សុភាសិត 31:10-31

សុភាសិត 31:10-31 គខប

ស្ត្រី​គ្រប់​លក្ខណ៍​កម្រ​រក​បាន​ណាស់ នាង​មាន​តម្លៃ​លើស​ពេជ្រ​ទៅ​ទៀត។ ស្វាមី​ទុក​ចិត្ត​លើ​នាង នាង​តែងតែ​ធ្វើ​ឲ្យ​ស្វាមី​ចម្រុង‌ចម្រើន។ នាង​តែងតែ​ផ្ដល់​សុភមង្គល​ឲ្យ​ស្វាមី​អស់​មួយ​ជីវិត គឺ​នាង​មិន​ធ្វើ​ឲ្យ​ស្វាមី​ជួប​អពមង្គល​ឡើយ។ នាង​ខិត‌ខំ​រក​អំបោះ និង​សូត្រ មក​ត្បាញ​រវៃ​យ៉ាង​ស្វាហាប់។ នាង​នាំ​អាហារ​មក​ពី​ឆ្ងាយ ដូច​នាវា​ដឹក​ទំនិញ។ នាង​ក្រោក​ពី​ព្រលឹម រៀបចំ​បាយ​ទឹក​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ ហើយ​ចាត់​ចែង​ការ‌ងារ​ឲ្យ​ស្រី​បម្រើ​ធ្វើ។ នាង​រិះគិត​ពិចារណា ហើយ​ទៅ​ទិញ​ចម្ការ​មួយ រួច​នាង​យក​ប្រាក់​ដែល​ខ្លួន​រក​បាន ទៅ​ទិញ​ទំពាំង‌បាយជូរ​មក​ដាំ។ នាង​ប្រឹង‌ប្រែង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ មិន​ឲ្យ​ទំនេរ​ដៃ​ឡើយ។ នាង​ឃើញ​កិច្ចការ​របស់​នាង​បាន​ចម្រើន​ឡើង នាង​ធ្វើ​ការ​ទាំង​យប់ ក្រោម​ពន្លឺ​ចង្កៀង។ នាង​កាន់​ខ្នារ​រវៃ​អំបោះ រួច​នាង​បោះ​ត្រល់​ត្បាញ។ នាង​ចែក​ទាន​ដល់​ជន​ក្រីក្រ ហើយ​ជួយ​ជន​ទុគ៌ត។ នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង សុទ្ធ​តែ​មាន​សម្លៀក‌បំពាក់​យ៉ាង​កក់​ក្ដៅ​គ្រប់ៗ​គ្នា។ នាង​ត្បាញ​ភួយ​សម្រាប់​ខ្លួន​ឯង នាង​មាន​សម្លៀក‌បំពាក់​ល្អៗ​ដែល​មាន​ពណ៌​ស្រស់។ ស្វាមី​របស់​នាង​ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន គាត់​ចូល​រួម​ក្នុង​ក្រុម​ព្រឹទ្ធា‌ចារ្យ​របស់​ស្រុក។ នាង​ដេរ​សម្លៀក‌បំពាក់​លក់ ហើយ​ក៏​ដេរ​ខ្សែ​ក្រវាត់​លក់​ឲ្យ​អ្នក​ជំនួញ​ដែរ។ នាង​មាន​កម្លាំង និង​មាន​កិត្តិយស​ថ្លៃ‌ថ្នូរ នាង​សម្លឹង​មើល​ទៅ​អនាគត ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។ នាង​និយាយ​ស្ដី​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ទូន្មាន​គេ​ដោយ​ចិត្ត​សប្បុរស។ នាង​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ផ្ទះ ឥត​ទំនេរ​ដៃ​សោះ​ឡើយ។ កូន​របស់​នាង​នាំ​គ្នា​កោត​សរសើរ​នាង រីឯ​ស្វាមី​របស់​នាង​ក៏​លើក​តម្កើង​នាង ដោយ​ពោល​ថា: «មាន​ស្ត្រី​ជា​ច្រើន​គ្រប់​លក្ខណ៍ តែ​នាង​គ្រប់​លក្ខណ៍​លើស​គេ​ទាំង​អស់»។ រូប​ឆោម​លោម​ពណ៌​រមែង​បញ្ឆោត​ចិត្ត រីឯ​សម្រស់​ល្អ​ស្អាត មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ មាន​តែ​ស្ត្រី​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ ដែល​គួរ​កោត​សរសើរ។ នាង​ត្រូវ​តែ​ទទួល​ផល​ពី​កិច្ចការ​ដែល​នាង​ធ្វើ ហើយ​ទទួល​ការ​កោត​សរសើរ​ពី​មនុស្ស​ទាំង​អស់​ក្នុង​ទីក្រុង។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ