ម៉ាកុស 9

9
1ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នេះ​នឹង​មិន​ភ្លក់​សេចក្តី​ស្លាប់​ឡើយ រហូត​ដល់​គេ​បាន​ឃើញ​ព្រះរាជ្យ​របស់​ព្រះ​មកដល់ ប្រកប​ដោយ​ចេស្តា»។
សិរីល្អ​របស់​ព្រះ‌យេស៊ូវ
(ម៉ាថាយ ១៧.១-១៣ លូកា ៩.២៨-៣៦)
2ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូវ​បាន​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​មួយ​ខ្ពស់ ដាច់​ដោយ​ឡែក​ពី​គេ។ ពេល​នោះ ព្រះ‌អង្គ​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ។ 3ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​ត្រឡប់​ជា​ស​ដូច​ពន្លឺ ដែល​គ្មាន​អ្នក​ណា​នៅ​លើ​ផែនដី អាច​ធ្វើ​ឲ្យ​ស​ដូច្នេះ​បាន​ឡើយ។ 4ពេល​នោះ ពួក​សិស្ស​ឃើញ​លោក​អេលី‌យ៉ា និង​លោក​ម៉ូសេ​បាន​លេច​មក ហើយ​សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូវ។ 5ពេត្រុស​ទូល​ទៅ​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​បី គឺ​មួយ​សម្រាប់​លោក​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលី‌យ៉ា»។ 6គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 7ពេល​នោះ មាន​ពពក​មក​គ្រប​បាំង​ពួក​គេ ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​នោះ​មក​ថា៖ «នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង ចូរ​ស្តាប់​តាម​ព្រះ‌អង្គ​ចុះ»។ 8រំពេច​នោះ គេ​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន ពុំ​ឃើញ​មាន​អ្នក​ណា​ទៀត​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​គង់​ជា​មួយ​ពួក​គេ។
លោក​អេលី‌យ៉ា​លេច​មក​ឲ្យ​ឃើញ
9ពេល​កំពុង​ចុះ​ពី​ភ្នំ​មក ព្រះ‌អង្គ​ហាម​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ដែល​បាន​ឃើញ​នោះ​ឡើយ រហូត​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។ 10អ្នក​ទាំង​នោះ​ក៏​រក្សា​រឿង​នោះ​ទុក​តែ​ក្នុង​ចិត្ត ហើយ​ចោទ​សួរ​គ្នា​ពី​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ​នេះ មាន​ន័យ​ដូច​ម្តេច។ 11បន្ទាប់​មក គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា លោក​អេលី‌យ៉ា​ត្រូវ​មក​មុន​ដូច្នេះ?» 12ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «លោក​អេលី‌យ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​តាំង​ការ​ទាំង​អស់​ឡើង​វិញ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​មាន​សេចក្តី​ចែង​ទុក​អំពី​កូន​មនុស្ស​ថា លោក​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល​ងាយ​ផង? 13ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​អេលី‌យ៉ា​បាន​មក​ហើយ គេ​បាន​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​អំពើ​ចិត្ត ដូច​មាន​សេចក្តី​ចែង​ទុក​អំពី​លោក​ស្រាប់»។
ព្រះ‌យេស៊ូវ​ប្រោស​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​វិញ្ញាណ​គ​ចូល​ឲ្យ​បាន​ជា
(ម៉ាថាយ ១៧.១៤-២១ លូកា ៩.៣៧-៤៣)
14ពេល​បាន​មក​ជួប​ពួក​សិស្ស​ឯ​ទៀត​ៗ​វិញ​ហើយ គេ​ឃើញ​មាន​មហាជន​ច្រើន​កុះ​ករ​ឈរ​ព័ទ្ធ​ជុំ​វិញ​អ្នក​ទាំង​នោះ ហើយ​មាន​ពួក​អាចារ្យ​ខ្លះ​កំពុង​ជជែក​ជា​មួយ​ពួក​គេ។ 15កាល​បណ្តាជន​ឃើញ​ព្រះ‌អង្គ​ភ្លាម គេ​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង រួច​គេ​រត់​ទៅ​ទទួល​ព្រះ‌អង្គ។ 16ព្រះ‌អង្គ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​ជា​មួយ​អ្នក​ទាំង​នេះ​អំពី​អ្វី?» 17ពេល​នោះ មាន​ម្នាក់​ក្នុង​ចំណោម​បណ្ដាជន​ទូល​ឆ្លើយ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ​មក​រក​លោក​គ្រូ ព្រោះ​វា​មាន​វិញ្ញាណ​គ​ចូល 18ហើយ​ពេល​ណា​វិញ្ញាណ​នោះ​ចូល​ម្តងៗ វា​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ប្រកាច់​ជា​ខ្លាំង បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​ទៅ​ជា​រឹង​ខ្លួន។ ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​របស់​លោក​គ្រូ​ដេញ​វិញ្ញាណ​នោះ​ដែរ តែ​គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។ 19ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ 20គេ​ក៏​នាំ​ក្មេង​នោះ​មក។ កាល​វិញ្ញាណ​នោះ​ឃើញ​ព្រះ‌អង្គ វា​ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ប្រកិន ដួល​ននៀល​នៅ​លើ​ដី ទាំង​បែក​ពពុះ​មាត់​ភ្លាម​មួយ​រំពេច។ 21ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​ឪពុក​ថា៖ «តើ​ក្មេង​នេះ​ធ្វើ​ទុក្ខ​ដូច្នេះ​តាំង​ពី​ពេល​ណា​មក?» គាត់​ទូល​ឆ្លើយ​ថា៖ «តាំង​តែ​ពី​តូច​មក​ម៉្លេះ។ 22វិញ្ញាណ​នោះ​ធ្វើ​ឲ្យ​វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទៅ​ក្នុង​ទឹក​ជា​ញឹក​ញាប់ ដើម្បី​សម្លាប់​វា ប៉ុន្តែ ប្រសិន‌បើ​លោក​គ្រូ​អាច​ធ្វើ​បាន សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង»។ 23ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន‌បើ​អាច​ដូច្នេះ​ឬ? គ្រប់​ការ​ទាំង​អស់​អាច​សម្រេច​បាន​ដល់​អ្នក​ណា​ដែល​ជឿ»។ 24ភ្លាម​នោះ ឪពុក​របស់​ក្មេង​នោះ​ក៏​ស្រែក​ឡើង​ថា៖ «ខ្ញុំ​ជឿ​ហើយ សូម​ជួយ​កុំ​ឲ្យ​ខ្ញុំ​សង្ស័យ​ផង!» 25កាល​ព្រះ‌យេស៊ូវ​ឃើញ​បណ្ដាជន​នាំ​គ្នា​រត់​មក ព្រះ‌អង្គ​បន្ទោស​វិញ្ញាណ​អាក្រក់​ថា៖ «នែ៎ វិញ្ញាណ​គ​ថ្លង់! យើង​បញ្ជា​ឲ្យ​ឯង​ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។ 26វា​ក៏​ស្រែក​ឡើង ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ជា​ខ្លាំង រួច​ចេញ​ទៅ ឯ​ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ហើយ​មនុស្ស​ជា​ច្រើន​និយាយ​ថា៖ «វា​ស្លាប់​ហើយ!» 27ប៉ុន្តែ ព្រះ‌យេស៊ូវ​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោក​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។ 28ពេល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​ដោយ​ឡែក​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​វិញ្ញាណ​នេះ​ចេញ​បាន?» 29ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «គេ​អាច​ដេញ​វិញ្ញាណ​បែប​នេះ​បាន គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​អធិស្ឋាន [និង​តម]​នោះ​ទេ»។
ព្រះ‌យេស៊ូវ​ប្រកាស​សា​ជា​ថ្មី​អំពី​ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ព្រះ‌អង្គ
(ម៉ាថាយ ១៧.២២-២៣ លូកា ៩.៤៣-៤៥)
30ពួក​គេ​បាន​ចេញ​ដំណើរ​ពី​ទី​នោះ កាត់​តាម​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ឡើយ 31ដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ពួក​សិស្ស​ព្រះ‌អង្គ ដោយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​សម្លាប់​លោក ហើយ​បី​ថ្ងៃ​ក្រោយ​ពី​គេ​សម្លាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ»។ 32ប៉ុន្តែ ពួក​គេ​មិន​បាន​យល់​សេចក្តី​ដែល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​នោះ​ឡើយ ហើយ​គេ​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ។
តើ​អ្នក​ណា​ធំ​ជាង​គេ?
(ម៉ាថាយ ១៨.១-៥ លូកា ៩.៤៦-៤៨)
33បន្ទាប់​មក ពួក​គេ​បាន​មក​ដល់​ក្រុង​កាពើ‌ណិម ហើយ​ពេល​ព្រះ‌អង្គ​គង់​នៅ​ក្នុង​ផ្ទះ ព្រះ‌អង្គ​សួរ​ពួក​សិស្ស​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​គ្នា​អំពី​អ្វី​នៅ​តាម​ផ្លូវ?» 34ប៉ុន្ដែ ពួក​គេ​នៅ​ស្ងៀម ព្រោះ​នៅ​តាម​ផ្លូវ គេ​បាន​ជជែក​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​គេ។ 35ព្រះ‌អង្គ​គង់​ចុះ ហៅ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «បើ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​ចុង​ក្រោយ​គេ​បង្អស់ និង​ជា​អ្នក​បម្រើ​គេ​ទាំង​អស់​គ្នា»។ 36បន្ទាប់​មក ព្រះ‌អង្គ​យក​ក្មេង​តូច​ម្នាក់​មក​ដាក់​នៅ​កណ្តាល​ពួក​គេ ទ្រង់​ឱប​ក្មេង​នោះ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ 37«អ្នក​ណា​ទទួល​កូន​ក្មេង​ណា​ម្នាក់ ដូច​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ អ្នក​នោះ​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ទទួល​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។
មាន​អ្នក​ផ្សេង​ទៀត​ដេញ​អារក្ស
(លូកា ៩.៤៩-៥០)
38យ៉ូហាន​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​កំពុង​ដេញ​អារក្ស​ក្នុង​នាម​លោក​គ្រូ ហើយ​យើង​ខ្ញុំ​បាន​ហាម​ឃាត់​គាត់ ព្រោះ​គាត់​មិន​មក​តាម​យើង»។ 39ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «កុំ​ឃាត់​គាត់​អី ដ្បិត​គ្មាន​អ្នក​ណា​ធ្វើ​ការ​អស្ចារ្យ​ក្នុង​នាម​ខ្ញុំ អាច​នឹង​និយាយ​អាក្រក់​ពី​ខ្ញុំ​ភា្លម​នោះ​ឡើយ។ 40អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង អ្នក​នោះ​នៅ​ខាង​យើង​ហើយ។ 41ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ឲ្យ​ទឹក​មួយ​កែវ​ដល់​អ្នក​រាល់​គ្នា​ផឹក​ក្នុង​នាម​ខ្ញុំ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​ឡើយ»។
សេចក្តី​ល្បួង​ដែល​នាំ​ឲ្យ​ធ្វើ​បាប
(ម៉ាថាយ ១៨.៦-៩ លូកា ១៧.១-២)
42«ប្រសិន‌បើ​អ្នក​ណា​ធ្វើ​ឲ្យ​ក្មេង​តូច​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​ដែល​ជឿ​ដល់​ខ្ញុំ​ជំពប់​ដួល ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​មក​ចង​ក​អ្នក​នោះ ហើយ​ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ដល់​អ្នក​នោះ​ជា​ជាង។ 43ប្រសិន‌បើ​ដៃ​របស់​អ្នក នាំ​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ដៃ​តែ​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ទាំង​ពីរ ហើយ​ធ្លាក់​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន 44[ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ស្លាប់ ហើយ​ភ្លើង​ដែល​ឆេះ​មិន​រលត់]។ 45ប្រសិន‌បើ​ជើង​របស់​អ្នក នាំ​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​ចេញ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ជើង​តែ​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ជើង​ទាំង​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​នរក 46[ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ស្លាប់ ហើយ​ភ្លើង​ដែល​ឆេះ​មិន​រលត់]។ 47ប្រសិន‌បើ​ភ្នែក​របស់​អ្នក នាំ​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ស៊ូ​ឲ្យ​អ្នក​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​មាន​ភ្នែក​តែ​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ទាំង​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​នរក 48ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ស្លាប់ ហើយ​ភ្លើង​ដែល​ឆេះ​មិន​រលត់។
49ដ្បិត​គ្រប់​គ្នា​នឹង​មាន​ជាតិ​ប្រៃ​ដោយ​សារ​ភ្លើង ហើយ​គ្រប់​ទាំង​យញ្ញ‌បូជា​នឹង​មាន​ជាតិ​ប្រៃ​ដោយ​សារ​អំបិល។ 50អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្ដេច​ឲ្យ​ប្រៃ​វិញ​បាន? ចូរ​មាន​ជាតិ​ប្រៃ​នៅ​ក្នុង​ខ្លួន ហើយ​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត​ចុះ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ