ម៉ាថាយ 26:36-45

ម៉ាថាយ 26:36-45 គខប

ពេល​នោះ ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​ពួក​សិស្ស*​ដល់​កន្លែង​មួយ ឈ្មោះ​កេតសេ‌ម៉ានី ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន*​នៅ​ត្រង់​កន្លែង​នោះ»។ ព្រះអង្គ​នាំ​លោក​ពេត្រុស និង​កូន​របស់​លោក​សេបេ‌ដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ពេល​នោះ ព្រះអង្គ​ចាប់​ផ្ដើម​ព្រួយ​ព្រះ‌ហឫទ័យ ហើយ​ចុក​ចាប់​អន្ទះ‌សា​ពន់‌ប្រមាណ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី ​ជា​មួយ​ខ្ញុំ»។ ព្រះអង្គ​យាង​ទៅ​មុខ​បន្ដិច ក្រាប​ព្រះ‌ភ័ក្ត្រ​ដល់​ដី ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នៃ​ទុក្ខ​លំបាក នេះ​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ សូម​កុំ​ធ្វើ​តាម​បំណង​ទូលបង្គំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​វិញ»។ ព្រះអង្គ​យាង​មក​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «អ្នក​រាល់​គ្នា​មិន​ស៊ូ‌ទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ!។ ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។ ព្រះអង្គ​យាង​ចេញ​ទៅ​ម្ដង​ទៀត​ជា​លើក​ទី​ពីរ ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ ប្រសិន​បើ​ទូលបង្គំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ!»។ ព្រះ‌យេស៊ូ​វិល​ត្រឡប់​ទៅ​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។ ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ​ទៅ​អធិស្ឋាន*​ជា​លើក​ទី​បី ហើយ​ទូល‌អង្វរ​ដោយ​ពាក្យ​ដដែល។ បន្ទាប់​មក ព្រះអង្គ​វិល​មក​រក​សិស្ស​វិញ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ឥឡូវ​នេះ ជិត​ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប​ហើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 26:36-45

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ