១ ថេស្សាឡូនិក 5

5
1ចំពោះ​ពេល​វេលា និង​ពេល​កំណត់​នោះ យើង​មិន​បាច់​សរសេរ​មក​ប្រាប់​បងប្អូន​ទេ 2 ដ្បិត​បងប្អូន​ផ្ទាល់​ជ្រាប​ច្បាស់​ហើយ​ថា ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មក ប្រៀប​បី​ដូច​ជា​ចោរ​ចូល​លួច​នៅ​ពេល​យប់។ 3ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្តិ‌ភាព​ហើយ! មាន​សន្តិ‌សុខ​ហើយ!” ពេល​នោះ មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ត្រី​ឈឺ​ផ្ទៃ​មុន​សម្រាល​កូន​ដែរ។ 4រីឯ​បងប្អូន​វិញ បងប្អូន​អើយ បងប្អូន​មិន​មែន​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត បណ្ដោយ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់ ដោយ​មិន​ដឹង​ខ្លួន ដូច​ជា​ពេល​ចោរ​ចូល​លួច​នោះ​ឡើយ។ 5បងប្អូន​ទាំង​អស់​គ្នា​មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន យើង​មិន​មែន​រស់​នៅ​ក្នុង​យប់​អន្ធការ និង​ក្នុង​សេចក្ដី​ងងឹត​ទេ។ 6ហេតុ​នេះ យើង​មិន​ត្រូវ​ដេក​លក់​ដូច​អ្នក​ឯ​ទៀតៗ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រុង​ស្មារតី ហើយ​ភ្ញាក់​ខ្លួន​ជានិច្ច។ 7អស់​អ្នក​ដែល​ដេក​លក់​តែង​ដេក​លក់​នៅ​ពេល​យប់ ហើយ​អស់​អ្នក​ស្រវឹង​ស្រា​ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ។ 8 រីឯ​យើង​ដែល​មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន​វិញ យើង​ត្រូវ​ភ្ញាក់​ខ្លួន​ដោយ​យក​ជំនឿ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ធ្វើ​ជា​អាវ‌ក្រោះ ព្រម​ទាំង​យក​សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ មក​ពាក់​ធ្វើ​ជា​មួក​ដែក 9ដ្បិត​ព្រះ‌ជាម្ចាស់​មិន​បាន​តម្រូវ​ឲ្យ​យើង​ទទួល​ទោស​ឡើយ គឺ​ព្រះអង្គ​ឲ្យ​យើង​ទទួល​ការ​សង្គ្រោះ ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង 10បាន​សោយ​ទិវង្គត​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​រស់​រួម​ជា​មួយ​ព្រះអង្គ ទោះ​បី​យើង​នៅ​រស់​ក្ដី ស្លាប់​ក្ដី ។ 11ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា និង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បងប្អូន​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។
ពាក្យ​ដាស់‌តឿន​ផ្សេងៗ និង​ពាក្យ​សួរ​សុខ​ទុក្ខ
12បងប្អូន​អើយ យើង​សូម​អង្វរ​បងប្អូន​ឲ្យ​ចេះ​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់ ក្នុង​ចំណោម​បងប្អូន ជា​អ្នក​នាំ​មុខ​បងប្អូន​ក្នុង​មាគ៌ា​ព្រះ‌អម្ចាស់ និង​អប់រំ​បងប្អូន។ 13ត្រូវ​លើក​តម្លៃ​បងប្អូន​ទាំង​នោះ​ឲ្យ​បាន​ខ្ពស់​បំផុត ទាំង​មាន​ចិត្ត​ស្រឡាញ់ ដោយ​យល់​ដល់​កិច្ចការ​ដែល​គេ​បំពេញ​នោះ​ផង។ ត្រូវ​រស់​នៅ​ឲ្យ​បាន​សុខ​ជា​មួយ​គ្នា។
14បងប្អូន​អើយ យើង​សូម​ដាស់‌តឿន​បងប្អូន​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​រស់​គ្មាន​សណ្ដាប់‌ធ្នាប់ ចូរ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ទ្រ‌ទ្រង់​អស់​អ្នក​ទន់​ខ្សោយ និង​មាន​ចិត្ត​អត់‌ធ្មត់ ចំពោះ​មនុស្ស​ទួទៅ​ផង។
15ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់​ឡើយ តែ​ត្រូវ​សង្វាត​ធ្វើ​អំពើ​ល្អ​ជានិច្ច គឺ​ធ្វើ​ចំពោះ​បងប្អូន​គ្នា​ឯង និង​ចំពោះ​មនុស្ស​ទួទៅ។
16ចូរ​មាន​អំណរ​សប្បាយ​ជានិច្ច 17ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ 18ចូរ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ដ្បិត​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បងប្អូន ដែល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ​ធ្វើ​ដូច្នេះ​ឯង។
19កុំ​រារាំង​សកម្ម‌ភាព​របស់​ព្រះ‌វិញ្ញាណ​ឡើយ 20កុំ​មើល‌ងាយ​ការ​ថ្លែង​ព្រះ‌បន្ទូល 21ចូរ​ពិចារណា​មើល​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ស្រង់​យក​នូវ​សេចក្ដី​ណា​ដែល​ល្អ។ 22ត្រូវ​ចៀស​ចេញ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។
23សូម​ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​ប្រោស​បងប្អូន​ឲ្យ​បាន​វិសុទ្ធ*​ទាំង​ស្រុង។ សូម​ព្រះអង្គ​ថែ‌រក្សា​ខ្លួន​បងប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​ឲ្យ​បាន​ស្អាត​ឥត​សៅ‌ហ្មង នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង​យាង​មក។ 24ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បងប្អូន​មក ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​នឹង​សម្រេច​ការ​នេះ​ជា​ពុំ‌ខាន។
25បងប្អូន​អើយ សូម​អធិស្ឋាន*​ឲ្យ​យើង​ផង។ 26សូម​ជម្រាប​សួរ​ពួក​បងប្អូន​ទាំង​អស់ ដោយ​ស្និទ្ធ‌ស្នាល។
27ខ្ញុំ​សូម​អង្វរ​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា សូម​អាន​សំបុត្រ​នេះ​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​ស្ដាប់​ផង។
28សូម​ឲ្យ​បងប្អូន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​អម្ចាស់​នៃ​យើង។

ទើបបានជ្រើសរើសហើយ៖

១ ថេស្សាឡូនិក 5: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ