YouVersion Logo
Search Icon

ម៉ាថាយ 25

25
ពាក្យឧបមាអំពីស្ត្រីព្រហ្មចារីដប់នាក់
1 “នៅ​គ្រានោះ អាណាចក្រស្ថានសួគ៌​ប្រៀបប្រដូច​នឹង​ស្ត្រីព្រហ្មចារី​ដប់​នាក់ ដែល​យក​ចង្កៀង​របស់​ខ្លួន​ចេញទៅ​ទទួល​កូនកំលោះ # 25:1 ឯកសារបុរាណខ្លះបន្ថែម “និងកូនក្រមុំ”។ 2ក្នុង​ពួកនាង មាន​ប្រាំ​នាក់​ជា​អ្នក​ល្ងង់ ហើយ​ប្រាំ​នាក់​ទៀត​ជា​អ្នក​មានប្រាជ្ញា​។ 3ស្ត្រី​ល្ងង់​ទាំងនោះ​បាន​យក​ចង្កៀង​របស់​ខ្លួន​ទៅ ប៉ុន្តែ​មិន​បាន​យក​ប្រេង​ទៅ​ជាមួយ​ទេ​; 4រីឯ​ពួក​ស្ត្រី​ដែល​មានប្រាជ្ញា​បាន​យក​ប្រេង​នៅក្នុង​ដប​ទៅ​ជាមួយ​ចង្កៀង​របស់​ខ្លួន​។ 5នៅពេល​កូនកំលោះ​ក្រមកដល់ ពួកនាង​ទាំងអស់គ្នា​ក៏​ងងុយ ហើយ​ដេកលក់​ទៅ​។
6 “ប៉ុន្តែ​នៅ​កណ្ដាលអធ្រាត្រ មាន​គេ​ស្រែកឡើង​ថា​: ‘មើល៍! កូនកំលោះ​មក​ហើយ​! ចូរ​ចេញទៅ​ទទួល​លោក​ចុះ​!’។
7 “ពេលនោះ ស្ត្រីព្រហ្មចារី​ទាំងអស់​នោះ​ក៏​ភ្ញាក់ឡើង ហើយ​រៀបចំ​ចង្កៀង​របស់​ខ្លួន​។ 8ពួក​ស្ត្រី​ល្ងង់​ក៏​និយាយ​នឹង​ពួក​ស្ត្រី​មានប្រាជ្ញា​ថា​: ‘សូម​ចែក​ប្រេង​ខ្លះ​ឲ្យ​ពួកយើង​ផង ពីព្រោះ​ចង្កៀង​របស់ពួកយើង​ជិត​រលត់​ហើយ’។
9 “ប៉ុន្តែ​ពួក​ស្ត្រី​ដែល​មានប្រាជ្ញា​តប​ថា​: ‘អត់បានទេ វា​អត់​គ្រាន់​សម្រាប់​ពួកយើង និង​ពួកអ្នក​ទាល់តែសោះ​។ ចូរ​ទៅរក​អ្នកលក់ ហើយ​ទិញ​សម្រាប់​ខ្លួនអ្នក​វិញ​ទៅ’។
10 “ខណៈដែល​ពួកនាង​កំពុង​ចេញទៅ​ទិញ កូនកំលោះ​ក៏​មក​ដល់​។ ស្ត្រីៗ​ដែល​ត្រៀមជាស្រេច​ក៏​ចូលទៅ​ក្នុង​ពិធីមង្គលការ​ជាមួយ​កូនកំលោះ រួច​គេ​ក៏​បិទ​ទ្វារ​។
11 “ក្រោយមក ស្ត្រីព្រហ្មចារី​ឯទៀត​ក៏​មកដល់​ដែរ ហើយ​និយាយថា​: ‘លោកម្ចាស់ លោកម្ចាស់​អើយ​! សូម​បើក​ទ្វារ​ឲ្យ​យើងខ្ញុំ​ផង​!’។
12 “ប៉ុន្តែ​កូនកំលោះ​តប​ថា​: ‘ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិន​ស្គាល់​អ្នករាល់គ្នា​ទេ’។
13 “ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដ្បិត​អ្នករាល់គ្នា​មិន​ដឹង​ថ្ងៃ ឬម៉ោង # 25:13 ឯកសារបុរាណខ្លះបន្ថែម “ដែលកូនមនុស្សមកវិញ”។ នោះ​ទេ​។
ពាក្យឧបមាអំពីឋាឡាន់
14 “អាណាចក្រស្ថានសួគ៌​គឺ​ដូចជា​អ្នកដំណើរ​ម្នាក់​ដែល​ហៅ​ពួក​បាវបម្រើ​របស់ខ្លួន​មក ហើយ​ប្រគល់​អ្វីៗដែល​លោក​មាន​ដល់​ពួកគេ​។ 15លោក​ប្រគល់​ប្រាំ​ឋាឡាន់#25:15 ឋាឡាន់―1ឋាឡាន់=ថ្លៃឈ្នួល6,000ថ្ងៃ។ដល់​ម្នាក់ ពីរ​ឋាឡាន់​ដល់​ម្នាក់ទៀត ហើយ​មួយ​ឋាឡាន់​ដល់​ម្នាក់ទៀត តាម​សមត្ថភាព​របស់គេ​រៀង​ៗខ្លួន រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។ 16អ្នក​ដែល​ទទួល​ប្រាំ​ឋាឡាន់​នោះ ក៏​ចេញទៅ​ធ្វើជំនួញ​ជាមួយនឹង​ប្រាក់ទាំងនោះ​ភ្លាម ហើយ​ចំណេញបាន​ប្រាំ​ឋាឡាន់​ទៀត​។ 17អ្នក​ដែល​ទទួល​ពីរ​ឋាឡាន់​ក៏​ដូចគ្នាដែរ គឺ​ចំណេញបាន​ពីរ​ឋាឡាន់​ទៀត​។ 18ប៉ុន្តែ​អ្នក​ដែល​ទទួល​មួយ​ឋាឡាន់​ក៏​ទៅ​ជីក​ដី ហើយ​លាក់ទុក​លុយ​របស់​ចៅហ្វាយ​គាត់​។
19 “លុះយូរក្រោយមក ចៅហ្វាយ​របស់​បាវបម្រើ​ទាំងនោះ​ក៏​ត្រឡប់មកវិញ ហើយ​គិត​បញ្ជី​នឹង​ពួកគេ​។ 20អ្នក​ដែល​ទទួល​ប្រាំ​ឋាឡាន់​ក៏​យក​ប្រាំ​ឋាឡាន់​ផ្សេងទៀត ហើយ​ចូលមកជិត​លោក និយាយថា​: ‘លោកម្ចាស់ លោក​បាន​ប្រគល់​ប្រាំ​ឋាឡាន់​ឲ្យ​ខ្ញុំ មើល៍! ខ្ញុំ​ចំណេញបាន​ប្រាំ​ឋាឡាន់​ទៀត’។
21 “ចៅហ្វាយ​ក៏​និយាយ​នឹង​គាត់​ថា​: ‘ធ្វើបាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ និង​ស្មោះត្រង់​អើយ​! អ្នក​បាន​ស្មោះត្រង់​នឹង​ការ​បន្តិចបន្តួច ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យត្រួត​លើ​ការ​ជាច្រើន​។ ចូរ​ចូលរួម​មាន​អំណរ​ជាមួយ​ចៅហ្វាយ​អ្នក​ចុះ​!’។
22 “អ្នក​ដែល​ទទួល​ពីរ​ឋាឡាន់​ក៏​ចូលមកជិត​ដែរ ហើយ​និយាយថា​: ‘លោកម្ចាស់ លោក​បាន​ប្រគល់​ពីរ​ឋាឡាន់​ឲ្យ​ខ្ញុំ មើល៍! ខ្ញុំ​ចំណេញបាន​ពីរ​ឋាឡាន់​ទៀត’។
23 “ចៅហ្វាយ​ក៏​និយាយ​នឹង​គាត់​ថា​: ‘ធ្វើបាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ និង​ស្មោះត្រង់​អើយ​! អ្នក​បាន​ស្មោះត្រង់​នឹង​ការ​បន្តិចបន្តួច ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យត្រួត​លើ​ការ​ជាច្រើន​។ ចូរ​ចូលរួម​មាន​អំណរ​ជាមួយ​ចៅហ្វាយ​អ្នក​ចុះ!’។
24 “អ្នក​ដែល​ទទួល​មួយ​ឋាឡាន់​ក៏​ចូលមកជិត​ដែរ ហើយ​និយាយថា​: ‘លោកម្ចាស់ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹងរ៉ឹង ជា​អ្នក​ដែល​ច្រូត​ពី​កន្លែងដែល​លោក​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​ពី​កន្លែងដែល​លោក​មិន​បាន​ពង្រាយ​។ 25ខ្ញុំ​ខ្លាច ក៏​ទៅ​លាក់ទុក​មួយ​ឋាឡាន់​របស់លោក​នៅក្នុង​ដី​។ មើល៍! នេះ​ជា​ប្រាក់​របស់លោក’។
26 “ចៅហ្វាយ​ក៏​តប​នឹង​គាត់​ថា​: ‘បាវបម្រើ​ដ៏អាក្រក់ និង​ខ្ជិលច្រអូស​អើយ​! អ្នក​បាន​ដឹង​ថា​យើង​ច្រូត​ពី​កន្លែងដែល​យើង​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​ពី​កន្លែងដែល​យើង​មិន​បាន​ពង្រាយ​ឬ​? 27បើដូច្នេះ អ្នក​គួរតែ​បាន​ដាក់​ប្រាក់​របស់យើង​នៅ​ធនាគារ នោះ​ពេល​យើង​មកវិញ យើង​មុខជា​បាន​ប្រាក់​របស់យើង​វិញ ព្រមទាំង​ការប្រាក់​ផង’។
28 “‘ដូច្នេះ ចូរ​ដកយក​មួយ​ឋាឡាន់​នោះ​ពី​អ្នកនេះ ហើយ​ប្រគល់​ឲ្យ​ម្នាក់​ដែល​មាន​ដប់​ឋាឡាន់​នោះ​ទៅ​; 29ដ្បិត​អស់អ្នក​ដែល​មាន នឹង​ប្រទានឲ្យ​អ្នកនោះ​ថែមទៀត ហើយ​អ្នកនោះ​នឹង​មានសម្បូរហូរហៀរ ប៉ុន្តែ​អ្នក​ដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ​។ 30ចូរ​បោះ​បាវបម្រើ​ឥតប្រយោជន៍​នេះ​ចោល​ទៅក្នុង​សេចក្ដីងងឹត​ខាងក្រៅ​ទៅ​! នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ’។
ចៀម និងពពែ
31 “នៅពេល​កូនមនុស្ស​មក​ប្រកបដោយ​សិរីរុងរឿង​របស់​លោក ហើយ​បណ្ដា​ទូតសួគ៌ # 25:31 ឯកសារបុរាណខ្លះបន្ថែម “ដ៏វិសុទ្ធ”។ ទាំងអស់​ក៏​មក​ជាមួយ​លោក​ដែរ ពេលនោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរីរុងរឿង​របស់​លោក​។ 32ប្រជាជាតិ​ទាំងអស់​នឹង​ត្រូវបាន​ប្រមូលមក​នៅមុខ​លោក ហើយ​លោក​នឹង​ញែក​ពួកគេ​ចេញពី​គ្នា ដូចដែល​អ្នកគង្វាល​ញែក​ចៀម​ចេញពី​ពពែ​។ 33លោក​នឹង​ដាក់​ចៀម​នៅ​ខាងស្ដាំ​លោក រីឯ​ពពែ​វិញ លោក​នឹង​ដាក់​នៅ​ខាងឆ្វេង​។ 34ពេលនោះ ព្រះមហាក្សត្រ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ​ថា​: ‘មក៍! ពួក​អ្នក​ដែល​មានព្រះពរ​ពី​ព្រះ​បិតា​របស់យើង​អើយ ចូរ​មក​ទទួល​អាណាចក្រ​ដែល​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នា​តាំងពី​កំណើត​នៃ​ពិភពលោក​ជាមរតក​ចុះ​!
35 ដ្បិត​កាល​យើង​ឃ្លាន អ្នករាល់គ្នា​ឲ្យ​យើង​ហូប​;
កាល​យើង​ស្រេក អ្នករាល់គ្នា​ឲ្យ​យើង​ផឹក​;
កាល​យើង​ជា​ជនមិនស្គាល់ អ្នករាល់គ្នា​ទទួល​យើង​;
36 កាល​យើង​នៅ​ខ្លួនទទេ អ្នករាល់គ្នា​ស្លៀកពាក់​ឲ្យ​យើង​;​
កាល​យើង​មានជំងឺ អ្នករាល់គ្នា​មើលថែ​យើង​;
ហើយ​កាល​យើង​ជាប់​គុក អ្នករាល់គ្នា​មកសួរសុខទុក្ខ​យើង’។
37 “ពេលនោះ បណ្ដា​មនុស្ស​សុចរិត​នឹង​ទូល​តប​ថា​: ‘ព្រះអម្ចាស់​អើយ តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​ឃ្លាន ហើយ​ឲ្យ​ព្រះអង្គ​ហូប​ពីអង្កាល់ ‍ឬ​ឃើញ​ព្រះអង្គ​ស្រេក ហើយ​ឲ្យ​ព្រះអង្គ​ផឹក​ពីអង្កាល់​? 38តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​ជា​ជនមិនស្គាល់ ហើយ​ទទួល​ព្រះអង្គ​ពី​អង្កាល់ ឬ​ឃើញ​ព្រះអង្គ​នៅ​ខ្លួនទទេ ហើយ​ស្លៀកពាក់​ឲ្យ​ព្រះអង្គ​ពីអង្កាល់​? 39តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​មានជំងឺ ឬ​ជាប់គុក ហើយ​ទៅសួរសុខទុក្ខ​ព្រះអង្គ​ពីអង្កាល់​?’។
40 “ព្រះមហាក្សត្រ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​បាន​ធ្វើ​ដល់​អ្នក​តូចបំផុត​ម្នាក់​ក្នុងចំណោម​បងប្អូន​ទាំងនេះ​របស់យើង គឺ​បាន​ធ្វើ​ដល់​យើង​ហើយ’។ 41បន្ទាប់មក ព្រះអង្គ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងឆ្វេង​ដែរ​ថា​: ‘ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា​អើយ​! ចេញឲ្យឆ្ងាយ​ពី​យើង ហើយ​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ដែល​បាន​រៀបចំ​ជាស្រេច​សម្រាប់​មារ និង‍ពួក​បរិវារ​របស់​វា​ទៅ​!
42 ដ្បិត​កាល​យើង​ឃ្លាន អ្នករាល់គ្នា​មិន​ឲ្យ​យើង​ហូប​;
កាល​យើង​ស្រេក អ្នករាល់គ្នា​មិន​ឲ្យ​យើង​ផឹក​;
43 កាល​យើង​ជា​ជនមិនស្គាល់ អ្នករាល់គ្នា​មិន​ទទួល​យើង​;
កាល​យើង​នៅ​ខ្លួនទទេ អ្នករាល់គ្នា​មិន​ស្លៀកពាក់​ឲ្យ​យើង​;
ហើយ​កាល​យើង​ឈឺ និង​ជាប់គុក អ្នករាល់គ្នា​មិន​មើលថែ​យើង​ទេ’។
44 “ពេលនោះ ពួកគេ​នឹង​ទូល​តប​ដែរ​ថា​: ‘ព្រះអម្ចាស់​អើយ តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​ឃ្លាន ឬ​ស្រេក ឬ​ជា​ជនមិនស្គាល់ ឬ​នៅ​ខ្លួនទទេ ឬ​ឈឺ ឬ​ជាប់គុក ហើយ​មិន​បាន​បម្រើ​ព្រះអង្គ​ពីអង្កាល់​?’។
45 “ពេលនោះ ព្រះអង្គ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​មិន​បាន​ធ្វើ​ដល់​ម្នាក់​ក្នុងចំណោម​អ្នក​តូចបំផុត​ទាំងនេះ អ្នករាល់គ្នា​ក៏មិន​បាន​ធ្វើ​ដល់​យើង​ដែរ’។
46 “អ្នកទាំងនោះ​នឹង​ចេញទៅ​ក្នុង​ទោស​អស់កល្បជានិច្ច រីឯ​បណ្ដា​មនុស្ស​សុចរិត​វិញ នឹង​ចូល​ទៅក្នុង​ជីវិតអស់កល្បជានិច្ច”៕

Currently Selected:

ម៉ាថាយ 25: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy