YouVersion Logo
Search Icon

ម៉ាថាយ 23

23
ស្ដីបន្ទោសពួកមនុស្សមានពុត
1ពេលនោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស និង​ពួក​សិស្ស​របស់​ព្រះអង្គ 2ថា​៖“ពួកគ្រូវិន័យ និងពួកផារិស៊ី អង្គុយ​លើ​កៅអីតំណែង​របស់​ម៉ូសេ 3ដូច្នេះ ចូរ​ប្រព្រឹត្ត និង​កាន់តាម​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​បង្គាប់​អ្នករាល់គ្នា​ចុះ ប៉ុន្តែ​កុំ​ប្រព្រឹត្ត​តាម​អំពើ​របស់​ពួកគេ​ឡើយ ពីព្រោះ​ពួកគេ​ចេះតែ​និយាយ ហើយ​មិន​ធ្វើ​ទេ​។ 4ពួកគេ​ចង​បន្ទុក​ដ៏ធ្ងន់ និង​ពិបាកនឹងទ្រាំ#23:4 ឯកសារបុរាណខ្លះគ្មាន “និងពិបាក​នឹង​ទ្រាំ”។​ដាក់​លើ​ស្មា​មនុស្ស ចំណែកឯ​ខ្លួនឯង​វិញ មិន​ព្រម​យក​ម្រាមដៃ​មួយ​លើក​បន្ទុកនោះ​ផង​។ 5ពួកគេ​ធ្វើ​កិច្ចការ​ទាំងអស់​ដើម្បីឲ្យ​គេ​ឃើញ​។ ពួកគេ​ពង្រីក​ប្រអប់ព្រះបន្ទូល​របស់​ពួកគេ ហើយ​ធ្វើ​រំយោល​អាវ#23:5 ឯកសារបុរាណខ្លះគ្មាន “អាវ”។​ឲ្យ​វែង​។ 6ពួកគេ​ចូលចិត្ត​កន្លែងកិត្តិយស​នៅក្នុង​ពិធីជប់លៀង និង​កៅអីកិត្តិយស​ក្នុង​សាលាប្រជុំ 7ហើយ​ចូលចិត្ត​ការគោរព​នៅតាម​ផ្សារ ព្រមទាំង​ចូលចិត្ត​ឲ្យ​គេ​ហៅ​ខ្លួន​ថា ‘លោកគ្រូ#23:7 គ្រូ​―ឬ “រ៉ាប៊ី”។’ ផង។
8 “ប៉ុន្តែ​អ្នករាល់គ្នា​វិញ កុំឲ្យ​គេ​ហៅ​អ្នករាល់គ្នា​ថា ‘គ្រូ # 23:8 គ្រូ​―ឬ “រ៉ាប៊ី”។ ’ ឡើយ ដ្បិត​គ្រូ​របស់អ្នករាល់គ្នា​មាន​តែម្នាក់គត់ # 23:8 ឯកសារបុរាណខ្លះបន្ថែម “គឺព្រះគ្រីស្ទ”។​ ហើយ​អ្នក​ទាំងអស់គ្នា​ជា​បងប្អូន​នឹងគ្នា​។ 9កុំ​ហៅ​អ្នកណា​នៅលើ​ផែនដី​ថា ‘បិតា’ របស់អ្នករាល់គ្នា​ឡើយ ដ្បិត​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​មាន​តែមួយអង្គគត់​។ 10ហើយក៏​កុំ​ឲ្យ​គេ​ហៅ​អ្នករាល់គ្នា​ថា ‘ចៅហ្វាយ’ ដែរ ដ្បិត​ចៅហ្វាយ​របស់អ្នករាល់គ្នា​មាន​តែម្នាក់គត់ គឺ​ព្រះ​គ្រីស្ទ​។ 11អ្នក​ដែល​ធំជាង​ក្នុង​អ្នករាល់គ្នា ត្រូវតែ​ធ្វើជា​អ្នកបម្រើ​របស់អ្នករាល់គ្នា 12ដ្បិត​អ្នកណាក៏ដោយដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នកណាក៏ដោយដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង​។
13 “វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​បិទ​អាណាចក្រស្ថានសួគ៌​នៅមុខ​មនុស្ស​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏មិន​ឲ្យ​អ្នក​ដែល​កំពុង​ចូល​នោះ ចូលទៅ​ដែរ​។
14 “វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និង​ពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ស៊ីបង្ហិន​ផ្ទះ​របស់​ស្ត្រីមេម៉ាយ ហើយ​ធ្វើពុត​ជា​អធិស្ឋាន​យ៉ាងយូរ​។ ហេតុនេះហើយបានជា​អ្នករាល់គ្នា​នឹង​ទទួលទោស​ធ្ងន់ជាង​។ # 23:14 ឯកសារបុរាណខ្លះគ្មានខនេះ។
15 “វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ធ្វើដំណើរចុះឡើង​តាម​សមុទ្រ និង​ដីគោក ដើម្បី​បង្កើត​អ្នក​ចូល​សាសនា​ម្នាក់​។ កាលណា​អ្នកនោះ​បានជា​អ្នក​កាន់សាសនា # 23:15 អ្នក​កាន់សាសនា―ជាពាក្យជំនួយ។ ហើយ អ្នករាល់គ្នា​ក៏​ធ្វើឲ្យ​គាត់​ទៅជា​កូន​នៃ​ស្ថាននរក លើសជាង​អ្នករាល់គ្នា​ទ្វេដង។
16 “វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​អ្នកនាំផ្លូវ​ខ្វាក់ភ្នែក​អើយ​! អ្នករាល់គ្នា​និយាយថា​: ‘អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​ព្រះវិហារ ពាក្យសម្បថនោះ​មិនជាអ្វីទេ ប៉ុន្តែ​អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​មាស​របស់​ព្រះវិហារ អ្នកនោះ​ជាប់សម្បថ​ហើយ’។ 17មនុស្ស​ល្ងង់ និង​ខ្វាក់ភ្នែក​អើយ តើ​មួយណា​សំខាន់ជាង មាស ឬ​ព្រះវិហារ​ដែល​ធ្វើឲ្យ​មាស​ទៅជាវិសុទ្ធ​? 18អ្នករាល់គ្នា​និយាយ​ទៀត​ថា​: ‘អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​អាសនា ពាក្យសម្បថនោះ​មិនជាអ្វីទេ ប៉ុន្តែ​អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​តង្វាយ​លើ​អាសនា អ្នកនោះ​ជាប់សម្បថ​ហើយ’។ 19មនុស្ស#23:19 ឯកសារបុរាណខ្លះបន្ថែម “ល្ងង់ និង”។​ខ្វាក់ភ្នែក​អើយ តើ​មួយណា​សំខាន់ជាង តង្វាយ ឬ​អាសនា​ដែល​ធ្វើឲ្យ​តង្វាយ​ទៅជាវិសុទ្ធ​? 20ដូច្នេះ អ្នក​ដែល​ស្បថ​ដោយ​អាង​អាសនា គឺ​ស្បថ​ដោយ​អាង​អាសនា និង​អ្វីៗ​ទាំងអស់​នៅលើ​អាសនា​; 21អ្នក​ដែល​ស្បថ​ដោយ​អាង​ព្រះវិហារ គឺ​ស្បថ​ដោយ​អាង​ព្រះវិហារ និង​ព្រះអង្គ​ដែល​គង់នៅ​ក្នុង​ព្រះវិហារ​; 22ហើយ​អ្នក​ដែល​ស្បថ​ដោយ​អាង​មេឃ គឺ​ស្បថ​ដោយ​អាង​បល្ល័ង្ក​របស់​ព្រះ ព្រមទាំង​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្កនោះ​ផង​។
23 “វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ថ្វាយតង្វាយមួយភាគដប់ ជា​ជីរអង្កាម ជីរឌីល និង​គ្រាប់គូមីន ប៉ុន្តែ​អ្នករាល់គ្នា​បាន​បោះបង់ចោល​អ្វីៗ​ដែល​សំខាន់ជាង​ក្នុង​ក្រឹត្យវិន័យ គឺ​សេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និង​ជំនឿ​។ ការទាំងនេះ​ត្រូវតែ​ធ្វើ ហើយក៏​មិន​ត្រូវ​បោះបង់ចោល​ការឯទៀតនោះ​ដែរ​។ 24ពួក​អ្នកនាំផ្លូវ​ខ្វាក់ភ្នែក​អើយ អ្នករាល់គ្នា​ច្រោះ​មមង់​ចេញ ប៉ុន្តែ​លេប​អូដ្ឋ​ចូល​វិញ​!
25 “វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​សម្អាត​ពែង និង​ចាន​តែ​ខាងក្រៅ រីឯ​ខាងក្នុង​វិញ ពោរពេញទៅដោយ​ការលោភលន់ និង​ការបណ្ដោយខ្លួនតាមអំពើចិត្ត​។ 26ពួកផារិស៊ី​ខ្វាក់ភ្នែក​អើយ​! ចូរ​សម្អាត​ខាងក្នុង​ពែង#23:26 ឯកសារបុរាណខ្លះបន្ថែម “និងចាន”។​ជាមុនសិន ដើម្បីឲ្យ​ខាងក្រៅ​ពែង​បាន​ស្អាត​ដែរ​។
27 “វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ដូចជា​ផ្នូរ​លាបកំបោរស​ដែល​ឃើញ​ស្អាត​ពី​ខាងក្រៅ​មែន ប៉ុន្តែ​ខាងក្នុង​វិញ ពោរពេញ​ទៅដោយ​ឆ្អឹង​មនុស្សស្លាប់ និង​ភាពស្មោកគ្រោក​គ្រប់យ៉ាង​។ 28អ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ នៅចំពោះ​មនុស្ស មើលទៅ​សុចរិត​ពី​ខាងក្រៅ​មែន ប៉ុន្តែ​ខាងក្នុង​វិញ ពេញ​ដោយ​ពុតត្បុត និង​ការឥតច្បាប់​។
29 “វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​សាងសង់​ផ្នូរ​របស់​ព្យាការី ហើយ​តុបតែង​ស្តូប​របស់​មនុស្ស​សុចរិត 30ទាំង​និយាយថា​: ‘ប្រសិនបើ​យើង​បាន​រស់នៅ​សម័យ​ដូនតា​របស់យើង ម្ល៉េះសម​យើង​មិន​បាន​ធ្វើជា​ដៃគូ​ជាមួយ​ពួកគាត់ ក្នុង​ការបង្ហូរ​ឈាម​បណ្ដា​ព្យាការី​ទេ’។ 31ដូច្នេះ អ្នករាល់គ្នា​កំពុង​ធ្វើបន្ទាល់​ដោយ​ខ្លួនឯង​ថា អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​បណ្ដា​ព្យាការី​។ 32ចូរ​អ្នករាល់គ្នា​បំពេញ​រង្វាល់​របស់​ដូនតា​អ្នករាល់គ្នា​ទៅ​!
33 “ពួក​សត្វពស់ ពួក​ពូជ​ពស់វែក​អើយ​! តើ​អ្នករាល់គ្នា​អាច​គេចផុត​ពី​ទោស​នៃ​ស្ថាននរក​យ៉ាងដូចម្ដេច​បាន​? 34មើល៍! ហេតុនេះហើយបានជា​ខ្ញុំ​ចាត់​បណ្ដា​ព្យាការី អ្នក​មានប្រាជ្ញា និង​ពួក​គ្រូវិន័យ​ឲ្យមក​រក​អ្នករាល់គ្នា​; អ្នករាល់គ្នា​នឹង​សម្លាប់​អ្នកខ្លះ និង​ឆ្កាង​អ្នកខ្លះ​ក្នុងចំណោម​ពួកគេ ហើយ​វាយ​អ្នកខ្លះ​នឹងរំពាត់​ក្នុង​សាលាប្រជុំ​របស់អ្នករាល់គ្នា ព្រមទាំង​តាម​បៀតបៀន​ពួកគេ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ​។ 35ដូច្នេះ អស់ទាំង​ឈាម​ដ៏សុចរិត​ដែល​ត្រូវ​បាន​បង្ហូរ​នៅលើ​ផែនដី តាំងពី​ឈាម​របស់​អេបិល​មនុស្ស​សុចរិត រហូតដល់​ឈាម​របស់​សាការី​កូន​របស់​បារ៉ាគា​ដែល​អ្នករាល់គ្នា​បាន​សម្លាប់​នៅចន្លោះ​ទីវិសុទ្ធ និង​អាសនា​នោះ នឹង​ធ្លាក់​មក​លើ​អ្នករាល់គ្នា​។ 36ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ការ​ទាំងអស់​នេះ​នឹង​ធ្លាក់​មក​លើ​ជំនាន់​នេះ​។
សោកស្ដាយចំពោះយេរូសាឡិម
37 “យេរូសាឡិម យេរូសាឡិម​អើយ! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវបាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។ 38មើល៍! ផ្ទះ#23:38 ផ្ទះ​―ឬ “វិហារ”; គឺ “ព្រះ​វិហារនៅយេរូសាឡិម”។ សូមមើល 《យេរេមា》 12:7; 22:5។ របស់អ្នករាល់គ្នា​នឹង​ត្រូវ​ទុកចោល​ឲ្យ​នៅ​ស្ងាត់ជ្រងំ​។ 39ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀតឡើយ រហូតទាល់តែ​អ្នករាល់គ្នា​និយាយថា​:‘សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់’#23:39 《ទំនុកតម្កើង》 118:26។”៕

Currently Selected:

ម៉ាថាយ 23: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy