សុភា‌សិត 4

4
ដំបូន្មាន​របស់ឪពុក
1កូន​ទាំង‌ឡាយ​អើយ
ចូរ​ស្តាប់​ដំបូន្មាន​របស់​ឪពុក ហើយ​ផ្ចង់​ចិត្ត
នោះ​ឯង​នឹង​បាន​ស្គាល់​ការ​ចេះ​ដឹង
2ដ្បិតឪពុក​ឲ្យ​ឱវាទ​ដ៏​ល្អ​ដល់​កូន
កុំ​បោះ‌បង់​ចោល​សេចក្ដី​បង្រៀន
របស់ឪពុក​ឡើយ។
3ដ្បិត​ពី​ដើម​យើង​ជា​កូន​របស់​ឪពុក​យើង​ដែរ
គឺ​ជា​កូន​ទន់​ខ្ចី ជា​ទី​ស្រឡាញ់​បណ្ដាច់
ដល់​ម្តាយ​យើង
4ឪពុក​បាន​បង្រៀន​យើង​ដោយ​ពាក្យ​ថា
«ចូរ​ឲ្យ​ចិត្ត​កូន​រក្សា​ទុក
អស់​ទាំង​ពាក្យ​របស់​ឪពុក​ចុះ
ចូរ​រក្សា​អស់​ទាំង​បណ្ដាំ​របស់​យើង
ដើម្បី​ឲ្យ​កូន​បាន​រស់​នៅ
5ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា ចូរ​ខំ​ឲ្យ​បាន​យោបល់
កុំ​ឲ្យ​ភ្លេច​ឡើយ
ក៏​កុំ​ឲ្យ​បែរ​ចេញ​ពី​ពាក្យ
ដែល​មាត់​យើង​ពោល​ដែរ។
6កុំ​ចោល​ប្រាជ្ញា​ឡើយ នោះ​នឹង​ការ​ពារ​ឯង
ចូរ​ស្រឡាញ់​ប្រាជ្ញា​ចុះ
នោះ​នឹង​ទំនុក​បម្រុង​ឯង។
7ការ​ចាប់​ផ្ដើម​ឲ្យ​មាន​ប្រាជ្ញា គឺ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ
អើ​កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ
នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង។
8ចូរ​តម្កើង​ប្រាជ្ញា​ឲ្យ​ខ្ពស់​ឡើង​នោះ
និង​ឲ្យ​ឯង​ខ្ពស់​ឡើង​ដែរ
ក៏​នឹង​នាំ​ឲ្យ​ឯង​បាន​កិត្តិ‌សព្ទ
ដោយ​ឯង​ឱប​ក្រសោប​ជាប់។
9ប្រាជ្ញា​នឹង​បំពាក់​គ្រឿង​ដ៏​វិសេស​លើ​ក្បាល​ឯង
ហើយ​នឹង​ឲ្យ​ឯង​ពាក់​សិរី‌ល្អ​ទុក​ជា​មកុដ»។
ពាក្យក្រើនរំឭកឲ្យប្រតិបត្តិ​តាម​ផ្លូវ​ត្រឹម​ត្រូវ
10ចូរ​ស្តាប់ កូន​អើយ
ហើយ​ទទួល​ពាក្យ​របស់​យើង​ចុះ
នោះ​ឯង​នឹង​បាន​អាយុ​យឺន​យូរ។
11យើង​បាន​បង្រៀន​ឯង​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា
យើង​បាន​នាំ​ឯង​ទៅ​ក្នុង​អស់​ទាំង​ផ្លូវ​ច្រក
នៃ​សេចក្ដី​ទៀង​ត្រង់
12កាល​ណា​ឯង​ដើរ​ទៅ
នោះ​ជំហាន​ឯង​នឹង​មិន​ទើស​ទាល់
ហើយ​កាល​ណា​ឯង​រត់
នោះ​ឯង​នឹង​មិន​ចំពប់​ឡើយ។
13ចូរ​តោង​ជាប់​តាម​ដំបូន្មាន
កុំ​លែង​ឲ្យ​សោះ
ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ
ជា​ជីវិត​របស់​ឯង។
14កុំ​ឲ្យ​ចូល​ក្នុង​ផ្លូវ​របស់​មនុស្ស​អា‌ក្រក់​ឡើយ
ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​មនុស្ស
ដែល​ប្រព្រឹត្ត​អាក្រក់​ដែរ។
15ចូរ​ចៀស​ចេញ កុំ​ឲ្យ​ដើរ​ជិត​ផ្លូវ​នោះ​ឲ្យ​សោះ
ត្រូវ​ឲ្យ​ងាក​ចេញ ហើយ​បង្ហួស​ទៅ​ឲ្យ​ផុត។
16ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ
ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន
ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល
នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ។
17ព្រោះ​គេ​បរិ‌ភោគ​អាហារ ជា​ផល​នៃ​ការ​អាក្រក់
ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ
ជា​ផល​នៃ​ការ​ច្រឡោត។
18តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ
ដែល​កំពុង​តែ​រះ​ឡើង
ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង
ដរាប​ដល់​ពេញ​កម្លាំង។
19ឯ​ផ្លូវ​របស់​មនុស្ស​អា‌ក្រក់
នោះ​ធៀប​ដូច​ជា​សេចក្ដី​ងងឹត​វិញ
គេ​មិន​ដឹង​ថា​ចំពប់​នឹង​អ្វី​ទេ។
20កូន​អើយ ចូរ​ប្រុង​ស្តាប់​អស់​ទាំង​ពាក្យ​របស់​យើង
ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី
ដែល​យើង​ពោល​ទាំង​អម្បាល‌ម៉ាន។
21កុំ​ឲ្យ​សេចក្ដី​ទាំង​នោះ​ឃ្លាត​បាត់​ពី​ភ្នែក​ឯង​ឡើយ
ត្រូវ​ឲ្យ​រក្សា​ទុក​នៅ​កណ្ដាល​ដួង​ចិត្ត​ឯង​វិញ។
22ដ្បិត​សេចក្ដី​ទាំង​នោះ
ជា​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ស្វែង​រក​បាន
ក៏​ជា​សេចក្ដី​សុខ​ស្រួល
ដល់​ខ្លួន​ប្រាណ​ទាំង​មូល​ផង។
23ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម
ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត
សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក។
24ចូរ​បោះ‌បង់​ចោល​មាត់
ដែល​ពោល​ពាក្យ​វៀច​ចេញ​ពី​ឯង​ទៅ
ព្រម​ទាំង​បបូរ​មាត់​ខូច​ឲ្យ​នៅ​ឆ្ងាយ​ពី​ឯង​ផង
25ចូរ​ឲ្យ​ភ្នែក​ឯង​មើល​ចំ​ទៅ​មុខ
ហើយ​ត្របក​ភ្នែក​ឯង​ទៅ​ត្រង់​ទៅ​មុខ​ដែរ។
26ត្រូវ​ឲ្យ​ពិចារ‌ណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ
ហើយ​ចាត់​ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង
បាន​ត្រឹម​ត្រូវ​ចុះ ។
27កុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ
ត្រូវ​ឲ្យ​ជើង​ឯង​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​វិញ។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ