សុភាសិត 2

2
1កូន​អើយ បើ​ឯង​នឹង​ទទួល​ពាក្យ​អញ ហើយ​នឹង​ប្រមូល​ពាក្យ​បណ្តាំ​របស់​អញ ទុក​នៅ​ជាប់​នឹង​ឯង 2ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់ 3អើ បើ​ឯង​ស្រែក​ហៅ​រក​ដំរិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់ 4បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ 5នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ‌អង្គ 6ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះនឹង​យោបល់ នោះ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ទ្រង់​មក 7ទ្រង់​បំរុង​ទុក​សេចក្ដី​ដែល​មាន​ប្រយោជន៍ សំរាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់ 8ដើម្បី​ឲ្យ​បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រក​នៃ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ការ‌ពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ទ្រង់ 9យ៉ាង​នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ 10ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង 11គំនិត​វាង‌វៃ​នឹង​ការ‌ពារ​ឯង ហើយ​យោបល់​នឹង​ថែ​រក្សា​ឯង 12ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ផ្លូវ​អាក្រក់ ហើយ​ពី​ពួក​មនុស្ស​ដែល​តែង‌តែ​និយាយ​ពាក្យ​វៀច 13ជា​អ្នក​ដែល​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ងងឹត​វិញ 14ក៏​មាន​ចិត្ត​រីក‌រាយ​ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ ហើយ​ត្រេក‌អរ​ដោយ​ចិត្ត​វៀច​របស់​មនុស្ស​អាក្រក់ 15ផ្លូវ​គេ​សុទ្ធ​តែ​ក្ងិក‌ក្ងក់ ហើយ​ផ្លូវ​ច្រក​របស់​គេ​ក៏​ទាស​ចេញ 16ហើយ​ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ស្រី​អាវ៉ាសែ គឺ​ឲ្យ​រួច​ពី​មនុស្ស​ស្រី​ដទៃ ដែល​និយាយ​ប្រលោម​ដោយ​ពាក្យ​ផ្អែម‌ល្ហែម 17ជា​អ្នក​ដែល​លះ​ចោល​គូ​សំឡាញ់ ដែល​បាន​គ្នា​ពី​ក្រមុំ​កំឡោះ ក៏​ភ្លេច​សេចក្ដី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន 18ដ្បិត​ផ្ទះ​របស់​ស្ត្រី​នោះ ទ្រេត​ទៅ​ខាង​សេចក្ដី​ស្លាប់ ហើយ​ផ្លូវ​ច្រក​របស់​វា នាំ​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់ 19ឯ​ពួក​អ្នក​ដែល​ទៅ​ឯ​វា នោះ​គ្មាន​អ្នក​ណា​ត្រឡប់​មក​វិញ​ឡើយ ក៏​មិន​ចាប់​កាន់​ផ្លូវ​ច្រក​នៃ​ជីវិត​ដែរ 20ហើយ​មាន​ប្រយោជន៍​ឲ្យ​ឯង​បាន​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ ព្រម​ទាំង​រក្សា​ផ្លូវ​ច្រក​នៃ​ពួក​សុចរិត 21ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​អាស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់ 22តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូស‌រ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ។

ទើបបានជ្រើសរើសហើយ៖

សុភាសិត 2: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ