YouVersion Logo
Search Icon

ម៉ាថាយ 26

26
ផែនការធ្វើគុតព្រះយេស៊ូវ
1នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងអស់​នេះ​ហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ 2“អ្នករាល់គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង ហើយ​កូនមនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​គេ​ឆ្កាង”។
3ពេលនោះ ពួក​នាយកបូជាចារ្យ#26:3 ឯកសារបុរាណខ្លះបន្ថែម “ពួក​គ្រូវិន័យ”។ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​បាន​ជួបជុំគ្នា​នៅក្នុង​ដំណាក់​របស់​មហាបូជាចារ្យ​ឈ្មោះ​កៃផាស​។ 4ពួកគេ​ពិគ្រោះគ្នា​ដើម្បី​ចាប់​ព្រះយេស៊ូវ​ដោយ​ឧបាយកល ហើយ​ធ្វើគុត​ព្រះអង្គ​។ 5ប៉ុន្តែ​ពួកគេ​និយាយថា​៖ “កុំ​ធ្វើ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ក្នុងចំណោម​ប្រជាជន”។
ការលាបប្រេងនៅបេថានី
6ព្រះយេស៊ូវ​គង់នៅ​បេថានី​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ជា​មនុស្សឃ្លង់​។ 7មាន​ស្ត្រី​ម្នាក់​កាន់​ដបថ្មកែវ​ដែលមាន​ប្រេងក្រអូប​ដ៏មានតម្លៃ ចូលមកជិត​ព្រះអង្គ ហើយ​ចាក់​ប្រេង​លើ​ព្រះសិរ​របស់​ព្រះអង្គ ពេល​ព្រះអង្គ​គង់នៅតុអាហារ​។ 8នៅពេល​ឃើញ​ដូច្នេះ ពួក​សិស្ស​ក៏​ទើសចិត្ត ហើយ​និយាយថា​៖ “ហេតុអ្វីបានជា​ខ្ជះខ្ជាយ​យ៉ាងនេះ​? 9ដ្បិត​ប្រេងក្រអូប​នេះ​អាច​លក់​បាន​ថ្លៃ ហើយ​ចែក​ឲ្យ​អ្នកក្រ​បាន”។
10ព្រះយេស៊ូវ​បាន​ជ្រាប ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើឲ្យ​ស្ត្រី​នេះ​មានអំពល់​ដូច្នេះ​? នាង​បាន​ធ្វើ​កិច្ចការ​ដ៏ប្រសើរ​ដល់​ខ្ញុំ​ហើយ​។ 11អ្នករាល់គ្នា​មាន​អ្នកក្រ​នៅ​ជាមួយ​ខ្លួន​ជានិច្ច ប៉ុន្តែ​អ្នករាល់គ្នា​មិន​មាន​ខ្ញុំ​ជានិច្ច​ទេ​។ 12តាមពិត នាង​បាន​ចាក់​ប្រេងក្រអូប​នេះ​លើ​រូបកាយ​របស់ខ្ញុំ គឺ​នាង​បាន​ធ្វើ​ដើម្បី​រៀបចំបញ្ចុះសព​ខ្ញុំ​។ 13ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅក្នុង​ពិភពលោក​ទាំងមូល ទីណាក៏ដោយដែល​ដំណឹងល្អ​នេះ​ត្រូវបាន​ប្រកាស អ្វីដែល​ស្ត្រីនេះ​បាន​ធ្វើ​ក៏​នឹង​ត្រូវគេ​តំណាល​ទុកជា​ការរំលឹក​អំពី​នាង​ដែរ”។
14ពេលនោះ ម្នាក់​ក្នុង​សាវ័ក#26:14 សាវ័ក―ជាពាក្យជំនួយ។​ទាំង​ដប់ពីរ​នាក់ ឈ្មោះ​យូដាស​អ៊ីស្ការីយ៉ុត បាន​ទៅ​រក​ពួក​នាយកបូជាចារ្យ 15និយាយថា​៖ “តើ​អស់លោក​ព្រម​ឲ្យ​អ្វី​ដល់​ខ្ញុំ បើសិនខ្ញុំ​ប្រគល់​អ្នកនោះ​ឲ្យ​អស់លោក​?” ពួកគេ​ក៏​ព្រមឲ្យ​កាក់ប្រាក់​សាមសិប​ដល់​គាត់​។ 16តាំងពី​ពេលនោះ​មក យូដាស​ក៏​ចាប់ផ្ដើម​រក​ឱកាស​ប្រគល់​ព្រះយេស៊ូវ​ទៅពួកគេ​។
ការក្បត់នៅថ្ងៃបុណ្យរំលង
17នៅ​ថ្ងៃ​ទីមួយ​នៃ​បុណ្យនំប៉័ងឥតមេ ពួក​សិស្ស​ចូលមកជិត​ព្រះយេស៊ូវ ទូល​សួរថា​៖ “តើ​លោក​ចង់​ឲ្យ​យើងខ្ញុំ​រៀបចំ​នៅ​ឯណា ដើម្បីឲ្យ​លោក​បាន​ពិសា​អាហារ​បុណ្យរំលង​?”។
18ព្រះអង្គ​មានបន្ទូលថា​៖“ចូរ​ទៅ​ក្នុង​ទីក្រុង ជួប​មនុស្សម្នាក់ ហើយ​ប្រាប់​គាត់​ថា​: ‘លោកគ្រូ​និយាយថា ពេលវេលា​របស់ខ្ញុំ​ជិតដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​ពិធី​បុណ្យរំលង​ជាមួយ​ពួក​សិស្ស​របស់ខ្ញុំ​នៅ​កន្លែង​អ្នក’”។ 19ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​ដូចដែល​ព្រះយេស៊ូវ​បាន​បង្គាប់​ពួកគេ រួច​ពួកគេ​ក៏​រៀបចំ​អាហារ​បុណ្យរំលង​។ 20លុះដល់​ពេលល្ងាច ព្រះយេស៊ូវ​ទ្រង់​រួមតុអាហារ​ជាមួយ​សាវ័ក​ទាំង​ដប់ពីរ​នាក់​។ 21នៅពេល​ពួកគេ​កំពុង​ហូប ព្រះអង្គ​មានបន្ទូលថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​ម្នាក់​ក្នុង​អ្នករាល់គ្នា​នឹង​ក្បត់​ខ្ញុំ”។
22ពួកគេ​ក៏​ចាប់ផ្ដើម​ព្រួយចិត្ត​យ៉ាងខ្លាំង ហើយ​ទូល​សួរ​ព្រះអង្គ​ម្នាក់ម្ដងៗ​ថា​៖ “ព្រះអម្ចាស់​អើយ មិនមែន​ជា​ខ្ញុំ​ទេ មែនទេ​?”។
23ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“គឺ​អ្នក​ដែល​ជ្រលក់​ដៃ​ក្នុង​ចាន​ជាមួយ​ខ្ញុំ អ្នកនោះ​ហើយ​នឹង​ក្បត់​ខ្ញុំ​។ 24កូនមនុស្ស​នឹង​ទៅ​មែន ដូចដែល​មាន​សរសេរ​ទុកមក​អំពី​លោក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស​។ ប្រសិនបើ​អ្នក​នោះ​មិន​បាន​កើតមក​ទេ នោះ​ប្រសើរជាង​សម្រាប់​គាត់”។
25ពេលនោះ យូដាស​ជា​អ្នក​ដែល​ក្បត់​ព្រះយេស៊ូវ ទូល​តប​ថា​៖ “រ៉ាប៊ី មិនមែន​ជា​ខ្ញុំ​ទេ មែនទេ​?”។
ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“គឺ​អ្នក​និយាយ​ទេ”។
ពិធីលៀងព្រះអម្ចាស់លើកដំបូង
26នៅពេល​ពួកគេ​កំពុង​ហូប ព្រះយេស៊ូវ​ក៏​យក​នំប៉័ង ប្រទានពរ ហើយ​កាច់ រួច​ប្រទាន​ដល់​ពួក​សិស្ស ទាំង​មានបន្ទូលថា​៖“ចូរ​ទទួលយក​ហូប​ចុះ នេះ​ជា​រូបកាយ​របស់ខ្ញុំ”។ 27បន្ទាប់មក ព្រះអង្គ​ទ្រង់​យក​ពែង ហើយ​អរព្រះគុណ រួច​ប្រទាន​ដល់​ពួកគេ ទាំង​មានបន្ទូលថា​៖“ចូរ​អ្នក​ទាំងអស់គ្នា​ផឹក​ពី​ពែងនេះ​ចុះ 28ដ្បិត​នេះ​ជា​ឈាម​របស់ខ្ញុំ ជា​ឈាម​នៃ​សម្ពន្ធមេត្រី#26:28 ឯកសារបុរាណខ្លះបន្ថែម “ថ្មី”។ដែល​បង្ហូរ​សម្រាប់​មនុស្ស​ជាច្រើន គឺ​សម្រាប់​ការលើកលែងទោស​បាប​។ 29ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំងបាយជូរ​នេះ​ជាដាច់ខាត រហូតដល់​ថ្ងៃ​នោះ គឺថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី​ជាមួយ​អ្នករាល់គ្នា​នៅក្នុង​អាណាចក្រ​របស់​ព្រះ​បិតា​ខ្ញុំ”។ 30ក្រោយពី​ច្រៀងសរសើរតម្កើង#26:30 ច្រៀង​សរសើរ​តម្កើង​―នៅសម័យនោះ ក្នុងបុណ្យរំលង ក្រោយពីអាហារពេលល្ងាច គេតែងតែច្រៀងសរសើរតម្កើងពី 《ទំនុកតម្កើង》 113-118។​ហើយ ពួកគេ​ក៏​ចេញទៅ​ភ្នំ​ដើមអូលីវ​។
ប្រាប់ជាមុនអំពីការបដិសេធរបស់ពេត្រុស
31ពេលនោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“នៅ​យប់​នេះ អ្នក​ទាំងអស់គ្នា​នឹង​ជំពប់ដួល​ដោយសារតែ​ខ្ញុំ ដ្បិត​មាន​សរសេរ​ទុកមក​ថា​:
‘យើង​នឹង​ប្រហារ​អ្នកគង្វាល
ហើយ​ហ្វូង​ចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ’​។ # 26:31 《សាការី》 13:7។
32 ក៏ប៉ុន្តែ​ក្រោយពី​ខ្ញុំ​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ហើយ ខ្ញុំ​នឹង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា”។
33ពេត្រុស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ទោះបីជា​ទាំងអស់គ្នា​ជំពប់ដួល​ដោយសារតែ​លោក​ក៏ដោយ ក៏​ខ្ញុំ​មិន​ជំពប់ដួល​ឡើយ”។
34ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។
35ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “ទោះបីជា​ខ្ញុំ​ត្រូវតែ​ស្លាប់​ជាមួយ​លោក​ក៏ដោយ ក៏​ខ្ញុំ​នឹង​មិន​បដិសេធ​លោក​ជាដាច់ខាត”។ សិស្ស​ទាំងអស់គ្នា​ក៏​និយាយ​ដូចគ្នា​ដែរ​។
អធិស្ឋាននៅសួន
36បន្ទាប់មក ព្រះយេស៊ូវ​យាង​មកដល់​កន្លែង​មួយ​ឈ្មោះ​គែតសេម៉ានី ជាមួយ​ពួកសិស្ស​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​អង្គុយ​នៅ​ទីនេះ ខណៈពេល​ដែល​ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ទីនោះ”។ 37នៅពេល​យក​ពេត្រុស និង​កូនប្រុស​ទាំង​ពីរ​នាក់​របស់​សេបេដេ​ទៅ​ជាមួយ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​ព្រួយព្រះទ័យ និង​ថប់បារម្ភយ៉ាងខ្លាំង 38ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ព្រលឹង​របស់ខ្ញុំ​ព្រួយក្រៃលែង​ស្ទើរតែ​ស្លាប់ ចូរ​នៅ​ទីនេះ ហើយ​ប្រុងស្មារតី​ជាមួយ​ខ្ញុំ​ចុះ”។ 39ព្រះយេស៊ូវ​យាង​ទៅមុខ​បន្តិច ក៏​ក្រាប​ព្រះភក្ត្រ​ដល់ដី ហើយ​អធិស្ឋាន​ថា​៖“ព្រះ​បិតា​នៃទូលបង្គំ​អើយ ប្រសិនបើ​អាច សូមឲ្យ​ពែង​នេះ​ចេញផុត​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​មិនមែន​តាមដែល​ទូលបង្គំ​ប្រាថ្នា​ទេ គឺ​តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​វិញ”។
40ព្រះយេស៊ូវ​យាង​ត្រឡប់មក​រក​ពួក​សិស្ស​វិញ ហើយ​ឃើញ​ពួកគេ​កំពុង​ដេកលក់ ក៏​មានបន្ទូល​នឹង​ពេត្រុស​ថា​៖“ម៉េច​! អ្នករាល់គ្នា​មិន​អាច​ប្រុងស្មារតី​ជាមួយ​ខ្ញុំ មួយ​ម៉ោង​បាន​ទេ​ឬ​? 41ចូរ​ប្រុងស្មារតី ហើយ​អធិស្ឋាន​ចុះ ដើម្បីកុំឲ្យ​ធ្លាក់ទៅក្នុង​ការល្បួង​ឡើយ​។ វិញ្ញាណ​ឆេះឆួល​មែន ប៉ុន្តែ​សាច់ឈាម​ខ្សោយ​ទេ”។
42ព្រះយេស៊ូវ​យាង​ចេញទៅ​ម្ដងទៀត​ជាលើកទីពីរ ហើយ​អធិស្ឋាន​ថា​៖“ព្រះ​បិតា​នៃទូលបង្គំ​អើយ ប្រសិនបើ​ពែង​នេះ​មិនអាច​ចេញផុតទៅ​បាន​លើកលែងតែ​ទូលបង្គំ​ត្រូវ​ផឹក សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​បាន​សម្រេច​ចុះ​!”។ 43ព្រះអង្គ​យាង​ត្រឡប់មកវិញ​ម្ដងទៀត ក៏​ឃើញ​ពួកគេ​ដេកលក់ ដ្បិត​ភ្នែក​ពួកគេ​បើកមិនរួច​។
44ព្រះអង្គ​យាង​ចាកចេញ​ពី​ពួកគេ​ទៀត ទៅ​អធិស្ឋាន​ជាលើកទីបី ដោយ​ទូល​ពាក្យ​ដដែល​ម្ដងទៀត​។ 45បន្ទាប់មក ព្រះអង្គ​យាង​ត្រឡប់មក​រក​ពួក​សិស្ស​វិញ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​នៅតែ​ដេកលក់ និង​សម្រាក​ទៀត​ឬ​? មើល៍! ពេលវេលា​ជិតដល់​ហើយ​! កូនមនុស្ស​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្សបាប​ឥឡូវ​ហើយ​។ 46ក្រោកឡើង​មក យើង​នាំគ្នា​ទៅ​។ មើល៍! អ្នក​ដែល​ក្បត់​ខ្ញុំ​មកជិតដល់​ហើយ”។
សញ្ញានៃការថើបរបស់យូដាស
47នៅពេល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នៅឡើយ មើល៍! យូដាស​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់​បាន​មក​ដល់​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​កាន់​ដាវ​កាន់​ដំបង​មក​ជាមួយ​គាត់​ដែរ ពួកគេ​មកពី​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​។ 48អ្នក​ដែល​ក្បត់​ព្រះអង្គ​បាន​កំណត់​សញ្ញា​មួយ​ឲ្យ​ពួកគេ ដោយ​និយាយថា​៖ “អ្នកណាដែល​ខ្ញុំ​ថើប គឺ​អ្នកនោះ​ហើយ ចូរ​ចាប់​គាត់​ចុះ”។ 49យូដាស​ក៏​ចូលទៅជិត​ព្រះយេស៊ូវ​ភ្លាម ទូលថា​៖ “ជម្រាបសួរ រ៉ាប៊ី​!” រួច​ថើប​ព្រះអង្គ​។
50ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“សម្លាញ់​អើយ អ្នក​មក​ដើម្បី​អ្វី​?”។
ពេលនោះ ពួកគេ​ក៏​ចូលមកជិត លូក​ដៃ​ចាប់​ព្រះយេស៊ូវ​។ 51មើល៍! មាន​ម្នាក់​ក្នុង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ព្រះយេស៊ូវ​បាន​លូក​ដៃ​ហូត​ដាវ​របស់​ខ្លួន ហើយ​កាប់​បាវបម្រើ​របស់​មហាបូជាចារ្យ ដាច់​ត្រចៀក​ម្ខាង​របស់​អ្នកនោះ​។
52ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទុក​ដាវ​របស់អ្នក​នៅ​កន្លែងដើម​វិញ​ទៅ​! ដ្បិត​អស់អ្នក​ដែល​កាន់​ដាវ នឹង​វិនាស​ដោយ​ដាវ​។ 53ឬមួយក៏​អ្នក​គិត​ថា ខ្ញុំ​មិនអាច​ទូល​អង្វរ​ព្រះ​បិតា​របស់ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ទូតសួគ៌​លើសជាង​ដប់ពីរ​កងពល​ឲ្យ​ខ្ញុំ​ឥឡូវនេះ​បានទេ​ឬ​? 54ប៉ុន្តែ​បើធ្វើដូច្នេះ គម្ពីរ​ដែល​ចែង​ថា​ត្រូវតែ​កើតឡើង​យ៉ាងនេះ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​យ៉ាងដូចម្ដេច​?”។
55នៅ​ពេល​នោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​ថា​៖“អ្នករាល់គ្នា​ចេញមក​ទាំង​កាន់​ដាវ​កាន់​ដំបង​ដើម្បី​ចាប់​ខ្ញុំ ដូចជា​តាម​ចាប់​ចោរប្លន់​ឬ​? ខ្ញុំ​អង្គុយ​បង្រៀន​ក្នុង​ព្រះវិហារ​ជា​រៀងរាល់ថ្ងៃ តែ​អ្នករាល់គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ​។ 56យ៉ាងណាមិញ ការ​ទាំងអស់​នេះ​កើតឡើង ដើម្បីឲ្យ​គម្ពីរ​របស់​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច”។ ពេលនោះ សិស្ស​ទាំងអស់គ្នា​បោះបង់​ព្រះអង្គ​ចោល ហើយក៏​រត់គេច​ទៅ​។
ព្រះយេស៊ូវនៅមុខក្រុមប្រឹក្សា
57ពួក​អ្នក​ដែល​ចាប់​ព្រះយេស៊ូវ ក៏​នាំ​ព្រះអង្គ​ទៅ​រក​មហាបូជាចារ្យ​កៃផាស​។ នៅទីនោះ ពួក​គ្រូវិន័យ និង​ពួក​ចាស់ទុំ​ជួបជុំគ្នា​។ 58រីឯ​ពេត្រុស​ទៅតាម​ព្រះយេស៊ូវ​ពី​ចម្ងាយ រហូតដល់​ទីធ្លាដំណាក់​របស់​មហាបូជាចារ្យ​។ គាត់​ចូលទៅ​ខាងក្នុង ហើយ​អង្គុយ​ជាមួយ​ពួក​តម្រួត ដើម្បី​មើល​ហេតុការណ៍ដែលនឹងកើតឡើង​។
59ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​រក​បន្ទាល់មិនពិត​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ 60ប៉ុន្តែ​ពួកគេ​រក​មិន​បាន​សោះ ទោះបីជា​មាន​សាក្សីភូតភរ​ជាច្រើន​បាន​ចូលមក​ក៏ដោយ​។ នៅទីបំផុត មាន#26:60 ឯកសារបុរាណខ្លះបន្ថែម “សាក្សី​ភូតភរ”។​ពីរ​នាក់​ចូលមក 61និយាយថា​៖ “ម្នាក់នេះ​និយាយថា​: ‘ខ្ញុំ​អាច​កម្ទេច​ព្រះវិហារ​របស់​ព្រះ ហើយ​សង់ឡើងវិញ​បាន​ក្នុង​បី​ថ្ងៃ’”។
62ពេលនោះ មហាបូជាចារ្យ​បាន​ក្រោកឡើង សួរ​ព្រះអង្គ​ថា​៖ “តើ​អ្នក​មិន​ឆ្លើយ​អ្វីទេ​ឬ​? តើ​រឿង​ដែល​អ្នកទាំងនេះ​កំពុង​ធ្វើបន្ទាល់ទាស់នឹង​អ្នក​ជា​អ្វី​?”។ 63ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​នៅស្ងៀម​។ មហាបូជាចារ្យ​ក៏​មានប្រសាសន៍​នឹង​ព្រះអង្គ​ទៀត​ថា​៖ “យើង​បញ្ជាឲ្យ​អ្នក​ស្បថ​ដោយ​អាង​ព្រះ​ដ៏​មានព្រះជន្មរស់​ថា អ្នក​នឹង​ប្រាប់​យើង ប្រសិនបើ​អ្នក​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​!”។
64ព្រះយេស៊ូវ​មានបន្ទូល​នឹង​លោក​ថា​៖“គឺ​លោក​និយាយ​ទេ​។ លើសពីនេះទៅទៀត ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​នឹង​ឃើញកូនមនុស្ស​អង្គុយ​នៅ​ខាងស្ដាំ​ព្រះដ៏មានព្រះចេស្ដាព្រមទាំង​មក​ក្នុង​ពពក​លើមេឃ#26:64 《ទំនុកតម្កើង》 110:1; 《ដានីយ៉ែល》 7:13។”។
65មហាបូជាចារ្យ​ក៏​ហែក​អាវវែង​របស់​ខ្លួន ហើយ​មានប្រសាសន៍ថា​៖ “អ្នកនេះ​និយាយប្រមាថព្រះ​ហើយ​! យើង​ត្រូវការ​សាក្សី​អី​ទៀត​? មើល៍! ឥឡូវនេះ​អស់លោក​ឮ​ពាក្យប្រមាថព្រះ​ហើយ​។ 66តើ​អស់លោក​គិត​ដូចម្ដេច​?”។
ពួកគេ​និយាយ​តប​ថា​៖ “អ្នកនេះ​សមតែ​ស្លាប់​!”។ 67បន្ទាប់មក ពួកគេ​ស្ដោះ​ទឹកមាត់​ដាក់​ព្រះភក្ត្រ​ព្រះអង្គ វាយ​ព្រះអង្គ​នឹងកណ្ដាប់ដៃ ហើយ​ទះកំផ្លៀង​ព្រះអង្គ 68ទាំង​និយាយថា​៖ “ព្រះ​គ្រីស្ទ​អើយ​! ព្យាករ​ឲ្យ​យើង​មើល៍​! តើ​នរណា​វាយ​អ្នកឯង​?”។
ពេត្រុសបដិសេធព្រះយេស៊ូវ
69ពេត្រុស​អង្គុយ​នៅ​ខាងក្រៅ​ក្នុង​ទីធ្លា មាន​បាវបម្រើស្រី​ម្នាក់​ចូលមកជិត​គាត់ និយាយថា​៖ “អ្នកឯង​ក៏​នៅ​ជាមួយ​យេស៊ូវ​អ្នកកាលីឡេ​នោះ​ដែរ”។
70ប៉ុន្តែ​ពេត្រុស​បដិសេធ​នៅមុខ​គេ​ទាំងអស់គ្នា​ថា៖ “ខ្ញុំ​មិន​ដឹង​អ្វីដែល​នាង​និយាយ​ទេ”។
71នៅពេល​គាត់​ចេញទៅ​ដល់​មាត់ទ្វារ មាន​បាវបម្រើស្រី​ម្នាក់ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ពួក​អ្នក​ដែល​នៅ​ទីនោះ​ថា​៖ “អ្នកនេះ​ធ្លាប់​នៅ​ជាមួយ​យេស៊ូវ​អ្នកណាសារ៉ែត”។
72ពេត្រុស​បដិសេធ​ម្ដងទៀត ព្រមទាំង​ស្បថ​ថា​៖ “ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ​!”។
73បន្តិច​ក្រោយមក ពួក​អ្នក​ដែល​ឈរនៅក្បែរ​ក៏​ចូលមកជិត និយាយ​នឹង​ពេត្រុស​ថា​៖ “អ្នកឯង​ពិតជា​គ្នា​ពួកនោះ​ដែរ​ហើយ ពីព្រោះ​សូម្បីតែ​សំឡេង​និយាយ​របស់អ្នកឯង​ក៏​បញ្ជាក់​អំពី​អ្នកឯង​ដែរ”។
74ពេលនោះ ពេត្រុស​ក៏​ចាប់ផ្ដើម​ដាក់បណ្ដាសា ព្រមទាំង​ស្បថ​ថា​៖ “ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ​!”។ ភ្លាមនោះ មាន់​ក៏​រងាវឡើង​។ 75ពេត្រុស​នឹកឃើញ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​ថា​:“មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។ គាត់​ក៏​ចេញទៅ​ខាងក្រៅ​ទាំង​យំ​សោកស្ដាយ​យ៉ាងខ្លាំង​៕

Currently Selected:

ម៉ាថាយ 26: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy