កូឡុស 2

2
1ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​តយុទ្ធ​ខ្លាំង​យ៉ាង​ណា​សម្រាប់​អ្នក​រាល់​គ្នា សម្រាប់​អស់​អ្នក​នៅ​ក្រុង​ឡៅ‌ឌីសេ និង​សម្រាប់​អស់​អ្នក​ដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ខាង​សាច់​ឈាម។ 2ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​អ្នក​ទាំង​នោះ ឲ្យ​បាន​រួប​រួម​គ្នា​ក្នុង​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​គេ​មាន​ការ​យល់​ដឹង​យ៉ាង​ជឿ​ជាក់​សព្វ​គ្រប់​ទាំង​អស់ ជា​សម្បត្តិ​យ៉ាង​បរិបូរ ដើម្បី​ឲ្យ​បាន​ស្គាល់​អាថ៌‌កំបាំង​របស់​ព្រះ ពោល​គឺ​ព្រះ‌គ្រីស្ទ​ផ្ទាល់ 3ដែល​គ្រប់​ទាំង​កំណប់​នៃ​ប្រាជ្ញា និង​ចំណេះ​ដឹង​លាក់​ទុក​ក្នុង​ព្រះ‌អង្គ។ 4ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​អាច​មក​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​លួង​លោម​បាន​ឡើយ។ 5ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់ ក៏​ខ្ញុំ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ ហើយ​ខ្ញុំ​មាន​អំណរ​ដោយ​ឃើញ​សណ្តាប់​ធ្នាប់​របស់​អ្នក​រាល់​គ្នា និង​សេចក្តី​ខ្ជាប់‌ខ្ជួន​នៃ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ។
ជីវិត​ពេញ​លេញ​នៅ​ក្នុង​ព្រះ‌គ្រីស្ទ
6ដូច្នេះ អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា ចូរ​រស់​នៅ​ក្នុង​ព្រះ‌អង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ចុះ 7ទាំង​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ព្រះ‌អង្គ ព្រម​ទាំង​តាំង​ឡើង​ឲ្យ​បាន​រឹង​មាំ​ក្នុង​ជំនឿ ដូច​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា ដោយ​អរ​ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង។
8ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នក​រាល់​គ្នា​ជា​រំពា ដោយ​ប្រើ​ទស្សន‌វិជ្ជា និង​ពាក្យ​បោក​បញ្ឆោត​ឥត​ខ្លឹមសារ តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស តាម​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍ គឺ​មិន​តាម​ព្រះ‌គ្រីស្ទ​ទេ។ 9ដ្បិត​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​ជា​រូប​រាង​នៅ​ក្នុង​ព្រះគ្រីស្ទ 10ហើយ​អ្នក​រាល់​គ្នា​បាន​ពេញ​លេញ​ក្នុង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​សិរសា​លើ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នានា​ទាំង​អស់។ 11នៅ​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​កាត់​ស្បែក​ខាង​ព្រះ‌គ្រីស្ទ ដោយ​ដោះ​រូប‌កាយ​ខាង​សាច់​ឈាម​នេះ​ចេញ។ 12ពេល​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​ព្រះ‌អង្គ​នៅ​ក្នុង​ពិធី​ជ្រមុជ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​ព្រះ‌អង្គ​ដែរ ដោយ​សារ​ជំនឿ​លើ​ព្រះ‌ចេស្ដា​របស់​ព្រះ ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ 13ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​អំពើ​រំលង និង​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រស់​ជា​មួយ​ព្រះ‌អង្គ ដោយ​បាន​អត់​ទោស​គ្រប់​ទាំង​អំពើ​រំលង​របស់​យើង 14ទាំង​លុប​ចោល​សេចក្តី​ដែល​កត់​ទុក​ទាស់​នឹង​យើង ក្នុង​បញ្ញត្តិ​ដែល​ប្រឆាំង​នឹង​យើង ហើយ​ព្រះ‌អង្គ​បាន​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​នឹង​ឈើ​ឆ្កាង។ 15ព្រះ‌អង្គ​បាន​ដក​អំណាច​ពី​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​ចេញ ហើយ​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ដោយ​មាន​ជ័យ​ជម្នះ​លើ​ពួក​វា​ដោយ​ឈើ​ឆ្កាង ។
16ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​និន្ទា​អ្នក​រាល់​គ្នា អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​សប្ប័ទ​នោះ​ឡើយ។ 17ការ​ទាំង​នេះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​អ្វី​ដែល​ត្រូវ​មក​ប៉ុណ្ណោះ តែ​អ្វី​ដែល​ពិត​គឺ​ព្រះ‌គ្រីស្ទ។ 18មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា​ឡើយ គេ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ហើយ​ថ្វាយ​បង្គំ​ពួក​ទេវតា ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​និមិត្ត​ដែល​ខ្លួន​មើល​មិន​ឃើញ ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ដោយ​ឥត​ហេតុ ដោយ​គំនិត​ខាង​សាច់​ឈាម​របស់​គេ 19គេ​មិន​នៅ​ជាប់​នឹង​ព្រះ‌អង្គ​ដែល​ជា​ព្រះ​សិរសា​ទេ គឺ​ដោយ​សារ​សិរសា​នោះ​ហើយ​ដែល​ព្រះកាយ​ទាំង​មូល​បាន​ផ្គត់​ផ្គង់ ហើយ​បាន​ត​ភ្ជាប់​គ្នា​ដោយ​សារ​សន្លាក់ និង​សរសៃ ទាំង​ចម្រើន​ឡើង ដោយ​សេចក្តី​ចម្រើន​ដែល​មក​ពី​ព្រះ។
ការ​ទូន្មាន​ឲ្យ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែងក្លាយ
20ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ស្លាប់​ជា​មួយ​ព្រះ‌គ្រីស្ទ ខាង​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍​នេះ​មែន ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​រស់​នៅ​ជាប់​ក្នុង​លោកីយ៍​នៅ​ឡើយ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចុះ​ចូល​នឹង​បញ្ញត្តិ​ទាំង​ឡាយ 21ដូច​ជា​ថា «កុំ​កាន់ កុំ​ភ្លក់ កុំ​ប៉ះ​ពាល់» ដូច្នេះ? 22បញ្ញត្តិ​ទាំង​នោះ​ជា​អ្វីៗ​ដែល​វិនាស​បាត់​ទៅ​ដោយ​ការ​ប្រើ​ប្រាស់ ជា​បទ‌បញ្ជា និង​សេចក្តី​បង្រៀន​របស់​មនុស្ស។ 23សេចក្តី​ទាំង​នេះ​មើល​ទៅ​ទំនង​ដូច​ជា​មាន​ប្រាជ្ញា ដោយ​បង្ខំ​ខ្លួន​ឲ្យ​មាន​ការ​គោរព​ថ្វាយ​បង្គំ​ដោយ​ស្ម័គ្រ​ចិត្ត ការ​ដាក់​ខ្លួន និង​ការ​លត់ដំ​រូប​កាយ តែ​គ្មាន​តម្លៃ​នឹង​ទប់​ទល់​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។

ទើបបានជ្រើសរើសហើយ៖

កូឡុស 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ