១ កូរិនថូស 15

15
អំពី​ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ
1បងប្អូន​អើយ ខ្ញុំ​សូម​រំឭក​បងប្អូន​ដំណឹង‌ល្អ*​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បងប្អូន ជា​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ទទួល និង​បាន​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន​ស្រាប់​ហើយ។ 2ប្រសិន​បើ​បងប្អូន​មិន​ឃ្លាត​ចាក​ពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បងប្អូន​ទេ​នោះ បងប្អូន​នឹង​ទទួល​ការ​សង្គ្រោះ​តាម​រយៈ​ដំណឹង‌ល្អ​នេះ​ដែរ។ បើ​ឃ្លាត​ចាក ជំនឿ​របស់​បងប្អូន​មុខ​តែ​ឥត​ប្រយោជន៍។
3 មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បងប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គម្ពីរ។ 4 គេ​បាន​បញ្ចុះ​ព្រះ‌សព​ព្រះអង្គ​នៅ​ក្នុង​ផ្នូរ ហើយ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គម្ពីរ។ 5 ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ឃើញ​ដែរ។ 6បន្ទាប់​មក ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ ក្នុង​ពេល​ជា​មួយ​គ្នា។ ក្នុង​ចំណោម​បងប្អូន​ទាំង​នោះ​មាន​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​អ្នក​ខ្លះ​បាន​ទទួល​មរណ‌ភាព ផុត​ទៅ​ហើយ។ 7បន្ទាប់​មក​ទៀត ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​សាវ័ក​ទាំង​អស់​ឃើញ។ 8 ក្រោយ​បង្អស់ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំ ដែល​ប្រៀប​បី​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ​នេះ​ឃើញ​ដែរ 9 ដ្បិត​ក្នុង​ចំណោម​សាវ័ក​ទាំង​អស់ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ហើយ​មិន​សម​នឹង​មាន​ឈ្មោះ​ជា​សាវ័ក​ទៀត​ផង ព្រោះ​ខ្ញុំ​បាន​បៀត‌បៀន​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់។ 10ប៉ុន្តែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ។ ព្រះ‌គុណ​របស់​ព្រះអង្គ​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​សាវ័ក​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ ដែល​បាន​សម្រេច​គ្រប់​កិច្ចការ។ 11ហេតុ​នេះ ទោះ​បី​ខ្ញុំ​ក្ដី ទោះ​បី​សាវ័ក​ទាំង​នោះ​ក្ដី យើង​ប្រកាស​ដំណឹង‌ល្អ*​នេះ ជា​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ជឿ។
គ្រិស្ត‌បរិស័ទ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ
12ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន​បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ? 13ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌គ្រិស្ត​ក៏​មិន​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ 14ហើយ​បើ​ព្រះ‌គ្រិស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បងប្អូន​ក៏​គ្មាន​ន័យ​អ្វី​ដែរ។ 15បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែង‌ក្លាយ​អំពី​ព្រះ‌ជាម្ចាស់ ដោយ​ផ្ដល់​សក្ខីភាព​ខុស​ថា ព្រះអង្គ​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះអង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ​ដែរ 16ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ព្រះ‌គ្រិស្ត​ក៏​មិន​រស់​ឡើង​វិញ​ដែរ 17ហើយ​បើ​ព្រះ‌គ្រិស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ ជំនឿ​របស់​បងប្អូន​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ បងប្អូន​នៅ​តែ​ជាប់​បាប​ដដែល។ 18រីឯ​អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ក៏​ត្រូវ​វិនាស​សាប‌សូន្យ​ទាំង​អស់​គ្នា​ដែរ។ 19ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​ព្រះ‌គ្រិស្ត សម្រាប់​តែ​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ យើង​ជា​អ្នក​វេទនា​ជាង​គេ​បំផុត​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ហើយ!។
20ប៉ុន្តែ ព្រះ‌គ្រិស្ត​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ។ 21បើ​មនុស្ស​លោក​ត្រូវ​ស្លាប់ ព្រោះ​តែ​មនុស្ស​ម្នាក់ គេ​ក៏​នឹង​រស់​ឡើង​វិញ​ដោយ‌សារ​មនុស្ស​តែ​ម្នាក់​ដែរ។ 22មនុស្ស​ទាំង​អស់​បាន​ស្លាប់​រួម​ជា​មួយ​លោក​អដាំ​យ៉ាង​ណា គេ​ក៏​នឹង​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​យ៉ាង​នោះ​ដែរ 23ម្នាក់ៗ​តាម​លំដាប់‌លំដោយ គឺ​ព្រះ‌គ្រិស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ បន្ទាប់​មក អស់​អ្នក​ដែល​ជា​សិស្ស*​របស់​ព្រះ‌គ្រិស្ត​នឹង​រស់​ឡើង​វិញ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់។ 24បន្ទាប់​មក​ទៀត នឹង​ដល់​អវសាន‌កាល គឺ​នៅ​ពេល​នោះ ព្រះ‌គ្រិស្ត​នឹង​ប្រគល់​ព្រះ‌រាជ្យ*​ថ្វាយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា ក្រោយ​ពី​បាន​រំលំ​រាជ្យ អំណាច និង​ឫទ្ធិ​ទាំង​ប៉ុន្មាន​រួច​ស្រេច​ហើយ។ 25 ព្រះ‌គ្រិស្ត​ត្រូវ​តែ​គ្រង​រាជ្យ ទម្រាំ​ដល់​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ26សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​នឹង​ត្រូវ​រំលាយ​ចោល​នោះ គឺ​សេចក្ដី​ស្លាប់។ 27 ព្រះ‌ជាម្ចាស់​បាន​ដាក់​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​ព្រះ‌បាទារបស់​ព្រះ‌គ្រិស្ត​រួច​ស្រេច​ហើយ។ ប៉ុន្តែ កាល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រិស្ត” ដូច្នេះ មិន​មែន​រាប់​បញ្ចូល​ព្រះអង្គ​ផ្ទាល់ ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ មក​ដាក់​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​នោះ​ទេ ព្រះអង្គ​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​ឡើយ។ 28លុះ​ដល់​ពេល​អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​ហើយ ទើប​ព្រះ‌បុត្រា​ផ្ទាល់​នឹង​ចុះ​ចូល​ក្រោម​អំណាច​ព្រះ‌បិតា ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​ព្រះអង្គ​នោះ​វិញ​ដែរ ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​បាន​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ ក្នុង​គ្រប់​ប្រការ​ទាំង​អស់។
29ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទាល់​តែ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក* សម្រាប់​ពួក​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ដូច្នេះ តើ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​សម្រាប់​អ្នក​ស្លាប់​ទាំង​នោះ បាន​ប្រយោជន៍​អ្វី? 30រីឯ​យើង​វិញ យើង​ស៊ូ​ប្ដូរ​ជីវិត​តទល់​នឹង​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា​នោះ បាន​ប្រយោជន៍​អ្វី​ដែរ? 31បងប្អូន​អើយ រៀង​រាល់​ថ្ងៃ​ខ្ញុំ​ប្រឈម​មុខ​តទល់​នឹង​សេចក្ដី​ស្លាប់​ជានិច្ច។
ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​បងប្អូន​ថា សេចក្ដី​នេះ​ពិត​មែន ដូច​បងប្អូន​ជា​កិត្តិយស​របស់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​របស់​យើង​ស្រាប់​ហើយ។ 32 ប្រសិន​បើ​ខ្ញុំ​គិត​តាម​តែ​ទស្សនៈ​របស់​មនុស្ស​ប៉ុណ្ណោះ តើ​ខ្ញុំ​តយុទ្ធ​នឹង​សត្វ​សាហាវ​នៅ​ក្រុង​អេភេសូ បាន​ប្រយោជន៍​អ្វី? ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ចូរ​យើង​នាំ​គ្នា​គិត​តែ​ពី​ស៊ី​ផឹក​ទៅ ព្រោះ​ថ្ងៃ​ស្អែក យើង​មុខ​តែ​ស្លាប់​មិន​ខាន
33សូម​បងប្អូន​កុំ​ភាន់‌ច្រឡំ “មិត្ត​អាក្រក់​តែង​នាំ​ឲ្យ​ខូច​ទម្លាប់​ល្អ”។ 34ហេតុ​នេះ ចូរ​ភ្ញាក់​ខ្លួន​ឡើង កុំ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ។ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន មិន​ស្គាល់​ព្រះ‌ជាម្ចាស់​ទេ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​បងប្អូន​ខ្មាស​ខ្លួន។
អំពី​រូប​កាយ​អ្នក​ដែល​រស់​ឡើង​វិញ
35មាន​ម្នាក់​ប្រហែល​ជា​ចង់​សួរ​ថា: «តើ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​បែប​ដូច​ម្ដេច? តើ​អ្នក​រស់​ឡើង​វិញ​មាន​រូប​កាយ​យ៉ាង​ណា?»។ 36មនុស្ស​ឆោត​ល្ងង់​អើយ! គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ វា​មាន​ជីវិត​បាន លុះ​ត្រា​តែ​វា​ងាប់​សិន។ 37គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ​នោះ មិន​មែន​មាន​រូប​រាង​ដូច​ដើម​ដែល​នឹង​ដុះ​នោះ​ឡើយ គឺ​គ្រាន់​តែ​ជា​គ្រាប់​មួយ ដូច​ជា​គ្រាប់​ស្រូវ ឬ​គ្រាប់​អ្វី​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ 38ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​គ្រាប់​នោះ​មាន​រូប​រាង ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​គ្រាប់​ពូជ​នីមួយៗ​ដុះ​ឡើង មាន​រូប​រាង​របស់​វា​ផ្ទាល់។
39រីឯ​សត្វ​លោក​ទាំង​អស់​ក៏​មាន​សាច់​ផ្សេងៗ​ពី​គ្នា​ដែរ គឺ​មនុស្ស​មាន​សាច់​ម្យ៉ាង សត្វ​ចតុប្បាទ​មាន​សាច់​ម្យ៉ាង សត្វ​ស្លាប​មាន​សាច់​ម្យ៉ាង ហើយ​ត្រី​មាន​សាច់​ម្យ៉ាង។ 40រូប​កាយ​នៅ​ស្ថាន‌សួគ៌ និង​រូប​កាយ​នៅ​លើ​ផែនដី​ក៏​ខុស​ពី​គ្នា​ដែរ។ រូប​កាយ​នៅ​ស្ថាន‌សួគ៌​មាន​ពន្លឺ​រស្មី​រុងរឿង ជាង​រូប​កាយ​នៅ​លើ​ផែនដី។ 41ពន្លឺ​ថ្ងៃ ភ្លឺ​ខុស​ពី​ពន្លឺ​លោក​ខែ និង​ពន្លឺ​ផ្កាយ ហើយ​សូម្បី​តែ​ផ្កាយ​ក៏​មាន​ពន្លឺ​ប្លែកៗ​ពី​គ្នា។
42ចំណែក​មនុស្ស​ស្លាប់ ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី​តែងតែ​រលួយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ មិន​ចេះ​រលួយ​ទេ។ 43រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ថោក​ទាប រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​សិរី‌រុងរឿង រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ទន់​ខ្សោយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ឫទ្ធា‌នុភាព។ 44រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ធម្ម‌ជាតិ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ។ ប្រសិន​បើ​មាន​រូប​កាយ​ធម្ម‌ជាតិ​មែន រូប​កាយ​ប្រកប​ដោយ​វិញ្ញាណ​ក៏​មាន​ដែរ។ 45 ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​មក​ថា «មនុស្ស​ទី​មួយ គឺ​លោក​អដាំ​បាន​ទទួល​ជីវិត»។ រីឯ​លោក​អដាំ​ចុង​ក្រោយ​បង្អស់ បាន​ទៅ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ 46មិន​មែន​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ​ទេ​ដែល​កើត​មុន គឺ​រូប​កាយ​ធម្ម‌ជាតិ​វិញ​ឯ‌ណោះ​ទេ​តើ​ដែល​បាន​កើត​មុន ទើប​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ កើត​មក​តាម​ក្រោយ។ 47មនុស្ស​ទី​មួយ​កើត​ចេញ​ពី​ដី​មក មាន​លក្ខណៈ​ជា​ដី។ រីឯ​មនុស្ស​ទី​ពីរ​វិញ កើត​មក​ពី​ស្ថាន​បរម‌សុខ*។ 48អស់​អ្នក​ដែល​កើត​ពី​ដី​ក៏​មាន​លក្ខណៈ​ដូច​អ្វីៗ​នៅ​លើ​ដី​នេះ ហើយ​អស់​អ្នក​ដែល​កើត​ពី​ស្ថាន​បរម‌សុខ ក៏​មាន​លក្ខណៈ​ដូច​ព្រះអង្គ ដែល​នៅ​ស្ថាន​បរម‌សុខ​ដែរ។ 49យើង​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ដែល​មាន​លក្ខណៈ​ជា​ដី​យ៉ាង​ណា យើង​ក៏​នឹង​មាន​ទ្រង់‌ទ្រាយ​ដូច​ព្រះអង្គ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​យ៉ាង​នោះ​ដែរ។
50បងប្អូន​អើយ ខ្ញុំ​ចង់​និយាយ​ថា រូប​កាយ​ដែល​ធ្វើ​ពី​សាច់​ពី​ឈាម​ពុំ​អាច​ទទួល​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​ឡើយ ហើយ​អ្វីៗ​ដែល​តែងតែ​រលួយ ក៏​ពុំ​អាច​ទទួល​អ្វី​ដែល​មិន​ចេះ​រលួយ​នោះ​ដែរ។
51 ខ្ញុំ​សូម​ជម្រាប​បងប្អូន​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​មួយ គឺ​ថា យើង​មិន​ស្លាប់​ទាំង​អស់​គ្នា​ទេ ប៉ុន្តែ យើង​នឹង​ត្រូវ​ប្រែ​ទ្រង់‌ទ្រាយ​ទាំង​អស់​គ្នា 52ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ (ដ្បិត​នឹង​មាន​សំឡេង​ត្រែ​បន្លឺ​ឡើង) មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ទាំង​មាន​រូប​កាយ​ដែល​មិន​ចេះ​រលួយ រីឯ​យើង យើង​នឹង​ត្រូវ​ប្រែ​ទ្រង់‌ទ្រាយ​ដែរ 53ព្រោះ​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ ត្រូវ​តែ​ទទួល​យក​ភាព​ដែល​មិន​ចេះ​រលួយ ហើយ​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ ត្រូវ​ទទួល​យក​ភាព​អមតៈ។ 54នៅ​ពេល​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ បាន​ទទួល​ភាព​មិន​ចេះ​រលួយ ហើយ​នៅ​ពេល​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ បាន​ទទួល​ភាព​អមតៈ​ហើយ​នោះ ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នឹង​បាន​សម្រេច​គឺ​ថា:
«ជ័យ‌ជម្នះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ!
55 មច្ចុរាជ​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា?
មច្ចុរាជ​អើយ តើ​អំណាច​ប្រហារ​ជីវិត​របស់​ឯង
នៅ​ឯ​ណា?»
56ទ្រនិច​នៃ​សេចក្ដី​ស្លាប់​នោះ​មក​ពី​អំពើ​បាប រីឯ​អំណាច​នៃ​អំពើ​បាប​មក​ពី​ក្រឹត្យ‌វិន័យ* ។ 57សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ព្រោះ​ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជម្នះ ដោយ‌សារ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត*។ 58ហេតុ​នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​មាន​ចិត្ត​រឹង‌ប៉ឹង​មាំ‌មួន​ឡើង។ ចូរ​ខំ​ប្រឹង​ធ្វើ​កិច្ចការ​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​ចម្រើន​ឡើង​ជានិច្ច ដោយ​ដឹង​ថា កិច្ចការ​ដែល​បងប្អូន​ធ្វើ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ទាំង​នឿយ‌ហត់​នោះ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។

ទើបបានជ្រើសរើសហើយ៖

១ កូរិនថូស 15: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ