅ​ឃុំឃាំង​នៅ​ក្នុង​គុក​សាធារណៈ។ 19ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​មួយ​រូប​របស់​ព្រះ‌អម្ចាស់​បាន​មក​បើក​ទ្វារ​គុក នាំ​ពួក​លោក​ចេញ ហើយ​ប្រាប់​ថា៖ 20«ចូរ​ទៅ​ឈរ​ក្នុង​ព្រះ‌វិហារ ហើយ​ប្រកាស​ឲ្យ​ប្រជា‌ជនស្ដាប់ គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ជីវិត​នេះ​ទៅ»។ 21កាល​បាន​ឮ​ដូច្នេះ ពួក​លោក​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​តាំង​ពីព្រលឹម ហើយ​ចាប់​ផ្ដើម​បង្រៀន។
ពេល​សម្តេច​សង្ឃ និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ​លោក​មក​ដល់ គេ​ហៅ​ក្រុម‌ប្រឹក្សា និង​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់មក​ជួប​ជុំ​គ្នា រួច​ចាត់​គេឲ្យ​ទៅ​ឯ​គុក ដើម្បី​នាំ​ពួក​សាវក​មក។ 22ប៉ុន្ដែ កាល​ពួក​កង​រក្សា​ព្រះ​វិហារ​បាន​ទៅ​ដល់​ទីនោះ គេ​មិន​ឃើញ​ពួក​សាវក​នៅ​ក្នុង​គុក​ទេ ដូច្នេះ គេ​ក៏​ត្រឡប់​មក​វិញ ហើយ​រាយការណ៍​ថា៖ 23«យើង​ខ្ញុំ​បាន​ឃើញ​គុក​នៅ​បិទ​ទ្វារ​ជាប់ ហើយ​អ្នក​យាម​ក៏​ឈរ​នៅ​មាត់​ទ្វារ​ដែរ តែ​ពេល​បើក​ទ្វារ​ទៅ យើង​មិន​ឃើញ​មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​នោះ​សោះ»។ 24ពេល​មេទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​សង្គ្រាជ​ឮ​ដូច្នេះ ពួកគេ​ក៏​វិល​វល់​ក្នុង​ចិត្តអំពីពួកសាវក ដោយ​ឆ្ងល់​ពី​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។ 25ពេល​នោះ មាន​ម្នាក់​ចូល​មកប្រាប់​ពួក​គេ​ថា៖ «មើល៍! ពួកអ្នក​ដែល​លោក​បាន​ដាក់​គុក​នោះ កំពុង​តែ​ឈរ​បង្រៀន​ប្រ‌ជាជន នៅ​ក្នុង​ព្រះ‌វិហារ​ឯណោះ!»។ 26ពេលនោះ មេទ័ព និង​ពួក​កង​រក្សាព្រះ​វិហារ ក៏​ទៅ​នាំ​ពួក​សាវក​មក តែ​មិន​មែន​ដោយ​អំពើ​ឃោរ​ឃៅឡើយ ដ្បិត​គេ​ខ្លាច​ប្រ‌ជាជន​គប់​គេ​នឹង​ដុំថ្ម។
27កាល​គេ​បាន​នាំ​ពួក​សាវក​មក គេ​ឲ្យ​ពួក​លោកឈរ​នៅ​មុខ​ក្រុម‌ប្រឹក្សា។ សម្តេច​សង្ឃ​សួរ​ពួក​លោក​ថា៖ 28«យើង​បាន​ហាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​បង្រៀន​ពេញ​ក្រុង​យេរូ‌សាឡិម ហើយ​អ្នក​រាល់​គ្នាចង់ទម្លាក់​ឈាម​បុរស​នោះ មក​លើ​យើង​ទៀត​ផង»។ 29ប៉ុន្ដែ លោក​ពេត្រុស និង​សាវក​ឯ​ទៀតឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។ 30ព្រះ​នៃបុព្វ​បុរស​របស់​យើង ទ្រង់​បាន​ប្រោស​ព្រះ‌យេស៊ូវ ដែល​អស់​លោក​បាន​សម្លាប់ ដោយ​ព្យួរ​នៅ​លើ​ឈើនោះ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ 31ព្រះ‌បាន​តម្កើង​ព្រះ​យេស៊ូវ​ឡើង ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ប្រទាន​ការ​ប្រែ​ចិត្តដល់​សាសន៍​អ៊ីស្រា‌អែល និងការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។ 32យើង​ខ្ញុំ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​ទាំងនេះ ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ព្រះ‌អង្គ ក៏​ជា​បន្ទាល់​ពី​ហេតុការ​ណ៍​ទាំង​នេះ​ដែរ»។
33កាល​ក្រុម‌ប្រឹក្សា​បាន​ឮដូច្នេះ គេ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជា​ខ្លាំង ហើយ​ចង់​សម្លាប់​ពួក​សាវក​ទៀត​ផង។ 34ប៉ុន្តែ មាន​បុរស​ខាង​ផារិ‌ស៊ី​ម្នាក់នៅ​ក្នុង​ក្រុម​ប្រឹក្សា ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​ប្រជាជន​គោរព​គ្រប់​គ្នា ក្រោក​ឈរ​ឡើង ហើយ​បង្គាប់​ឲ្យ​នាំ​ពួក​សាវក​ទៅ​ខាង​ក្រៅ​បន្តិច​សិន។ 35បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅគេ​ថា៖ «បង‌ប្អូន​អ៊ីស្រា‌អែល​អើយ ចូរ​ប្រយ័ត្ន​ចំពោះ​អំពើ​ដែល​បង‌ប្អូនប៉ង​នឹង​ធ្វើ​ដល់​អ្នក​ទាំង​នេះ។ 36ដ្បិត​ពេល​ថ្មីៗ​នេះ មាន​ឈ្មោះ​ធើដាស បាន​តាំង​ខ្លួន​ឡើង ដោយ​ប្រកាស​ថា​ខ្លួន​ជា​វីរជន មាន​មនុស្ស​ប្រមាណ​ជា​បួន​រយ​នាក់​បាន​ចូល​រួម​ជាមួយ​គាត់ តែគាត់​ត្រូវ​គេ​សម្លាប់ ហើយ​ពួក​អ្នក​ទាំង​ប៉ុន្មានដែល​ចូល​ដៃ​ជាមួយ​គាត់ ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​គ្មាន​សល់។ 37បន្ទាប់​មក នៅ​គ្រា​ជំរឿន​ប្រជា‌ជន មាន​យូដាស ជា​អ្នក​ស្រុក​កាលី‌ឡេ បាន​តាំង​ខ្លួន​ឡើង​ម្នាក់​ទៀត ហើយ​បាន​បញ្ចុះ​បញ្ចូល​មនុស្ស​ខ្លះ​ឲ្យ​ទៅ​តាម​គាត់។ គាត់​ក៏​វិនាស​បាត់​ទៅ​ដែរ ហើយ​អស់​អ្នក​ដែល​ចូល​ដៃ​ជាមួយគាត់​ទាំង​ប៉ុន្មាន ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​អស់។ 38ដូច្នេះ ក្នុង​ករណី​នេះ ខ្ញុំសូម​ទូន្មាន​បង‌ប្អូន​ថា ចូរ​ដក​ខ្លួន​ចេញ​ពី​អ្នក​ទាំង​នេះ​ទៅ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​ប្រសិន‌បើ​គម្រោង‌ការ​នេះ ឬ​ការ​ដែល​គេ​ធ្វើ​នេះ​មក​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​មិន​ខាន 39តែ​ប្រសិន‌បើ​មក​ពី​ព្រះ​វិញ នោះ​បង‌ប្អូន​ពុំ​អាច​នឹង​បំផ្លាញ​គេ​បាន​ទេ ក្រែង​បង‌ប្អូន​ជាប់​ទោស​ជា​អ្នក​ប្រឆាំង​នឹង​ព្រះ!»
ដូច្នេះ គេ​ក៏​យល់​ព្រម​តាម​គំនិត​របស់​លោក 40ហើយ​កាល​គេ​បាន​ហៅ​ពួក​សាវក​មក​វិញ គេ​ក៏​បញ្ជា​ឲ្យ​វាយ​ពួក​លោក​នឹង​រំពាត់ ហើយ​ហាម​មិន​ឲ្យ​និយាយ​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត រួច​ក៏​ដោះ​លែង​ពួកលោក​ឲ្យ​ចេញ​ទៅ។ 41ពេល​នោះ ពួក​សាវក​ក៏​ចេញ​ពី​ក្រុម​ប្រឹក្សា​ដោយ​អរ​សប្បាយ ព្រោះ​ព្រះ​បាន​រាប់គេ​ជា​អ្នក​ស័ក្តិ‌សម​នឹង​រង​ដំនៀល ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌យេស៊ូវ។ 42រាល់​ថ្ងៃ អ្នក​ទាំង​នោះ​តែង​បង្រៀន និង​ប្រកាស​ថា ព្រះ‌យេស៊ូវ ជា​ព្រះ‌គ្រីស្ទ នៅ​ក្នុង​ព្រះ‌វិហារ និង​នៅ​តាម​ផ្ទះ ឥត​ឈប់​ឈរ។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ