YouVersion Logo
Search Icon

John 3

3
1 នៅ​ពេល​នោះ​ មាន​បុរស​ម្នាក់​មកពី​ខាង​គណៈ​ផារិស៊ី​ឈ្មោះ​នីកូដេម​ ដែល​ជា​អ្នក​ដឹកនាំ​របស់​ជនជាតិ​យូដា​
2 គាត់​បាន​មក​ជួប​ព្រះយេស៊ូ​ទាំង​យប់​ទូល​ថា៖​ «លោកគ្រូ​ យើង​ដឹង​ថា​ លោក​ជា​គ្រូ​មកពី​ព្រះជាម្ចាស់​មែន​ ដ្បិត​ទី​សំគាល់​អស្ចារ្យ​ដែល​លោក​កំពុង​ធ្វើ​ទាំង​នេះ​ គ្មាន​អ្នកណា​អាច​ធ្វើ​បាន​ទេ​ លើកលែង​តែ​ព្រះជាម្ចាស់​គង់​ជាមួយ​ប៉ុណ្ណោះ»​
3 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ជា​ថ្មី​ អ្នក​នោះ​មិន​អាច​ឃើញ​នគរ​ព្រះជាម្ចាស់​បាន​ទេ»។​
4 លោក​នីកូដេម​ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ដែល​ចាស់​ទៅ​ហើយ​ គេ​អាច​កើត​ម្ដង​ទៀត​យ៉ាង​ដូចម្តេច​បាន?​ គេ​មិន​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ រួច​កើត​មក​ម្តង​ទៀត​បាន​ទេ»។​
5 ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ពី​ទឹក​ និង​ព្រះវិញ្ញាណ​ទេ​ អ្នក​នោះ​មិន​អាច​ចូលទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ​
6 ដ្បិត​អ្វី​ដែល​កើត​ពី​សាច់ឈាម​ នោះ​ជា​សាច់ឈាម​ ប៉ុន្ដែ​អ្វី​ដែល​កើត​ពី​វិញ្ញាណ​ នោះ​ជា​វិញ្ញាណ​
7 ដូច្នេះ កុំ​ឆ្ងល់​ឡើយ​ដែល​ខ្ញុំ​ប្រាប់​អ្នក​ថា​ អ្នក​ត្រូវ​កើត​ជា​ថ្មី​
8 ខ្យល់​បក់​ទៅ​ទី​ណា​តាម​តែ​វា​ចង់​ទៅ​ ហើយ​អ្នក​ឮ​ស្នូរ​របស់​វា​ ប៉ុន្ដែ​អ្នក​មិន​ដឹង​ថា​ វា​មកពី​ណា​ ឬ​ទៅ​ណា​ទេ​ រីឯ​អស់​អ្នក​ដែល​កើត​ពី​ព្រះវិញ្ញាណ​ក៏​ដូច្នេះ​ដែរ»។​
9 លោក​នីកូដេម​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូចម្តេច?»​
10 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «អ្នក​ជា​គ្រូ​របស់​ជនជាតិ​អ៊ីស្រាអែល​ ហើយ​អ្នក​មិន​យល់​ការ​នេះ​ទេ​ឬ?​
11 ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ យើង​ប្រាប់​ពី​ការ​ដែល​យើង​បាន​ដឹង​ ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ទទួល​យក​សេចក្ដី​បន្ទាល់​របស់​យើង​ទេ​
12 ដូច្នេះ​បើ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​រឿង​ហេតុ​លោកិយ​ អ្នក​រាល់គ្នា​មិន​ជឿ​ទៅ​ហើយ​ ចុះ​ទម្រាំ​បើ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​រឿង​ហេតុ​ស្ថានសួគ៌​វិញ​ តើ​អ្នក​រាល់គ្នា​នឹង​ជឿ​យ៉ាង​ដូច​ម្ដេច​បាន?​
13 មិន​ដែល​មាន​អ្នកណា​ធ្លាប់​ទៅ​ដល់​ស្ថានសួគ៌​ទេ​ មាន​តែ​ព្រះអង្គ​ដែល​បាន​យាង​ចុះ​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ​ គឺ​ជា​កូន​មនុស្ស​នោះ​ហើយ។​
14 លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង​នៅ​ទីរហោឋាន​យ៉ាងណា​ នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​យ៉ាង​នោះ​ដែរ​
15 ដើម្បី​ឲ្យអស់​អ្នក​ដែលជឿ​លើ​កូន​មនុស្ស​មាន​ជីវិត​អស់កល្ប​​ជានិច្ច​
16 ដ្បិត​ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា​នោះ មិន​​ត្រូវ​​វិនាស​ឡើយ គឺ​ឲ្យមាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ​
17 ព្រោះ​ព្រះជា​ម្ចាស់​​មិន​បាន​ចាត់​ព្រះ​រាជ​បុត្រា​ឲ្យមក​ក្នុង​ពិភព​លោក​នេះដើម្បី​ជំនុំ​ជម្រះ​ពិភព​លោក​ទេ ប៉ុន្ដែ​ដើម្បី​ឲ្យពិភព​លោក​ទទួល​បាន​សេចក្ដី​​សង្គ្រោះ​តាមរយៈ​ព្រះ​រាជ​បុត្រា​វិញ
18 ហើយ​​អស់​​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា អ្នក​នោះ​មិន​ជាប់​ទោស​ឡើយ ប៉ុន្ដែ​អស់​អ្នក​ដែល​មិន​ជឿ អ្នក​នោះ​ជាប់ទោសហើយ ​​​ដោយ​ព្រោះ​មិន​បាន​ជឿ​លើ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​ជា​​ម្ចាស់
19 នេះ​ជា​ការ​ដាក់​ទោស ដ្បិត​ពន្លឺ​បាន​មក​​ក្នុង​ពិភព​លោក​នេះ ប៉ុន្ដែ​មនុស្ស​​ស្រឡាញ់​សេចក្ដី​ងងឹត​ជាង​ពន្លឺ​ ព្រោះ​ការប្រព្រឹត្ដិ​របស់​គេ​សុទ្ធតែ​អាក្រក់​
20 ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ដអាក្រក់ គេ​ស្អប់​ពន្លឺ មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​ការ​ប្រព្រឹត្តិ​​របស់​គេ​ត្រូវ​លាតត្រដាង​
21 ប៉ុន្ដែ​អស់​អ្នក​​​ដែល​ប្រព្រឹត្តតាម​សេចក្ដី​ពិត​វិញ គេ​មក​ឯ​ពន្លឺ ដើម្បី​ឲ្យការប្រព្រឹត្តិ​​របស់​គេ​ត្រូវបាន​បើក​​សំដែង​ឲ្យដឹង​ថា គេ​បាន​ធ្វើ​នៅ​ក្នុង​ព្រះ​ជា​ម្ចាស់​មែន​»។
22 បន្ទាប់ពី​ហេតុការណ៍​​ទាំងនេះ ព្រះ​យេស៊ូ និងពួក​សិស្ស​របស់ព្រះអង្គបាន​មក​ក្នុងស្រុក​យូដា ហើយព្រះអង្គក៏​ស្នាក់​នៅ​ទីនោះ​ជាមួយ​ពួកគេ និងធ្វើ​ពិធី​​ជ្រមុជទឹកឲ្យពួកគេ​ដែរ​
23 រីឯ​​លោក​យ៉ូហាន គាត់​ក៏​ធ្វើពិធី​ជ្រមុជ​ទឹកនៅ​អេណូន​ដែរ គឺ​នៅ​ជិត​សាលីម ព្រោះ​នៅ​ទីនោះ​​មាន​ទឹក​ច្រើន ហើយ​មាន​មនុស្ស​​មក​ទទួល​​​ពិធី​ជ្រមុជទឹក។
24 លោក​យ៉ូហាន​មិនទាន់​ជាប់​គុក​ទេ​។​
25 ពេល​នោះ កើត​មាន​ការ​ជជែក​ដេញដោល​គ្នា​រវាង​ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ជន​ជាតិ​​យូដា​ម្នាក់អំពី​ពិធី​ជម្រះកាយ
26 ដូច្នេះពួកគេ​ក៏​​មក​ជួប​លោក​យ៉ូហាន​ប្រាប់​ថា​៖ «លោកគ្រូ អ្នក​​ដែល​បាន​​នៅ​ជាមួយលោក​កាល​នៅ​ត្រើយ​ម្ខាង​​នៃ​​អូរ​យ័រដាន់ គឺ​ជា​អ្នក​ដែល​លោក​បាន​ធ្វើ​បន្ទាល់​​នោះ ឥឡូវ​នេះ មើល៍ គាត់​កំពុង​ធ្វើពិធី​ជ្រមុជទឹក​ដែរ ហើយ​មនុស្ស​គ្រប់​គ្នា​នាំគ្នា​ទៅ​ឯ​គាត់​»​។​
27 លោក​យ៉ូហាន​តប​វិញ​ថា​៖ «​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ទទួល​បាន​អ្វី​ទេ លុះត្រាតែ​ព្រះជាម្ចាស់​ប្រទាន​ពី​ស្ថាន​សួគ៌​មក​
28 ហើយ​អ្នករាល់គ្នាផ្ទាល់​ជា​សា​ក្សី​អំពីខ្ញុំ កាល​ដែល​ខ្ញុំប្រាប់​ថា ខ្ញុំមិន​មែន​ជា​ព្រះគ្រិស្ដ​ទេ ប៉ុន្ដែ​ព្រះ​ជាម្ចាស់​បាន​ចាត់​ខ្ញុំឲ្យ​មក​មុន​ព្រះអង្គប៉ុណ្ណោះ​
29 អ្នកណា​រៀប​ការ​នឹង​កូន​ក្រមុំ អ្នក​នោះ​ហើយ​ជា​កូនកំលោះ រីឯ​​មិត្ត​សម្លាញ់​​របស់​កូនកំលោះ​ដែល​ឈរ​ស្តាប់​កូន​កំលោះ នោះ​ក៏​ត្រេក​អរជា​ខ្លាំង​ចំពោះ​សំឡេង​របស់កូន​កំលោះ​​ដែរ ដូច្នេះ អំណរ​របស់​ខ្ញុំ​បរិបូរ​ហើយ​
30 ដ្បិត​​ព្រះអង្គ​ត្រូវ​តម្កើង​ឡើង ឯ​ខ្ញុំ​ត្រូវ​បន្ទាប​ចុះ​​វិញ​
31 ហើយ​ព្រះ​មួយ​អង្គដែល​យាង​មក​​ពី​ស្ថានលើ ព្រះអង្គ​គង់​ខ្ពស់​លើស​ទាំង​អស់ រីឯ​​អ្នក​ដែល​នៅក្នុង​លោកិយ​នេះ គេ​កើត​ពី​លោកិយ​មក និង​​និយាយ​តាម​របៀប​លោកិយ​ដែរ ប៉ុន្ដែព្រះ​មួយអង្គ​ដែល​យាង​មកពី​ស្ថាន​សួគ៌ ព្រះអង្គគង់​ខ្ពស់​លើស​ទាំង​អស់​
32 ព្រះអង្គធ្វើ​បន្ទាល់​អំពីអ្វី​ដែល​ព្រះអង្គ​បាន​ឃើញ និង​បាន​ឮ ប៉ុន្ដែ​គ្មាន​អ្នកណាទទួលយកសេចក្ដីបន្ទាល់របស់ព្រះអង្គទេ
33 ប៉ុន្ដែ​អ្នកណា​ទទួល​យក​សេចក្តី​បន្ទាល់​របស់​ព្រះអង្គ អ្នក​នោះ​ក៏​អះអាង​ដែរ​ថា​ ព្រះជាម្ចាស់​ពិតត្រង់
34 ដ្បិត​ព្រះ​មួយ​អង្គ​ដែលព្រះជាម្ចាស់​បាន​ចាត់​ឲ្យមក​​នោះ ព្រះអង្គ​ថ្លែង​ពី​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ ដ្បិត​ព្រះជាម្ចាស់​​ប្រទាន​ព្រះ​វិញ្ញាណ​មក​ដោយ​គ្មាន​កម្រិត
35 គឺ​ព្រះវរបិតា​ស្រឡាញ់​ព្រះរាជ​បុត្រា និងបាន​​ប្រគល់​អ្វីៗទាំង​អស់​មក​ក្នុង​ព្រះហស្ដ​របស់​​ព្រះ​រាជ​បុត្រា​
36 ដូច្នេះ​អ្នកណា​ជឿ​លើ​ព្រះរាជ​បុត្រា​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ប៉ុន្ដែ​អ្នកណា​មិន​ស្ដាប់​បង្គាប់​ព្រះរាជ​បុត្រា​ អ្នក​នោះ​នឹង​មិន​បាន​ទទួល​ជីវិត​ទេ​ ផ្ទុយ​ទៅ​វិញ​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​នៅ​ជាប់​នឹង​អ្នក​នោះ»។​

Currently Selected:

John 3: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy