កិច្ចការ 4

4
លោក​ពេត្រុស និង​លោក​យ៉ូហាន​នៅ​មុខ​ក្រុម​ប្រឹក្សា
1ពេល​លោក​ពេត្រុស និង​លោក​យ៉ូហាន កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រ‌ជាជន​នៅ​ឡើយ នោះ​ពួក​សង្ឃ មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​សាឌូ‌ស៊ីក៏​មក​ដល់។ 2ពួក​គេ​ទាស់​ចិត្តនឹង​ពួក​សាវក​បង្រៀន​ប្រ‌ជាជន ហើយ​ប្រកាស​ថា នៅ​ក្នុង​ព្រះ​យេស៊ូវ​នឹង​មាន​ការ​រស់​ពី​ស្លាប់​ឡើង​វិញ។ 3គេ​ក៏​ចាប់​អ្នក​ទាំង​ពីរ នាំ​ទៅ​ឃុំ​ទុក រហូត​ដល់​ថ្ងៃ​បន្ទាប់ ដ្បិត​ពេល​នោះ ល្ងាច​ណាស់​ហើយ។ 4ប៉ុន្តែ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ ហើយ​ចំនួន​បុរស​កើន​ឡើង មាន​ប្រមាណ​ជា​ប្រាំ​ពាន់​នាក់។
5លុះ​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម 6ជាមួយ​លោក​អាណ ជា​សម្តេច​សង្ឃ លោក​កៃផា លោក​យ៉ូហាន លោក​អ័លេ‌ក្សាន‌ត្រុស និង​ក្រុម​គ្រួ​សារ​របស់​សម្តេច​សង្ឃទាំង​អស់។ 7កាល​គេ​បាន​នាំ​អ្នក​ទាំង​ពីរ មក​ឈរ​នៅ​កណ្តាល​ចំណោម​ហើយ គេ​សួរ​ថា៖ «តើ​អ្នក​ធ្វើ​ការ​នេះអាងលើ​អំណាច​អ្វី ឬដោយ​ឈ្មោះ​អ្នក​ណា?» 8ពេល​នោះ លោក​ពេត្រុស ដែល​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ លោកមាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​នាម៉ឺន​របស់​ប្រជា‌ជន និង​ពួក​ចាស់​ទុំ​អើយ 9ប្រសិន‌បើ​អស់​លោក​សួរ​យើង​ខ្ញុំនៅ​ថ្ងៃ​នេះ ពី​ការ​ល្អដែល​បាន​ធ្វើ​ដល់​បុរស​ពិការ​ម្នាក់ ថាគាត់​បាន​ជា​ដោយ​របៀប​ណា 10នោះ​សូម​អស់​លោក និង​ប្រ‌ជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ជ្រាប​ថា ដែល​បុរស​នេះ​បាន​ជា ហើយ​ឈរ​នៅ​មុខ​អស់​លោក គឺ​ដោយ​សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​អស់​លោក​បាន​ឆ្កាង តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពីស្លាប់​ឡើង​វិញ។ 11ព្រះ‌យេស៊ូវ​នេះ​ជា "ថ្ម​ដែល​អស់​លោកជា​ជាង​សង់​ផ្ទះ​បាន​បោះ​ចោល ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ" ។ 12គ្មាន​ការ​សង្គ្រោះ​ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ទៀត​ដែល​ព្រះ​បាន​ប្រទាន​មក​មនុស្ស​លោក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ»។
13កាល​អស់​លោក​ទាំង​នោះ ឃើញ​សេចក្ដី​ក្លាហាន​របស់​លោក​ពេត្រុស និង​លោក​យ៉ូហាន ហើយ​ដឹង​ច្បាស់​ថា អ្នក​ទាំង​ពីរ​ជា​មនុស្ស​មិន​ដែល​បាន​រៀន​សូត្រ និង​ជា​មនុស្ស​សាមញ្ញ អស់​លោក​ទាំង​នោះ​ក៏​មាន​សេចក្ដី​អស្ចារ្យ ហើយ​ទទួល​ស្គាល់​ថា អ្នក​ទាំង​ពីរ​ធ្លាប់​នៅ​ជា‌មួយ​ព្រះ‌យេស៊ូវ។ 14ប៉ុន្ដែ ដោយ​ឃើញ​បុរស​ដែល​បាន​ជា​នោះ ឈរ​នៅ​ជា‌មួយ​អ្នក​ទាំង​ពីរ អស់​លោក​ទាំង​នោះ គ្មាន​ពាក្យ​ណា​នឹង​ឆ្លើយ​តប​បាន​សោះ។ 15ដូច្នេះ គេ​ក៏​បញ្ជា​ឲ្យ​អ្នក​ទាំង​ពីរ​ចេញ​ពី​ក្រុម‌ប្រឹក្សា​នោះ​ទៅ ហើយ​គេ​ពិគ្រោះ​គ្នា​ថា៖ 16«តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​គេ​បាន​ធ្វើ​ទី​សម្គាល់​យ៉ាង​អស្ចារ្យ មនុស្ស​គ្រប់​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម​ក៏​បាន​ឃើញ​ច្បាស់ ហើយ​យើង​ក៏​មិន​អាច​ប្រកែក​បាន​ផង។ 17ប៉ុន្ដែ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ឮ​សុសសាយ​ដល់​ប្រ‌ជាជន សូម​យើង​ហាម​គេ កុំ​ឲ្យ​គេ​និយាយ​ប្រាប់​អ្នក​ណា ក្នុង​នាម​នេះ​ទៀត»។ 18ដូច្នេះ គេ​ក៏​ហៅ​អ្នក​ទាំង​ពីរ​មក ហើយ​ហាម​មិន​ឲ្យ​និយាយ ឬ​បង្រៀនក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ជា​ដាច់ខាត។ 19ប៉ុន្ដែ លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឆ្លើយ​ទៅ​អស់​លោក​ទាំង​នោះ​ថា៖ «នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ តើ​គួរ​ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាមអស់​លោក ជា​ជាង​ស្តាប់​តាម​ព្រះឬ? សូមអស់​លោក​ពិចារណា​ចុះ 20ដ្បិត​យើង​ខ្ញុំ​មិន​អាច​ឈប់​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ និង​ឮ​នោះ​បាន​ឡើយ»។ 21បន្ទាប់​ពី​បាន​គំរាម​សាជា​ថ្មី​ម្ដង​ទៀត​រួច​ហើយ គេ​ក៏​ដោះ​លែងអ្នក​ទាំង​ពីរ​ឲ្យ​ទៅ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​លោក​មិន​បាន ព្រោះ​តែ​បណ្ដាជន ដ្បិត​ទាំង​អស់​គ្នា​កំពុង​សរសើរ​តម្កើង​ដល់​ព្រះ ពី​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។ 22រីឯ​បុរស​ដែល​បាន​ទទួល​ទី​សម្គាល់​នៃ​ការ​ប្រោសឲ្យ​ជា​នេះ គាត់​មាន​អាយុ​ជាង​សែសិប​ឆ្នាំ​ហើយ។
ពួក​អ្នក​ជឿ​អធិស្ឋាន​សុំ​សេចក្ដី​ក្លាហាន
23ក្រោយ​ពី​បាន​រួច​ខ្លួន​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​ទៅជួប​មិត្ត​សម្លាញ់​របស់​ខ្លួន ហើយ​រៀប​រាប់​ប្រាប់​ពី​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​បាន​និយាយ។ 24កាល​ពួក​គេ​បាន​ឮ​ដូច្នោះ គេ​ក៏​បន្លឺ​សំឡេង​ឡើង​ព្រម​គ្នា ទូល​ព្រះ​ថា «ឱ​ព្រះ​ជា​ម្ចាស់​ដ៏​ធំ​បំផុត​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​ទាំង​អស់​នៅ​ទី​ទាំង​នោះ 25ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ដោយ​សារ​មាត់​របស់​ព្រះ‌បាទ​ដាវីឌ បុព្វ​បុរស​របស់​យើង ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា "ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល​ជ្រើម​ឡើង ហើយ​ជន​ជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ? 26ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ប្រុង​ប្រៀប​ខ្លួន ឯ​ពួក​មេ​គ្រប់​គ្រង​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ‌អម្ចាស់ ហើយ​ទាស់​នឹង​ព្រះ‌គ្រីស្ទ របស់​ព្រះ‌អង្គ "។ 27ប្រាកដ​មែន នៅ​ក្នុង​ក្រុង​នេះ ស្តេច​ហេរ៉ូឌ និង​លោក​ប៉ុនទាស‌ពីឡាត់ បាន​ប្រជុំ​គ្នា ហើយ​ពួក​សាសន៍​ដទៃ និង​សាសន៍​អ៊ីស្រា‌អែល ទាស់​នឹង​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង 28ដើម្បី​ធ្វើ​អ្វីៗ​ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ និង​គម្រោង‌ការ​របស់​ព្រះ‌អង្គ បាន​កំណត់​ទុក​ឲ្យ​កើត​ឡើង។ 29ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​ការ​គំរាម​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​បាវ​បម្រើ​ព្រះ‌អង្គ បាន​ថ្លែង​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ដោយ​សេចក្ដី​ក្លា‌ហាន​ផង 30ក្នុង​កាល​ដែល​ព្រះ‌អង្គ​លូក​ព្រះ‌ហស្ត​ប្រោស​ឲ្យ​បាន​ជា និង​ទី​សម្គាល់ ការ​អស្ចារ្យ​ដែល​បាន​កើត​ឡើង ដោយ​សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់ព្រះ‌អង្គ»។ 31កាល​គេ​បាន​អធិស្ឋាន​រួច​ហើយ កន្លែង​ដែល​គេ​ប្រជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា ហើយគេ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះដោយ​ចិត្ត​ក្លា‌ហាន។
ពួក​អ្នកជឿ​ចែកចាយ​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន
32ឥឡូវ​នេះ ចំនួន​មនុស្ស​ទាំង​អស់​ដែល​បាន​ជឿ គេ​មាន​ចិត្ត​គំនិត​តែ​មួយ គ្មាន​អ្នក​ណា​ប្រកាន់​ថា អ្វីៗ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​នោះ​ទេ គឺ​គេ​យកអ្វីៗ​ដែល​ខ្លួន​មាន​មក​ដាក់​ជា​សម្បត្តិ​រួម។ 33ពួក​សាវក​បាន​ធ្វើ​បន្ទាល់​ដោយ​ព្រះ‌ចេស្តា​យ៉ាង​ខ្លាំង ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់‌យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះ‌គុណ​យ៉ាង​ខ្លាំង​សណ្ឋិត​លើ​ពួកគេ​ទាំង​អស់​គ្នា។ 34នៅ​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​អស់​អ្នក​ណា​ដែល​មាន​ដី មាន​ផ្ទះ គេ​បាន​លក់​យក​ប្រាក់ 35មក​ដាក់​នៅ​ទៀប​ជើង​ពួក​សាវក ហើយ​ចែក​ដល់​ម្នាក់​ៗ​តាម​ត្រូវ​ការ។ 36មាន​លេវី​ម្នាក់ ឈ្មោះ​យ៉ូសេប ស្រុក​កំណើត​នៅ​កោះ​គីប្រុស ដែល​ពួក​សាវក​ហៅ​ថា បាណា‌បាស (ដែល​ប្រែថា កូននៃ​ការ​លើក​ទឹក​ចិត្ត) 37គាត់បាន​លក់​ចម្ការ​របស់​គាត់​មួយ​កន្លែង ហើយ​យក​ប្រាក់​មកដាក់​នៅ​ទៀបជើង​ពួក​សាវក។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ