សុភាសិត 3

3
1កូន​អើយ កុំ​ឲ្យ​ភ្លេច​ឱវាទ​អញ​ឡើយ គួរ​ឲ្យ​ចិត្ត​ឯង​កាន់​តាម​បណ្តាំ​របស់​អញ​ទាំង​ប៉ុន្មាន 2ដ្បិត​សេចក្ដី​ទាំង​នោះ​នឹង​បន្ថែម​ឲ្យ​ឯង​បាន​ថ្ងៃ​វែង នឹង​អាយុ​យឺន‌យូរ ព្រម​ទាំង​សេចក្ដី​សុខ​ផង 3កុំ​ឲ្យ​សេចក្ដី​មេត្តា នឹង​សេចក្ដី​ពិត​ចេញ​ពី​ឯង​បាត់​ឡើយ ចូរ​ចង​សេចក្ដី​ទាំង​២​នោះ​នៅ​ក​ឯង​ចុះ ហើយ​ចារឹក​ទុក​នៅ​ដួង​ចិត្ត​ឯង​ដែរ 4យ៉ាង​នោះ ឯង​នឹង​បាន​ប្រកប​ដោយ​គុណ នឹង​បំណង​ល្អ​ចំពោះ​ព្រះ ហើយ​នឹង​មនុស្ស​ផង 5ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ 6ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង 7កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ទៅ 8នោះ​នឹង​បាន​ជា​សេចក្ដី​សុខ​ស្រួល​ដល់​សរសៃ​ឯង ហើយ​ជា​ធាតុ​សើម​ដល់​ឆ្អឹង​ឯង 9ចូរ​ថ្វាយ​កិត្តិ‌នាម​ដល់​ព្រះ‌យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្តិ ហើយ​នឹង​ផល​ដំបូង ពី​សេចក្ដី​ចំរើន​របស់​ឯង​ទាំង​អំបាល‌ម៉ាន​ចុះ 10យ៉ាង​នោះ អស់​ទាំង​ជង្រុក​ឯង​នឹង​បាន​ពេញ​បរិបូរ ឯ​អស់​ទាំង​ធុង​ឯង នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​ហូរ‌ហៀរ​ផង 11កូន​អើយ កុំ​ឲ្យ​មើល‌ងាយ​សេចក្ដី​ប្រៀន​របស់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​ណាយ​ចិត្ត​នឹង​សេចក្ដី​បន្ទោស​របស់​ទ្រង់​ដែរ 12ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់ នោះ​ទ្រង់​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ។
13សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់ 14ដ្បិត​ការ​ដែល​បាន នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កំរៃ​អំពី​នោះ​មក​ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង 15ប្រាជ្ញា​នោះ​មាន​ដំឡៃ​ជា​ជាង​ត្បូង​ទទឹម ឥត​មាន​របស់​ណា​ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ 16មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ នឹង​កិត្តិសព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ 17អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ​ក៏​ជា​សេចក្ដី​សុខ​ដែរ 18ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ 19ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ​ដោយ‌សារ​យោបល់​ដែរ 20ដោយ‌សារ​ព្រះ‌ដំរិះ​ទ្រង់ នោះ​អស់​ទាំង​ទី​ជំរៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក។
21កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ​ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រយោជន៍ នឹង​គំនិត​វាង‌វៃ​ចុះ 22ដូច្នេះសេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត​ដល់​ព្រលឹង​ឯង ហើយ​ជា​គ្រឿង​លំអ​នៅ​ក​ឯង 23នោះ​ឯង​នឹង​បាន​ដើរ​តាម​ផ្លូវ​ឯង ដោយ​សេចក្ដី​សុខ ហើយ​ជើង​ឯង​នឹង​មិន​ចំពប់​ឡើយ 24កាល​ណា​ឯង​ដេក​ទៅ នោះ​នឹង​គ្មាន​ភ័យ​ខ្លាច​អ្វី​សោះ អើ ឯង​នឹង​ដេក​ទៅ ហើយ​លក់​ស្រួល 25កុំ​ឲ្យ​នឹក​ខ្លាច ក្រែង​លោ​មាន​ហេតុ​ភ័យ​កើត​មក​ឆាប់​ភ្លាម​នោះ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ការ​ហិន‌វិនាស​របស់​មនុស្ស​អាក្រក់ ក្នុង​កាល​ដែល​កើត​មក​នោះ​ដែរ 26ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ទុក​ចិត្ត​ដល់​ឯង ទ្រង់​នឹង​រក្សា​ជើង​ឯង​មិន​ឲ្យ​ត្រូវ​ជាប់​ឡើយ។
27កាល​ណា​ឯង​មាន​កំឡាំង​ដៃ​អាច​ធ្វើ​គុណ​ឲ្យ​អ្នក​ណា​ដែល​គួរ​ផ្តល់​ឲ្យ នោះ​កុំ​ឲ្យ​បង្ខាំង​ទុក​ឡើយ 28បើ​កាល​ណា​ឯង​មាន​របស់​អ្វី​នៅ​ជិត​ឯង ដែល​អ្នក​ជិត​ខាង​ត្រូវ​ការ នោះ​កុំ​ឲ្យ​និយាយ​ឡើយ​ថា ទៅ​សិន​ចុះ ស្អែក​សឹម​មក នោះ​ខ្ញុំ​នឹង​ឲ្យ 29កុំ​ឲ្យ​បង្កើត​ការ​អាក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ឯង ដែល​អាស្រ័យ​នៅ​ជិត​ឯង​ដោយ​សុខ‌សាន្ត​នោះ​ឡើយ 30បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​ឯង នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ 31កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​ឲ្យ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ 32ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ នោះ​ទ្រង់​ជា​មិត្រ​នឹង​គេ​វិញ 33សេចក្ដី​បណ្តាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អាក្រក់ តែ​ទ្រង់​ប្រទាន​ពរ​ដល់​ទី​លំនៅ​របស់​មនុស្ស​សុចរិត​វិញ 34ទ្រង់​តែង​មើល‌ងាយ​ដល់​ពួក​អ្នក​ដែល​មើល‌ងាយ តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ចំពោះ​មនុស្ស​រាបសា​វិញ 35មនុស្ស​ប្រាជ្ញ​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មរដក តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់​ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។

ទើបបានជ្រើសរើសហើយ៖

សុភាសិត 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ